Saturday, September 6

អនុសញ្ញា​"សដី"

អនុសញ្ញា​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ

អនុម័ត​និង​បើក​ឱ្យ​ចុះ​ហត្ថលេខា ឱ្យ​សច្ចាប័ន​និង​ឱ្យ​ចូល​ជា​សមាជិក​តាម​​​​សេចក្ដី​​សម្រេច​ចិត្ត
លេខ​ ៣៤/១៨០ ចុះ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ​១៩៧៩ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ​១៩៨១ ស្រប​តាម​បទ​បញ្ញត្តិ​មាត្រា ២៧ (១)

រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ

កត់​សំគាល់​ឃើញ​ថា​ ធម្មនុញ្ញ​សហ​ប្រជាជាតិ​អះអាង​ជា​ថ្មី នូវ​ជំនឿ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស លើ​សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​មនុស្ស និង​លើ​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី។

កត់​សំគាល់​ឃើញ​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស បញ្ជាក់​នូវ​គោលការណ៍​មិន​រើសអើង និង​បាន​ប្រកាស​ថា មនុស្ស​គ្រប់​រូប​កើត​មក​មាន​សេរីភាព​និង​សមភាព ក្នុង​ផ្នែក​សេចក្ដី​ថ្លៃថ្នូរ​និង​សិទ្ធិ ហើយ​ថា​មនុស្ស​គ្រប់​រូប ត្រូវ​ទទួល​បាន​សិទ្ធិ​និង​សេរីភាព​ទាំង​អស់​ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​នោះ ដោយ​គ្មាន​ការ​ប្រកាន់​បែង​ចែក​ណា​មួយ រួម​មាន​ការ​បែង​ចែក​ខាង​ផ្លូវ​ភេទ​ផង។

កត់​សំគាល់​ឃើញ​ថា​ រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​ មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស​និង​ស្ត្រី ក្នុង​ការ​អាស្រ័យ​ផល​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ និង​នយោបាយ។

យល់​ឃើញ​ អនុសញ្ញា​អន្តរជាតិ​ដែល​បាន​អនុម័ត​ក្រោម​កិច្ច​ឧបត្ថម្ភ​របស់​អង្គការ​ សហប្រជាជាតិ​ និង​ស្ថាប័ន​ឯកទេស​នានា ក្នុង​ការ​លើក​ស្ទួយ​សមភាព​នៃ​សិទ្ធិ​រវាង​បុរស​និង​ស្ត្រី។

កត់​សំគាល់​ឃើញ សេចក្ដី​សម្រេច​ចិត្ត សេចក្ដី​ប្រកាស និង​អនុសាសន៍​នានា ដែល​បាន​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​ឯកទេស​នានា ក្នុង​គោលបំណង​លើក​ស្ទួយ​សមភាព​នៃ​សិទ្ធិ​រវាង​បុរស​និង​ស្ត្រី។

មាន​កង្វល់​ថា ទោះ​បី​មាន​លិខិតុបករណ៍​ទាំង​នេះ​ហើយ​ក្ដី ក៏​ការ​រើសអើង​ដ៏​រីក​រាល​ដាល​ប្រឆាំង​នឹង​ស្ត្រី​ភេទ នៅ​តែ​បន្ត​កើត​មាន។

រំលឹក​ឡើង​វិញ​ថា​ ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ រំលោភ​លើ​គោលការណ៍​សមភាព​នៃ​សិទ្ធិ និង​ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ជា​ឧបសគ្គ​ដល់​ការ​ចូល​រួម​របស់​ស្ត្រី ក្នុង​លក្ខខណ្ឌ​ស្មើ​ភាព​គ្នា​ជាមួយ​បុរស​ក្នុង​ជីវភាព​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌ ​នៃ​ប្រទេស​របស់​ខ្លួន ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​រីកចម្រើន​នៃ​ភាព​សម្បូណ៌​រុងរឿង​របស់​សង្គម និង​គ្រួសារ ហើយ​បង្ក​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍន៍​ពេញ​លេញ​នៃ​សក្ដានុភាព​របស់​ស្ត្រី ក្នុង​ការ​បម្រើ​ប្រទេស​របស់​ខ្លួន និង​មនុស្ស​ជាតិ។

មាន​កង្វល់​ថា ក្នុង​ស្ថានភាព​ក្រីក្រ ស្ត្រី​ភេទ​បាន​ទទួល​តិច​បំផុត​នូវ​ម្ហូប​អាហារ សេវា​សុខាភិបាល ការ​អប់រំ ការ​ហ្វឹកហ្វឺន និង​ឱកាស​រក​ការងារ​ធ្វើ ហើយ​និង​សេចក្ដី​ត្រូវ​ការ​ដទៃ​ទៀត។

ជឿ​ជាក់​ថា ការ​បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​អន្តរជាតិ​ថ្មី ផ្អែក​លើ​មូលដ្ឋាន​សមភាព​និង​យុត្តិធម៌ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​ស្ទួយ​សមភាព​រវាង​បុរស​និង​ស្ត្រី។

គូស​បញ្ជាក់​ថា ការ​លប់​បំបាត់​ចោល​របប​អាប៉ាថេត គ្រប់​ទម្រង់​ពូជសាសន៍​និយម ការ​រើសអើង​ពូជ​សាសន៍ អាណានិគមនិយម អាណានិគមនិយម​បែប​ថ្មី ការ​ឈ្លានពាន ការ​កាន់​កាប់ និង​ជិះ​ជាន់​ដោយ​បរទេស និង​ការ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ គឺ​ជា​ការ​ចាំបាច់​ដល់​ការ​អាស្រ័យ​ផល​ពេញលេញពី​សិទ្ធិ​របស់​បុរស​និង​ ស្ត្រី។

អះអាង​ថា ការ​ពង្រឹង​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ការ​បន្ធូរ​ភាព​តាន​តឹង​អន្តរជាតិ សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋ​ទាំង​អស់ ដោយ​មិន​គិត​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​រដ្ឋ​ទាំង​នោះ ការ​ដក​ហូត​អាវុធ​ជា​ទូទៅ​និង​ទាំង​ស្រុង ជា​ពិសេស​ការ​ដក​ហូត​អាវុធ​នុយក្លេអ៊ែរ ក្រោម​ការ​ត្រួត​ពិនិត្យ​ហ្មត់ចត់ និង​ដោយ​ប្រសិទ្ធិភាព​ពី​អន្តរជាតិ ការ​អះអាង​នូវ​គោលការណ៍​យុត្តិធម៌ សមភាព និង​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ឡាយ និង​ការ​សម្រេច​បាន​នូវ​សិទ្ធិ​ស្វ័យ​សម្រេច និង​ឯករាជ្យ​ភាព​របស់​ប្រជាជាតិ​ក្រោម​ការ​ជិះជាន់ និង​អាណានិគម​បរទេស និង​ការ​កាន់​កាប់​ដោយ​បរទេស ហើយ​និង​ការ​គោរព​អធិបតេយ្យ​ភាព​ជាតិ និង​បូរណភាព​ទឹកដី និង​លើក​ស្ទួយ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍន៍​សង្គម ហើយ​ផល​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមភាព​ពេញ​លេញ​ រវាង​បុរស​និង​ស្ត្រី។

ជឿជាក់​ថា ការ​អភិវឌ្ឍន៍​យ៉ាង​ពេញលេញ​របស់​ប្រទេស​មួយ សុខុមាលភាព​របស់​ពិភពលោក និង​បុព្វហេតុ​សន្តិភាព ត្រូវ​ការ​ឱ្យ​មាន​ការ​ចូល​រួម​ជា​អតិបរមា​របស់​ស្ត្រី ដោយ​សមភាព​ជាមួយ​បុរស នៅ​ក្នុង​វិស័យ​ទាំង​អស់។

ចងចាំ​ថា ​វិភាគ​ទាន​ធំ​ធេង​របស់​ស្ត្រី​ចំពោះ​សុខុមាលភាព គ្រួសារ និង​ការ​អភិវឌ្ឍន៍​នៃ​សង្គម ដែល​មិន​បាន​ទទួល​ស្គាល់​ពេញ​លេញ​មក​ទល់​ពេល​នេះ​ សារសំខាន់​ខាង​សង្គម​នៃ​មាតុភាព និង​តួនាទី​របស់​ឪពុក​ម្ដាយ​ក្នុង​គ្រួសារ និង​ក្នុង​ការ​អប់រំ​កូន និង​ដឹង​ថា ​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​បង្កើត​កូន មិន​គួរ​ជា​មូលហេតុ​នៃ​ការ​រើស​អើង​ទេ ប៉ុន្តែ​ការ​អប់រំ​កូន​តម្រូវ​ឱ្យ​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ រវាង​បុរស​និង​ស្ត្រី និង​សង្គម​ទាំង​មូល។

ដឹង​ថា​ តួ​នាទី​ជា​ប្រពៃណី​របស់​បុរស​និង​ស្ត្រី​នៅ​ក្នុង​សង្គម​ និង​គ្រួសារ​ ចាំបាច់​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមភាព​ពេញ​លេញ​ រវាង​បុរស​និង​ស្ត្រី។

ប្ដេជ្ញា​ចិត្ត អនុវត្ត​គោលការណ៍​ទាំង​ឡាយ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​ស្ដី​ពី​ការ​បំបាត់​ការ​រើស​អើង​ប្រឆាំង​ នឹង​ស្ត្រី​ភេទ ហើយ​ដើម្បី​គោល​បំណង​នោះ​ អនុម័ត​វិធាន​ការ​ចាំបាច់​នានា ដើម្បី​លប់​បំបាត់​ចោល​ការ​រើស​អើង​គ្រប់​ទម្រង់ និង​គ្រប់​ការ​សម្ដែង​ចេញ។

បាន​ព្រមព្រៀង​គ្នា​ត​ទៅ ៖

ផ្នែក​ទី ១

មាត្រា ១

ដើម្បី​បម្រើ​គោលដៅ​នៃ​អនុសញ្ញា​នេះ ពាក្យ "ការ​រើស​អើង​ប្រឆាំង​ស្ត្រី​ភេទ" សំដៅ​ដល់​ការ ប្រកាន់​បែង​ចែក ការ​ផាត់​ចេញ ឬ​ការ​រឹត​ត្បិត​ផ្អែក​លើ​ភេទ ដែល​មាន​អនុភាព ឬ​មាន​បំណង​ធ្វើ​ឱ្យ​ខូច​ខាត ឬ​ធ្វើ​ឱ្យ​មោឃៈ​នូវ​ការ​ទទួល​ស្គាល់ ការ​អាស្រ័យ​ផល ឬ​ការ​ប្រើប្រាស់​ដោយ​ស្ត្រី ដោយ​ឥត​គិត​ដល់​ស្ថាន​ភាព​អាពាហ៍ពិពាហ៍​របស់​ស្ត្រី ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិ​មនុស្ស​និង​សេរីភាព​មូលដ្ឋាន ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ពលរដ្ឋ ឬ​ក្នុង​វិស័យ​ដទៃ​ទៀត។

មាត្រា ២

រដ្ឋ​ភាគី ផ្ដន្ទា​ទោស​ការ​រើស​អើង​ប្រឆាំង​ស្ត្រី​ភេទ​ក្នុង​គ្រប់​ទម្រង់ ព្រមព្រៀង​គ្នា​អនុវត្ត​គោល នយោបាយ តាម​មធ្យោបាយ​សមស្រប និង​ដោយ​ឥត​ពន្យារ​ពេល ដើម្បី​ឈាន​ទៅ​លប់​បំបាត់​ការ​រើសអើង ប្រឆាំង​ស្ត្រី​ភេទ ហើយ​ក្នុង​ទិសដៅ​នេះ​សន្យា​ថា ៖

(ក) បញ្ចូល​គោលការណ៍​សមភាព​រវាង​បុរស​និង​ស្ត្រី ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឬ​ច្បាប់​ជាតិ​សមស្រប​ឯទៀត ប្រសិន​បើ​មិន​ទាន់​បាន​បញ្ចូល​នៅ​ឡើយ និង​ធានា​តាម​ផ្លូវ​ច្បាប់​ ឬ​មធ្យោបាយ​សមស្រប​ដទៃ​ទៀត ដើម្បី​ធ្វើ​ឱ្យ​គោលការណ៍​នេះ​បាន​សម្រេច​ជាក់​ស្ដែង។
(ខ) អនុម័ត​បទ​បញ្ញត្តិ និង​វិធាន​ការ​ច្បាប់ និង​វិធានការ​សមស្រប​ផ្សេងៗ រួម​មាន​ទណ្ឌកម្ម​ផង បើ​ចាំ​បាច់ ដើម្បី​ហាម​ឃាត់​ការ​រើសអើង​ទាំង​អស់​ប្រឆាំង​នឹង​ស្ត្រី។
(គ) បង្កើត​កិច្ចការពារ​សិទ្ធិ​របស់​ស្ត្រី​តាម​ផ្លូវ​ច្បាប់ ផ្អែក​លើ​មូលដ្ឋាន​សមភាព​ជាមួយ​បុរស និងធានា​ការពារ​ដោយ​ស័ក្ដិសិទ្ធិ​ដល់​ស្ត្រី ប្រឆាំង​នឹង​អំពើ​រើសអើង តាម​រយៈ​សាលា​ជំរះ​ក្ដី​ជាតិ​ដែល​មាន​សមត្ថកិច្ចនិង​ស្ថាប័ន​សាធារណៈ​ដទៃ​ ទៀត។
(ឃ) ទប់​មិន​ឱ្យ​ធ្វើ​អំពើ ឬ​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី និង​ធានា​ថា អាជ្ញាធរ និង​ស្ថាប័ន​សាធារណៈ ធ្វើ​សកម្មភាព​ស្រប​តាម​កាតព្វកិច្ច​នេះ។
(ង) ចាត់​វិធាន​ការ​សមស្រប​ទាំង​អស់ ដើម្បី​លប់​បំបាត់​ចោល​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល អង្គការ ឬ​សហគ្រាស​ណា​មួយ។
(ច) ចាត់​វិធានការ​សមស្រប​ទាំង​អស់ រួម​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​កែ​ប្រែ ឬ​ដាក់​ឱ្យ​និរាករណ៍​ច្បាប់ បទបញ្ជា ទម្លាប់ និង​ការ​អនុវត្ត​ណា​ដែល​បង្កើត​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី។
(ឆ) ដាក់​ឱ្យ​និរាករណ៍​បទ​បញ្ញត្តិ​ព្រហ្មទណ្ឌ​ណា ដែល​បង្កើត​ជា​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី។

មាត្រា ៣

ក្នុង​គ្រប់​គ្រប់​វិស័យ ជាពិសេស​វិស័យ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច​ និង​វប្បធម៌ រដ្ឋ​ត្រូវ​ចាត់ វិធានការ​សមស្រប​ទាំង​អស់ រួម​មាន​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​ធានា​ការ​អភិវឌ្ឍន៍ និង​ការ​រីកចម្រើន​ពេញលេញ​របស់​ស្ត្រី ដើម្បី​ធានា​ឱ្យ​ស្ត្រី​ប្រើប្រាស់ និង​អាស្រ័យផល​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូលដ្ឋាន ដោយ​សមភាព​ជាមួយ​បុរស។

មាត្រា ៤

១. ការ​អនុម័ត​ដោយ​រដ្ឋ​ភាគី នូវ​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន ដើម្បី​ពន្លឿន​​ការ​កសាង​សមភាព​រវាង​បុរស​និង​ស្ត្រី មិន​ត្រូវ​ចាត់​ទុក​ជា​ការ​រើសអើង​ដូច​បាន​ចែង​ក្នុង​អនុសញ្ញា​នេះ​ទេ ប៉ុន្តែ​ទោះ​តាម​បែប​ណា​មួយ​ក៏​ដោយ មិន​ត្រូវ​មាន​ន័យ​ថា រក្សា​ទុក​បទដ្ឋាន​វិសមភាព ឬ​ដាច់​ដោយ​ឡែក​ឡើយ វិធានការ​ទាំង​នេះ​ត្រូវ​ដាក់​ឱ្យ​និរាករណ៍ ​នៅ​ពេល​គោល​ដៅ​ខាង​សមភាព​នៃ​ឱកាស និង​នៃ​ការ​ប្រព្រឹត្ត​មក​លើ​ស្ត្រី​បាន​សម្រេច​ហើយ។

