Saturday, September 6

សិទ្ធិ​មនុស្សសកល​

សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស
Universal Declaration of Human Rights

អនុម័ត​ និង​ប្រកាស​តាម​សេចក្ដី​សម្រេច​នៃ​មហា​សន្និបាត​លេខ ២១៧ A (III) ចុះ​នៅ​ថ្ងៃ​ទី ១០ ធ្នូ ១៩៤៨
Adopted proclaimed by General Assembly resolution 217 A (III) of 10 December 1948

បុព្វកថា

ដោយ​យល់​ឃើញ​ថា ការ​ទទួល​ស្គាល់​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែល​មាន​តាំង​ពី​កំណើត និង​សិទ្ធិ​ស្មើ​ភាព​គ្នា​ និង​ដែល​មិន​អាច​ដក​ហូត​បាន​របស់​ពូជពង្ស​មនុស្ស​គ្រប់​រូប​ គឺ​ជា​គ្រឹះ​នៃ​សេរីភាព យុត្តិធម៌ និង​សន្តិភាព​ក្នុង​ពិភពលោក​។

ដោយ​យល់​ឃើញ​ថា ការ​មិន​ទទួល​ស្គាល់ និង​ការ​ប្រមាថ​មើល​ងាយ​សិទ្ធិ​មនុស្ស ​បាន​នាំ​ឲ្យ​កើត​មាន​នូវ​អំពើ​ព្រៃ​ផ្សៃ​ សាហាវ​យង់​ឃ្នង ​ដែល​ជា​ទំនាស់​យ៉ាង​ខ្លាំង​ដល់​មនសិការ​មនុស្ស​ជាតិ និង​ដោយ​ហេតុ​ថា មនុស្ស​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​ពិភព​លោក​ ត្រូវ​មាន​នូវ​សេរីភាព ​ក្នុង​ការ​និយាយ​ស្ដី ជំនឿ និង​សេរីភាព​ ផុត​ពី​អំពើ​ភេរវកម្ម ​និង​ភាព​ក្រីក្រ​តោក​យ៉ាក ត្រូវ​បាន​ប្រកាស​ថា​ជា​សេចក្ដី​ប្រាថ្នា​ដ៏​ឧត្ដម​បំផុត​របស់​មនុស្ស​ទូទៅ។

ដោយ​យល់​ឃើញ​ថា ជា​ការ​ចាំ​បាច់​ដែល​ថា សិទ្ធិ​មនុស្ស​ត្រូវ​តែ​មាន​នូវ​កិច្ចការពារ​ដោយ​ធម្មាធិបតេយ្យ ប្រសិន​បើ​មនុស្ស​មិន​ត្រូវ​បាន​ទទួល​រង​នូវ​ការ​បង្ខិត​បង្ខំ​ឲ្យ​ចាប់​យក​ នូវ​គ្រឿង​ដោះ​បន្ទាល់​ជា​ជម្រើស​ចុង​ក្រោយ​ដើម្បី​បះបោរ​ប្រឆាំង​នឹង​អំណាច ​ផ្ដាច់​ការ​ និង​ការ​គាប​សង្កត់​ទេ​នោះ​។
ដោយ​យល់​ឃើញ​ថា ជា​ការ​ចាំបាច់​ណាស់​ដើម្បី​លើក​ស្ទួយ​ដល់​ការ​ពង្រីក​នូវ​ទំនាក់​ទំនង​ជា​មិត្ត​ភាព​រវាង​ប្រជាជាតិ​នានា​។

ដោយ​យល់​ឃើញ​ថា នៅ​ក្នុង​ធម្មនុញ្ញ ប្រជា​ពលរដ្ឋ​ទាំង​អស់​នៃ​សហ​ប្រជាជាតិ ​បាន​ប្រកាស​សារ​ជា​ថ្មី​ម្ដង​ទៀត​នូវ​ជំនឿ​របស់​ខ្លួន​ទៅ​លើ​សិទ្ធិ​សំខាន់ ​ៗ សេចក្ដី​ថ្លៃថ្នូរ តម្លៃ​មនុស្ស និង​លើ​សិទ្ធិ​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី ហើយ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៃ​សហ​ប្រជាជាតិ​បាន​ប្រកាស​យ៉ាង​ប្ដូរ​ផ្ដាច់​ ដើម្បី​លើក​ស្ទួយ​វឌ្ឍនភាព​សង្គម និង​បទដ្ឋាន​ដ៏​ប្រសើរ​នៃ​ការ​រស់​នៅ​ក្នុង​សេរី​ភាព​ដ៏​ទូលំ​ទូលាយ​។

