Saturday, September 6

អំពើ​ហិង្សា​ក្នុង​គ្រួសារ

កំពុង​លេង​បៀ​ចាញ់​ ខឹង​ប្រពន្ធ​មក​តាម​ហៅ​វ៉ៃ​បាក់​ជើង​ម្ខាង

ខេត្ត​កំពង់ចាម​៖ មនុស្ស​ម្នាក់ៗ​រស់នៅ​តែងតែ​ប៉ងប្រាថ្នា​ចង់​បាន​សុភមង្គល​​នៅ​ក្នុង​ក្រុម​ គ្រួសារ​ណាស់​ មិន​ថា​អ្នក​មាន​ទ្រព្យ​ ឬ​អ្នក​ក្រីក្រ​នោះ​ឡើយ។ ជាក់ស្ដែង​​មាន​ស្ត្រី​ម្នាក់​រស់នៅ​ភូមិ​ស្វាយ​ទាប​ ឃុំ​ស្វាយ​ទាប​​ ស្រុក​ចំការ​លើ​ ត្រូវ​បាន​បុរស​ជា​ប្ដី​ប្រើ​អំពើ​ហិង្សា​យក​ឈើ​ជ្រុង​​វាយ​បំបាក់​ជើង​ខាង​ ស្ដាំ​​ឥត​ក្ដី​មេត្តា​ ហើយ​ថែម​ទាំង​ទៅ​តាម​ព្យាបាទ​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ទៀត។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឃឹម​ នី​ អាយុ​៤៤​ឆ្នាំ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​​នា​ព្រឹក​ថ្ងៃ​ទី​២២​ សីហា​ថា​ គាត់​បាន​ក្រោក​ពី​ព្រលឹម​ទៅ​ឯ​ស្រែ​បាត់​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២១​ សីហា​ ឆ្នាំ​២០០៨។ លុះ​វេលា​ម៉ោង​១០​ព្រឹក​ទើប​ត្រឡប់​មក​វិញ​ ហើយ​បាត់​ប្ដី​ឈ្មោះ​ ជឹម​ ប៉ន​ អាយុ​៤៦​ឆ្នាំ​ មិន​ឃើញ​នៅ​ផ្ទះ​សោះ។

ស្ត្រី​រងគ្រោះ​រូប​នេះ​រៀបរាប់​បន្ត​ថា​ បន្ទាប់​ពី​មក​ដល់​ផ្ទះ​ក៏​ដើរ​ទៅ​តាម​រក​ប្ដី​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ ឃើញ​ប្ដី​កំពុង​​តែ​លេង​បៀ​នៅ​ផ្ទះ​​ស្ត្រី​ឈ្មោះ​ ឌឹប​ តាម​បណ្ដោយ​ផ្លូវ​​ថ្នល់​លេខ​៣​ ព្រម​​ទាំង​បាន​ស្ដី​​បន្ទោស​ទៅ​ប្ដី​ថា​ "មើល​ប្ដី​គេ​គ្រប់​គ្នា​ ប្រឹង​រក​ស៊ី​ណាស់! ចំណែក​ប្ដី​ឯង​វិញ​ប្រឹង​លេង​តែ​បៀ"។ ភ្លាម​នោះ​ ប្ដី​ឈ្មោះ​ ប៉ន​ ចុះ​ពី​លើ​ផ្ទះ​មក​វាយ​ដំលើ​រាង​កាយ​​របស់​គាត់​ទាំង​កំរាល។ លុះ​ពេល​​ដើរ​ទៅ​ដល់​ផ្ទះ​ ស្រាប់​តែ​ប្ដី​ទាញ​ឈើ​ជ្រុង​១​កំណាត់​មក​វាយ​បំបាក់​ជើង​ស្ដាំ​របស់​គាត់​​ បណ្ដាល​ឲ្យ​ដួល​ទៅ​លើ​ដី។ រូប​គាត់​បាន​ប្រឹង​​ព្យាយាម​វារ​ទាំង​របួស​ទៅ​ដល់​ផ្ទះ​​ស្ត្រី​ឈ្មោះ​ ថុល​ រស់​នៅ​ភូមិ​ជាមួយ​គ្នា​ ដោយ​ពឹង​កូន​ប្រុស​របស់​ស្ត្រី​ឈ្មោះ​ ថុល​ ទៅ​ហៅ​ម៉ូតូ​ឌុប​មក​ដឹក​រូប​គាត់​ទៅ​ប៉ុស្តិ៍​ប៉ូលិស​នគរបាល​រដ្ឋបាល​ឃុំ​ ស្វាយ​ទាប​ ប្ដឹង​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តាម​ចាប់​ប្ដី។ ប៉ុន្តែ​បាន​អ្នក​រស់​នៅ​ភូមិ​ជាមួយ​គ្នា​ឃើញ​អំពើ​ហិង្សា​គួរ​ឲ្យ​ស្អប់​ ខ្ពើម​​នេះ​កើត​ឡើង​ក៏​រត់​ទៅ​ប្ដឹង​​មុន​ពេល​ដែល​គាត់​ជា​ប្រពន្ធ​ទៅ​ដល់​ ម្ល៉េះ។

ពេល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ​នោះ​ បុរស​ជា​ប្ដី​​បាន​ជិះ​ម៉ូតូ​ឌុប​១​គ្រឿង​បំរុង​តាម​ព្យាបាទ​​មក​លើ​រូប​ គាត់​ទៀត​ តែ​បាន​ឃើញ​ទាន់​ ក៏​ស្រែក​ប្រាប់​គ្រូពេទ្យ​ផ្អើល​ឆោឡោ​ឡើង​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​បាន​គេច​ ខ្លួន​បាត់​ទៅ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឃឹម​ នី​ បញ្ជាក់​ថា​ សព្វ​ថ្ងៃ​ប្ដី​មាន​មុខរបរ​ជា​កម្មករ​ស៊ី​ឈ្នួល​លើក​បាវ​សណ្ដែក​ឲ្យ​គេ​ លុះ​ពេល​​បាន​ប្រាក់​ពុំ​ដែល​​ឲ្យ​គាត់​ទេ​ គឺ​​ដើរ​ស៊ី​ចាយ​លេង​ល្បែង​​ ពេល​​ចាញ់​លុយ​អស់​មក​ផ្ទះ​ឈ្លោះ​ជា​មួយ​ប្រពន្ធ​ និង​កូនៗ​ញឹកញាប់​ណាស់។ គាត់​និយាយ​ថា​ រយៈពេល​កន្លង​មក​ប្ដី​ធ្លាប់​​វាយ​កូន​​ប្រុស​​ឈ្មោះ​ វណ្ណា​ អាយុ​១៥​ឆ្នាំ​ បាក់ជើង​​វាយ​កូន​ស្រី​បង​គេ​ឈ្មោះ​ ចាន់ធី​ សន្លប់​២​ដង​ ឯ​រូប​គាត់​សន្លប់​ម្ដង។ ​ចំពោះ​ទង្វើ​របស់​ប្ដី​ពុំ​អាច​​អត់​អោន​ឲ្យ​បាន​ទេ​ សូម​ឲ្យ​នគរបាល​តាម​ចាប់​ប្ដី​ទុរយស​ចាត់​ការ​ទៅ​តាម​ច្បាប់។ ដោយសារ​ស្ថានភាព​របួស​ជើង​ធ្ងន់ធ្ងរ​ ទើប​ពេទ្យ​​អង្គការ​ "BTC" ជួយ​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ ចំណែក​ក្បាល​​វិញ​ត្រូវ​របួស​ដោយសារ​ប្ដី​វាយ​នឹង​​កូន​១​ឈើ​ជ្រុង​ដែរ។ ការ​បង្ក​ហិង្សា​បែប​នេះ​ជា​អំពើ​អគតិ​បំផុត៕

ទំនាស់​រឿង​រហែក​លុយ​មួយ​ម៉ឺន​រៀល​ វាយ​ប្រពន្ធ​ពក​ថ្ងាស

ខេត្ត​កណ្ដាល​ ៖​ បុរស​ដែល​ពូកែ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ម្នាក់​បាន​ត្រូវ​ប៉ូលីស​ឃាត់​ ខ្លួន​ និង​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី​១៩​ សីហា​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ។​ បុរស​រូប​នេះ​ឈ្មោះ​ ស្រេង លី​ អាយុ​៤១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាខ្មៅ​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្ដី​វាយ​ពក​ថ្ងាស​នោះ​ ឈ្មោះ​ អ៊ូ សុផានី​ និង​មាន​កូន​៤​នាក់។