២. ការ​អនុម័ត​ដោយ​រដ្ឋ​ភាគី​នូវ​វិធានការ​ពិសេស រួម​មាន​វិធានការ​ទាំង​ឡាយ​ដែល​មាន​ក្នុង អនុសញ្ញា​នេះ​ផង ដើម្បី​ការពារ​មាតុភាព​ មិន​ត្រូវ​ចាត់​ទុក​ជា​ការ​រើសអើង​ឡើយ។

មាត្រា ៥

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​៖

(ក) កែ​ប្រែ​ផ្នត់​ឥរិយាបថ​សង្គម និង​វប្បធម៌​របស់​បុរស​និង​ស្ត្រី ដើម្បី​សម្រេច​បាន​នូវ​ការ​លប់​បំបាត់​ចោល​សេចក្ដី​លំអៀង ​និង​ទម្លាប់ និង​ការ​អនុវត្ត​ជា​ទម្លាប់​ផ្សេងៗ​ទៀត ផ្អែក​លើ​គំនិត​ស្ដី​ពី​ភាព​ទាប​ជាង ឬ​ខ្ពស់​ជាង​របស់​ភេទ​ណា​មួយ ឬ​លើ​តួនាទី​ជា​ទម្លាប់​សម្រាប់​បុរស​និង​ស្ត្រី។
(ខ) ធានា​ថា ការ​អប់រំ​គ្រួសារ​ មាន​រាប់​បញ្ចូល​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​មាតុភាព ដែល​ជា​មុខងារ​របស់​សង្គម និង​ការ​ទទួល​ស្គាល់​ ការ​ទទួល​ខុស​ត្រូវ​រួម​របស់​បុរស​និង​ស្ត្រី ក្នុង​ការ​ចិញ្ចឹម​កូន និង​ការ​អភិវឌ្ឍន៍​របស់​កូន ហើយ​ប្រការ​នេះ​ក៏​ត្រូវ​មាន​ការ​យល់​ថា ប្រយោជន៍​របស់​កុមារ​គឺ​ជា​លក្ខខណ្ឌ​ចម្បង​ក្នុង​គ្រប់​ករណី​ទាំង​អស់។

មាត្រា ៦

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ រួម​មាន​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​បង្ក្រាប​គ្រប់​ទម្រង់​នៃ​ការ​ជួញ​ដូរ​ស្ត្រី និង​អាជីវកម្ម​ពេស្យា​កម្ម​លើ​ស្ត្រី។

អនុសញ្ញា​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ

ផ្នែក​ទី ២

មាត្រា ៧

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប ដើម្បី​លប់​បំបាត់​ចោល​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ក្នុង​ជីវភាព​នយោបាយ​ និង​សាធារណៈ​របស់​ប្រទេស និង​ជាពិសេសត្រូវ​ធានា​ដល់​ស្ត្រី​នូវ​លក្ខខណ្ឌ​ស្មើ​ភាព​ជាមួយ​បុរស​នូវ​ សិទ្ធិ ៖

(ក) បោះ​ឆ្នោត​នៅ​គ្រប់​ការ​បោះឆ្នោត និង​ការ​ធ្វើ​ប្រជាមតិ​សាធារណៈ និង​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​អង្គការ​សាធារណៈ ដែល​ជ្រើស​រើស​ដោយ​បោះ​ឆ្នោត។
(ខ) ចូល​រួម​តាក់​តែង​គោល​នយោបាយ​របស់​រដ្ឋ និង​ការ​អនុវត្ត​គោល​នយោបាយ កាន់​មុខ​ការ សាធារណៈ និង​បំពេញ​មុខងារ​សាធារណៈ នៅ​គ្រប់​កម្រិត​ជាន់​ថ្នាក់​របស់​រដ្ឋាភិបាល។
(គ) ចូល​រួម​ក្នុង​អង្គការ និង​សមាគម​ក្រៅ​រដ្ឋាភិបាល ដែល​ពាក់​ព័ន្ធ​នឹង​ជីវភាព​សាធារណៈ និង នយោបាយ​របស់​ប្រទេស​ជាតិ។

មាត្រា ៨

រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សម​ស្រប​ទាំង​អស់ ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​ឱកាស​ធ្វើ​ជា​តំណាង​រដ្ឋាភិបាល​នៅ​ថ្នាក់​ អន្តរជាតិ និង​ចូល​រួម​ក្នុង​កិច្ចការ​របស់​អង្គការ​អន្តរជាតិ ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ស្មើ​ភាព​ជាមួយ​បុរស និង​ដោយ​គ្មាន​ការ​រើសអើង។

មាត្រា ៩

១. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ក្នុង​ការ​ទទួល​ ផ្លាស់​ប្ដូរ ឬ​រក្សា​ទុក​សញ្ជាតិ​របស់​ខ្លួន​។ រដ្ឋ​ភាគី​ត្រូវ​ធានា​ជាពិសេស​ថា ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស ឬ​ការ​ផ្លាស់​ប្ដូរ​សញ្ជាតិ​របស់​ប្ដី​ក្នុង​ពេល​អាពាហ៍ពិពាហ៍ មិន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ជា​ស្វ័យ​ប្រវត្តិ​នូវ​សញ្ជាតិ​របស់​ប្រពន្ធ មិន​ធ្វើ​ឱ្យ​ប្រពន្ធ​គ្មាន​សញ្ជាតិ​ ឬ​បង្ខំ​ឱ្យ​ប្រពន្ធ​យក​សញ្ជាតិ​របស់​ប្ដី​ឡើយ។

២. រដ្ឋ​ភាគី​ ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ក្នុង​ការ​សម្រេច​ពី​សញ្ជាតិ​របស់​កូន​ផង​ដែរ។

ផ្នែក​ទី ៣

មាត្រា ១០

រដ្ឋ​ភាគី​ ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​លប់​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង ស្ត្រី ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ក្នុង​វិស័យ​អប់រំ​ និង​ជាពិសេស​ដើម្បី​ធានា​ដល់​ស្ត្រី ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​សមភាព​រវាង​បុរស​និង​ស្ត្រី​ នូវ ៖

(ក) លក្ខខណ្ឌ​ដូច​គ្នា​សម្រាប់​មុខ​របរ និង​ការ​ណែនាំ​ខាង​វិជ្ជាជីវៈ សម្រាប់​ការ​ទទួល​ការ​សិក្សា និង​សម្រាប់​ការ​ទទួល​បាន​នូវ​សញ្ញាប័ត្រ​ក្នុង​គ្រឹះ​ស្ថាន​អប់រំ​គ្រប់​ ប្រភេទ ទាំង​នៅ​ជនបទ​ ទាំង​នៅ​ទីក្រុង​។ សមភាព​នេះ​ត្រូវ​ធានា​ឱ្យ​មាន​ក្នុង​ការ​អប់រំ​មុន​បឋម​សិក្សា ការ​អប់រំ​ចំណេះ​ទូទៅ បច្ចេកទេស​វិជ្ជាជីវៈ និង​បច្ចេកទេស​ជាន់​ខ្ពស់ ​និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​មធ្យម​គ្រប់​ផ្នែក​ផង​ដែរ។
(ខ) សិទ្ធិ​ទទួល​កម្មវិធី​សិក្សា​អប់រំ​ដូច​គ្នា ការ​ប្រឡង​ដូច​គ្នា បុគ្គលិក​បង្រៀន​ដែល​មាន​គុណ​សម្បត្តិ​ដូច​គ្នា និង​បរិវេណ និង​សម្ភារៈ​សិក្សា​ដែល​មាន​គុណភាព​ដូច​គ្នា​។
(គ) ការ​លប់​បំបាត់​រាល់​ទស្សនៈ​ជា​ទំលាប់​ ស្ដី​ពី​តួនាទី​របស់​បុរស​និង​ស្ត្រី​នៅ​គ្រប់​កម្រិត និង​គ្រប់​ទម្រង់​នៃ​ការ​អប់រំ ដោយ​លើក​ទឹក​ចិត្ត​ដល់​ការ​អប់រំ​រួម​គ្នា និង​ប្រភេទ​ផ្សេងៗ​ទៀត​នៃ​ការ​អប់រំ​ ដែល​ជួយ​ឱ្យ​សម្រេច​គោល​បំណង​នេះ និង​ជាពិសេស​ដោយ​ពិនិត្យ​កែប្រែ​ឡើងវិញ​នូវ​អត្ថបទ​សិក្សា​ និង​កម្មវិធី​សិក្សា និង​សម្រប​សម្រួល​វិធីសាស្ត្រ​បង្រៀន។
(ឃ) ឱកាស​ដូច​គ្នា ក្នុង​ការ​ទទួល​អាហារូបករណ៍ និង​ប្រាក់​សម្រាប់​ការ​សិក្សា​ផ្សេងៗ​។
(ង) ឱកាស​ដូច​គ្នា ក្នុង​ការ​ទទួល​កម្មវិធី​អប់រំ​អចិន្ត្រៃយ៍ រួម​មាន​កម្មវិធី​អក្ខរកម្ម​សំរាប់​នីតិជន និង​អនក្ខរជន​ផង ជាពិសេស​កម្មវិធី​ទាំងឡាយ​ សំដៅ​កាត់​បន្ថយ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើទៅ​បាន នូវ​គំលាត​ណា​មួយ​ខាង​ការ​អប់រំ​ដែល​មាន ​រវាង​បុរស​និង​ស្ត្រី។
(ច) ការ​បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​ស្រី និង​ការ​រៀបចំ​កម្មវិធី​សម្រាប់​យុវនារី​ និង​ស្ត្រី​ដែល​ឆាប់​បោះ​បង់​ការ​សិក្សា។
(ឆ) ឱកាស​ដូច​គ្នា ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កីឡា និង​កាយ​សិក្សា។
(ជ) ការ​ទទួល​បាន​ព័ត៌មាន​អប់រំ​ពិសេស​ជាក់លាក់ ដើម្បី​ជួយ​ធានា​សុខភាព និង​សុខុមាលភាព​ គ្រួសារ រួម​មាន​ព័ត៌មាន និង​ដំបូន្មាន​ស្ដី​ពី​ផែនការ​គ្រួសារ​ផង។

មាត្រា ១១

១. រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​ស្ត្រី​ក្នុង វិស័យ​ការងារ ដើម្បី​ធានា​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិ​ដូច​គ្នា និង​ជាពិសេស ៖

(ក) សិទ្ធិ​ធ្វើ​ការងារ​ដែល​ជា​សិទ្ធិ​មិន​អាច​លក់ដូរ ផ្ទេរ ឬ​ដក​ហូត​បាន​របស់​មនុស្ស​ជាតិ​គ្រប់​រូប។
(ខ) សិទ្ធិ​មាន​ឱកាស​ធ្វើ​ការងារ​ដូច​គ្នា រួម​មាន​ការ​អនុវត្ត​លក្ខណៈ​វិនិច្ឆ័យ​ដូច​គ្នា​ផង ក្នុង​ការ ជ្រើសរើស​ឱ្យ​ធ្វើ​ការងារ។
(គ) សិទ្ធិ​ជ្រើសរើស​ដោយ​សេរី​នូវ​វិជ្ជាជីវៈ និង​ការងារ សិទ្ធិ​ឡើង​ស័ក្តិ សិទ្ធិ​មាន​ស្ថិរភាព​ការងារ ទទួល​ប្រាក់​បំណាច់​ និង​លក្ខខណ្ឌ​ការងារ​ សិទ្ធិ​ទទួល​ការ​បណ្ដុះ​បណ្ដាល​និង​វិក្រិតការ​ខាង​វិជ្ជាជីវៈ រួម​មាន ការ​ហ្វឹកហាត់​ការងារ សុក្រឹតការ​ខាង​វិជ្ជាជីវៈ និង​ការ​បណ្ដុះបណ្ដាល​ជា​អចិន្ត្រៃយ៍​ផង។
(ឃ) សិទ្ធិ​ក្នុង​ការ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នា រួម​ទាំង​ផល​ប្រយោជន៍ និង​សិទ្ធិ​ទទួល​បាន​ការ​គិតគូរ​ស្មើ​គ្នា​ចំពោះ​ការងារ​ដែល​មាន​តម្លៃ​ស្មើ ​គ្នា និង​សិទ្ធិ​ទទួល​បាន​ការ​គិតគូរ​ស្មើ​គ្នា​ លើ​ការ​វាយ​តម្លៃ​គុណភាព​ការងារ។
(ង) សិទ្ធិ​ទទួល​បាន​សន្តិសុខ​សង្គម ជាពិសេស​ផលប្រយោជន៍​សម្រាប់​ការ​ចូល​និវត្តន៍ ការ​គ្មាន​ការងារ​ធ្វើ ការ​មាន​ជំងឺ ការ​គ្មាន​សុពលភាព និង​ជរាពាធ ឬ​បាត់បង់​សមត្ថភាព​ការងារ​ដទៃ​ទៀត ព្រម​ទាំង​សិទ្ធិ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល។
(ច) សិទ្ធិ​ទទួល​បាន​ការ​ការពារ​សុខភាព និង​សុវត្ថិភាព​ក្នុង​លក្ខខណ្ឌ​ការងារ រួម​មាន​ការ​ការពារ​មុខងារ​បន្ត​ពូជ​ផង។

២. ដើម្បី​បង្ការ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ផ្អែក​លើ​អាពាហ៍ពិពាហ៍ ឬ​មាតុភាព និង​ដើម្បី​ធានា សិទ្ធិ​ធ្វើ​ការងារ​របស់​ស្ត្រី​ឱ្យ​បាន​ស័ក្ដិសិទ្ធិ រដ្ឋ​ភាគី​សន្យា​ចាត់​វិធានការ​សមស្រប​ដើម្បី ៖

(ក) ហាម​ឃាត់ ដោយ​ដាក់​ទណ្ឌកម្ម​នូវ​ការ​បណ្ដេញ​ចេញ​ពី​ការងារ ដោយ​មូល​ហេតុ​មាន​គភ៌ ឬ​ការ​ឈប់​សម្រាក​មាតុភាព និង​ការ​រើសអើង​ក្នុង​ការ​បណ្ដេញ​ចេញ​ពី​ការងារ ដោយ​ផ្អែក​លើ​ស្ថាន​ភាព​រៀប​អាពាហ៍ពិពាហ៍។
(ខ) ផ្ដល់​ការ​ឈប់​សម្រាក​មាតុភាព​ដោយ​មាន​ប្រាក់​ឈ្នួល ឬ​ប្រាក់​បំណាច់​សង្គមកិច្ច​ស្មើ​គ្នា ដោយ​គ្មាន​ការ​បាត់បង់​ការងារ អតីតភាព​ការងារ ឬ​ជំនួយ​សង្គមកិច្ច។
(គ) ជំរុញ​ការ​ផ្ដល់​សេវា​គាំពារ​សង្គមកិច្ច​ចាំបាច់ ដើម្បី​ឱ្យ​ឪពុក​ម្ដាយ​អាច​បញ្ចូល​កាតព្វកិច្ចគ្រួសារ​ជាមួយ​នឹង​ការ​ទទួល​ ខុស​ត្រូវ​ខាង​វិជ្ជាជីវៈ និង​ការ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ជាពិសេស ដោយ​សម្រួល​ដល់​ការ​បង្កើត និង​ការ​អភិវឌ្ឍន៍​បណ្ដាញ​នៃ​សម្ភារៈ​រូប​វ័ន្ត​សម្រាប់​ថែទាំ​កុមារ។
(ឃ) ផ្ដល់​ការ​ការពារ​ពិសេស​ដល់​ស្ត្រី​កំពុង​មាន​គភ៌ ពី​ប្រភេទ​ការងារ​ទាំងឡាយ​ណា​ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​មាន​គ្រោះ​ថ្នាក់​ដល់​ ពួក​គេ។