ដោយ​ហេតុ​ថា ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​អង្គការ​សហ​ប្រជាជាតិ រដ្ឋ​ជា​សមាជិក​ទាំង​អស់​បាន​សច្ចា​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​ការ​លើក​ស្ទួយ​ ការ​គោរព​ជា​សកល​ចំពោះ​សិទ្ធិ​មនុស្ស និង​ការ​ប្រតិបត្តិ​តាម​សិទ្ធិ​មនុស្ស និង​សេរីភាព​សំខាន់​ៗ​ទាំង​ឡាយ​។

ដោយ​យល់​ស្រប​ថា ការ​យល់​ដឹង​ជា​ទូទៅ​នូវ​សិទ្ធិ​ និង​សេរី​ភាព​ទាំង​នេះ​មាន​សារសំខាន់​ដ៏​ធំធេង​បំផុត​ដើម្បី​ធ្វើ​ឲ្យ​បាន​ ទទួល​យ៉ាង​ពេញ​លេញ​នូវ​ការ​សច្ចា​ប្រណិធាន​នេះ។

ដោយ​ហេតុ​នេះ នៅ​ពេល​នេះ
មហា​សន្និបាត​ប្រកាស​ថា​៖

សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស គឺ​ជា​បទដ្ឋាន​នៃ​សេចក្ដី​សម្រេច​បាន​រួម​គ្នា​មួយ ​សម្រាប់​ប្រជាពលរដ្ឋ​ និង​ប្រជាជាតិ​ទាំង​អស់ ទៅ​កាន់​ទី​បញ្ចប់​មួយ​ត្រង់​ថា បុគ្គល​គ្រប់​ៗ​រូប​ និង​អង្គការ​សង្គម​ទាំង​អស់​ដែល​រក្សា​ជាប់​ក្នុង​ចិត្ត​ជានិច្ច​នូវ​ សេចក្ដី​ប្រកាស​នេះ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​តាម​រយៈ​ការ​បង្រៀន ​និង​អប់រំ​ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ ​និង​សេរីភាព​ទាំង​នេះ និង​តាម​រយៈ​វិធានការ​ជាតិ​និង​អន្តរជាតិ​ជា​លំដាប់​ៗ​ទៅ​មុខ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ទទួល​ស្គាល់​និង​ការ​ប្រតិបត្តិ​តាម​ជា​សកល​ និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ទាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នានា​នៃ​រដ្ឋ​ជា​សមាជិក​ខ្លួន​ឯង ទាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នានា​ដែល​រស់​នៅ​ក្រោម​ដែន​អំណាច​ច្បាប់​របស់ ​ខ្លួន​។

មាត្រា ១

មនុស្ស​ទាំង​អស់​កើត​មក​មាន​សេរី​ភាព ​និង​ភាព​ស្មើ​ៗ​គ្នា​ក្នុង​សិទ្ធិ​ និង​សេចក្ដី​ថ្លៃថ្នូរ​។ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​វិចារណញ្ញាណ​ និង​សតិសម្បជញ្ញៈ ហើយ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ស្មារតី​រាប់​អាន​គ្នា ​ជា​បង​ប្អូន​។

មាត្រា ២

មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ ​និង​សេរីភាព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​នេះ ដោយ​គ្មាន​ការ​បែង​ចែក​ជាតិ​ សាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ​ ឬ​មតិ​ផ្សេង​ៗ​ទៀត ប្រភព​ជាតិ​ឬ​សង្គម ទ្រព្យ​សម្បត្តិ កំណើត​ ឬ​ឋានៈ​ដទៃ​ៗ​ទៀត​ឡើយ។