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៨​ សីហា​ ប្ដី​ឈ្មោះ​ ស្រេង លី​ ឃើញ​គាត់​មាន​លុយ​១​ម៉ឺន​រៀល​ ក៏​ចោទ​ប្រកាន់​ថា​ យក​លុយ​របស់​ខ្លួន​ ទើប​មាន​ការ​ជជែក​គ្នា​តឹង​សរសៃ​ក​ វែង​ឆ្ងាយ​ទៅៗ​រហូត​មានការ​ប្រវាយ​ប្រតប់​គ្នា​បណ្ដាល​រហែក​លុយ​១​ម៉ឺន​រៀល​ នោះ​ធ្វើ​ឲ្យ​ប្ដី​រឹត​តែ​ខឹង​ និង​បាន​ចាប់​បោក​រូប​គាត់​បណ្ដាល​ឲ្យ​ត្រូវ​នឹង​គ្រែ​ប៉ោង​ថ្ងាស។​ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ប្ដី​រូប​នេះ​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​ គាត់​គឺ​ញឹកញាប់​ណាស់​មក​ ហើយ​រហូត​ដល់​មាន​ការ​ប្ដឹងប្ដល់​គ្នា​ដល់​មេភូមិ​ជា​ច្រើន​លើក​ទៀត​ផង។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ទៀត​ថា​ កុំ​ថា​ឡើយ​មាន​កូន​៤​នាក់​ ទោះ​ជា​មាន​កូន​ច្រើន​ជាង​នេះ​ក៏​មិន​លើក​លែង​ឲ្យ​ដែរ​ គឺ​សូម​ឲ្យ​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់។​ ទោះ​ជា​យ៉ាង​ណា​ ចំពោះ​ការ​លែង​លះ​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​បញ្ជាក់​ទេ​ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ប្ដី​រូប​នេះ​រាង​ចាល​ប៉ុណ្ណោះ៕

អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ ប្ដី​វាយ​ប្រពន្ធ​បុក​នឹង​ដង​រែក​ រហូត​ដល់​ស្លាប់

ខេត្ត​កំពង់ស្ពឺ៖​ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ខេត្ត​កំពង់ស្ពឺ​ ចាប់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​វាយ​ប្រពន្ធ​ ដោយ​បុក​មួយ​ដងរែក​ចំ​កណ្ដៀត​ក្អម​ ខាង​ឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​ កាល​ពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​ រសៀល​ ថ្ងៃ​ទី​ ១០​ ខែ​ សីហា។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​ ឌឿ ឌៀប​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​ចាំ​ចំការ​ នៅ​ភូមិ​ទួលស្ដៅ​ ឃុំ​ទំព័រមាស​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ចំណែក​បុរស​ជា​ប្ដី​ ឈ្មោះ​ យ៉ែម យឺន​ អាយុ​៥៨​ឆ្នាំ។ ការ​ប្រព្រឹត្តិ​របស់​ប្ដី​នេះ​​ បាន​កើត​ឡើង​ ខណៈ​ស្រវឹង​ស្រា​ហើយ​ឲ្យ​ប្រពន្ធ​ដួស​បាយ​ឲ្យ​ហូប​នៅ​ពេល​ថ្ងៃ​ត្រង់។ មន្ត្រី​ប៉េអិម​ រួម​ទាំង​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​បច្ចេកទេស​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​បុរស​ជា​ប្ដី​ស្រវឹង​ស្រា​ហើយ​បាន​ដាំ​បាយ​ និង​ស្ល​ឆ្អិន​រួចរាល់​ រង់ចាំ​ប្រពន្ធ​មក​ពី​ច្រូត​ស្បូវ​ក្រង​​ទុក​លក់​ដើម្បី​ហូប​បាយ​ជុំ​គ្នា។​ ពេល​ប្រពន្ធ​និង​ កូន​តូចៗ​ពីរ​នាក់​មក​ដល់​ពុំ​ទាន់​ស្រួល​បួល​ផង​ ប្ដី​ឈ្មោះ​ យ៉ែម​ យឺន​ ក៏​ប្រើ​ប្រពន្ធ​​ឲ្យ​ដួស​បាយ​ហូប​ភ្លាមៗ។ ហើយ​ប្រពន្ធ​ឆ្លើយ​ថា​ បាយ​ឆ្អិន​ សម្ល​ឆ្អិន​ហើយ​ ម៉េច​មិន​ដួស​បាយ​ "ច្រាស" ខ្លួន​ឯង​ទៅ។

ពាក្យ​សំដី​នេះ​បង្ក​ឲ្យ​មាន​ជម្លោះ​ ហើយ​ប្ដី​ក៏​កញ្ឆក់​បាន​ដងរែក​ក្បែរ​ជញ្ជាំង​ផ្ទះ​យក​ទៅ​បុក​ចំ​កណ្ដៀត​ក្អម ​ខាង​ឆ្វេង​របស់​ប្រពន្ធ​ បណ្ដាល​ឲ្យ​ដួល​ទាំង​ជំហរ។ ពេល​នោះ​កូន​តូចៗ​រត់​ទៅ​​លើក​ម្ដាយ​ ឯ​បុរស​ជា​ប្ដី​ក៏​បាន​ទៅ​ជួយ​លើក​ដែរ​ គ្មាន​បំណង​វាយ​ប្រពន្ធ​ឲ្យ​ធ្ងន់ធ្ងរ​បែប​នេះ​ទេ​ ព្រោះ​មក​ចាំ​ដី​ចំការ​ឲ្យ​គេ​ចំនួន​៤​ឆ្នាំ​ហើយ​ ពុំ​ដែល​ឈ្លោះ​ទាស់​ទែង​គ្នា​ខ្លាំង​ឡើយ។ ក្រោយ​ពេល​លើក​មក​ដាក់​លើ​គ្រែ​បាន​មួយ​សន្ទុះ​ ប្រពន្ធ​ក៏​ស្លាប់​ទៅ​ ហើយ​កូនៗ​រត់​ទៅ​ប្រាប់​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ប្រចាំ​ការ​នៅ​ក្បែរ​ នោះ​ ក៏​ចាប់​ខ្លួន​បុរស​ជា​ប្ដី​ទៅ​កាន់​បញ្ជា​ការដ្ឋាន​ប៉េអឹម​ខេត្ត​កំពង់ស្ពឺ ​ ដើម្បី​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត៕

ឥទ្ធិពល​ស្រា​កាច​វាយ​ប្រពន្ធ​បែក​ក្បាល​ ទាត់​ម៉ែ​ក្មេក​ធ្លាក់​ពី​លើ​ផ្ទះ​សន្លប់

ខេត្ត​កំពង់​ស្ពឺ៖​ ស្ត្រី​ម្នាក់​រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ​ ដោយសារ​តែ​បុរស​ជា​ប្ដី​វាយ​មួយ​ដែក​ចម្រឹង​បង្អួច​ចំ​ពី​លើ​ ព្រោះ​តែ​ខឹង​នាង​ប្រពន្ធ​ហាម​មិន​ឲ្យ​ផឹក​ស្រា។​ ឃើញ​ហេតុការណ៍​ដូច្នោះ​ ម្ដាយ​ក្មេក​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​នាំ​ខ្មាស​ញាតិ​ជិត​ខាង​ ប៉ុន្តែ​ដោយ​មាន​ជាតិ​សុរា​កាច​ចូល​ពោះ​ខ្លះ​នោះ​ បុរស​កំរោល​ចូល​បាន​ព្រលះ​ម្ដាយ​ក្មេក​មួយ​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​សន្លប់​តែ ​ម្ដង។

ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ នៅ​ក្នុង​ភូមិ​បឹង​ច្រាម​ខាង​ត្បូង​ ឃុំ​ព្រះនិព្វាន​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ក្រោយ​ពី​បង្ក​រួច​ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​បន្ត​ទៀត។