៣. ច្បាប់​ការពារ​ស្ត្រី​ទាក់ទង​នឹង​បញ្ហា​ដែល​បាន​ចែង​ក្នុង​មាត្រា​នេះ ត្រូវ​លើក​យក​មក​ពិនិត្យ​ឡើង​វិញ​ជា​ទៀង​ទាត់ ទៅ​តាម​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកទេស និង​ត្រូវ​សើរើ ធ្វើ​និរាករណ៍ ឬ​អនុវត្ត​បន្ត​ទៅ​តាម​ការ​ចាំបាច់។

មាត្រា ១២

១. រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ក្នុង​វិស័យ​ថែទាំ​សុខភាព ដើម្បី​ធានា ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិទទួល​សេវា​សុខាភិបាល រួម​មាន​មធ្យោបាយ​ទាក់ទង​នឹង​ផែនការ​គ្រួសារ​ផង។

២. ក្រៅ​ពី​បទបញ្ញត្តិ​ដែល​ចែង​ក្នុង​កថាខណ្ឌ ១ នៃ​មាត្រា​នេះ រដ្ឋ​ភាគី​ត្រូវ​ធានា​ដល់​ស្ត្រី​កំពុង មាន​គភ៌ កំពុង​សំរាល​កូន និង​ក្រោយ​ពេល​សំរាល​កូន នូវ​ការ​ផ្ដល់​សេវា​សមស្រប បើ​ចាំបាច់ ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​រយៈពេល​មាន​គភ៌ និង​ពេល​បំបៅ​កូន។

មាត្រា ១៣

រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​នានា ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ ក្នុង​វិស័យ ជីវភាព សេដ្ឋកិច្ច និង​សង្គមកិច្ច​ផ្សេងទៀត ដើម្បី​ធានា ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​សិទ្ធិ​ដូច​គ្នា ជាពិសេស ៖

(ក) សិទ្ធិ​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​គ្រួសារ
(ខ) សិទ្ធិ​ខ្ចី​ប្រាក់​ពី​ធនាគារ អ៊ីប៉ូតែក និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ឥណទាន​ហិរញ្ញវត្ថុ
(គ) សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​កំសាន្ត កីឡា និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវភាព​វប្បធម៌។

មាត្រា ១៤

១. រដ្ឋ​ភាគី ត្រូវ​គិតគូរ​ដល់​បញ្ហា​ពិសេស​ដែល​ស្ត្រី​នៅ​ជនបទ​ប្រឈម​មុខ និង​តួនាទី​សំខាន់​របស់​ស្ត្រី​ជនបទ​ ក្នុង​ការ​រក្សា​ភាព​គង់វង្ស​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្លួន រួម​មាន​ការងារ​របស់​ពួក​គេ​ក្នុង​ផ្នែក​គ្មាន​ចំណូល​សេដ្ឋកិច្ច​ផង​។ រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​ធានា​ការ​អនុវត្ត​បទ​បញ្ញត្តិ នៃ​អនុសញ្ញា​នេះ ចំពោះ​ស្ត្រី​នៅ​ជនបទ។

២. រដ្ឋ​ភាគី ត្រូវ​ប្រកាន់​យក​វិធានការ​សមស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង ស្ត្រី​នៅ​ជនបទ ដើម្បី​ធានា​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​និង​ស្ត្រី នូវ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​ជនបទ និង​ទទួល​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​ជនបទ និង​ជាពិសេស​ត្រូវ​ធានា​ឱ្យ​ស្ត្រី​ជនបទ​ទាំង​នោះ​ នូវ​សិទ្ធិ ៖

(ក) ចូល​រួម​ពេញលេញ​ក្នុង​ការ​តាក់តែង និង​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​នៅ​គ្រប់​លំដាប់​ថ្នាក់។
(ខ) មាន​សិទ្ធិ​ទទួល​បាន​សេវា​គ្រប់គ្រាន់​ខាង​វិស័យ​សុខាភិបាល រួម​ទាំង​ព័ត៌មាន ដំបូន្មាន និង សេវា​ខាង​ផែនការ​គ្រួសារ។
(គ) ទទួល​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​កម្មវិធី​សន្តិសុខ​សង្គម។
(ឃ) ទទួល​បាន​ការ​បណ្ដុះបណ្ដាល​និង​ការ​អប់រំ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ​គ្រប់​ប្រភេទ រួម​មាន ការ​អប់រំ​អក្ខរកម្ម​ បង្កើត​មុខរបរ​ផង ព្រម​ទាំង​ជាពិសេស​អត្ថប្រយោជន៍​ខាង​សេវា​សហគមន៍ និង​ការ ពន្យល់​ផ្សព្វផ្សាយ​របស់​ថ្មី ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​របស់​ស្ត្រី។
(ង) រៀបចំ​ក្រុម​និង​សហករណ៍​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឱ្យ​មាន​សិទ្ធិ​ មាន​ឱកាស​ខាង​សេដ្ឋកិច្ច​ស្មើ​គ្នា តាម​រយៈ​ការងារ​មាន​ប្រាក់​ឈ្នួល ឬ​ការងារ​ឯករាជ្យ។
(ច) ចូលរួម​ក្នុង​គ្រប់​សកម្មភាព​របស់​សហគមន៍
(ឆ) មាន​សិទ្ធិ​ទទួល​បាន​ឥណទាន​និង​ប្រាក់​កម្ចី​ខាង​កសិកម្ម សេវា​រក​ទី​ផ្សារ បច្ចេកវិជ្ជា​សមស្រប និង​ការ​គិតគូរ​ស្មើ​គ្នា​ក្នុង​ការ​កែ​ទម្រង់​ដីធ្លី​និង​កសិកម្ម ព្រម​ទាំង​ក្នុង​គម្រោង​បែង​ចែក​ដី​ធ្លី។
(ជ) អាស្រ័យ​ផល​លក្ខខណ្ឌ​រស់​នៅ​គ្រប់គ្រាន់ ជាពិសេស​ទាក់ទង​នឹង​ការ​មាន​ផ្ទះ​សម្បែង អនាម័យ ការ​ផ្គត់ផ្គង់​អគ្គិសនី​និង​ទឹក ការ​ដឹក​ជញ្ជូន និង​គមនាគមន៍។

អនុសញ្ញា​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ

ផ្នែកទី ៤

មាត្រា ១៥

១. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សមភាព​ជាមួយ​បុរស​នៅ​ចំពោះ​មុខ​ច្បាប់។

២. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​ក្នុង​បញ្ហា​រដ្ឋប្បវេណី នូវ​ឋានៈ​នីត្យានុកូល​ដូច​គ្នា​នឹង​បុរស និង​មាន ឱកាស​ដូច​គ្នា​ដើម្បី​ប្រើ​ប្រាស់​ឋានៈ​នេះ​។ ជាពិសេស រដ្ឋ​ភាគី​ ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​នូវ​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ចុះ​កិច្ចសន្យា និង​ការ​គ្រប់គ្រង​ទ្រព្យ និង​ត្រូវ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​មក​លើ​ស្ត្រី​ដូច​គ្នា ក្នុង​គ្រប់​ដំណាក់​កាល​នៃ​នីតិវិធី របស់​តុលាការ និង​សាលា​ជំរះ​ក្ដី។

៣. រដ្ឋ​ភាគី​ ព្រមព្រៀង​គ្នា​ថា កិច្ចសន្យា​ទាំង​អស់ និង​លិខិតុបករណ៍​ឯកជន​ដទៃ​ទៀត​គ្រប់​ប្រភេទ ដែល​មាន​អានុភាព​នីត្យានុកូល សំដៅ​រឹត​ត្បិត​ឋានៈ​នីត្យានុកូល​របស់​ស្ត្រី ត្រូវ​ទុក​ជា​មោឃៈ។

៤. រដ្ឋ​ភាគី ត្រូវ​ឱ្យ​បុរស​និង​ស្ត្រី​មាន​សិទ្ធិ​ដូច​គ្នា​ចំពោះ​ច្បាប់ ​ដែល​ទាក់​ទង​ដល់​សិទ្ធិ​ដើរ​ហើរ​របស់​បុគ្គល និង​សេរីភាព​ជ្រើស​រើស​និវេសនដ្ឋាន និង​លំនៅដ្ឋាន។

មាត្រា ១៦

១. រដ្ឋ​ភាគី ត្រូវ​ចាត់​វិធាន​ការ​សម​ស្រប​ទាំង​អស់ ដើម្បី​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី លើ រាល់​បញ្ហា​ដែល​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍ និង​ទំនាក់​ទំនង​គ្រួសារ និង​ជា​ពិសេស ដោយ​ផ្អែក​លើ​មូលដ្ឋាន សមភាព​រវាង​បុរស​និង​ស្ត្រី ត្រូវ​ធានា​ឱ្យ​ស្ត្រី​នូវ​ ៖

(ក) សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍។
(ខ) សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ជ្រើស​រើស​សហព័ទ្ធ​របស់​ខ្លួន​ដោយ​សេរី និង​ក្នុង​ការ​ចុះ​កិច្ចសន្យា​អាពាហ៍ពិពាហ៍ តែ​នៅ​ពេល​ណា​ដែល​ពួក​គេ​ព្រមព្រៀង​គ្នា​ដោយ​សេរី និង​ដោយ​ពេញ​លេញ​ប៉ុណ្ណោះ។
(គ) សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដូច​គ្នា នៅ​ពេល​មាន​ចំណង​អាពាហ៍ពិពាហ៍ និង​នៅ​ពេល​រំលាយ​អាពាហ៍ពិពាហ៍។
(ឃ) សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដូច​គ្នា​ក្នុង​នាទី​ជា​ឪពុក​ម្ដាយ​លើ​បញ្ហា ​ទាក់​ទង​នឹង​កូន ដោយ​ឥត​គិត​ពី​ស្ថានភាព​គ្រួសារ ហើយ​អត្ថ​ប្រយោជន៍​របស់​កូន​ត្រូវ​ស្ថិត​ជា​ចម្បង​នៅ​គ្រប់​ករណី​ទាំង​អស់។
(ង) សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី ​និង​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​សម្រេច​អំពី​ចំនួន និង​ការ​ពន្យារ​កំណើត​កូន និង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ការ​អប់រំ និង​មធ្យោបាយ ​ដើម្បី​ឱ្យ​ស្ត្រី​អាច​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​នេះ។
(ច) សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​ដូច​គ្នា ចំពោះ​ការ​អាណាព្យាបាល ការ​ការពារ ការ​គ្រប់​គ្រង និង​ការ​ទទួល​ចិញ្ចឹម​កូន​អ្នក​ដទៃ ឬ​ក្នុង​ការ​អនុវត្ត​ស្រដៀង​គ្នា​នេះ បើ​គំនិត​ទាំង​នេះ​មាន​ស្រាប់​នៅ​ក្នុងច្បាប់​ជាតិ ។ នៅ​គ្រប់​ករណី​ទាំង​អស់ អត្ថ​ប្រយោជន៍​របស់​កូន​ត្រូវ​ចាត់​ទុក​ជា​ចម្បង។
(ឆ) សិទ្ធិ​បុគ្គល​ដូច​គ្នា​រវាង​ប្ដី​និង​ប្រពន្ធ​ រួម​មាន​សិទ្ធិ​ជ្រើស​រើស​នាម​ត្រកូល វិជ្ជាជីវៈ និង​មុខ​របរ ផង។
(ជ) សិទ្ធិ​ដូចគ្នា​សម្រាប់​ទាំងពីរ​នាក់​ប្ដី​និង​ប្រពន្ធ​ ចំពោះ​កម្មសិទ្ធិ ការ​ទិញ ការ​ចាត់ចែង ការ​គ្រប់គ្រង ការ​អាស្រ័យ​ផល និង​ការ​ប្រគល់​ទ្រព្យសម្បត្តិ ទោះ​ដោយ​មិន​គិត​ថ្លៃ​ក្ដី ឬ​គិត​ថ្លៃ​ក្ដី។

២. ការ​ភ្ជាប់​ពាក្យ និង​ការ​រៀប​អាពាហ៍ពិពាហ៍​កូន មិន​ត្រូវ​មាន​អានុភាព​ផ្លូវ​ច្បាប់​ទេ ហើយ​គេ​ត្រូវ​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់ រួម​មាន​ការ​ធ្វើ​ច្បាប់​ផង ដើម្បី​កំណត់​អាយុ​អប្បបរមា សម្រាប់​រៀប អាពាហ៍ពិពាហ៍ ហើយ​ចាំបាច់​ត្រូវ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​នៅ​ក្នុង​បញ្ជី​ជា​ផ្លូវការ។

ផ្នែក​ទី ៥

មាត្រា ១៧

១. ក្នុង​គោលបំណង​ពិនិត្យ​ការ​វិវឌ្ឍន៍​ទៅ​មុខ​នៃ​ការ​អនុវត្ត​អនុសញ្ញា​នេះ គណៈកម្មាធិការ​ទទួលបន្ទុក​ការ​លប់​បំបាត់​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​ មួយ ត្រូវ​បាន​បង្កើត​ឡើង (ចាប់​ពី​នេះ​ទៅ ប្រើ​ត្រឹម​តែពាក្យ​គណៈកម្មាធិការ)។ គណៈកម្មាធិការ​នេះ មាន​អ្នក​ជំនាញការ ១៨ រូប នៅ​ពេល​ដែល​អនុសញ្ញា​នេះ​ចូល​ជា​ធរមាន​។ បន្ទាប់​ពី​រដ្ឋ​ភាគី​ទី ៣៥ បាន​ឱ្យ​សច្ចាប័ន​ ឬ​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​។ គណៈកម្មាធិការ​នេះ​នឹង​មាន​អ្នក​ជំនាញការ​ចំនួន ២៣ រូប ដែល​មាន​សីលធម៌​ និង​មាន​សមត្ថកិច្ច​ខ្ពស់​ក្នុង​វិស័យ​ដែល​ត្រូវ​អនុវត្ត​អនុសញ្ញា​នេះ​។ អ្នក​ជំនាញការ​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​រដ្ឋ​ភាគី​ពី​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្លួន និង​ត្រូវ​ធ្វើការ​ក្នុង​ឋានៈ​ជា​បុគ្គល​ឯកជន​ ដោយ​ធ្វើ​ការ​ពិចារណា​បែង​ចែក​ទៅ​តាម​ភូមិសាស្ត្រ​ដោយ​សមធម៌ និង​ឱ្យ​មាន​តំណាង​ទម្រង់​ផ្សេងៗ​នៃ​អារ្យធម៌​ ព្រម​ទាំង​ទៅ​តាម​ប្រព័ន្ធ​ច្បាប់​ធំ​ៗ​ផង។

២. សមាជិក​របស់​គណៈកម្មាធិការ ត្រូវ​ជ្រើសរើស​តាម​ការ​បោះ​ឆ្នោត​សម្ងាត់ ពី​បញ្ជី​បេក្ខជន​ ដែល​ស្នើ​ដោយ​រដ្ឋ​ភាគី​។ រដ្ឋ​ភាគី​នីមួយៗ អាច​ដាក់​ស្នើ​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្លួន។

៣. ការ​បោះឆ្នោត​ដំបូង​បង្អស់ ត្រូវ​ធ្វើ​ឡើង ៦ ខែ ក្រោយ​ពី​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​អនុសញ្ញា​នេះ​។ យ៉ាង​តិច ៣ ខែ មុន​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នីមួយៗ អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ ត្រូវ​ចេញ​លិខិត​អញ្ជើញ​រដ្ឋ​ភាគី​ឱ្យ​ដាក់​ស្នើ​នាម​បេក្ខជន​របស់​ខ្លួន​ ក្នុង​រយៈពេល ២ ខែ។ អគ្គលេខាធិការ​ត្រូវ​រៀបចំ​តាម​លំដាប់​អក្ខរក្រម នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល​ស្នើ​ដោយ​រដ្ឋ​ភាគី ដោយ​បញ្ជាក់​ឈ្មោះ​រដ្ឋ​ភាគី​ដែល​បាន​ជ្រើស​តាំង​បេក្ខជន​ទាំង​នោះ​ ហើយ​ផ្ញើ​បញ្ជី​នេះ​ទៅ​គ្រប់​រដ្ឋ​ភាគី។