បន្ថែម​លើ​នេះ​ទៀត មិន​ត្រូវ​ធ្វើ​ការ​បែង​ចែក​ណា​មួយ​ដោយ​សំអាង​ទៅ​លើ​ឋានៈ​ខាង​នយោបាយ​ ខាង​ដែន​សមត្ថកិច្ច ឬ​ឋានៈ​ជា​អន្តរជាតិ​នៃ​ប្រទេស ឬ​ដែន​ដី​ដែល​បុគ្គល​មួយ​រូប​ជា​សមាជិក​ឡើយ ទោះ​ប្រទេស​នោះ​ជា​ប្រទេស​ឯករាជ្យ ឬ​ស្ថិត​នៅ​ក្រោម​អាណត្តិ​គ្រប់​គ្រង ឬ​មិន​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង ឬ​ស្ថិត​ក្រោម​ការ​ដាក់​កម្រិត​ដទៃ​ៗ​ណា​មួយ​នៃ​អធិបតេយ្យ​ភាព​យ៉ាង​ណា​ក៏​ ដោយ។

មាត្រា ៣

បុគ្គល​ម្នាក់​ៗ​ត្រូវ​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរី​ភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន។

មាត្រា ៤

គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ជាប់​ក្នុង​ភាព​ជា​ទាសករ ឬ​ក្នុង​ភាព​ជា​អ្នក​បម្រើ​គេ​ឡើយ ហើយ​ការ​ជួញ​ដូរ​ទាសករ​ក្នុង​ទម្រង់​យ៉ាង​ណា​ក៏​ដោយ ​ត្រូវ​ហាម​ឃាត់។

មាត្រា ៥

គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ទទួល​ទារុណ​កម្ម ឬ​ការ​ធ្វើ​បាប ឬ​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​សាហាវ​ឃោរឃៅ​អមនុស្សធម៌​ ឬ​យ៉ាង​ថោក​ទាប​ឡើយ​។

មាត្រា ៦

មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ឲ្យ​គេ​ទទួល​ស្គាល់​ខ្លួន​ថា​ជា​បុគ្គល​មួយ​រូប​ ចំពោះ​មុខ​ច្បាប់​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ ។

មាត្រា ៧

មនុស្ស​ទាំង​អស់​មាន​ភាព​ស្មើ​ៗ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​ការពារ​ដោយ​ច្បាប់ ​ដោយ​ស្មើ​ៗ​គ្នា​ ដោយ​គ្មាន​ការ​រើស​អើង​ណា​មួយ​ឡើយ​។ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​ការ​ពារ​ខ្លួន​ស្មើ​ៗ​គ្នា ​ប្រឆាំង​ទល់​នឹង​ការ​រើស​អើង​ណា​មួយ​ដែល​ជា​ការ​រំលោភ​នូវ​សេចក្ដី​ប្រកាស​ នេះ​ និង​ប្រឆាំង​ទល់​នឹង​ការ​ញុះញង់​ណា​មួយ​ដែល​នាំ​ទៅ​មាន​ការ​រើស​អើង​។

មាត្រា ៨

មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ដោះ​ស្រាយ​ដោយ​តុលាការ​ជាតិ​ ដែល​មាន​សមត្ថភាព​ចំពោះ​អំពើ​ទាំង​ឡាយ​ដែល​រំលោភ​សិទ្ធិ​សំខាន់​ៗ​របស់​ ខ្លួន ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឬ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​។

មាត្រា ៩

គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​ទទួល​រង​ការ​ចាប់​ខ្លួន ការ​ឃុំឃាំង​ខ្លួន ឬ​និរទេស​ខ្លួន ​តាម​អំពើ​ចិត្ត​បាន​ឡើយ​។

មាត្រា ១០

ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ​អំពី​សិទ្ធិ​ ឬ​កាតព្វកិច្ច​របស់​ខ្លួន និង​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​អំពី​បទឧក្រិដ្ឋ​ណា​មួយ​មក​លើ​ខ្លួន បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ មាន​ភាព​ស្មើ​គ្នា​ យ៉ាង​ពេញ​លេញ​ ដើម្បី​ឲ្យ​មាន​សវនាការ​សាធារណៈ​ និង​ត្រឹម​ត្រូវ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ឯករាជ្យ​និង​មិន​លំអៀង​។

សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស
Universal Declaration of Human Rights