ជន​សង្ស័យ​ដែល​វាយ​ប្រពន្ធ​បែក​ក្បាល​ និង​ទាត់​ម្ដាយ​ក្មេក​ធ្លាក់​ពី​លើ​ផ្ទះ​នោះ​មាន​ឈ្មោះ​ នួន ភា​ ភេទ​ ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ​ មាន​ប្រពន្ធ​ឈ្មោះ​ ញឹម នុង​ អាយុ​២៦​ឆ្នាំ​ រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ។​ រី​ឯ​ម្ដាយ​ក្មេក​ដែល​ត្រូវ​លោក​កូន​ប្រសា​ទាត់​សន្លប់​វិញ​នោះ​ មាន​ឈ្មោះ​ ស្វាយ រ៉ូ​ អាយុ​៥៨​ឆ្នាំ​ រស់​នៅ​ជាមួយ​គ្នា។

ប៉ូលិស​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ឈ្មោះ​ នួន ភា​ បាន​អង្គុយ​ស៊ី​ផឹក​ជុំ​គ្នា​មួយ​ហ្វូង​នៅ​ក្នុង​ភូមិ​ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ហៅ​កុំ​ផឹក​ស្រា​ច្រើន​ពេក​ ប្រឹង​ធ្វើ​ការ​ខ្លះ​ផង។

ប៉ូលិស​បាន​បន្ត​ថា​ ប្រពន្ធ​ហៅ​២-៣​ដង​ អត់​ងើប​សោះ​ ក៏​ស្ដីបន្ទោស​ ហើយ​ជេរ​ផង​ ពេល​នោះ​បុរស​ជា​ប្ដី​បាន​ខឹង​ ត្រឡប់​មក​ផ្ទះ​ក៏​ឈ្លោះ​ទាស់​ទែង​គ្នា​ រួច​យក​ដែក​ចម្រឹង​បង្អួច​វាយ​ចំ​ពី​លើ​ក្បាល​តែ​ម្ដង​ ឃើញ​ដូច្នេះ​ម្ដាយ​ក្មេក​ចូល​ទៅ​ឃាត់​ក៏​ត្រូវ​លោក​កូន​ប្រសា​ទាត់​មួយ​ជើង​ សន្លប់​ឈឹង។

បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ហើយ​ជន​បង្ក​សមត្ថកិច្ច​កំពុង​តែ​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់​លើ ​បន្ត​ទៀត៕

គំរាម​កំហែង​ និង​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ញឹកញាប់​ទ្រាំ​លែង​បាន​ ប្ដឹង​ឲ្យ​ប៉ូលិស​ចាប់​ប្ដី​ដាក់​គុក

ខេត្ត​កំពត​ ៖​ បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ល្បី​ខាង​គំរាម​កំហែង​ និង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឥត​ស្រាកស្រាន្ត​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​បណ្ដឹង​របស់​ស្ត្រី​ជា​ ប្រពន្ធ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​វិនិច្ឆ័យ​ទោស​តាម​នីតិវិធី។

តាម​សេចក្ដី​រាយការណ៍​របស់​លោក​អនុសេនីយ៍ឯក​ អ៊ុយ​ វង​ អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ការិយាល័យ​ជំនាញ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ​ អោង​ គឹមឡាយ​ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ភូមិ​ស្វាយផ្អែម​ ឃុំ​វត្តអង្គ​ខាង​ជើង​ ស្រុក​បន្ទាយមាស​ ប្ដឹង​ចោទ​ប្រកាន់​ថា​ ប្ដី​របស់​ខ្លួន​ឈ្មោះ​ សំ​ ចេន​ អាយុ​២៨​ឆ្នាំ​ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ខណៈ ខ្លួន​ទើប​តែ​សម្រាល​កូន​បាន​ត្រឹម​បួន​ខែ។​ បន្ទាប់​ពី​ទទួល​បណ្ដឹង​ និង​សេចក្ដី​រាយការណ៍​ពី​ស្ត្រី​រងគ្រោះ​ ដោយ​មាន​ការ​ចង្អុល​ណែនាំ​ពី​លោក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ និង​យោង​តាម​ការ​បញ្ជា​របស់​លោក​វរសេនីយ៍ឯក​ស្នង​ការ​ ទើប​កម្លាំង​នៃ​ការិយាល័យ​ជំនាញ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​មុខ​សញ្ញា​ឈ្មោះ​ សំ​ ចេន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នេះ​តែ​ម្ដង​ ហើយ​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនល្មើស​ទៅ​កាន់​តុលាការ​ពី ​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដើម្បី​វិនិច្ឆ័យ​ទោស​តាម​ច្បាប់។