៤. ការ​បោះឆ្នោត​ជ្រើសរើស ត្រូវ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​របស់​រដ្ឋ​ភាគី តាម​ការ​កោះ​អញ្ជើញ​ ដោយ​អគ្គលេខាធិការ​នៅ​ទី​ស្នាក់​ការ​អង្គការសហប្រជាជាតិ​។ កូរ៉ុម​សម្រាប់​កិច្ច​ប្រជុំ​គឺ​ពីរ​ភាគ​បី​នៃ​រដ្ឋ​ភាគី​។ បេក្ខជន​ដែល​ជាប់​ជា​សមាជិក​គណៈកម្មាធិការ ត្រូវ​តែ​ជា​បេក្ខជន​ទទួល​បាន​សម្លេង​ច្រើន​បំផុត និង​សម្លេង​ភាគ​ច្រើន​ដាច់ខាត​ពី​តំណាង​របស់​រដ្ឋ​ភាគី​ដែល​មាន​វត្តមាន និង​បាន​បោះឆ្នោត។

៥. សមាជិក​គណៈកម្មាធិការ ត្រូវ​ជ្រើសរើស​តាម​ការ​បោះឆ្នោត​សម្រាប់​រយៈពេល ៤ ឆ្នាំ​។ ប៉ុន្តែ​ អាណត្តិ​សមាជិក ៩ រូប ដែល​ជាប់​នៅ​ពេល​បោះឆ្នោត​លើក​ទី ១ ត្រូវ​ផុត​កំណត់​ក្នុង​រយៈពេល ២ ឆ្នាំ ហើយ​ឈ្មោះ​សមាជិក​ទាំង ៩ រូប​នេះ ត្រូវ​ចាប់​ឆ្នោត​ជ្រើសរើស​ដោយ​ប្រធាន​អង្គ​ប្រជុំ​ភ្លាម​ៗ ​បន្ទាប់​ពី​ការ​បោះឆ្នោត​លើក​ទី ១។

៦. ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​បន្ថែម ៥ រូប នឹង​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ បទ​បញ្ញត្តិ​ច្បាប់​ក្នុង​កថាខណ្ឌ ២ កថាខណ្ឌ ៣ នឹង​កថាខណ្ឌ ៤ នៃ​មាត្រា​នេះ បន្ទាប់​ពី​មាន​ការ​ផ្ដល់ សច្ចាប័ន ឬ​ការ​ចូល​ជា​សមាជិក​លើក​ទី ៣៥​។ អាណត្តិ​សមាជិក ២ រូប នៃ​សមាជិក​បន្ថែម​ដែល​ជាប់​ឆ្នោត​នឹង​ត្រូវ​ផុត​កំណត់​ក្នុង​រយៈពេល ២ ឆ្នាំ ហើយ​ឈ្មោះ​សមាជិក​ទាំង ២ រូប​នេះ​ ត្រូវ​ជ្រើសរើស​តាម​ការ​ចាប់ឆ្នោត​ដោយ​ប្រធាន​គណៈកម្មាធិការ។

៧. ដើម្បី​បំពេញ​កន្លែង​ទំនេរ​ដោយ​ចៃដន្យ រដ្ឋ​ភាគី​ណា​ដែល​មាន​អ្នក​ជំនាញ​ការ​របស់​ខ្លួន​ឈប់​បំពេញ​មុខងារ​ជា​ សមាជិក​គណៈកម្មាធិការ ត្រូវ​តែង​តាំង​អ្នក​ជំនាញការ​ម្នាក់​ទៀត​ពី​ចំណោម​ជនជាតិ​ខ្លួន ដោយ​មាន​ការ​យល់​ព្រម​ពី​គណៈកម្មាធិការ។

៨. សមាជិក​គណៈកម្មាធិការ​ ត្រូវ​ទទួល​ថវិកា​ពី​ធនធាន​របស់​អង្គការ​សហប្រជាជាតិ តាម ចំណែក​ និង​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​មហាសន្និបាត អាស្រ័យ​លើ​សារសំខាន់​នៃ​ការងារ​របស់​គណៈកម្មាធិការ។

៩. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ផ្ដល់​បុគ្គលិក​និង​សម្ភារៈ​រូបវន្ត​ដែល​ចាំបាច់​សម្រាប់ គណៈកម្មាធិការ​បំពេញ​មុខងារ​ឱ្យ​បាន​ស័ក្ដិសិទ្ធិ ស្រប​តាម​អនុសញ្ញា​នេះ។

មាត្រា ១៨

១. រដ្ឋ​ភាគី សន្យា​ដាក់​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​គណៈកម្មាធិការ​ពិនិត្យ នូវ​របាយការណ៍​ស្តី​ពី​វិធានការ​ខាង​នីតិកម្ម តុលាការ រដ្ឋបាល ឬ​វិធានការ​ផ្សេងៗ ដែល​បាន​អនុម័ត​ផ្ដល់ អនុភាព​ដល់​បទបញ្ញត្តិ​នៃ​អនុសញ្ញា​នេះ ព្រម​ទាំង​ការ​រីកចម្រើន​ដែល​សម្រេច​បាន ៖

(ក) ក្នុងរយៈពេល ១ ឆ្នាំ ក្រោយ​ពី​ការ​ចូល​ជា​ធរមាន​នៃ​អនុសញ្ញា ចំពោះ​រដ្ឋ​ដែល​ពាក់ព័ន្ធ​។
(ខ) បន្ទាប់មក យ៉ាង​ហោច​ណាស់​រៀងរាល់ ៤ ឆ្នាំ​ម្ដង និង​របាយការណ៍​បន្ថែម បើ​មាន​សេចក្ដី​ស្នើ​សុំ​របស់​គណៈកម្មាធិការ​។

២. របាយការណ៍ អាច​បញ្ជាក់​ពី​កត្តា​និង​ការ​លំបាក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​កាតព្វកិច្ច ស្រប​តាម​អនុសញ្ញា​នេះ។

មាត្រា​ ១៩

១. គណៈកម្មាធិការ ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន។

២. គណៈកម្មាធិការ ត្រូវ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ការិយាល័យ​របស់​ខ្លួន​សម្រាប់​រយៈពេល ២ ឆ្នាំ។

មាត្រា ២០

១. គណៈកម្មាធិការ ត្រូវ​ជួប​ប្រជុំ​ជា​ធម្មតា​មិន​លើស​ពី ២ សប្តាហ៍​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​ពិនិត្យ របាយការណ៍​ដែល​ស្នើ​ឡើង​ ស្រប​តាម​មាត្រា ១៨ នៃ​អនុសញ្ញា​នេះ។

២. សម័យ​ប្រជុំ​គណៈកម្មាធិការ ត្រូវ​ប្រារព្ធ​ធ្វើ​ជា​ធម្មតា​នៅ​ទី​ស្នាក់​ការ​នៃ​អង្គការ​សហប្រជាជាតិ ឬ​នៅ​កន្លែង​សមស្រប​មួយ​ផ្សេង​ពី​នេះ អាស្រ័យ​ដោយ​ការ​កំណត់​របស់​គណៈកម្មាធិការ។

មាត្រា ២១

១. តាម​រយៈ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គមកិច្ច គណៈកម្មាធិការ​ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​ ជូន​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ អំពី​សកម្មភាព​របស់​ខ្លួន និង​អាច​ផ្ដល់​យោបល់​ និង​ផ្ដល់​អនុសាសន៍​ទូទៅ ផ្អែក​លើ​ការ​ពិនិត្យ​របាយការណ៍ និង​ព័ត៌មាន​ដែល​ទទួល​បាន​ពី​រដ្ឋ​ភាគី​។ ការ​ផ្ដល់​យោបល់ និង​អនុសាសន៍ ត្រូវ​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​របស់​គណៈកម្មាធិការ អម​ដោយ​មូលវិចារណ៍​របស់​រដ្ឋ​ភាគី ប្រសិន​បើ​មាន។

២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​បញ្ជូន​របាយការណ៍​របស់​គណៈកម្មាធិការ​ទៅ គណៈកម្មការ​ទទួល​បន្ទុក​ស្ថានភាព​ស្ត្រី ដើម្បី​ជ្រាប​ជា​ព័ត៌មាន។

មាត្រា ២២

អង្គការ​ឯកទេស មាន​សិទ្ធិ​ មាន​ជា​តំណាង​នៅ​ពេល​ពិនិត្យ​ការ​អនុវត្ត​បទ​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ​ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​សកម្មភាព​របស់​ខ្លួន​។ គណៈកម្មាធិការ​ អាច​អញ្ជើញ​អង្គការ​ឯកទេស​នានា ឱ្យ​ដាក់​របាយការណ៍​ស្តី​ពី​ការ​អនុវត្ត​អនុសញ្ញា​នេះ​ ក្នុង​វិស័យ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​សកម្មភាព​របស់​ខ្លួន។

អនុសញ្ញា​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ

ផ្នែក​ទី ៦

មាត្រា ២៣

គ្មាន​ចំណុច​ណា​មួយ​ក្នុង​អនុសញ្ញា​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បទ​បញ្ញត្តិ ដែល​នាំ​ឱ្យ​សម្រេច​បាន​នូវ​អត្ថប្រយោជន៍​ខាង​សមភាព​រវាង​បុរស​និង​ស្ត្រី ដែល​អាច​មាន​ច្រើន​ជាង​នេះ​នៅ​ក្នុង ៖

(ក) ច្បាប់​របស់​រដ្ឋ​ភាគី ឬ
(ខ) អនុសញ្ញា សន្ធិសញ្ញា ឬ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្សេង​ទៀត​ ដែល​នៅ​ជា​ធរមាន​ក្នុង​រដ្ឋ​នោះ។

មាត្រា ២៤

រដ្ឋ​ភាគី សន្យា​អនុម័ត​គ្រប់​វិធានការ​ចាំបាច់​ថ្នាក់​ជាតិ ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ​ប្រើប្រាស់ ​ឱ្យ​បាន​ពេញលេញ នូវ​សិទ្ធិ​ទាំងឡាយ​ដែល​ទទួល​ស្គាល់​ក្នុង​អនុសញ្ញា​នេះ។

មាត្រា ២៥

១. អនុសញ្ញា​នេះ ត្រូវ​បើក​ចំហ​ឱ្យ​រដ្ឋ​ទាំង​អស់​ចុះ​ហត្ថលេខា។

២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ចាត់​តាំង​ជា​អ្នក​ទទួល​តំកល់​ទុក​អនុសញ្ញា​នេះ។

៣. អនុសញ្ញា​នេះ ជា​កម្មវត្ថុ​នៃ​ការ​ឱ្យ​សច្ចាប័ន​។ លិខិតុបករណ៍​នៃ​ការ​ឱ្យ​សច្ចាប័ន​ត្រូវ​តំកល់​ទុក​នៅ​នឹង​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ។

៤. អនុសញ្ញា​នេះ ត្រូវ​បើក​ចំហ​ឱ្យ​រដ្ឋ​ទាំង​អស់​សុំ​ចូល​ជា​សមាជិក​។ ការ​សុំ​ចូល​ជា​សមាជិក​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​តំកល់​លិខិតុបករណ៍​សុំ​ចូល​ រួម​ជា​សមាជិក​នៅ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

មាត្រា ២៦

១. រដ្ឋ​ភាគី អាច​សុំ​សើរើ​អនុសញ្ញា​នេះ​បាន​នៅ​គ្រប់​ពេល​វេលា ដោយ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

២. មហា​សន្តិ​បាត​អង្គការ​សហប្រជាជាតិ ត្រូវ​សម្រេច​លើ​វិធានការ​ដែល​ត្រូវ​ចាត់ ប្រសិន​ជា​មាន ​តាម​សេចក្ដី​សុំ​នោះ។

មាត្រា ២៧

១. អនុសញ្ញា​នេះ ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​សាមសិប ក្រោយ​កាលបរិច្ឆេទ​នៃ​តំកល់​លិខិតុបករណ៍​ឱ្យ​សច្ចាប័ន ឬ​ការ​សុំ​ចូល​ជា​សមាជិក​ទី ២០ នៅ​នឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

២. សម្រាប់​រដ្ឋ​នីមួយៗ​ដែល​ឱ្យ​សច្ចាប័ន​លើ​អនុសញ្ញា​នេះ ឬ​សុំ​ចូល​ជា​សមាជិក ក្រោយ​ពី​ការ ​តំកល់​លិខិតុបករណ៍​នៃ​ការ​ឱ្យ​សច្ចាប័ន ឬ​ការ​សុំ​ចូល​ជា​សមាជិក​ទី ២០ អនុសញ្ញា​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​សាមសិប ក្រោយ​កាលបរិច្ឆេទ​នៃ​ការ​ដាក់​តំកល់​លិខិតុបករណ៍​ឱ្យ​សច្ចាប័ន​ ឬ​ការ​សុំ​ចូល​ជា​សមាជិក​របស់​ខ្លួន។

មាត្រា ២៨

១. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ត្រូវ​ទទួល និង​ផ្សព្វផ្សាយ​ដល់​រដ្ឋ​ទាំង​អស់​នូវ​អត្ថបទ លក្ខខណ្ឌ​ដែល​រដ្ឋ​បាន​ធ្វើ នៅ​ខណៈ​ពេល​ឱ្យ​សច្ចាប័ន ឬ​សុំ​ចូល​ជា​សមាជិក។

២. លក្ខខណ្ឌ​ដែល​មិន​ស្រប​តាម​កម្មវត្ថុ​និង​គោលបំណង​នៃ​អនុសញ្ញា​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើយ។

៣. លក្ខខណ្ឌ​ទាំង​ឡាយ​អាច​ដក​ចេញ​ទៅ​វិញ​បាន​នៅ​គ្រប់​ពេល​វេលា ដោយ​ការ​ជូន​ដំណឹង​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ជូន​ដំណឹង​នេះ​បន្ត​ដល់​រដ្ឋ​ទាំង​អស់​។ ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ត្រូវ​មាន​ប្រសិទ្ធិភាព​នៅ​ថ្ងៃ​ដែល​បាន​ ទទួល។

មាត្រា ២៩

១. រាល់​វិវាទ​រវាង​រដ្ឋ​ភាគី​ពីរ ឬ​ច្រើន​ជាង​នេះ ស្ដី​ពី​ការ​បកស្រាយ ឬ​ការ​អនុវត្ត​អនុសញ្ញា​នេះ​ដែល​មិន​អាច​ដោះស្រាយ​តាម​រយៈ​ការ​ច​ចារ​បាន ត្រូវ​ដាក់​ឱ្យ​មាន​ការ​សម្រេច​ដោយ​អាជ្ញា​កណ្ដាល​ តាម​សំណើ​របស់​ភាគី​ណា​មួយ​នៃ​គូ​វិវាទ​នេះ​។ បើ​ក្នុង​រយៈពេល ៦ ខែ គិត​ចាប់​ពី​ថ្ងៃ​ស្នើ​ឱ្យ​មាន​អាជ្ញា​កណ្ដាល ភាគី​វិវាទ​មិន​ឯកភាព​លើ​ការ​រៀបចំ​អាជ្ញា​កណ្ដាល​ទេ ភាគី​ណា​មួយ​នៃ​ភាគី​វិវាទ​ទាំង​នោះ​ អាច​លើក​រឿង​វិវាទ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ តាម​សេចក្ដី​សុំ​ស្រប​តាម​លក្ខន្តិកៈ​របស់​តុលាការ។

២. រដ្ឋ​ភាគី​នីមួយៗ នៅ​ពេល​ចុះ​ហត្ថលេខា ឬ​ឱ្យ​សច្ចាប័ន ឬ​សុំ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​ អាច​ប្រកាស​ថា ខ្លួន​មិន​ជាប់​កាតព្វកិច្ច​នឹង​កថាខណ្ឌ ១ នៃ​មាត្រា​នេះ​ទេ​។ រដ្ឋ​ភាគី​ឯ​ទៀត​នឹង​មិន​ជាប់​កាតព្វកិច្ច​ក្នុង​កថាខណ្ឌ ១ នេះ ជាមួយ​រដ្ឋ​ភាគី​ណា​ដែល​បាន​ធ្វើ​លក្ខខណ្ឌ​នេះ​ឡើយ។

៣. រដ្ឋ​ភាគី​ណា ដែល​ធ្វើ​លក្ខខណ្ឌ​ស្រប​តាម​កថាខណ្ឌ ២ នៃ​មាត្រា​នេះ អាច​ដក​លក្ខខណ្ឌ​របស់​ខ្លួន​វិញ​គ្រប់​ពេល ដោយ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​អគ្គលេខាធិការ​អង្គការ​ សហប្រជាជាតិ។

មាត្រា ៣០

អនុសញ្ញា​នេះ ដែល​មាន​អត្ថបទ​ជា​ភាសា​អារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្ប៉ាញ៉ុល មាន​តម្លៃ​ស្មើ​គ្នា នឹង​ត្រូវ​តំកល់​ទុក​នៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ជា​បន្ទាល់​នៃ​អនុសញ្ញា​នេះ បុណ្ណ​ទូត​ដែល​មាន​ហត្ថលេខា​ខាងក្រោម ហើយ​ដែល​បាន​ទទួល​នូវ​ការ​អនុញ្ញាត​យ៉ាង​ត្រឹមត្រូវ បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ។

សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

គណៈកម្មាធិការ​​​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ
សម័យ​ប្រជុំ​លើក​ទី​៣៤

ថ្ងៃ​ទី​១៦ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០០៦

១- គណៈកម្មាធិការ​បាន​ពិចារណា​លើ​របាយការណ៍​លើក​ដំបូង​ និង​តាម​កាល​កំណត់​លើក​ទី​ពីរ និង​លើក​ទី​បី (CEDAW/C/KHM/1-3) របស់​ប្រទេស​កម្ពុជា នា​សម័យ​ប្រជុំ​របស់​ខ្លួន​លើក​ទី​៧០៥​ និង​៧០៦ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០០៦ (សូម​មើល CEDAW/C/SR.705 និង706)។ បញ្ជី​បញ្ហា និង​សំណួរ​ផ្សេង​ៗ​របស់​គណៈកម្មាធិការ​មាន​នៅ​ក្នុងCEDAW/C/ KHM/Q/1-3 និង​ការ​ឆ្លើយតប​របស់​ប្រទេស​កម្ពុជា​មាន​នៅ​ក្នុង CEDAW/C/KHM/1-3/Add.1.