មាត្រា ១១

១. បុគ្គល​ណា​ដែល​គេ​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​បទ​ល្មើស​ព្រហ្មទណ្ឌ មាន​សិទ្ធិ​សំអាង​ថា​ខ្លួន​ជា​ជន​គ្មាន​ទោស រហូត​ដល់​ពេល​មាន​ភស្តុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ខ្លួន​មាន​ទោស​ អាស្រ័យ​ទៅ​តាម​ច្បាប់ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​ជា​សាធារណៈ ដែល​មាន​ការ​ធានា​គ្រប់​គ្រាន់​សម្រាប់​បុគ្គល​ដើម្បី​ការពារ​ខ្លួន​។

២. គ្មាន​បុគ្គល​ណា​ម្នាក់​ មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ ​ចំពោះ​អំពើ​ណា​មួយ ឬ​ការ​មិន​ប្រតិបត្តិ​តាម​ណា​មួយ​ ដែល​មិន​បាន​ចាត់​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ក្រោម​ច្បាប់​ជាតិ ឬ​អន្តរជាតិ នៅ​ខណៈ​ពេល​ដែល​បទ​ល្មើស​បាន​ប្រព្រឹត្ត​ឡើង​។ គ្មាន​ទោស​បញ្ញត្តិ​ណា​មួយ​ ត្រូវ​បាន​គេ​យក​មក​ដាក់​បង្ខំ​ទៅ​លើ​ជន​ណា​ម្នាក់​ ឲ្យ​ធ្ងន់​ជាង​ទោស​បញ្ញត្តិ​ដែល​បាន​អនុវត្តន៍​នៅ​ខណៈ​ពេល​ដែល​បទ​ល្មើស​ ព្រហ្មទណ្ឌ​នោះ​បាន​ប្រព្រឹត្ត​ឡើយ​។

មាត្រា ១២

គ្មាន​បុគ្គល​ណា​ម្នាក់ ត្រូវ​ទទួល​រង​នូវ​ការ​ជ្រៀត​ជ្រែក​តាម​អំពើ​ចិត្ត​ ក្នុង​កិច្ចការ​សម្ងាត់​ផ្ទាល់​ខ្លួន ក្នុង​គ្រួសារ លំ​នៅ​ស្ថាន ឬ​ការ​ឆ្លើយ​ឆ្លង ឬ​វាយ​ប្រហារ​ទៅ​លើ​កិត្តិយស ​និង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​បាន​ឡើយ​។ បុគ្គល​គ្រប់​រូប មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ចការពារ​ខ្លួន​ដោយ​ច្បាប់​ប្រឆាំង​នឹង​ការ​ ជ្រៀត​ជ្រែក ឬ​ការ​វាយ​ប្រហារ​ទាំង​នេះ​។

មាត្រា ១៣

១. បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ដោយ​សេរី និង​មាន​សិទ្ធិ​មាន​ទី​លំ​នៅ​ក្នុង​ព្រំដែន​នៃ​ប្រទេស​នីមួយ​ៗ ។

២. បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ចាក​ចេញ​ពី​គ្រប់​ប្រទេស រួម​ទាំង​ប្រទេស​របស់​ខ្លួន​ និង​មាន​សិទ្ធិ​ត្រឡប់​មក​មាតុប្រទេស​របស់​ខ្លួន​វិញ​។

មាត្រា ១៤

១. បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ស្វែង​រក និង​ទទួល​បាន​នូវ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​ករណី​ណា ​ដែល​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​រូប​ខ្លួន​។

២. សិទ្ធិ​សុំ​ការ​ជ្រក​កោន​នេះ​នឹង​មិន​អាច​លើក​មក​សំអាង​បាន​ទេ នៅ​ក្នុង​ករណី​ណា​ដែល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នោះ​ កើត​ចេញ​ពី​បទ​ល្មើស​ដែល​ពុំ​មែន​ជា​បទ​ល្មើស​ខាង​នយោបាយ ឬ​ដែល​កើត​ចេញ​ពី​អំពើ​ទាំង​ឡាយ​ដែល​ផ្ទុយ​នឹង​គោល​បំណង និង​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