សូម​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ស្ត្រី​ឈ្មោះ​ អោង​ គឹមឡាយ​ បាន​បី​កូន​អាយុ​៤​ខែ​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ប្ដឹង​ចោទ​ប្រកាន់​ប្ដី​របស់​ខ្លួន​ថា​បាន​ប្រើ​អំពើ​ ហិង្សា​មក​លើ​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។​ ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​នូវ​ដំណើរ​រឿង​របស់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ដឹង​ ថា​ កាល​ពី​ឆ្នាំ​ ២០០២​ នាង​បាន​រៀបការ​ជាមួយ​បុរស​ឈ្មោះ​ សំ​ ចេន​ ដោយ​រស់​នៅ​ជាមួយ​ម្ដាយ​បង្កើត។​ ប៉ុន្តែ​បន្ទាប់​ពី​រៀបការ​បាន​បួន​ខែ​ ម្ដាយ​របស់​នាង​បាន​លា​ចាក​លោក​ បន្សល់​ទុក​នាង​ឲ្យ​ក្លាយ​ជា​កូន​កំព្រា​ក្រោម​ការ​គ្រប់គ្រង​របស់​ប្ដី​ហើយ ​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​មាន​កូន​៣​នាក់​ក្នុង​បន្ទុក។​ អោង​ គឹមឡាយ​ បន្ត​ទៀត​ថា​ លុះ​ពេល​ប្រសូត​បាន​កូន​មួយ​ ប្ដី​របស់​នាង​គិត​តែ​ពី​ដើរ​លេង​ល្បែង​ស៊ីសង​ មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ​ លុះ​ពេល​នាង​និយាយ​ណែនាំ​ គាត់​បែរ​ជា​ជេរ​ប្រមាថ​ដោយ​ពាក្យ​សម្ដី​មិន​គប្បី​ ព្រម​ទាំង​រក​រឿង​វាយ​ដំ​គ្រប់​ពេល។​ ព្រោះ​តែ​គ្មាន​អ្នក​ជួយ​ធ្វើ​ការងារ​បែប​នេះ​ នាង​បាន​ទុក​ចោល​ស្រែ​ពីរ​ឲ្យ​នៅ​ទំនេរ​ ដោយ​មិន​បាន​ធ្វើ​ស្រូវ​សោះ។​ ក្រោយ​មក​ពេល​កំណើត​កូន​ទីពីរ​បាន​៧​ខែ​ ដល់​រដូវ​ច្រូត​កាត់​ ប្ដី​របស់​នាង​បាន​ចាក​ចេញ​ពី​ផ្ទះ​ដោយ​ប្រាប់​ថា​ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ព្រោះ​ខ្ជិល​ធ្វើ​ស្រែ។​ ប៉ុន្តែ​រយៈ​ពេល​ពីរ​ខែ​ប៉ុណ្ណោះ​ ក៏​ត្រឡប់​មក​វិញ​ទាំង​គ្មាន​បាន​លុយ​កាក់​បន្តិច​ណា​ទេ​ ហើយ​ថែម​ទាំង​ចេះ​ផឹក​ស្រា​ លេង​ស្រី​ និង​ប្រព្រឹត្ត​ល្បែង​ស៊ីសង​លើស​ដើម។​ ពេល​នាង​ហាម​ឃាត់​មិន​ឲ្យ​លេង​ មិន​ឲ្យ​ផឹក​ គាត់​តែង​សម្លុត​គំរាម​ មិន​ឲ្យ​ត​មាត់​ ហើយ​បើ​ហ៊ាន​រឹង​ទទឹង​គាត់​នឹង​វាយ​ដំ​មិន​អនុគ្រោះ​ទេ។​ ព្រោះ​តែ​ខ្លាច​ប្ដី​ និង​ខ្លួន​ស្ថិត​ក្នុង​ភាព​កំព្រា​មាន​តែ​ខ្លួន​មួយ​ ម្ល៉ោះ​ហើយ​នាង​សុខ​ចិត្ត​ស៊ូទ្រាំ​រស់​នៅ​ទាំង​វេទនា​ មិន​ហ៊ាន​តវ៉ា​អ្វី​ឡើយ។​ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ពេល​នាង​សម្រាល​កូន​ទី​បី​បាន​៤​ខែ​ នាង​បាន​ទៅ​ស្ទូង​ស្រែ​ដែល​ជា​ចំណែក​ប្ដី​នៅ​ផ្ទះ​ម្ដាយ​ក្មេក​ ក៏​កើត​រឿង​វាយ​តប់​ព្រោះ​តែ​ពាក្យ​សម្ដី​បន្តិចបន្តួច។​ ស្ត្រី​រងគ្រោះ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ខណៈ​ពេល​ប្ដី​របស់​នាង​កំពុង​ភ្ជួរ​ស្រែ​ ស្រាប់​តែ​មាន​ស្ត្រី​ពីរ​នាក់​បាន​មក​សុំ​ស្ទូង​ តែ​នាង​មិន​ព្រម​ ព្រោះ​ដឹង​ថា​ ស្រី​ៗ​នោះ​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​ប្ដី​របស់​នាង​ ម្យ៉ាង​ទៀត​ភ្ញៀវ​សម្រាប់​ស្ទូង​មាន​គ្រប់គ្រាន់​ហើយ។​ គ្រាន់​តែ​និយាយ​បាន​បន្តិច​ ប្ដី​របស់​នាង​បាន​ស្ទុះ​ទៅ​យក​តម្ពក់​សម្រាប់​វាយ​គោ​មក​វាយ​នាង​ត្រូវ​ ត្រង់​ត្រគាក​ភ្លៅ​ស្ដាំ​ចំនួន​៣​តម្ពក់​ បណ្ដាល​ឲ្យ​ដួល​ទៅ​លើ​ដី។​ បន្ទាប់​មក​នាង​ក៏​បី​កូន​តូច​បម្រុង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ តែ​ត្រូវ​ប្ដី​របស់​នាង​តាម​វាយ​ត្រង់​ក្បាល​ចំនួន​ពីរ​ដៃ​ និង​យក​ដុំ​ឥដ្ឋ​គំរាម​គប់​សម្លាប់​ទៀត​ តែ​បាន​បងប្អូន​ជួយ​ឃាត់​ ហើយ​ជូន​ទៅ​ដល់​ផ្ទះ។​ ពេល​ប្ដី​របស់​នាង​មក​ដល់​ផ្ទះ​ បាន​គំរាម​ឲ្យ​នាង​ព្រម​ធ្វើ​អ្វី​ៗ​ទាំងអស់​តាម​ចិត្ត​របស់​គេ​ បើ​មិន​ដូច្នោះ​ទេ​ គេ​នឹង​វាយ​ដំ​រហូត​ដល់​ស្លាប់។​ ព្រោះ​តែ​មាន​ការ​ភ័យ​ខ្លាច​ នាង​ក៏​នាំ​កូន​ទាំង​បី​នាក់​ទៅ​ដេក​នៅ​ផ្ទះ​អ៊ំ​ម្នាក់​ឈ្មោះ​ ចន​ នៅ​ក្បែរ​នោះ​ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ ពូ​របស់​នាង​បាន​ជូន​មក​ខេត្ត​ដើម្បី​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ប្ដី ​កំណាច​រូប​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​តែ​ម្ដង។

ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​ឃាត់​ខ្លួន​ ជន​ល្មើស​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ប្រពន្ធ​មែន៕

ខឹង​សុំ​លុយ​ប្រពន្ធ​ជាង​ពីរ​ពាន់​រៀល​សង​ថ្លៃ​ស្រា​មិន​ឲ្យ​ យក​ពូថៅ​កាប់​ត្រូវ​ជា​ច្រើន​កន្លែង

ព្រៃវែង​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​ប្ដី​របស់​ខ្លួន​កាប់​ហើយ​វាយ​នឹង​ខ្នង​ពូថៅ​ឲ្យ​រង​ របួស​ចំនួន​៥​កន្លែង​ ដោយ​សារ​រឿង​សុំ​លុយ​ចំនួន​២.២០០​រៀល​ យក​ទៅ​សង​ថ្លៃ​ស៊ី​ផឹក​ជា​មួយ​មិត្ត​ភក្ដិ​មិន​ឲ្យ។

រឿង​ហេតុ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៧​និង​២០​នាទី​យប់​ ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំងលាវ​ ឃុំ​ចាម​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង។

ប៉ូលិស​ស្រុក​កំពង់​ត្របែក​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​នោះ​ឈ្មោះ​ ថោង​ សារុន​ អាយុ​​៣៥​ឆ្នាំ​ ប្ដី​ឈ្មោះ​ មុំ​ សាខន​ អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​លាវ​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ មុំ​ សាខន​ បាន​ទៅ​ផឹក​ស៊ី​នៅ​ផ្ទះ​ សុខ​ ធា​ ជាមួយ​មិត្ត​ភក្ដិ​ម្នាក់​ទៀត​ឈ្មោះ​ ខន​ អស់​ស្រា​ជា​ច្រើន​លីត្រ​ រហូត​ដល់​យប់​ម្នាក់​ៗ​ស្រវឹង​ហើយ​ក៏​បែក​ជួរ​គ្នា​មក​ផ្ទះ​រៀង​ៗ​ខ្លួន។​ តែ​ មុំ​ សាខន​ មក​ដល់​ផ្ទះ​ក៏​ទារ​លុយ​ប្រពន្ធ​ចំនួន​ ២.២០០​រៀល​ យក​ទៅ​សង​ថ្លៃ​ស៊ី​ផឹក។​ ពេល​ប្រពន្ធ​មិន​ព្រម​ឲ្យ​ ក៏​ស្ទុះ​ទៅ​ទាញ​ពូថៅ​មក​កាប់​ត្រូវ​ប្រពន្ធ​ចំ​លើ​ត្រចៀក​ខាង​ឆ្វេង​មួយ​ ពូថៅ​ដួល​នៅ​លើ​ផ្ទះ​ និង​កាប់​ត្រូវ​បាត​ដៃ​ឆ្វេង​មួយ​ពូថៅ​ ហើយ​វាយ​ត្រូវ​ស្មង​ជើង​ទាំងពីរ​ចំនួន​៣​ខ្នង​ពូថៅ​ទៀត​ ហើយ​ស្ត្រី​ ថោង​ សារុន​ ក៏​ក្រោក​រត់​ចុះ​ពី​លើ​ផ្ទះ​មក​ឲ្យ​ម្ដាយ​ឪពុក​ជួយ​ និង​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ចាប់​ឃាត់​ខ្លួន​តែ​ម្ដង។

តាម​ចម្លើយ​សារភាព​របស់​ មុំ​ សាខន​ បាន​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ដឹង​ថា​ នៅ​ល្ងាច​នោះ​គេ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផឹកស៊ី​ជាមួយ​មិត្ត​ ភក្ដិ​ស្រវឹង​ខ្លាំង​ពេក។​ លុះ​មក​ដល់​ផ្ទះ​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​ ២.២០០​រៀល​យក​ទៅ​សង​ថ្លៃ​ផឹក​ស៊ី​ តែ​ប្រពន្ធ​មិន​ឲ្យ​កើត​មាន​ការ​ខឹង​មួម៉ៅ​ ក៏​ទាញ​ពូថៅ​កាប់​ប្រពន្ធ​តែ​ម្ដង​ទៅ។

បច្ចុប្បន្ន​ជន​ល្មើស​ មុំ​ សាខន​ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កំពង់ត្របែក​បញ្ជូន​មក​កាន់​តុលាការ​ខេត្ត​ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​ កក្កដា​ នេះ​ ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​តាម​ផ្លូវ​ច្បាប់៕