សេចក្ដី​ផ្ដើម៖
២- គណៈកម្មាធិការ​ស្ងើច​សរសើរ​ដល់​រដ្ឋ​ភាគី​ដែល​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ ដោយ​គ្មាន​ខ​រក្សា​ទុក ហើយ​សរសើរ​​ផង​ដែរ ​ដល់​រដ្ឋ​ភាគី​ចំពោះ​របាយការណ៍​លើក​ដំបូង​ និង​តាម​កាល​កំណត់​លើក​ទី​ពីរ​និង​លើក​ទី​បី ដែល​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ ​ទន្ទឹម​នឹង​នេះ​ គណៈកម្មាធិការ​ក៏​មាន​ការ​សោក​ស្ដាយ​ផង​ដែរ​ចំពោះ​ការ​យឺតយ៉ាវ។ គណៈកម្មាធិការ​ក៏​បាន​​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ផង​ដែរ​ ដល់​រដ្ឋ​ភាគី​ចំពោះ​ការ​ឆ្លើយតប​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​នឹង​បញ្ជី​បញ្ហា​ និង​សំណួរ​ផ្សេង​ៗ ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​ការងារ​មុន​សម័យ​ប្រជុំ និង​ចំពោះ​ការ​រាយការណ៍​ផ្ទាល់​មាត់​ និង​ការ​បញ្ជាក់​បំភ្លឺ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាំង​ឡាយ ​ដែល​​គណៈកម្មាធិការ​បាន​ចោទ​សួរ​ផ្ទាល់​មាត់។

៣- គណៈកម្មាធិការ​ស្ងើច​សរសើរ​រដ្ឋ​ភាគី ដែល​បាន​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ខ្លួន​ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ហើយ​រួម​ទាំង​តំណាង​នានា​មក​ពី​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​តំណាង​មក​ពី​ក្រសួង​ផ្សេង​ៗ​ទៀត​ដូចជា ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ។ គណៈកម្មាធិការ​សំដែង​នូវ​ការ​ស្ងើច​សរសើរ​ចំពោះ​ការ​សន្ទនា ដោយ​ចំហ​ និង​ក្នុង​ន័យ​ស្ថាបនា ដែល​បាន​រៀបចំ​ធ្វើ​ឡើង​រវាង​គណៈប្រតិភូ និង​សមាជិក​គណៈកម្មាធិការ។

ទិដ្ឋភាព​វិជ្ជមាន

៤- គណៈកម្មាធិការ​កត់​សំគាល់​ដោយ​ការ​ស្ងើច​សរសើរ​​អំពី​ការ​ខិតខំ​ប្រឹង​ប្រែង ​យ៉ាង​ខ្លាំង​ក្លា​ដោយ​រដ្ឋ​ភាគី​ ក្នុង​គោល​​បំណង​សម្រេច​ឱ្យ​បាន​នូវ​សមភាព​ខាង​យេនឌ័រ​ និង​លុប​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ។ គណៈកម្មាធិការ​​សូម​ស្វាគមន៍​ការ​បង្កើត​យន្តការ​ជាតិ ​ដើម្បី​ភាព​ជឿន​លឿន​របស់​ស្ត្រី​ នោះ​គឺ​​ក្រសួង​កិច្ចការ​នារី និង​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី និង​ការ​អនុម័ត​ផែនការ​ជាតិ​រយៈពេល​ប្រាំ​ឆ្នាំ ដែល​មាន​ឈ្មោះ​ថា "នារី​រតនៈ" ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​កសាង​សមត្ថភាព​ស្ត្រី និង​ការ​​ធ្វើ​សមាហរណកម្ម​វិស័យ​យេនឌ័រ ទៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ ឆ្នាំ​២០០៣- ២០០៥។

៥- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​បន្ត​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ ជាពិសេស ​ការ​ធ្វើ​កំណែ​ទម្រង់​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ដាក់​បញ្ចូល​ការ​ផ្ដន្ទា​ទោស​ចំពោះ​បទ​ល្មើស​នៃ​ការ​រើស​អើង​ប្រឆាំង ​នឹង​ស្ត្រី​ភេទ​ និង​ស្នើ​សុំ​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ ពង្រត់​ និង​លក់​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​លើ​មនុស្ស​ឆ្នាំ​១៩៩៦ ដើម្បី​ដាក់​បញ្ចូល​ទណ្ឌកម្ម​ទៅ​លើ​ជន​ល្មើស​ និង​វិធាន​ការ​ការពារ​ជន​រង​គ្រោះ។

៦- គណៈកម្មាធិការ​សូម​ស្វាគមន៍​ចំពោះ​ការ​អនុម័ត និង​ការ​ចូល​ជា​ធរមាន កាល​ពី​ខែ​តុលា ​ឆ្នាំ​២០០៥ នៃ​ច្បាប់​ស្ដី​ពី​ការ​​ទប់​ស្កាត់​​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​​កិច្ច​​ការពារ​ជន​រង​គ្រោះ។

៧- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​ ប្រព័ន្ធ​យុត្តិធម៌​ និង​ដើម្បី​ធានា​ឯករាជ្យ​ភាព​របស់​តុលាការ ដោយ​រួម​ទាំង​ច្បាប់​ស្ដី​ពី​ការ​ចាត់​តាំង​តុលាការ​ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ការ​រៀបចំ​ឱ្យ​មាន​ក្រម​សីលធម៌​សម្រាប់​ចៅក្រម។

៨- គណៈកម្មាធិការ​ក៏​សូម​ស្វាគមន៍​ចំពោះ​ហេតុ​ដែល​ថា ទិន្នន័យ​ខាង​ស្ថិតិ ​ដើម្បី​ធ្វើ​ការ​ប៉ាន់​ប្រមាណ​អំពី​ឋានៈ​របស់​ស្ត្រី បច្ចុប្បន្ន​មាន​នៅ​ក្នុង​រដ្ឋ​ភាគី ​ជាពិសេស​អត្ថបទ​បោះ​ពុម្ព​ផ្សាយ​ដែល​មាន​ចំណង​ជើង​ថា " ចំណែក​ស្មើ​ភាព​សម្រាប់​​នារី"។

វិស័យ​សំខាន់​ៗ នៃ​ការ​ព្រួយ​បារម្ភ និង​អនុសាសន៍

៩- បើ​ពិនិត្យ​ទៅ​លើ​មាត្រា​៣១ វាក្យ​ខណ្ឌ​ទី​១ នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ទទួល​ស្គាល់​ និង​គោរព​កិច្ច​ព្រមព្រៀង​សិទ្ធិ​​មនុស្ស​អន្តរជាតិ​នានា​ ហើយ​មាត្រា​៤៥ វាក្យ​ខណ្ឌ​ទី​១ ចែង​អំពី​ការ​បំបាត់​ការ​រើស​អើង​គ្រប់​ប្រភេទ​ប្រឆាំង​នឹង​ស្ត្រី​ភេទ ហើយ​ថា​អនុសញ្ញា​នេះ​មាន​អាទិភាព​ទៅ​លើ​ច្បាប់​ជាតិ​ បើ​ទោះ​ជា​ដូច្នោះ​ក្ដី ​ក៏​គណៈកម្មាធិការ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ថា​ បទ​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ​មិន​អាច​អនុវត្ត​ដោយ​ខ្លួន​ឯង ហើយ​មិន​អាច​យក​ទៅ​អនុវត្ត​ដោយ​ផ្ទាល់​នៅ​ក្នុង​ចំណាត់​ការ​​របស់​តុលាការ​ បាន​ឡើយ។

១០- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​ សូម​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ធានា​ថា​អនុសញ្ញា​នេះ​ ត្រូវ​បាន​យក​ទៅ​អនុវត្ត​ទាំង​ស្រុង​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ ដោយ​រួម​ទាំង​តាម​រយៈ​ការ​បោះពុម្ព​ផ្សាយ​នៅ​​ក្នុង​រាជ​កិច្ច​ និង​ការ​ដាក់​បញ្ចូល​បញ្ញត្តិ​នៃ​អនុសញ្ញា​នេះ​ទាំង​ស្រុង​ទៅ​ក្នុង​ច្បាប់​ ជាតិ ដោយ​រួម​ទាំង​តាម​​រយៈ​ ការ​បញ្ចូល​ទណ្ឌកម្ម​ផ្សេង​ៗ តាម​​ដែល​អាច​ធ្វើ​ទៅ​បាន។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​​វិធានការ​ផ្សេង​ៗ ដើម្បី​ផ្សព្វផ្សាយ​​ការ​យល់​ដឹង​អំពី​អនុសញ្ញា​នេះ​ដល់​ចៅក្រម ព្រះ​រាជអាជ្ញា និង​មេធាវី​នានា​ ហើយ​ដាក់​បញ្ចូល​អនុសញ្ញា​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ស្ដី​ពី​សិទ្ធិ​ មនុស្ស រួម​ទាំង​សិទ្ធិ​នារី​ ដើម្បី​ធានា​ធ្វើ​យ៉ាង​​ណា​ឱ្យ​បុគ្គល​គ្រប់​រូប​យល់​ដឹង​អំពី​ស្មារតី​ គោល​បំណង និង​បញ្ញត្តិ​ទាំង​ឡាយ​នៃ​អនុសញ្ញា​នេះ ហើយ​ត្រូវ​បាន​​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កិច្ច​ដំណើរ​ការ​របស់​តុលាការ។

១១- គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា មិន​មាន​កំណត់​និយមន័យ​ជាក់​ច្បាស់​អំពី​ចរិត​ និង​ទ្រង់​ទ្រាយ​​ នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ ស្រប​តាម​មាត្រា​១ នៃ​អនុសញ្ញា​នេះ​ ដែល​ហាម​មិន​ឱ្យ​មាន​ការ​រើស​អើង ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្ដី នៅ​ក្នុង​ច្បាប់​កម្ពុជា។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា​មិន​មាន​បញ្ញត្តិ​ច្បាប់​ណា​មួយ​ ចែង​​អំពី​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន។

១២- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​ សុំ​ឱ្យ​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ជាតិ​នូវ​និយមន័យ​នៃ​ពាក្យ​រើស​អើង​ ប្រឆាំង​នឹង​ស្ត្រី​ភេទ ជុំ​វិញ​​ពាក្យ​ថា​ការ​រើស​អើង​ដោយ​ផ្ទាល់​ ឬ​ដោយ​មិន​ផ្ទាល់ ស្រប​តាម​មាត្រា​១​នៃ​​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ឆ្លៀត​ឱកាស​ដែល​មាន​កិច្ច​ដំណើរការ​ធ្វើ​ កំណែ​ទម្រង់​ច្បាប់​ ធ្វើ​​ឱ្យ​មាន​​ភាព​ចុះ​សម្រុង និង​ភាព​​ស្រប​គ្នា​ទាំង​ស្រុង​រវាង​ច្បាប់​ជាតិ​ និង​បទបញ្ញត្តិ​នានា​នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ដាក់​ បញ្ចូល​នូវ​ទណ្ឌកម្ម​សម​ស្រប ទៅ​ក្នុង​ក្រម​រដ្ឋប្បវេណី និង​ក្រម​ព្រហ្មទណ្ឌ​ ចំពោះ​ទង្វើ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ និង​ធានា​ឱ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ចំពោះ​ស្ត្រី​ ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ។ គណៈកម្មាធិការ​ស្នើ​ថែម​ទៀត​ ឱ្យ​បង្កើត​បញ្ញត្តិ​ច្បាប់​ស្ដី​ពី​វិធាន​ការ​ពិសេស​បណ្ដោះ​​អាសន្ន ដើម្បី​ពន្លឿន​ភាព​ស្មើ​គ្នា​តាម​ព្រឹត្តិន័យ ស្រប​តាម​មាត្រា​៤.១ នៃ​អនុសញ្ញា​នេះ។

១៣- គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​ និង​ទំហំ​នៃ​កម្មវិធី​ផ្សេង​ៗ​សម្រាប់​ស្ត្រី​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​​ លាស់​នៅ​ឡើយ​ ហើយ​មិន​មាន​ទិន្នន័យ​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​ឬ​​ប្រសិទ្ធិភាព​ នៃ​វិធានការ​​ផ្សេង​ៗ ​រួម​ទាំង​​ការ​បញ្ជ្រាប​វិស័យ​យេនឌ័រ​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​កាត់​ បន្ថយ​ភាព​ក្រីក្រ​ឆ្នាំ​២០០៣-២០០៥។ គណៈកម្មាធិការ​ ក៏​មាន​ការ​​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ការ​យក​ចិត្ត​ទុក​ទៅ​លើ​សិទ្ធិ​ ស្ត្រី ដែល​សិទ្ធិ​នេះ​អាច​ត្រូវ​​បាន​គេ​ធ្វើ​សមាហរណកម្ម​មិន​បាន​គ្រប់គ្រាន់​​ទៅ ​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស។

សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

១៤- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​ធ្វើ​សមាហរណកម្ម​បញ្ចូល​ការ​ទទួល​ស្គាល់​ និង​ការ​អនុវត្តន៍​សិទ្ធិ​ស្ត្រី​ទៅ​ក្នុង​យុទ្ធសាស្ត្រ​​ចតុកោណ​សម្រាប់​ ការ​អភិវឌ្ឍន៍​ ការងារ​ សមភាព​ និង​ប្រសិទ្ធិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ក្របខ័ណ្ឌ​នៃ​​គោលការណ៍​សមភាព​ និង​ភាព​មិន​រើស​អើង​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​អំពាវ​នាវ ឱ្យ​រដ្ឋ​ភាគី​ធានា​ឱ្យ​មាន​ការ​​សម្រប​សម្រួល​គ្រប់​គ្រាន់​នៅ​ក្នុង​ កម្មវិធី​គ្រប់​វិស័យ​ទាំង​អស់​ ដើម្បី​ឱ្យ​ការ​អនុវត្តន៍​​គោលដៅ​មាន​ភាព​ស្រប​គ្នា​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ បញ្ជ្រាប​យេនឌ័រ។ គណៈកម្មាធិការ​ស្នើ​ផង​ដែរ​ឱ្យ​ការ​អនុវត្តន៍​កម្មវិធី​ទាំង​អស់​ គឺ​ដើម្បី​ភាព​ ជឿន​លឿន​របស់​ស្ត្រី​ រួម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បញ្ជ្រាប​យេនឌ័រ​ ត្រូវ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ឃ្លាំ​មើល​ ហើយ​ប្រសិទ្ធិ​ភាព​​នៃ​យន្តការ​ជាតិ​ដើម្បី​ភាព​ជឿន​លឿន​របស់​ស្ត្រី​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ដូច​ជា​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ និង​ក្រុម​​ការងារ​បច្ចេកទេស​ស្ដី​ពី​យេនឌ័រ​ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ ពិនិត្យ​ និង​វាយ​តម្លៃ​ផង​ដែរ។ គណៈកម្មាធិការ​​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ ផ្ដល់​ព័ត៌មាន​ស្ដី​ពី​កម្រិត​ និង​ទំហំ​ ក៏​ដូចជា​អំពី​លទ្ធផល​ និង​ផល​ប៉ះ​ពាល់​នៃ​កម្មវិធី​របស់​ខ្លួន​សម្រាប់​ស្ត្រី​ និង​ការ​វាយ​តម្លៃ​លើ​ស្ថាប័ន​ទទួល​បន្ទុក​កិច្ចការ​នារី​ នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ក្រោយ​របស់​ខ្លួន។

១៥- ទន្ទឹម​នឹង​ការ​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​បង្ការ​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​ការពារ​ជន​រង​គ្រោះ​ និង​ការ​ធ្វើ​កំណែ​ទម្រង់​ក្រម​ព្រហ្មទណ្ឌ​នេះ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា​ បញ្ញត្តិ​ទាំង​ឡាយ​នៅ​ក្នុង​ច្បាប់​ អាច​ដាក់​កម្រិត​លើ​ការ​អនុវត្តន៍​របស់​វា​ ក្នុង​ករណី​នៃ​ការ​រំលោភ​ដោយ​សហព័ទ្ធ​ ហើយ​វា​មិន​បាន​រារាំង​អតីត​សហព័ទ្ធ​​មិន​ឱ្យ​ប្រព្រឹត្ត​រំលោភ​ផង​ដែរ។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ អំពី​ការ​ជឿន​លឿន​នៅ​មាន​កម្រិត​ក្នុង​ការ​បង្ការ​ និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ និង​ឧបសគ្គ​ធ្ងន់ធ្ងរ​ សម្រាប់​ការ​អនុវត្តន៍​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិភាព។ ជាពិសេស​ទៅ​ទៀត​ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ស្ត្រី​ប្រឈម​មុខ​ទៅ​នឹង​ឧបសគ្គ​ធំ​ៗ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ ដោយសារ​តែ​គ្មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​​តុលាការ​ ចៅ​ក្រម​ធ្វើ​ការ​បក​ស្រាយ​ច្បាប់​ព្រហ្មទណ្ឌ​តាម​ទំនើង​ចិត្ត​ ដើម្បី​ជួយ​ដល់​ជន​ល្មើស​ ការ​រីក​រាល​ដាល​នៃ​និទ្ទណ្ឌភាព​នៃ​ជន​ល្មើស​ ជំនួយ​ផ្នែក​ច្បាប់​នៅ​មាន​កម្រិត ​ហើយ​​និង​លិខិត​​ពេទ្យ​មាន​តម្លៃ​ខ្ពស់​ ដែល​គេ​តម្រូវ​ឱ្យ​មាន​លិខិត​នេះ​ក្នុង​ករណី​នៃ​ការ​រំលោភ​សេពសន្ថវៈ​ និង​ការ​រំលោភ​ផ្លូវ​ភេទ។ គណៈកម្មាធិការ​ក៏​មាន​​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ អំពី​ការ​បណ្ដោយ​ឱ្យ​មាន​ការ​រំលោភ​ខាង​យេនឌ័រ​នៅ​តែ​បន្ត​មាន​ត​ទៅ​ទៀត​ ហើយ​ស្ត្រី​ភ័យ​ខ្លាច​មាន កេរ្តិ៍​ឈ្មោះ​អាស្រូវ​ (Stigma) នៅ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ដំណោះស្រាយ។

១៦- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​ ឱ្យ​ចាត់​ទុក​ជា​បញ្ហា​អាទិភាព​ខ្ពស់​ចំពោះ​ការ​អនុវត្តន៍​គោលដៅ​ទូលំទូលាយ​ មួយ​ ដើម្បី​បញ្ឈប់​គ្រប់​រូបភាព​នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ដោយ​រួម​ទាំង​ការ​អនុវត្តន៍​ និង​ការ​ឃ្លាំ​មើល​ដ៏​មាន​ប្រសិទ្ធិភាព​ទៅ​លើ​ច្បាប់​ស្ដី​ពី​អំពើ​ហិង្សា​ ក្នុង​គ្រួសារ។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​យ៉ាង​ទទូច​ផង​ដែរ​ ឱ្យ​រដ្ឋ​ភាគី​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ដល់​សាធារណៈ​ជន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​កម្មវិធី​អប់រំ​ថា​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ រួម​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផង​ដែរ​ ត្រូវ​ហាម​ឃាត់​ជា​ដាច់​ខាត។ គណៈកម្មាធិការ​​អំពាវ​នាវ​ដល់​រដ្ឋ​ភាគី​ឱ្យ​បណ្ដុះ​បណ្ដាល​តុលាការ មន្ត្រី​អនុវត្ត​ច្បាប់ អ្នក​វិជ្ជាជីវៈ​ច្បាប់ បុគ្គលិក សង្គមកិច្ច ​និង​អ្នក​ផ្ដល់​សេវា​សុខភាព​អំពី​ច្បាប់​ថ្មី​ស្ដី​ពី​ការ​បង្ការ​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​ការពារ​ជន​រង​គ្រោះ​ និង​ដើម្បី​ធ្វើ​​ឱ្យ​មាន​រំញោច​​​គ្រប់​រូបភាព​នៃ​អំពើ​ហិង្សា​ប្រឆាំង​នឹង ​ស្ត្រី​ភេទ​ ដើម្បី​ធានា​ថា​ជន​ប្រព្រឹត្ត​អំពើ​​ហិង្សា​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់ ​ និង​ផ្ដន្ទាទោស​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទៅ​តាម​ទម្ងន់​ទោស​ និង​ឱ្យ​បាន​ទាន់​ពេល។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ឱ្យ​បង្កើត​​ស្ថាប័ន​មេធាវី​ ដើម្បី​ការពារ​ជន​រង​គ្រោះ​ទាំង​នៅ​ទីក្រុង​ និង​ទាំង​នៅ​ជនបទ ហើយ​តម្រូវ​ថា​ការ​ចេញ​លិខិត​ពេទ្យ​មិន​​ត្រូវ​ឱ្យ​គិត​ថ្លៃ​ឡើយ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​រិះ​រក​វិធី​បង្កើន​ចំនួន​ចៅក្រម​ និង​មន្ត្រី​អនុវត្ត​ច្បាប់​​ជា​​ស្រី​ ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​រាយការណ៍​ពី ​ករណី​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា។ គណៈកម្មាធិការ​អំពាវនាវ​ឱ្យ​រដ្ឋ​ភាគី​​បង្កើត​វិធានការ​គាំទ្រ​ជន​រង​គ្រោះ ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​រួម​ទាំង​ការ​គាំ​ទ្រ​ផ្នែក​ខាង​ជម្រក ច្បាប់ ថ្នាំពេទ្យ និង​ចិត្តសាស្ត្រ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​ឱ្យ​បាន​ពេញ​ទំហឹង​នូវ​អនុសាសន៍​ ទូទៅ លេខ​១៩ របស់​​គណៈកម្មាធិការ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​បញ្ឈប់​អំពើ​ហិង្សា​ ប្រឆាំង​នឹង​ស្ត្រី​ភេទ។

១៧- ដោយ​សំគាល់​ឃើញ​​ពី​តម្លៃ​នៃ​មរតក​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​​បែង​ចែក​យ៉ាង​ខ្លាំង​អំពី​ តួនាទី​ខាង​យេនឌ័រ​ ជាពិសេស​ បាន​ចែង​នៅ​ក្នុង​ក្រម​សីលធម៌​ជា​ប្រពៃណី​ ដែល​គេ​ស្គាល់​ថា​ ច្បាប់​ស្រី ដែល​ទទួល​ស្គាល់​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ថា​ជា​រឿង​ស្រប​ច្បាប់ ​ ហើយ​រារាំង​ស្ត្រី​មិន​ឱ្យ​ប្រើ​ប្រាស់​​សិទ្ធិ​របស់​ខ្លួន​ និង​ការ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា។

១៨- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​សង្គម​ ឱ្យ​ធ្វើ​ការ​វាយ​តម្លៃ​ យ៉ាង​ទូលំទូលាយ​មួយ​ ទៅ​លើ​ក្រម​សីលធម៌​ជា​ប្រពៃណី​ ជា​ប្រយោជន៍​ដើម្បី​កំណត់​ធាតុ​ទាំងឡាយ​ដែល​នាំ​​ឱ្យ​មាន​ការ​រើស​អើង​​ ប្រឆាំង​នឹង​ស្ត្រី​ភេទ​ ហើយ​ដែល​ជា​ឫស​គល់​នាំ​ឱ្យ​ស្ត្រី​បាត់​បង់​អត្ថ​ប្រយោជន៍​នៅ​ក្នុង​វិស័យ​ នានា​ដូច​ជា វិស័យ​អប់រំ ការងារ និង​ជីវភាព​សាធារណៈ​ និង​ជីវភាព​នយោបាយ​ ហើយ​ដែល​ជា​កត្តា​​កំណត់​ឱ្យ​មាន​ការ​រីក​រាល​ដាល​នៃ​អំពើ​ហិង្សា​​លើ​ មូលដ្ឋាន​យេនឌ័រ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ និង​ការ​បង្រៀន​អំពី​គោលការណ៍​ផ្សេង​ៗ នៃ​ក្រម​សីលធម៌​ប្រពៃណី​ដែល​នាំ​ឱ្យ​មាន​ការ​រើស​អើង​​ប្រឆាំង​នឹង​ស្ត្រី​ ភេទ​ ហើយ​ជំនួស​វិញ​ដោយ​ធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​​គ្រប់​បែប​យ៉ាង​ឱ្យ​សាធារណៈ​ ជន​ទូទៅ​យល់​​ដឹង​អនុសញ្ញា​ និង​គោលការណ៍​សមភាព​រវាង​បុរស​ និង​ស្ត្រី។ គណៈកម្មាធិការ​សូម​អំពាវ​នាវ​ដល់​រដ្ឋ​ភាគី​ឱ្យ​​អនុវត្ត​យុទ្ធនាការ​ជាតិ និង​ធ្វើការ​យ៉ាង​សកម្ម​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​​ផ្នត់​គំនិត​ដែល​ ទាក់ទង​នឹង​ មុខងារ​ជា​ប្រពៃណី​របស់​បុរស​ និង​ស្ត្រី​នៅ​ក្នុង​គ្រួសារ​ និង​នៅ​ក្នុង​សង្គម​ទាំងមូល ស្រប​តាម​មាត្រា​២ (ច) និង​មាត្រា​៥ (ក) នៃ​អនុសញ្ញា បង្កើន​ការ​យល់​ដឹង​ថែម​ទៀត​អំពី​អត្ថន័យ​ និង​ខ្លឹមសារ​អំពី​សិទ្ធិ​ស្មើ​គ្នា​របស់​ស្ត្រី​ក្នុង​វិស័យ​ធំ​ៗ និង​បង្កើន​ការ​យល់​ដឹង​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ គឺ​ជា​ការ​រំលោភ​​ទៅ​លើ​សិទ្ធិ​ស្ត្រី​ដែល​ជា​តម្លៃ​ខាង​​សង្គម​យ៉ាង​ធំធេង​ សម្រាប់​សហគមន៍​ទាំងមូល។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​ឱ្យ​ខ្លួន​នៅ​ក្នុង​របាយការណ៍​​លើក ​ក្រោយ​អំពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ទៅ​លើ​ក្រម​សីលធម៌ អំពី​វិធានការ​នានា​ដែល​បាន​ចាត់​ឡើង​ ឆ្លើយតប​នឹង​លទ្ធផល​ទាំង​នោះ​ និង​ឥទ្ធិពល​របស់​វា​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ និង​​លើ​ផ្នត់​គំនិត​ទាំង​នេះ។

១៩- នៅ​ពេល​ដែល​សំគាល់​ឃើញ​​មាន​ការ​អនុវត្តន៍​វិធានការ​នានា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​​ដូរ​មនុស្ស​ រួម​មាន​ការ​ពិនិត្យ​ច្បាប់​ និង​ការ​អនុម័ត​កិច្ច​ព្រមព្រៀង​អនុ​តំបន់​ឆ្លង​ដែន​ គណៈកម្មាធិការ​សំដែង​នូវ​កង្វល់​អំពី​ការ​​អនុវត្តន៍​ច្បាប់​នេះ​មិន​ទាន់​ ពេញ​លេញ​នៅ​ឡើយ​ និទ្ទណ្ឌភាព​របស់​អ្នក​ជួញ​​ដូរ​មនុស្ស​ និង​ការ​គ្មាន​ទិន្នន័យ​ច្បាស់លាស់​ អំពី​ករណី​ជួញ​ដូរ​មនុស្ស។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ស្លាក​ស្នាម​​អាស្រូវ​របស់​ជន​​ រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ និង​ការ​ចាត់​វិធានការ​មិន​គ្រប់​គ្រាន់​ចំពោះ​ការ​ស្ដារ​នីតិសម្បទា និង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ថា ស្ត្រី និង​កុមារី ដែល​ទទួល​រង​ការ​ជួញ​​ដូរ​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​ការ​រំលោភ​​ច្បាប់​ អន្តោប្រវេសន៍​ ហើយ​ពួក​គេ​ត្រូវ​ក្លាយ​ជា​ជន​រង​គ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត។ គណៈកម្មាធិការ​ក៏​បាន​សំគាល់​ឃើញ​​ថា​ មាន​ការ​រីក​រាល​ដាល​ខ្ពស់​នូវ​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារី​ ហើយ​ភាព​ងាយ​រង​គ្រោះ​របស់​គេ​នោះ​ ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេង​ៗ និង​មេរោគ​ហ៊ីវ /ជំងឺ​អេដស៍។

សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

២០- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​បង្កើន​កិច្ច​ខិតខំ​ប្រឹង​របស់ ​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារី​ តាម​រយៈ​ការ​លើក​ឡើង​អំពី​ប្រភព​ឫស​គល់​របស់​វា និង​ដើម្បី​ចាត់​​វិធានការ​ទប់​ស្កាត់​យ៉ាង​ទូលំទូលាយ​ រួម​ទាំង​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​​ដែល​ខាង​រំញោច​​យេនឌ័រ យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ និង​ការ​ផ្ដល់​មធ្យោបាយ​ផ្សេង​ៗ​នៃ​ជីវភាព​រស់​នៅ។ គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ធានា​ថា​ ជន​ទាំង​ឡាយ​ដែល​ជួញ​ដូរ​ និង​ធ្វើ​អាជីវកម្ម​លើ​ស្ត្រី​ និង​កុមារី​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។ គណៈកម្មាធិការ​ស្នើ​សុំ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ បញ្ឈប់​ការ​ចោទ​​ប្រកាន់​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​​មនុស្ស ​ពី​បទ​អន្តោប្រវេសន៍​ខុស​ច្បាប់។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ អនុវត្ត​វិធានការ​ស្តា​នីតិសម្បទា និង​សមាហរណកម្ម​កុមារី​ និង​ស្ត្រី​​ដែល​ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញ​​ដូរ​ និង​​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ គណៈកម្មាធិការ​ផ្ដល់​អនុសាសន៍​ថា​ រដ្ឋ​ភាគី​​គួរ​ពង្រឹង​ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី អនុ​តំបន់ និង​ពហុភាគី​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ គណៈកម្មាធិការ​ស្នើ​​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​នៅ​ក្នុង​របាយការណ៍​លើក​ក្រោយ​ របស់​ខ្លួន​ នូវ​ព័ត៌មាន​ និង​ទិន្នន័យ​ទូលំទូលាយ​​ស្ដី​ពី​ការ​ជួញស្ត្រី​ និង​កុមារ និង​ឥទ្ធិពល​នៃ​វិធាន​មួយ​ចំនួន​ ដែល​ចាត់​ឡើង​ចំពោះ​បញ្ហា​ទាំង​នោះ។