មាត្រា ១៥

១. បុគ្គល​គ្រប់​ៗ​រូប​មាន​សិទ្ធិ​ទទួល​បាន​នូវ​សញ្ជាតិ​មួយ​។

២. គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​គេ​ដក​ហូត​សញ្ជាតិ​របស់​ខ្លួន ឬ​ត្រូវ​បាន​គេ​បដិសេធ​ចោល​នូវ​សិទ្ធិ​ផ្លាស់​ប្ដូរ​សញ្ជាតិ​របស់​ខ្លួន តាម​អំពើ​ចិត្ត​បាន​ឡើយ​។

មាត្រា ១៦

១. បុរស និង​ស្ត្រី​ពេញ​វ័យ​គ្រប់​រូប ដោយ​គ្មាន​ការ​ដាក់​កំហិត​លក្ខខណ្ឌ​ណា​មួយ ​អាស្រ័យ​លើ​ពូជសាសន៍ សញ្ជាតិ ឬ​សាសនា មាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍ និង​កសាង​គ្រួសារ​មួយ​។ បុរស និង​ស្ត្រី​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍ ក្នុង​អំឡុង​ពេល​រួម​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ និង​នៅ​ពេល​លែង​លះ​គ្នា​។

២. អាពាហ៍ពិពាហ៍​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​យ៉ាង​ពេញ​លេញ​ និង​ដោយ​សេរី​ពី​សំណាក់​អនាគត​គូ​ស្វាមី​និង​ភរិយា​។

៣. គ្រួសារ​ជា​កត្តា​ពង្ស​ធម្មជាតិ និង​ជា​កត្តា​ពង្ស​គ្រឹះ​របស់​សង្គម ហើយ​គ្រួសារ​មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​ការពារ​ពី​សង្គម​និង​រដ្ឋ​។

មាត្រា ១៧

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ ទោះ​ជា​បុគ្គល​ក្ដី ឬ​ជា​សមូហភាព​ក្ដី​។

២. គ្មាន​ជន​ណា​ម្នាក់ ត្រូវ​គេ​ដក​ហូត​កម្ម​សិទ្ធិ​របស់​គេ​តាម​តែ​អំពើ​ចិត្ត​បាន​ឡើយ​។

មាត្រា ១៨

មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​និង​មាន​សេរី​ភាព​ខាង​ផ្លូវ​គំនិត ខាង​ផ្លូវ​សតិសម្បជញ្ញៈ និង​ខាង​ផ្លូវ​សាសនា​។ សិទ្ធិ​នេះ រាប់​ទាំង​សេរី​ភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​សាសនា ឬ​ជំនឿ ព្រម​ទាំង​សេរី​ភាព​ក្នុង​ការ​សំដែង​ចេញ​នូវ​សាសនា ឬ​ជំនឿ​ តាម​រយៈ​ការ​បង្ហាត់​បង្រៀន ការ​ប្រតិបត្តិ ការ​គោរព​បូជា ព្រម​ទាំង​ការ​ប្រារព្ធ​ពិធី​សក្ការៈ​ផ្សេង​ៗ ទោះ​តាម​ម្នាក់​ឯង​ក្ដី ឬ​រួម​ក្នុង​សហគមន៍​ជា​មួយ​អ្នក​ឯ​ទៀត​ក្ដី និង​ទោះ​តាម​សាធារណៈ ឬ​ជា​ឯកជន​ក្ដី។

មាត្រា ១៩

មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​សេរី​ភាព​មាន​មតិ និង​សេរី​ភាព​ក្នុង​ការ​សម្ដែង​មតិ​។ សិទ្ធិ​នេះ​រាប់​ទាំង​សេរី​ភាព​ក្នុង​ការ​ប្រកាន់​មតិ និង​ការ​សម្ដែង​មតិ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក ព្រម​ទាំង​សេរី​ភាព​ក្នុង​ការ​ស្វែង​រក ការ​ទទួល និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​នានា តាម​រយៈ​ប្រព័ន្ធ​ឃោសនា​ណា​មួយ​ក៏​ដោយ​ និង​ដោយ​ឥត​គិត​ពី​ព្រំដែន​អ្វី​ឡើយ ។

មាត្រា ២០

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ប្រជុំ និង​ធ្វើ​សមាគម​ដោយ​សន្តិ​វិធី​។