គ្រាន់​តែ​ដាំ​បាយ​ជ្រាយ​ ទាញ​កាំបិត​កកុក​ កាប់​ក្បាល​ប្រពន្ធ​រង​របួស

ខេត្ត​កំពង់ឆ្នាំង​៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​គ្រាន់​តែ​ប្រពន្ធ​ដាំបាយ​ជ្រាយ​លោក​ ប្ដី​គាត់​មក​​ពី​ធ្វើ​ការ​ឡូឡា​មិន​ពេញ​ចិត្ត​ក៏​ទាញ​កាំបិត​កកុក​ដង​វែង​ មក​កាប់​ក្បាល​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួស​ជា​មធ្យម​ហើយ​ត្រូវ​បាន​​បញ្ជូន​ មក​កាន់​មន្ទីរពេទ្យ​ខេត្ត។

ចំណែក​អ្នក​បង្ក​របួស​ស្នាម​ត្រូវ​ប៉ូលិស​ស្រុក​កំពង់ឆ្នាំង​ចាប់​ឃាត់​ ខ្លួន​ជន​រងគ្រោះ​ឈ្មោះ​ យឹម​ គឹមស្រី​ អាយុ​៣៨​ឆ្នាំ​បាន​​និយាយ​នៅ​ក្នុង​មន្ទីរពេទ្យ​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ប្រមាណ​១៣​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០០៨​ នៅ​ពេល​ប្ដី​របស់​គាត់​មក​ពី​ធ្វើការ​ដល់​ផ្ទះ​នៅ​ក្នុង​ភូមិ​កណ្ដាល​ ឃុំ​កំពង់ឆ្នាំង​​ ស្រុក​កំពង់ឆ្នាំង​គាត់​ក៏​បាន​រៀប​បាយ​សម្ល​ឲ្យ​ប្ដី​ហូប​ពេល​នោះ​​គ្រាន់​ តែ​ដួស​បាយ​ដាក់​ចាន​ឃើញ​បាយ​ជ្រាយ​ភ្លាម​ប្ដី​របស់​គាត់​ក៏​ឡូឡា​រក​រឿង​តែ ​ម្ដង។

ក្រោយ​ពី​រក​រឿង​ជេរ​បញ្ចោរ​មិន​អស់​ចិត្ត​ស្រាប់​តែ​​ប្ដី​គាត់​បាន​ទាញ ​យក​​កាំបិត​កកុក​ដង​វែង​មក​យារ​កាប់​គាត់​ពី​ក្រោយ​ខ្នង​ ពេល​គាត់​ងាក​ក្រោយ​ទាន់​ហើយ​យក​ដៃ​ទាំង​២​រង​ចំ​ដង​កាំបិត​ក៏​ក្រឡាច់​​ដង​ មក​វិញ​ហើយ​ប្ដី​​គាត់​ក៏​កាប់​មក​លើ​ក្បាល​គាត់​ខាង​ខ្នង​កាំបិត​បណ្ដាល​ ឲ្យ​រយះ​ក្បាល​រង​របួស​រួច​ត្រូវ​បាន​បងប្អូន​ជិត​ខាង​ដឹក​មក​ព្យាបាល​​របួស ​ក្នុង​មន្ទីរពេទ្យ​ខេត្ត។ ចំណែក​ប្ដី​របស់​គាត់​ត្រូវ​ប៉ូលិស​ប៉ុស្ដិ៍​ ឃុំ​កំពង់ឆ្នាំង​ឃាត់​ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ កំពង់ឆ្នាំង​​ដើម្បី​សាកសួរ​ធ្វើ​សំណុំ​រឿង​នៅ​មុខ​សមត្ថកិច្ច​ ឡាច​ ដារ៉ា​ ឆ្លើយ​ថា​ គាត់​បាន​យក​ដែក​វាយ​ក្បាល​ប្រពន្ធ​មិន​បាន​សារភាព​ថា​ យក​កាំបិត​កាប់​ក្បាល​ប្រពន្ធ​ទេ។

ឈ្មោះ​ យឹម​ គឹមស្រី​​ ជា​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​រឿង​ហេតុ​នេះ​គាត់​មិន​សុខចិត្ត​ទេ​ គឺ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាម​ច្បាប់​ចុះ​ចំណែក​គាត់​ប្រហែល​​ជា​អស់​ចិត្ត ​ជា​​ប្ដី​ប្រពន្ធ​ពេល​នេះ​ហើយ។ ក្រោយ​ពី​ការ​ជាមួយ​គ្នា​បាន​កូន​៣​នាក់​មក​ជាង​១០​ឆ្នាំ​ហើយ​ មិន​ដែល​បាន​សុខ​ទេ​គឺ​ឈ្លោះ​គ្នា​ប្រកែក​គ្នា​រហូត​​ ហើយ​ពេល​នេះ​ហ៊ាន​កាប់​ក្បាល​គាត់​សម្លាប់​ចោល​ទៀត​នេះ​បាន​គាត់​​យក​ដៃ​រង​ កាំបិត​ធ្វើ​ឲ្យ​ក្រឡាច់​ដង​កាំបិត​ទេ​បើ​បណ្ដោយ​ឲ្យ​គេ​កាប់​ខាង​ផ្លែ​ កាំបិត​វិញ​នោះ​ក្បាល​គាត់​ពិត​ជា​រយះ​ជា​​២​ស្លាប់​ជា​ពុំ​ខាង​ឡើយ។

ដោយ​ឡែក​សមត្ថកិច្ច​គេ​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​​ជួប​គ្នា​ ផ្សះផ្សា​​គ្នា​ទោះ​បី​ពុំ​​​មាន​ការ​ស្រុះស្រួល​គ្នា​ទេ​នោះ​ទើប​ សមត្ថកិច្ច​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​​ព្រោះ​គេ​យល់​ថា​ លោក​ ឡាច​ ធារ៉ា​ ក៏​ជា​មន្ត្រី​រាជការ​សាលា​ស្រុក​មួយ​រូប​ដែរ​​មិន​គួរ​មាន​បញ្ហា​ដូច្នេះ​ ឡើយ។

រឿង​នេះ​អាស្រ័យ​លើ​ជនរងគ្រោះ​តែ​ប៉ុណ្ណោះ​ បើ​គេ​ប្ដឹង​គឺ​អ្នក​បង្ក​របួស​ស្នាម​ពិត​ជា​មាន​ទោស​ជាប់​ពន្ធនាគារ​ ហើយ​ទោះ​អ្នក​នោះ​ជា​អ្វី​​ក៏​ដោយ៕