២១- គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ថា​ ស្ត្រី​កម្ពុជា​ ជាពិសេស​ស្ត្រី​វ័យ​ក្មេង​ដែល​ធ្វើ​អន្តោប្រវេសន៍​ ទៅ​ប្រទេស​ជិត​ខាង​នានា​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​ ងាយ​ស្រួល​នឹង​ទទួល​រង​គ្រោះ​បំផុត ក្លាយ​ជា​ជន​រង​គ្រោះ​ តាម​រូបភាព​ផ្សេង​ៗ​ដូចជា​អំពើ​ហិង្សា​ ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ និង​ការ​ជួញ​​ដូរ​មនុស្ស។

២២- គណៈកម្មាធិការ​អំពាវ​នាវ​ឱ្យ​រដ្ឋ​ភាគី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ មូលហេតុ​ នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​​របស់​ស្ត្រី​ ហើយ​ដើម្បី​បង្កើត​គោល​នយោបាយ និង​វិធានការ​នានា​ ដើម្បី​ការពារ​ស្ត្រី​​ចំណាក​ស្រុក​​ឱ្យ​ជៀស​ផុត​ពី​​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​រំលោភ​បំពាន។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​ព័ត៌មាន​ និង​ទិន្នន័យ​ស្ដី​ពី​ស្ត្រី​អន្តោគ្រាម​ និង​ស្ថានភាព​របស់​​ពួក​គេ​ នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ក្រោយ។

២៣- ក្នុង​ខណៈ​ដែល​សំគាល់​ឃើញ​​ថា​មាន​ការ​ប្រឹង​ប្រែង​ជំរុញ​ឱ្យ​មាន​ការ​ចូល​ រួម​ពី​ស្ត្រី​នៅ​ក្នុង​ក្រុមប្រឹក្សា​​សហគមន៍​ គណៈកម្មាធិការ​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ដែល​មាន​ភាព​ជា​តំណាង​របស់​ ស្ត្រី​ទាប​នៅ​គ្រប់​កម្រិត​ ទាំង​ក្នុង​ជីវភាព​​នយោបាយ​ ទាំង​ក្នុង​មុខងារ​សាធារណៈ​ ជាពិសេស​នៅ​ក្នុង​សភា ហើយ​ការ​ចូល​រួម​របស់​ស្ត្រី​ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​មាន​កម្រិត​ទាប។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថែម​ទៀត​អំពី​ការ​ចូល​រួម​នៅ​​មាន​ កម្រិត​នៃ​ស្ត្រី​នៅ​ក្នុង​រដ្ឋបាល​ សាធារណៈ​ និង​នៅ​ក្នុង​តុលាការ​គ្រប់​ជាន់​ថ្នាក់។

២៤- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ ជាមួយ​និង​វិធានការ​នានា​ ជា​ប្រយោជន៍​ឱ្យ​​ស្ត្រី​ជាប់​ឆ្នោត​ និង​បាន​ទទួល​ការ​តែង​តាំង​ចូល​បម្រើ​ការងារ​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ដោយ​រួម​ទាំង​ក្នុង​វិស័យ​តុលាការ​ផង​ដែរ ដូច្នេះ​ហើយ​ត្រូវ​ពង្រឹង​អនុវត្ត​មាត្រា​៧​ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​អនុវត្ត​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន​ ស្រប​តាម​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​ជា​មធ្យោបាយ​ក្នុង​ការ​ពន្លឿន​ដល់​ការ​ អនុវត្តន៍​បញ្ញត្តិ​មាត្រា​៧ នៃ​អនុសញ្ញា​នេះ តាម​រយៈ​ការ​បង្កើត​តារាង​ពេល​វេលា​ និង​គោលដៅ​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​​គ្នា​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច ​ចិត្ត​នៅ​គ្រប់​កម្រិត​ទាំងអស់។ គណៈកម្មាធិការ​ក៏​ស្នើ​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​បើក​វគ្គ​បណ្ដុះ​បណ្ដាល ជំនាញ​អំពី​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​ចរចា​សម្រាប់​ស្ត្រី​ ដែល​ជា​អ្នក​ដឹកនាំ​បច្ចុប្បន្ន និង​អនាគត។ គណៈកម្មាធិការ​ស្នើ​ថែម​ទៀត​ឱ្យ​អនុវត្ត​សកម្មភាព​លើក​កម្ពស់​ការ​​យល់​ដឹង​ អំពី​សារ​សំខាន់​នៃ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច ​​ចិត្ត​សម្រាប់​សង្គម​ទាំង​មូល។

២៥- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​អត្រា​អនក្ខរភាព​ខ្ពស់​នៃ​ ស្ត្រី​ ពិសេស​ស្ត្រី​នៅ​តំបន់​ជនបទ ស្ត្រី​នៅ​ក្នុង​ក្រុម​ជនជាតិ​ភាគតិច ឬ​ស្ត្រី​ពិការ អត្រា​សិស្ស និស្សិត ភេទ​ស្រី​ និង​ភេទ​ប្រុស​ ក្នុង​ការ​ចុះ​ឈ្មោះ​ ចូល​រៀន​មាន​គំលាត​ឆ្ងាយ​ពី​គ្នា​ ហើយ​សិស្ស​ និស្សិត​ភេទ​ស្រី​ដែល​បញ្ឈប់​ការ​សិក្សា​មាន​ចំនួន​ខ្ពស់។ គណៈកម្មាធិការ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​រយៈពេល​ដ៏​យូរ​ អង្វែង​ទៅ​លើ​សុខភាព​របស់​ស្ត្រី​ សមត្ថភាព​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​ការ​អភិវឌ្ឍន៍​ជំនាញ​​​របស់​ខ្លួន​សមស្រប​តាម​តម្រូវ​ការ​ទីផ្សារ។ គណៈកម្មាធិការ​​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ដែរ ​អំពី​ការ​​នៅ​កើត​មាន​ការ​បែក​ចែក​ផ្អែក​យេនឌ័រ​ជា​មូលដ្ឋាន​នៅ​ក្នុង​ វិស័យ​អប់រំ​ និង​ ផល​ប៉ះពាល់​ជាយថាហេតុ​ដល់​ស្ត្រី​សម្រាប់​ឱកាស​​បម្រើ​មុខងារ​វិជ្ជាជីវៈ។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​​ផង​ដែរ​អំពី​ការ​ទទួល​ស្គាល់​បែប​ នេះ​ជា​រៀង​រហូត​មក​​នៅ​ក្នុង​កម្មវិធី​សិក្សា​ និង​សៀវភៅ​សិក្សា​នៅ​សាលារៀន។

២៦- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ចាត់​ទុក​ជា​បញ្ហា​អាទិភាព​ ខ្ពស់​ ចំពោះ​ការ​កាត់​បន្ថយ​អត្រា​​អក្ខរកម្ម​របស់​ស្ត្រី​ ជាពិសេស​ស្ត្រី​ទាំងឡាយ​ដែល​រស់​នៅ​តំបន់​ជនបទ​ ស្ត្រី​ជា​សមាជិក​ក្រុម​ជនជាតិ​ភាគតិច​ ឬ​ស្ត្រី​ជា​ជន​ពិការ។ គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ចាត់ការ​ជា​បន្ទាន់​នូវ ​វិធាន​សមស្រប​នានា​ ដោយ​រួម​ទាំង​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន​ ស្រប​តាម​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​នេះ​ និង​អនុសាសន៍​ទូទៅ​លេខ​២៥​ របស់​គណៈកម្មាធិការ​នេះ​ ដើម្បី​លុប​បំបាត់​ភាព​ខុស​គ្នា​ក្នុង​អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​ និស្សិត និង​ដើម្បី​ឱ្យ​កុមារី​ទទួល​បាន​អប់រំ​កម្រិត​បឋម​សិក្សា​ជា​ទូទៅ​ ស្រប​តាម​មាត្រា​១០ នៃ​អនុសញ្ញា​នេះ​ គោលដៅ និង​ផែនការ​យុទ្ធសាស្ត្រ​នៃ​សេចក្ដី​ប្រកាស​ក្រុង​ប៉េកាំង​ និង​វេទិកា​សម្រាប់​សកម្មភាព​ និង​គោលការណ៍​​ទី​២ និង​ទី​៣ នៃ​គោលដៅ​អភិវឌ្ឍន៍​សម្រាប់​សហស្សវត្ស។ គណៈកម្មាធិការ​​​ស្នើ​យ៉ាង​ទទូច​ដល់​​រដ្ឋ​ភាគី​ដោះស្រាយ​ប្រកប​ដោយ​ ប្រសិទ្ធិភាព​ឧបសគ្គ​ទាំងឡាយ​ដែល​រារាំង​ដល់​ក្មេង​ស្រី មិន​ឱ្យ​បន្ត​ការ​​សិក្សា​ អប់រំ​របស់​ខ្លួន​ ជា​អាទិ​ការ​ជំរុញ​ ឬ​បង្ខំ​ឱ្យ​ក្មេង​ស្រី​រៀបការ​មុន​អាយុ​កំណត់។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ផង​ដែរ ឱ្យ​រដ្ឋ​ភាគី​ជំរុញ​​យ៉ាង​សកម្ម​ឱ្យ​មាន​ការ​ជ្រើស​រើស​ផ្នែក​អប់រំ​ និង​ជំនាញ​​វិជ្ជាជីវៈ​ដល់​ស្ត្រី។ គណៈកម្មាធិការ​ស្នើ​ឱ្យ​​រដ្ឋ​ភាគី​ពិនិត្យ​ឡើង​វិញ នូវ​កម្មវិធី​សិក្សា និង​សៀវភៅ​សិក្សា ដើម្បី​លុប​បំបាត់​ទម្លាប់​រើស​អើង​ខាង​ យេនឌ័រ។

២៧- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ការ​បែង​ចែក​ការងារ​ និង​ការ​ដាក់​ស្ត្រី​នៅ​ក្នុង​ផ្នែក​​បុគ្គលិក កម្មករ​ដែល​ត្រូវ​ទទួល​ប្រាក់​បៀវត្ស​ទាប​ និង​ផ្នែក​ការងារ​គ្មាន​ជំនាញ។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស​អំពី​ភាព​មិន​ច្បាស់លាស់​នៅ​ ក្នុង​ច្បាប់​ការងារ​ និង​ភាព​ទន់​ខ្សោយ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ការងារ​ ការ​មិន​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​មិន​គោរព​ និង​គ្មាន​យន្តការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធិភាព ដែល​ជា​ការ​រំលោភ​ទៅ​លើ​ស្ត្រី​ ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន​ ក្រោម​មាត្រា​៤ កថាខណ្ឌ​ទី​២ និង​មាត្រា​១១ នៃ​អនុសញ្ញា​នេះ ដោយ​រួម​ទាំង​​សិទ្ធិ​មាន​ប្រាក់​បៀវត្ស​ស្មើគ្នា សិទ្ធិ​សម្រាក​មាតុភាព សន្តិសុខ​សង្គម និង​ការ​ការពារ​​មិន​ឱ្យ​មាន​ការ​យាយី​ផ្លូវ​ភេទ។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ផល​ប៉ះ​ពាល់​ដែល​អាច​ជា ​​ឧបសគ្គ​សម្រាប់​រយៈពេល​វែង​នៃ​ការ​បញ្ឈប់​​កិច្ច​ព្រមព្រៀង​ពហុភាគី​របស់​ ស្ត្រី​ធ្វើការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់។

សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

២៨- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋ​ភាគី​សុំ​ឱ្យ​ពន្លឿន​ និង​ធានា​ឱ្យ​មាន​ការ​ចូលរួម​ដោយ​ស្មើ​ភាព​គ្នា ចំពោះ​ស្ត្រី និង​បុរស​នៅ​ក្នុង​ទី​ផ្សារ​ការងារ។ គណៈកម្មាធិការ​អំពាវនាវ​ថែម​ទៀត​ សូម​ឱ្យ​ចាត់​វិធានការ ដើម្បី​ធានា​ឱ្យ​ស្ត្រី​ទទួល​ប្រាក់​បៀវត្ស​ស្មើ​គ្នា​ចំពោះ​ការងារ​ដូច​ គ្នា​ និង​មាន​តម្លៃ​ស្មើ​គ្នា​ និង​ទទួល​បាន​សេវា​ និង​អត្ថប្រយោជន៍​ខាង​សង្គម​ស្មើ​គ្នា។ គណៈកម្មាធិការ​ជំរុញ​​ឱ្យ​រដ្ឋ​ភាគី​កំណត់​និយមន័យ​ឱ្យ​បាន​ច្បាស់លាស់ ចំពោះ​ពាក្យ​ថា ការងារ​ដូច​គ្នា​ និង​ការងារ​មាន​តម្លៃ​ស្មើ​គ្នា។ គណៈកម្មាធិការ​ជំរុញ​​ឱ្យ​រដ្ឋ​ភាគី​កំណត់​ទោស​​ចំពោះ​ការ​រើស​អើង​ប្រឆាំង​ នឹង​ស្ត្រី​ភេទ​ ក្នុង​វិស័យ​ការងារ​ ទាំង​ក្នុង​គ្រឹះ​ស្ថាន​សាធារណៈ ទាំង​ក្នុង​គ្រឹះស្ថាន​ឯកជន​ រួម​ទាំង​ការ​យាយី​ផ្លូវ​ភេទ​ ដើម្បី​ពង្រឹង​​ការ​អនុវត្តន៍​ច្បាប់​ និង​យន្តការ​ត្រួត​ពិនិត្យ​ឱ្យ​មាន​ប្រសិទ្ធិភាព​ ហើយ​ដើម្បី​ធានា​ឱ្យ​ស្ត្រី​មាន​សិទ្ធិ​ប្រើ​មធ្យោបាយ​ដោះស្រាយ ដោយ​រួម​ទាំង​ជំនួយ​ផ្នែក​ច្បាប់​ផង​ដែរ។ គណៈកម្មាធិការ​ជំរុញ​ឱ្យ​រដ្ឋ​ភាគី​ផ្សព្វផ្សាយ​អំពី​ច្បាប់​ការងារ​ដល់​ ស្ត្រី​ ដើម្បី​ឱ្យ​ពួក​គេ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន។ គណៈកម្មាធិការ​ក៏​បាន​ស្នើ​ឱ្យ​ប្រើ​វិធានការ​ពិសេស​បណ្ដោះ​អាសន្ន​នានា​ ស្រប​តាម​មាត្រា​៤ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​នេះ និង​អនុសាសន៍​ទូទៅ​លេខ​២៥​ របស់​គណៈកម្មាធិការ​ និង​ដើម្បី​ពន្លឿន​ឱ្យ​សម្រេច​បាន​នូវ​សមភាព​តាម​ព្រឹត្តិន័យ​នៅ​ក្នុង​ វិស័យ​នៃ​ការ​ជ្រើសរើស​ បណ្ដុះ​បណ្ដាល និង​ការ​លើក​ស្ទួយ​ស្រប​តាម​មាត្រា​១១ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​សរសេរ​រៀបរាប់​នៅ​ក្នុង​របាយការណ៍​តាម​ កាល​កំណត់​លើក​ ក្រោយ​របស់​ខ្លួន​ អំពី​ផល​ប៉ះពាល់​រយៈពេល​យូរ​អង្វែង​ នៃ​ការ​បញ្ឈប់​កិច្ច​ព្រមព្រៀង​ពហុភាគី​ ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ស្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ ដេរ​សំលៀក​បំពាក់​ និង​ដើម្បី​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​វិធានការ​ផ្សេង​ៗ ដែល​បាន​ចាត់​ឡើង​ ដើម្បី​ទប់ទល់​ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ណា​មួយ។