២. គ្មាន​ជន​ណា​ម្នាក់​ត្រូវ​គេ​បង្ខិត​បង្ខំ​ឲ្យ​ចូល​រួម​ក្នុង​សមាគម​ណា​មួយ​ឡើយ​។

មាត្រា ២១

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ចូល​រួម​ក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​ខ្លួន ដោយ​ផ្ទាល់ ឬ​តាម​រយៈ​តំណាង​ទាំង​ឡាយ ដែល​គេ​បាន​ជ្រើស​រើស​ដោយ​សេរី​។

២. មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ចូល​បម្រើ​ការងារ​សាធារណៈ​នៃ​ប្រទេស​របស់​ខ្លួន​ស្មើ​ៗ​គ្នា​។

៣. ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ត្រូវ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​។ ឆន្ទៈ​នេះ​នឹង​ត្រូវ​បាន​សម្ដែង​ចេញ​តាម​រយៈ​ការ​បោះ​ឆ្នោត​យ៉ាង​ទៀង​ទាត់​ តាម​ពេល​កំណត់ និង​ពិត​ប្រាកដ ដែល​នឹង​ត្រូវ​ធ្វើ​ជា​សកល និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ស្មើ​ៗ​គ្នា ហើយ​ត្រូវ​ធ្វើ​តាម​រយៈ​សន្លឹក​ឆ្នោត​សំងាត់ ឬ​តាម​ទម្រង់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ណា​មួយ ដែល​មាន​តម្លៃ​ស្មើ​។

សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស
Universal Declaration of Human Rights

មាត្រា ២២

១. ក្នុង​ឋានៈ​ជា​សមាជិក​នៃ​សង្គម មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ទទួល​បាន​នូវ​សន្តិសុខ​សង្គម និង​មាន​សិទ្ធិ​យល់​ដឹង​អំពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម វប្បធម៌ ដែល​ជា​សារសំខាន់​ចាំ​បាច់​សម្រាប់​សេចក្ដី​ថ្លៃថ្នូរ និង​ការ​រីក​ចម្រើន​ដោយ​សេរី​នៃ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន តាម​រយៈ​កិច្ច​ខិត​ខំ​របស់​ជាតិ​រដ្ឋ​នីមួយ​ៗ​ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ហើយ​ស្រប​តាម​អង្គការ​ចាត់​តាំង និង​ធនធាន​នៃ​រដ្ឋ​នីមួយៗ​។

មាត្រា ២៣

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ធ្វើ​ការ​ងារ មាន​សិទ្ធិ​ជ្រើស​រើស​ការ​ងារ និង​មាន​សិទ្ធិ​ធ្វើ​ការងារ​ក្នុង​លក្ខណៈ​ត្រឹម​ត្រូវ និង​គួរ​ពេញ​ចិត្ត ព្រម​ទាំង​មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​ការ​ពារ​ទល់​នឹង​ភាព​ឥត​មាន​ ការងារ​ធ្វើ​។

២. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ទទួល​ប្រាក់​បៀ​វត្សរ៍​ស្មើ​គ្នា​សម្រាប់​ទង្វើ​ការងារ​ដូច​គ្នា ដោយ​ឥត​មាន​ការ​រើស​អើង​អ្វី​ឡើយ​។

៣. ជន​ដែល​ធ្វើ​ការ​ងារ មាន​សិទ្ធិ​ទទួល​បាន​នូវ​ប្រាក់​បំណាច់​ត្រឹម​ត្រូវ និង​គួរ​ពេញ​ចិត្ត ដើម្បី​ធានា​ជីវភាព​រស់​នៅ​របស់​គេ ​និង​គ្រួសារ​គេ ឲ្យ​មាន​នូវ​តម្លៃ​នៃ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ហើយ​ត្រូវ​បាន​បំពេញ​បន្ថែម​តាម​មធ្យោបាយ​ការពារ​ផ្នែក​សង្គម​ផ្សេង​ៗ​ទៀត ប្រសិន​បើ​មាន​ការ​ចាំ​បាច់​។

៤. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​បង្កើត​សហជីព និង​មាន​សិទ្ធិ​ចូល​ជា​សមាជិក​នៃ​សហជីព ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​។