ឪពុក​ចាក់​ម្ដាយ​ កូន​ស្រី​អាយុ​ ១១​ឆ្នាំ​ ទាញ​ចប​ជីក​វាយ​ក្បាល​ឪពុក​របួស​ធ្ងន់

ខេត្ត​កំពង់​ឆ្នាំង​ ៖​ ប្ដី​ប្រពន្ធ​ពីរ​នាក់​ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ បន្ទាប់​ពី​រង​របួស​ដោយ​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩​ព្រឹក​ ថ្ងៃ​ទី​ ១១​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ នៅ​លំនៅ​ឋាន​ ភូមិ​អន្លង់​ត្រាច​ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹកផុស​ ព្រោះ​តែ​រឿងរ៉ាវ​ដក​ឫស​ឪឡឹក​មក​ត្រាំ​ស្រា។​ បុរស​ជា​ប្ដី​បាន​រង​របួស​ជា​ទម្ងន់​ ឈ្មោះ​ អ៊ុំ​ ពឿន​ អាយុ​ ៥០​ឆ្នាំ​ ចំណែក​ប្រពន្ធ​រង​របួស​ស្រាល​ឈ្មោះ​ ស៊ុន​ ស៊ុំ​ អាយុ​ ៣២​ឆ្នាំ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ប្ដី​គាត់​ផឹក​ស្រា​ស្រវឹង​ ហើយ​បាន​ទៅ​ដក​ឫស​ឪឡឹក​អ្នក​ជិត​ខាង​យក​មក​លាយ​ស្រា.ស​ ផឹក​ទៀត​ ពេល​នោះ​គាត់​ជា​ប្រពន្ធ​បាន​ហាម​កុំ​ឲ្យ​ដក​បំផ្លាញ​របស់​គេ​ និង​ម្យ៉ាង​ទៀត​ ឫស​ឪឡឹក​លាយ​ស្រា.ស​ផឹក​ទៅ​អាច​ពុល​ស្លាប់​ ពេល​គាត់​ហាម​នោះ​ក៏​ឈ្លោះ​ទាស់​សំដី​គ្នា​ ហើយ​ប្ដី​ទារ​លុយ​ពី​គាត់​៤.០០០​រៀល​ទៀត​ តែ​គាត់​មិន​ឲ្យ​ទេ។​ ក្រោយ​មក​ប្ដី​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់​ស្មាន​ថា​ ប្ដី​គាត់​ទៅ​ដេក​ ស្រាប់​តែ​ចេញ​មក​វិញ​កាន់​កាំបិត​ចិត​បន្លែ​ដង​លឿង​មក​ជាមួយ​ហើយ​បាន​ដេញ​ ចាក់​គាត់​រត់​វក់​វី​ពេញ​ផ្ទះ​ សំណាង​ល្អ​គាត់​ចាប់​ដៃ​បាន​ក៏​ប្រឹង​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​ជួយ​ ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​ចូល​ជួយ​ទេ​ ពេល​នោះ​កូន​ស្រី​គាត់​ឈ្មោះ​ អ៊ុំ​ ស្រីលីន​ អាយុ​ ១១​ឆ្នាំ​ បាន​ឮ​សម្រែក​គាត់​ក៏​ស្ទុះ​ចូល​ជួយ​គាត់​ជា​ម្ដាយ។​ ពេល​កូន​ស្រី​គាត់​ស្ទុះ​ចូល​មក​ជួយ​វា​បាន​កាន់​ចប​ជីក​មក​ជាមួយ​ហើយ​បាន​ វាយ​ក្បាល​ឪពុក​នឹង​ផ្លែ​ចប​ជីក​ផ្ទួន​ៗ​គ្នា​ ដើម្បី​ឲ្យ​ឪពុក​របស់​គេ​លែង​គាត់។

ដោយសារ​តែ​ការ​វាយ​យក​តែ​ពី​ឈ្នះ​ដៃ​ ក្បាល​របស់​ឪពុក​បាន​រង​របួស​ជា​ច្រើន​កន្លែង...ស្ត្រី​ជា​ប្រពន្ធ​បាន​ អះអាង​ថា​ គាត់​មាន​កូន​ ៥​នាក់​ គឺ​កូន​បង​ ២​នាក់​ជា​កូន​ប្ដី​មុន​ ដែល​ស្លាប់​ទៅ​ ហើយ​ចំណែក​ ៣​នាក់​ក្រោយ​គឺ​កូន​បង្កើត​រវាង​ប្ដី​រូប​នេះ​ ផ្ទះ​គាត់​មាន​លក់​ចាប់ហួយ​កំប៉ិកកំប៉ុក​តិច​តួច​មាន​លក់​ស្រា​ផង​ដែរ។​ ដោយ​មាន​លក់​ស្រា​នេះ​ហើយ​ ទើប​ប្ដី​គាត់​ស្រវឹង​ឥត​លស់​ថ្ងៃ​ ព្រោះ​ពេល​មាន​ភ្ញៀវ​ចូល​ផឹក​ស្រា​ ប្ដី​គាត់​ក៏​ផឹក​នឹង​គេ​ដែរ​ ក្រោយ​ផឹក​ស្រវឹង​ប្ដី​តែង​រក​រឿង​វាយ​ប្រពន្ធ​កូន។​ មួយ​ថ្ងៃ​មុន​កើត​ហេតុ​ប្ដី​គាត់​បាន​សំលៀង​កាំ​បិត​ទៅ​កាប់​ដើម​ត្រឡាច​ ដែល​កំពុង​ផ្លែ​ជា​ច្រើន​ចោល​អស់​ (៤-៥​ គុម្ព)​ និង​បាន​ហែក​សំបុត្រ​កំណើត​ចោល​អស់​២​ច្បាប់​ តែ​ពុំ​ដឹង​ថា​របស់​នរណា​ទេ​ ព្រោះ​គាត់​ពុំ​ចេះ​អាន​អក្សរ។

ដោយ​ឡែក​បុរស​ជា​ប្ដី​វិញ​ប្រឹង​និយាយ​ថា​ ប្រពន្ធ​បាន​ចាប់​ពងស្វាស​គាត់​ជាប់​ គាត់​អត់​ហ៊ាន​រើ​ទេ​ ព្រោះ​ខ្លាច​ច្របាច់​ខ្លាំង​ថែម​ទៀត​ពេល​ប្រទូសរ៉ាយ​នោះ​ ហើយ​ស្រែក​ឲ្យ​កូន​ស្រី​វាយ​គាត់​ទៀត​ ដោយ​សារ​រឿង​នេះ​ហើយ​ទើប​កូន​វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ។​ គ្រូពេទ្យ​និយាយ​ថា​ បុរស​ជា​ប្ដី​របួស​ក្បាល​ដេរ​ជាង​១០​ថ្នេរ​ ប្រពន្ធ​របួស​ស្រាល​ដោយ​ត្រូវ​ប្ដី​គាត់​ចាក់​១​កាំបិត។​ នេះ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​គ្មាន​នរណា​ចំណេញ​នោះ​ទេ...បើ​សិន​ ប្រពន្ធ​មិន​ឲ្យ​កូន​ជួយ​វាយ​ទេ​ ច្បាស់​ជា​ឪពុក​នោះ​ ចាក់​ប្រពន្ធ​ស្លាប់​មិន​ខាន៕

ប្ដី​-ប្រពន្ធ​ស្រវឹង​ស្រា​ដូចគ្នា​កើត​ហិង្សា​ស្លាប់​ប្រពន្ធ​ ប្ដី​ជាប់​គុក​បន្សល់​កូន​អាយុ​១៣​ឆ្នាំ​ គ្មាន​ទី​ពឹង​

ខេត្ត​បាត់ដំបង​៖ បុរស​ប្រមឹក​ម្នាក់​ត្រូវ​​សមត្ថកិច្ច​នគរបាល​ មូលដ្ឋាន​ចាប់​ខ្លួន​ប៉ុន្មាន​ម៉ោង​ក្រោយ​បន្ទាប់​ពី​ធ្វើ​បុណ្យ​សព​ប្រពន្ធ ​រួច​ដោយ​ចោទ​ប្រកាន់​ពី​បទ​​ប្រើ​ហិង្សា​វាយ​សម្លាប់​​ប្រពន្ធ​​កាល​ពី​ ព្រលប់​ថ្ងៃ​ទី​៦​ មិថុនា​ នៅ​នឹង​ផ្ទះ​របស់​ខ្លួន​​ដែល​ស្ថិត​នៅ​ភូមិ​ចម្ការ​​ស្រូវ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក។