២៩- គណៈកម្មាធិការ​កត់​សំគាល់​ថា​ ទោះបី​ជា​មាន​ការ​កាត់​បន្ថយ​នូវ​អត្រា​មរណៈ​របស់​មាតា​ក៏​ដោយ​ អត្រា​មរណៈ​នៅ​តែ​មាន​កម្រិត​ខ្ពស់​គឺ​៤១៧​នាក់ ក្នុង​១០០.០០០ នាក់​នៃ​ម្ដាយ​ពេល​ប្រសូត​បុត្រ មូលហេតុ​ចម្បង​គឺ ការ​ខ្វះ​សេវា​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សម្រាល​កូន។ គណៈកម្មាធិការ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា​ ការ​សម្រាល​កូន​ ចំនួន​តែ​១០​​ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​សុខភាព។

៣០- គណៈកម្មាធិការ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​ពិនិត្យ​ និង​ដោះស្រាយ​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សេវា​សម្រាល​កូន​ ហើយ​ស្នើ​ឱ្យ​ (ក)​ បង្កើត​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដើម្បី​កាត់​បន្ថយ​អត្រា​មរណៈ​នៃ​មាតា​ និង​អត្រា​នៃ​ស្ត្រី​មាន​ជំងឺ​ តាម​រយៈ​នោះ​រដ្ឋ​ភាគី​​ត្រូវ​ផ្ដល់​សេវា​ដែល​មាន​គុណភាព​ និង​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ទៅ​គ្រប់​ខេត្ត​ទាំងអស់​ ដូច​ជា​សេវា​មុន និង​ក្រោយ​ពេល​សម្រាល​កូន​ និង​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​ពេល​សម្រាល​កូន (ខ) បង្កើត​សេវា​បញ្ជូន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទៅ​សេវា​សម្ភព (គ) កំណត់​ពេល​សម្រាប់​ការ​កាត់​បន្ថយ​អត្រា​មរណៈ​នៃ​មាតា និង (ឃ)​ ធ្វើ​ការ​រៃ​អង្គាស​ថវិកា​ចាំបាច់​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​អនុវត្ត​កម្មវិធី​នេះ។

៣១- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ភាព​ក្រី​ក្រ​មាន​កម្រិត​ ខ្ពស់​ ក្នុង​ចំណោម​ស្ត្រី​នៅ​ជនបទ ដែល​បង្កើត​បាន​ជា​ចំនួន​ភាគ​ច្រើន​នៃ​ស្ត្រី​នៅ​ក្នុង​ប្រទេស។ ទន្ទឹម​នឹង​សង្កេត​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ បុរិមា​ទៅ​ឱ្យ​គ្រួសារ​ដែល​ស្ត្រី​ជា​មេ​គ្រួសារ​ ក្នុង​ការ​បែង​ចែក​ដី​ធ្លី​ក្រោម​ច្បាប់​ភូមិបាល​ គណៈកម្មាធិការ​មាន​ការ​​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្តន៍​ទូទៅ​នៃ​ច្បាប់​ ភូមិបាល។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា ស្ត្រី​ខ្វះ​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​ និង​ការ​យល់​ដឹង​អំពី​ច្បាប់ និង​អំពី​នីតិ​វិធី​ចុះ​បញ្ជី​ដី​ធ្លី។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ ជាពិសេស​អំពី​សភាពការណ៍​ដែល​ស្ត្រី​ជា​មេ​គ្រួសារ​គ្មាន​របរ​រក​ស៊ី​ចិញ្ចឹម ​ជីវិត​ ដោយសារ​ក្រុមហ៊ុន​ឯកជន​នានា​ បាន​រឹប​អូស​យក​ដី​ធ្លី​ពី​ពួក​គេ និង​ការ​មិន​ឱ្យ​ពួក​គេ​ចូល​រួម​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​ ការ​បែង​ចែក​ដី​ធ្លី។

៣២- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ ចំពោះ​ស្ថានភាព​ស្ត្រី​នៅ​ជនបទ​ ដើម្បី​ពង្រឹង​​ការ​អនុវត្តន៍​មាត្រា​១៤​ នៃ​អនុសញ្ញា​នេះ​ ដើម្បី​ធានា​ថា​ស្ត្រី​នៅ​ជនបទ​បាន​ទទួល​សេវា​អប់រំ និង​សេវា​សុខភាព​ និង​ការ​សម្រួល​ផ្នែក​ឥណទាន​ ហើយ​ឱ្យ​ពួក​គេ​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ ចិត្ត។ គណៈកម្មាធិការ​​ស្នើ​យ៉ាង​ទទូច​ផង​ដែរ​ឱ្យ​រដ្ឋ​ភាគី​ផ្សព្វផ្សាយ​ព័ត៌មាន​ ស្ដី​ពី​ច្បាប់​ភូមិបាល និង​នីតិវិធី​ចុះ​បញ្ជី​ដី​ធ្លី និង​ដើម្បី​ចាត់​វិធានការ​សមស្រប​ ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ពាក់​ព័ន្ធ​នឹង​កម្មសិទ្ធិ និង​ការ​គ្រប់​គ្រង​ដី​ធ្លី​ដោយ​ស្ត្រី។ គណៈកម្មាធិការ​អំពាវ​នាវ​ផង​ដែរ ឱ្យ​រដ្ឋ​ភាគី​ចាត់​ទុក​ជា​បញ្ហា​អាទិភាព ចំពោះ​ស្ត្រី​នៅ​ជនបទ​ ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ។

៣៣- ទន្ទឹម​នឹង​កត់​សំគាល់​ឃើញ​​ថា​មាន​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្តន៍​ច្បាប់​នេះ​មិន​បាន ​គ្រប់គ្រាន់ និង​យន្តការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទៅ​លើ​បញ្ហា​នេះ។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ថា​កត្តា​ប្រពៃណី និង​វប្បធម៌​រារាំង​ស្ត្រី​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ពេញ​លេញ​ នៅ​ក្នុង​គ្រួសារ​ ជាពិសេស​សិទ្ធិ​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍​ដោយ​សេរី​ និង​ដោយ​មាន​ការ​ព្រមព្រៀង​ទាំង​ស្រុង​ ដោយ​មាន​ចែង​នៅ​ក្នុង​មាត្រា​១៦ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ​អំពី​ភាព​ខុសគ្នា​ រវាង​អាយុ​របស់​បុរស និង​ស្ត្រី​ ដែល​អាច​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍​បាន។

៣៤- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទូទៅ​ អំពី​ច្បាប់​ស្ដី​ពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ និង​ដោះស្រាយ​កត្តា​ប្រពៃណី និង​វប្បធម៌​ ដែល​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​ភេទ។ គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​​បង្កើន​អាយុ​អប្បបរមា​នៃ​ការ​ រៀប​អាពាហ៍ពិពាហ៍​សម្រាប់​ស្ត្រី និង​បុរស​មក​ត្រឹម​អាយុ​១៨​ឆ្នាំ ដើម្បី​ឱ្យ​ស្រប​តាម​មាត្រា​១៦​ នៃ​អនុសញ្ញា​នេះ​ និង​អនុសាសន៍​ទូទៅ​របស់​គណៈកម្មាធិការ​លេខ​២១​ និង​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ។

៣៥- គណៈកម្មាធិការ​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​ស្ត្រី​ក្នុង​ក្រុម​ជនជាតិ​ ភាគតិច​ និង​ស្ត្រី​ពិការ​ទាំងឡាយ​ដែល​ប្រឈម​មុខ​ការ​រើស​អើង​តាម​រូបភាព​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង​សិទ្ធិ​អប់រំ​ សិទ្ធិ​ការងារ​ និង​សិទ្ធិ​ថែទាំ​សុខភាព និង​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា។ គណៈកម្មាធិការ​មាន​ការ​សោក​ស្ដាយ​ដោយសារ​ខ្វះ​ព័ត៌មាន និង​ទិន្នន័យ​អំពី​ក្រុម​ស្ត្រី​ទាំងនោះ នៅ​ក្នុង​របាយការណ៍។

៣៦- គណៈកម្មាធិការ​អំពាវនាវ​ឱ្យ​រដ្ឋ​ភាគី​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សមាហរណកម្ម​ ស្ត្រី​ពិការ​ និង​ស្ត្រី​ក្នុង​ក្រុម​ជនជាតិ​ភាគតិច​ទៅ​ក្នុង​គោល​នយោបាយ ផែនការ និង​កម្មវិធី​ជាតិ​នានា​ ព្រម​ទាំង​អនុវត្ត​វិធានការ​មួយ​ចំនួន ដើម្បី​លុប​បំបាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ក្រុម​ស្ត្រី​ទាំងនោះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​នៅ​ក្នុង​របាយការណ៍​លើ​ក​ក្រោយ​ របស់​ខ្លួន​ នូវ​ទិន្នន័យ​ និង​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ស្ត្រី​ពិការ និង​ស្ត្រី​ក្នុង​ក្រុម​ជនជាតិ​ភាគតិច រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​ការ​អប់រំ ការងារ និង​ការ​ថែទាំ​សុខភាព។

៣៧- គណៈកម្មាធិការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋ​ភាគី​ផ្ដល់​សច្ចាប័ន​លើ​ ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ និង​ទទួល​យក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នូវ​វិសោធនកម្ម​មាត្រា​២០​ កថាខណ្ឌ​ទី​១ នៃ​អនុសញ្ញា​នេះ ពាក់ព័ន្ធ​នឹង​ពេល​ប្រជុំ​របស់​គណៈកម្មាធិការ។

៣៨- គណៈកម្មាធិការ​ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋ​ភាគី​ប្រើប្រាស់​ឱ្យ​បាន​ពេញ​លេញ​ នៅ​ក្នុង​ការ​អនុវត្តន៍​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​អនុសញ្ញា​នេះ នូវ​សេចក្ដី​ប្រកាស​ទីក្រុង​ប៉េកាំង និង​វេទិកា​សកម្មភាព​ ដែល​ពង្រឹង​បន្ថែម​ទៅ​លើ​ការ​អនុវត្តន៍​បទបញ្ញត្តិ​នៃ​អនុសញ្ញា​នេះ ហើយ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ដាក់​បញ្ចូល​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​ទាំងនេះ​ទៅ​ ក្នុង​​របាយការណ៍​តាម​កាល​កំណត់​របស់​ខ្លួន​លើក​ក្រោយ។

សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​​នារី​ភេទ៖ ប្រទេស​កម្ពុជា

៣៩- គណៈកម្មាធិការ​បាន​កត់​សំគាល់​ថា​ ការ​អនុវត្តន៍​អនុសញ្ញា​ឱ្យ​បាន​ពេញ​លេញ​និង​មាន​ប្រសិទ្ធិភាព​ គឺ​មិន​​អាច​អាក់​ខាន​បាន​ឡើយ​សម្រាប់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ សហស្សវត្ស។ គណៈកម្មាធិការ​អំពាវ​នាវ​ឱ្យ​ធ្វើ​សមាហរណកម្ម​វិស័យ​យេនឌ័រ​ និង​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​បញ្ញត្តិ​ដែល​ចែង​នៅ​ក្នុង​អនុសញ្ញា​ នេះ​ទៅ​ក្នុង​រាល់​កិច្ច​ខិតខំ​​ប្រឹងប្រែង​ទាំងអស់​ ដែល​មាន​បំណង​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស ហើយ​ស្នើ​សុំ​ឱ្យ​រដ្ឋ​ភាគី​បញ្ចូល​ ព័ត៌មាន​ទាំង​នោះ​នៅ​ក្នុង​របាយការណ៍​លើក​ក្រោយ​របស់​ខ្លួន។

៤០- គណៈកម្មាធិការ​កត់​សំគាល់​ថា​ ការ​ប្រកាន់​ខ្ជាប់​របស់​រដ្ឋ​ភាគី​ចំពោះ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំ​ៗ ចំនួន​ប្រាំពីរ​ គឺ​ជា​ការ​ពង្រឹង​ថែម​ទៀត​ ឱ្យ​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​គ្រប់​ទិដ្ឋភាព ទាំងអស់​នៃ​ជីវិត​រស់​នៅ​របស់​ខ្លួន។ ហេតុ​ដូច្នេះ​ គណៈកម្មាធិការ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ពិចារណា ​លើ​ការ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ ដែល​កម្ពុជា​មិន​ទាន់​ចូល​ជា​ភាគី​នៅ​ឡើយ នោះ​គឺ​អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​ការពារ​សិទ្ធិ​កម្មករ​ចំណាក​ស្រុក​ និង​សមាជិក​គ្រប់​រូប​នៃ​គ្រួសារ​របស់​ពួក​គេ (ICPRAM WMTF)។

៤១- គណៈកម្មាធិការ​ស្នើ​ឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ អំពី​សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល អ្នក​នយោបាយ​ សមាជិក​សភា អង្គការ​ស្ត្រី និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​យល់​ដឹង​អំពី​វិធានការ​ដែល​បាន​ចាត់​ឡើង ក្នុង​ការ​ធានា​នូវ​សមភាព​ស្ត្រី​តាម​នីតិន័យ និង​តាម​ព្រឹត្តិន័យ ព្រម​ទាំង​វិធានការ​ផ្សេង​ៗ​ទៀត ដែល​តម្រូវ​ឱ្យ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ។ គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​បន្ត​​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ថែម ​ទៀត ជាពិសេស​ ដល់​អង្គការ​ស្ត្រី និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ អំពី​អនុសញ្ញា និង​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ អនុសាសន៍​ទូទៅ​របស់​គណៈកម្មាធិការ សេចក្ដី​ ប្រកាស​ទីក្រុង​ប៉េកាំង និង​វេទិកា​សកម្មភាព​ និង​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពិសេស​លើក​ទី​ម្ភៃ​បី​របស់​មហាសន្និបាត​លើ​ ប្រធានបទ "ស្ត្រី​ឆ្នាំ​២០០០៖ សមភាព​យេនឌ័រ​ ការ​អភិវឌ្ឍន៍​ និង​សន្តិភាព​សម្រាប់​សត​វត្សរ៍​ទី​ម្ភៃ​មួយ" ។

៤២- គណៈកម្មាធិការ​ស្នើ​ឱ្យ​រដ្ឋ​ភាគី​ឆ្លើយតប​ចំពោះ​ការ​ព្រួយ​បារម្ភ​ទាំង​ឡាយ ​ ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ផ្ដល់​មតិ​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​របាយការណ៍​តាម​កាល​កំណត់​លើក​ក្រោយ​ ក្រោម​មាត្រា​១៨ នៃ​អនុសញ្ញា​នេះ។ គណៈកម្មាធិការ​អញ្ជើញ​​រដ្ឋ​ភាគី​ឱ្យ​ដាក់​ស្នើ​របាយការណ៍​តាម​កាល​កំណត់​ លើក​ទី​បួន​របស់​ខ្លួន ដែល​ត្រូវ​ដល់​ពេល​កំណត់​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៥ និង​របាយការណ៍​តាម​កាល​កំណត់​លើក​ទី​ប្រាំ​របស់​ខ្លួន​ ដែល​ត្រូវ​ដល់​ពេល​កំណត់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​ក្នុង​របាយការណ៍​បូក​សរុប​ក្នុង​ឆ្នាំ​២០០៩។

១​ កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (ICESCR), កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR), អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​​ការ​រើស​អើង​ពូជ​ សាសន៍ (ICERD), អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង ​នឹង​ស្ត្រី​ភេទ​ (CEDAW), អនុសញ្ញា​ប្រឆាំង​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌកម្ម​ឯ​ទៀត​ ដែល​ឃោរឃៅ អមនុស្សធម៌ ឬ​បន្ថោក​បន្ទាប (CAT), អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ (CRC), អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​ការ​ការពារ​សិទ្ធិ​កម្មករ​ទេសន្តរប្រវេសន៍ និង​សមាជិក​គ្រប់​គ្រប់​រូប​នៃ​គ្រួសារ​របស់​ពួក​គេ (ICPRAMWMTF).






Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2