មាត្រា ២៤

មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ឈប់​សម្រាក និង​លំហែ​កម្សាន្ត រាប់​ទាំង​ការ​កំណត់​ពេល​ម៉ោង​ធ្វើ​ការ​សម​ហេតុ​សម​ផល ព្រម​ទាំង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​តាម​ការ​កំណត់ ដោយ​បាន​ទទួល​ប្រាក់​បៀ​វត្សរ៍​ទៀត​ផង​។

មាត្រា ២៥

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ទទួល​បាន​នូវ​ជីវភាព​គ្រប់​គ្រង​តាម​បទដ្ឋាន សម្រាប់​សុខភាព​និង​សុខុមាលភាព​របស់​គេ និង​គ្រួសារ​គេ មាន​ជា​អាទិ៍​ ចំណី​អាហារ សំលៀក​បំពាក់ លំនៅឋាន​ ការ​ថែទាំ​សុខភាព និង​សេវា​សង្គម​កិច្ច​ចាំ​បាច់​ផ្សេង​ៗ​ទៀត ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​នូវ​សន្តិសុខ​ក្នុង​ពេល​គ្មាន​ការងារ​ធ្វើ ពេល​មាន​ជំងឺ ពេល​ធ្លាក់​ខ្លួន​ពិការ ពេល​ប្ដូរ​ភាព​ជា​មេម៉ាយ ឬ​ពោះម៉ាយ ពេល​ចាស់​ជរា ឬ​ការ​ខ្វះ​ខាត​ខាង​ជីវភាព​ដទៃ​ៗ​ទៀត ក្នុង​កាលៈទេសៈ​ដែល​ហួស​ពី​ភាព​ម្ចាស់​ការ​របស់​គេ។

២. មាតុភាព និង​កុមារភាព មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ថែ​ទាំ និង​ជួយ​ទំនុក​បម្រុង​ពិសេស​។ គ្រប់​កុមារ​ទាំង​អស់ ទោះ​កើត​ពី​ឪពុក​ម្ដាយ​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​ក្ដី ឬ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ក្ដី​ ត្រូវ​បាន​ទទួល​កិច្ច​ការ​ពារ​ខាង​សង្គមកិច្ច​ដូច​គ្នា​។

មាត្រា ២៦

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ទទួល​ការ​អប់រំ​។ ការ​អប់រំ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ឥត​គិត​ថ្លៃ យ៉ាង​ហោច​ណាស់​សម្រាប់​ការ​អប់រំ​ថ្នាក់​បឋម និង​មូលដ្ឋាន​។ ការ​អប់រំ​ជាន់​ដំបូង​ត្រូវ​តែ​មាន​ជា​កាតព្វកិច្ច​។ ការ​អប់រំ​ខាង​បច្ចេកទេស និង​ខាង​វិជ្ជាជីវៈ ត្រូវ​តែ​រៀប​ចំ​ឲ្យ​មាន​ជា​ទូទៅ ហើយ​ការ​អប់រំ​ថ្នាក់​ឧត្ដម​ត្រូវ​បើក​ឱកាស​ស្មើ​ៗ​គ្នា​ឲ្យ​ដល់​មនុស្ស​ គ្រប់​រូប​ទាំង​អស់ ដោយ​ឈរ​លើ​មូលដ្ឋាន​គុណ​សម្បត្តិ​របស់​គេ​។

២. ការ​អប់រំ​ត្រូវ​តែ​ផ្ដោត​ទៅ​រក​ការ​រីក​ចម្រើន​លូតលាស់​យ៉ាង​ពេញ​លេញ​នៃ​ បុគ្គលិក​លក្ខណៈ​របស់​មនុស្ស និង​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជា​មូលដ្ឋាន​នានា​។ ការ​អប់រំ​នេះ ​វា​លើក​ស្ទួយ​ដល់​ការ​យល់​ដឹង ការ​អត់​អោន​អធ្យាស្រ័យ​គ្នា និង​មិត្ត​ភាព​រវាង​ប្រជាជាតិ ពូជ​សាសន៍​ ឬ​ក្រុម​សាសនា​ទាំង​អស់ ហើយ​នឹង​ជួយ​អភិវឌ្ឍន៍​ដល់​សកម្មភាព​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ ការ​រក្សា​សន្តិភាព​។

៣. មាតាបិតា មាន​សិទ្ធិ​ជា​អាទិភាព​ក្នុង​ការ​ជ្រើស​រើស​នូវ​ប្រភេទ​នៃ​ការ​អប់រំ​សម្រាប់​បុត្រ​ធីតា​របស់​គេ​។

មាត្រា ២៧

១. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ចូល​រួម​ចំណែក​ដោយ​សេរី​ ក្នុង​ជីវភាព​វប្បធម៌​របស់​សហគមន៍ មាន​សិទ្ធិ​ក្រេប​រស​ជាតិ​នៃ​សិល្បកម្ម​ទាំង​ឡាយ និង​មាន​សិទ្ធិ​រួម​ចំណែក​ក្នុង​វឌ្ឍនភាព​នៃ​វិទ្យាសាស្ត្រ និង​គុណ​ប្រយោជន៍​ផ្សេង​ៗ ដែល​ជា​លទ្ធផល​ចេញ​ពី​វឌ្ឍនភាព​នេះ​។

២. មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​ទទួល​បាន​នូវ​កិច្ច​ការពារ​ដល់​ផល​ប្រយោជន៍​ខាង​សីលធម៌ និង​សម្ភារៈ​ដែល​កើត​ចេញ​ពី​ផលិត​កម្ម​ខាង​វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬ​សិល្បៈ​ដែល​ខ្លួន​ជា​អ្នក​បង្កើត​។

មាត្រា ២៨

បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​នូវ​របៀប​រៀប​រយ​សង្គម និង​របៀប​រៀប​រយ​អន្តរជាតិ ដើម្បី​ឲ្យ​សិទ្ធិ​និង​សេរីភាព​ដែល​ចែង​ក្នុង​សេចក្ដី​ប្រកាស​នេះ​ផ្ដល់​ការ ​យល់​ដឹង​យ៉ាង​ពេញ​លេញ​ទៅ​បាន​។

មាត្រា ២៩

១. បុគ្គល​ម្នាក់​ៗ​មាន​ករណី​កិច្ច​ចំពោះ​សហគមន៍ ​ដែល​ជា​កន្លែង​តែ​មួយ​គត់ ដែល​អាច​បង្កើត​នូវ​ការ​រីក​ចម្រើន​ពេញ​បរិបូរណ៍ និង​ដោយ​សេរី​នូវ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​។

២. ក្នុង​ការ​អនុវត្តន៍​សិទ្ធិ​សេរីភាព​របស់​ខ្លួន មនុស្ស​គ្រប់​រូប ត្រូវ​ស្ថិត​ក្នុង​ការ​កំណត់​ទាំង​ឡាយ​ណា​ ដែល​ច្បាប់​បាន​កំណត់​ ក្នុង​គោល​បំណង​ឲ្យ​មាន​ការ​ទទួល​ស្គាល់ និង​គោរព​ដល់​សិទ្ធិ និង​សេរីភាព​ទាំង​ឡាយ​របស់​អ្នក​ដទៃ និង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​តម្រូវ​យ៉ាង​ត្រឹម​ត្រូវ​អំពី​សីលធម៌ របៀប​រៀប​រយ​សាធារណៈ​ និង​នៃ​សុខុមាលភាព​ទូទៅ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​។

៣. ក្នុង​ករណី​ណា​ក៏​ដោយ សិទ្ធិ​និង​សេរីភាព​ទាំង​នោះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​ផ្ទុយ​នឹង​គោល​ការណ៍​របស់​សហប្រជាជាតិ​ឡើយ​។

មាត្រា ៣០

ឥត​មាន​បទ​បញ្ញត្តិ​ណា​មួយ​នៃ​សេចក្ដី​ប្រកាស​នេះ ត្រូវ​បាន​គេ​បក​ស្រាយ​ថា អាច​ឲ្យ​រដ្ឋ​ណា​មួយ ក្រុម​ណា​មួយ ឬ​បុគ្គល​ណា​ម្នាក់ មាន​សិទ្ធិ​បែប​ណា​មួយ ដើម្បី​ធ្វើ​សកម្មភាព ឬ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ​ ឆ្ពោះ​ទៅ​ការ​បំផ្លិច​បំផ្លាញ​នូវ​សិទ្ធិ និង​សេរីភាព​ទាំង​ឡាយ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ឡើយ​។


Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2