លោក​ ណែប​ លឿម​ មេ​ភូមិ​បារាំង​​ធ្លាក់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ជន​ដៃ​ដល់​វាយ​សម្លាប់​​ប្រពន្ធ​នេះ​ឈ្មោះ​ ដន​ ហ៊ីង​ អាយុ​​ ៣៦​ ឆ្នាំ​ បាន​ប្រើ​អង្រែ​បុក​គ្រឿង​​ទំហំ​ប៉ុន​ក​ដៃ​ប្រវែង​​ជិត​កន្លះ​ម៉ែត្រ​វាយ​ទៅ ​លើ​ប្រពន្ធ​ឈ្មោះ​ យន់​ យ៉េន​ អាយុ ​៣៣​ ឆ្នាំ​ ត្រូវ​កញ្ចឹង​ក​ចំនួន​៣​អង្រែ​បណ្ដាល​ឲ្យ​សន្លប់។ លោក​មេ​ភូមិ​បាន​ប្រាប់​​ទៀត​ថា​ ក្រោយ​ពេល​វាយ​ប្រពន្ធ​រួច​ហើយ​ ជន​នេះ​បាន​លើក​ប្រពន្ធ​ដាក់​​លើ​គ្រែ​ឆ្អើរ​ភ្លើង​​ចំនួន​៣​យប់​៤​ថ្ងៃ​ ដោយ​រង​របួស​ធ្ងន់​ពេក​ប្រពន្ធ​ក៏​ស្លាប់​ទៅ។ មេ​ភូមិ​បាន​រាយការណ៍​បន្ត​ទៀត​ថា​ ប្រពន្ធ​របស់​បុរស​នេះ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ហើយ​បាន​ធ្វើ​បុណ្យ​សព​ប្រពន្ធ​រួច​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ត្រូវ​បាន​ សមត្ថភាព​​មូលដ្ឋាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ជា​ប្ដី។ លោក​មេ​ភូមិ​ឲ្យ​ដឹង​​ទៀត​ថា​ កូន​ប្រុស​អាយុ​១៣​ឆ្នាំ​​ម្នាក់​របស់​គ្រួសារ​នេះ​កំពុង​​គ្មាន​ទីពឹង​​ ក្រោយ​ពេល​ម្ដាយ​ស្លាប់​ ហើយ​ឪពុក​ត្រូវ​ជាប់​គុក។ មេ​ភូមិ​ដដែល​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ថា​ ប្ដី​-ប្រពន្ធ​នេះ​តែង​ផឹក​ស្រា​ស្រវឹង​រៀងៗ​ខ្លួន​ស្ទើរ​រាល់​ថ្ងៃ​ ហើយ​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​គ្មាន​ទំនេរ​ទេ​ ចំណែក​គាត់​ជា​មេ​ភូមិ​ខ្ជិល​ដោះស្រាយ​ណាស់​ ព្រោះ​ឈ្លោះ​គ្នា​ញឹកញាប់​ពេក។

បើ​យើង​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ឈ្មោះ​ ដន​ ហ៊ីង​ បាន​ប្រាប់​ថា​ ខ្លួន​ពិត​ជា​បាន​យក​អង្រែ​បុក​គ្រឿង​​វាយ​ប្រពន្ធ​មែន​ដោយសារ​ខឹង​​ប្រពន្ធ ​ខ្លួន​ផឹក​ស្រា​ស្រវឹង​​រួច​ទៅ​លួច​ផ្ដិល​ជ័រ​កន្លែង​គេ​លក់​ ហើយ​ម្ចាស់​គេ​តាម​មក​ទារ​លុយ​ដល់​ផ្ទះ​ធ្វើ​ឲ្យ​ខ្លួន​ខ្មាស​គេ​ ទើប​ខ្លួន​ខឹង​ទាញ​អង្រែ​សំពង​ចំនួន​៣​អង្រែ​ត្រូវ​កញ្ចឹង​.ក​សន្លប់​ស្ដូក​ តែ​ម្ដង។ ជន​នេះ​និយាយ​ថា​ បន្ទាប់​ពី​វាយ​ប្រពន្ធ​ឲ្យ​របួស​ហើយ​​ខ្លួន ​ក៏​លើក​ប្រពន្ធ​ដាក់​លើ​គ្រែ​ឆ្អើរ​ភ្លើង​រហូត​៣​យប់​៤​ថ្ងៃ​ ដោយ​ប្រពន្ធ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា​ ហើយ​ខ្លួន​​ក៏​រៀបចំ​ធ្វើ​បុណ្យ​សព​ប្រពន្ធ​ រួច​ភ្លាម​ខ្លួន​ក៏​ដើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​តែ​ម្ដង។ បុរស​នេះ​បាន​ពោល​ទាំង​សោកស្ដាយ​ថា​ គាត់​ព្រួយបារម្ភ​ពី​កូន​ប្រុស​​គាត់​ម្នាក់​អាយុ​១៣​ឆ្នាំ​មិន​ដឹង​រស់​នៅ​ ជាមួយ​អ្នក​ណា​ នៅ​ពេល​គាត់​ត្រូវ​​គេ​បញ្ជូន​ចូល​គុក។

​លោក​ សារ៉េត​ ពិសេដ្ឋ​ អធិការ​រង​នគរបាល​ស្រុក​ភ្នំ​ព្រឹក​និយាយ​ថា​ រឿង​នេះ​បង្ក​ឡើង​ដោយ​ក្រុម​គ្រួសារ​​ខ្លួន​ឯង​ ហើយ​សុទ្ធ​តែ​​ជា​អ្នក​ចេះ​សេព​គ្រឿង​ស្រវឹង​ទាំង​ប្ដី​ប្រពន្ធ​​ក៏​បង្ក​ ជម្លោះ​រាល់​ថ្ងៃ​មិន​ឈប់​ឈរ​បែប​នេះ​ទៅ។ ទោះ​ជា​យ៉ាង​ណា​ ជន​ដៃ​ដល់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​ខេត្ត​ហើយ៕

ហិង្សា​ក្នុង​គ្រួសារ​ ៖​ ឪពុក​ស្លាប់​ ប្រពន្ធ​ -​ កូន​ និង​ក្មួយ​ក្លាយ​ជា​អ្នក​ទោស​

ខេត្ត​កណ្ដាល​ ៖​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​អាច​ចាត់​ទុក​ថា​ មាន​សភាព​អាក្រក់​យ៉ាង​ខ្លាំង​ បាន​កើត​ឡើង​បណ្ដាល​ឲ្យ​បុរស​ជា​ឪពុក​ស្លាប់​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ និង​ពួក​កូន​ៗ​បាន​ក្លាយ​ទៅ​ជា​អ្នក​ទោស​សម្លាប់​មនុស្ស​ ក្នុង​នោះ​កូន​ម្នាក់​ និង​ក្មួយ​ម្នាក់​បាន​គេច​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​ផង​ដែរ។​ តាម​ប្រភព​ព័ត៌មាន​ថា​ ហេតុការណ៍​ដែល​បាន​កើត​ឡើង​នោះ​ គឺ​បន្ទាប់​ពី​បុរស​ជា​ប្ដី​ផឹក​ស្រា​ស្រវឹង​យក​កាំបិត​រក​ប្រពន្ធ​ តែ​កូន​ៗ​បាន​នាំ​គ្នា​ចូល​ឃាត់​ហើយ​ទំនង​ជា​ការ​រុញ​ច្រាន​គ្នា​ផង​ ទើប​ជន​ដែល​ស្រវឹង​បាន​ដួល​ផ្ងារ​ក្រោយ​ត្រូវ​កាំបិត​ជុង​ក​ស្លាប់។​ ដោយសារ​តែ​ការ​តក់ស្លុត​ សាកសព​បុរស​ជា​ឪពុក​ត្រូវ​បាន​នាំ​ទៅ​ចង​ពន្លិច​ទឹក​ក្នុង​បំណង​បំបិទ​ ភស្តុតាង​ តែ​មិន​អាច​បិទ​បាំង​បាន​ក៏​បែក​ធ្លាយ​រហូត​មាន​ការ​ផ្អើល​ឆោឡោ​នៅ​វេលា​ រសៀល​ ថ្ងៃ​ទី​ ២​ មិថុនា។

តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ៤​នាក់​ ម្ដាយ​ និង​កូន​ក្នុង​ចំណោម​៦​នាក់​ បាន​ត្រូវ​ប៉ូលិស​ស្រុក​មុខ​កំពូល​ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ ខេត្ត​កណ្ដាល​ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​បន្ទាប់​ពី​អ្នក​ទាំង​៤​នាក់​ម្ដាយ​ និង​កូន​នេះ​មាន​ទំនាស់​ក្នុង​គ្រួសារ​ ដោយសារ​បុរស​ជា​ប្ដី​ និង​ជា​ឪពុក​បាន​ផឹក​ស្រា​ស្រវឹង​លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​រក​រឿង​ ប្រពន្ធ​ដោយ​យក​កាំបិត​គំរាម​អារ.ក​ ប្រពន្ធ​ តែ​ត្រូវ​បាន​កូន​ៗ​ចូល​ឃាត់​ និង​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​ដណ្ដើម​កាំបិត​ពី​ឪពុក​ក៏​ដួល​ផ្ងារ​ក្រោយ​ បណ្ដាល​ឲ្យ​កាំបិត​ជង់​លិច​បំពង់​ក​ស្លាប់​ភ្លាម​មួយ​រំពេច។​ ហេតុការណ៍​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​ ៣១​ ឧសភា​ នៅ​ផ្ទះបាយ​របស់​ជន​រងគ្រោះ​ស្ថិត​ក្នុង​ភូមិ​ក្បាល​កោះ​ ឃុំ​កោះ​ដាច់​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល។​ បន្ទាប់​ពី​រឿងរ៉ាវ​នេះ​បាន​បែក​ការណ៍​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កណ្ដាល​ បាន​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​រក​សាកសព​ជន​រងគ្រោះ​ ក៏​ប្រទះ​ឃើញ​នៅ​ក្នុង​ទន្លេ​មេគង្គ​ក្រោយ​ផ្ទះ​នា​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​ ២​ មិថុនា​ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ និង​កូន​៤​នាក់​ នៅ​ថ្ងៃ​ទី​ ៣​ មិថុនា​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ខេត្ត​កណ្ដាល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ មិថុនា។

មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​មាន​ប្រពន្ធ​ និង​កូន​ដែល​ត្រូវ​ឃាត់​ខ្លួន​ចំនួន​៤​នាក់​នេះ​រួម​មាន​ ១-​ ឈ្មោះ​ ទុយ​ តុងហាន​ អាយុ​៤៦​ឆ្នាំ​ ត្រូវ​ជា​ប្រពន្ធ​ជន​រងគ្រោះ​ ២-​ ឈ្មោះ​ ស៊ុយ​ សុខ​ហេង​ ភេទ​ ស្រី​ អាយុ​ ២១​ឆ្នាំ​ ជា​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ (ត្រូវ​ជា​កូន)​ ៣-​ ឈ្មោះ​ ស៊ុយ​ សុខហៀង​ ភេទ​ ស្រី​ អាយុ​ ១៩​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ព្រះយុគន្ធរ​ ក្រុង​ភ្នំពេញ​ (ត្រូវ​ជា​កូន)​ ៤-​ ឈ្មោះ​ ស៊ុយ​ ស៊ីហាប់​ ភេទ​ ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ព្រែក​ហ្លួង​ ស្រុក​ខ្សាច់​កណ្ដាល​ ត្រូវ​ជា​កូន។​ ចំណែក​ជន​សង្ស័យ​២​នាក់​ទៀត​បាន​គេច​ខ្លួន​ ដែល​ម្នាក់​ជា​កូន​ និង​ម្នាក់​ជា​ក្មួយ​ ហើយ​ត្រូវ​គេ​អះអាង​ថា​ ជា​ជន​ដៃ​ដល់​មាន​ឈ្មោះ​ ស៊ុយ​ ស៊ីហាក់​ ភេទ​ ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជា​កូន​ និង​ជា​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាក់​ខែង​ និង​ម្នាក់​ទៀត​ឈ្មោះ​ ចៅ​ ឧត្ដម​ ភេទ​ ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ព្រែក​ហ្លួង​ ស្រុក​ខ្សាច់​កណ្ដាល​ ត្រូវ​ជា​ក្មួយ។​ មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ជន​រងគ្រោះ​ជា​ប្ដី​ និង​ជា​ឪពុក​ឈ្មោះ​ ស៊ុយ​ តៃរៀម​ អាយុ​ ៤៥​ឆ្នាំ​ មុខរបរ​ធ្វើ​ចំការ​ រស់​នៅ​ក្នុង​ភូមិ​ -​ ឃុំ​ខាង​លើ​រង​របួស​ចំ​បំពង់.ក​ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ខណៈ​ពេល​ដែល​ជន​រងគ្រោះ​ជា​ឪពុក​ប្រវាយ​ ប្រតប់​ដណ្ដើម​កូន​កាំបិត​ជាមួយ​កូន​ប្រុស​ឈ្មោះ​ ស៊ុយ​ ស៊ីហាក់​ រួច​ដួល​ផ្ងារ​ក្រោយ​ហើយ​កូន​កាំបិត​នោះ​ក៏​បាន​ជុង​បំពង់.ក។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​ និង​កូន​ៗ​ទាំង​៤​ដែល​ត្រូវ​ឃាត់​ខ្លួន​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី​ ៣១​ ឧសភា​នោះ​ ប្ដី​គាត់​បាន​ផឹក​ស្រា​ស្រវឹង​យ៉ាង​ខ្លាំង​ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ រក​រឿង​ជេរ​បញ្ចោរ​គាត់​ជា​ប្រពន្ធ​ និង​កូន។​ ពេល​នោះ​កូន​ៗ​បាន​ឃាត់​ តែ​ឪពុក​គេ​ពុំ​ព្រម​ស្ដាប់​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​វាយ​កម្ទេច​ប្រដាប់​ខារ៉ាអូខេ​ និង​អាគុយ​ដែល​កូន​ៗ​កំពុង​ច្រៀង​លេង​នោះ​ខ្ទេច​អស់។​ បន្ទាប់​មក​ប្ដី​គាត់​បាន​យក​កាំបិត​ប៉័ងតោ​មក​ជន្ល​រក​អារ.ក​គាត់​ ដោយ​ចាប់​បោច​សក់​គាត់​ឲ្យ​ងើយ​ក្បាល​ឡើង​លើ​ពេល​នោះ​កូន​ស្រី​ឈ្មោះ​ សុខ​ហៀង​ បាន​ស្ទុះ​ទៅ​ចាប់​ប្រតាយ​យក​កាំបិត​ចេញ​ពី​ដៃ​ឪពុក។​ ខណៈ​នោះ​ឪពុក​គេ​បាន​ស្ទុះ​ចូល​រោង​បាយ​យក​កូន​កាំបិត​ចិត​បន្លែ​ចុង​ស្រួច​ ដង​ជ័រ​មក​ភ្ជង់.ក​ គាត់​ជា​ប្រពន្ធ​ទៀត​ ពេល​ឃើញ​ដូច្នេះ​កូន​ប្រុស​របស់​គេ​ឈ្មោះ​ ស៊ី​ ហាប់​ បាន​រត់​ទៅ​ហៅ​បង​ប្រុស​របស់​គេ​ឈ្មោះ​ ស៊ីហាក់​ ដែល​ធ្វើ​ប៉ូលិស​ និង​នៅ​ដេក​ផ្ទះ​ជីដូន​ក្បែរ​នោះ​ឲ្យ​មក​ជួយ​ឃាត់​ឪពុក​ផង។​ ខណៈ​ពេល​កូន​ឈ្មោះ​ ស៊ីហាក់​ និង​ក្មួយ​ឈ្មោះ​ ចៅ​ ឧត្ដម​ មក​ដល់​ក៏​និយាយ​អង្វរ​សុំ​កូន​កាំបិត​ពី​ឪពុក​ តែ​ឪពុក​មិន​ព្រម​ឲ្យ​ និង​នៅ​តែ​គំរាម​រក​ចាក់​សម្លាប់​គាត់​ជា​ប្រពន្ធ​ដោយ​ឃើញ​សភាព​បែប​នោះ​កូន ​ប្រុស​ច្បង​ដែល​ធ្វើ​ប៉ូលិស​ក៏​ចូល​ទៅ​ប្រតាយ​ដណ្ដើម​កូន​កាំបិត​ពី​ឪពុក។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​បន្ត​ថា​ ពេល​ឪពុក​ និង​កូន​ប្រតាយ​គ្នា​នោះ​ គាត់​ និង​កូន​ៗ​ឯ​ទៀត​បាន​រត់​គេច​ចេញ​ពី​ផ្ទះ។​ ក្នុង​ខណៈ​នោះ​ឪពុក​ដែល​កំពុង​ស្រវឹង​ដាប​ផង​ បាន​ដួល​ផ្ងារ​ក្រោយ​ហើយ​កូន​ក៏​ដួល​ទ្រោប​ពី​លើ​ស្រាប់​តែ​កូន​កាំបិត​នោះ​ បាន​ជង់​ជាប់​បំពង់.ក​ ឪពុក​បាញ់​ឈាម​ក្រហម​ច្រាល​ស្លាប់​ភ្លាម​ទៅ។​ ពេល​ឪពុក​ស្លាប់​នេះ​ ទាំង​ម្ដាយ​ និង​កូន​ស្រី​ពុំ​បាន​នៅ​ទេ​ គឺ​នាំ​គ្នា​រត់​ចេញ​ពី​ផ្ទះ​ទៅ​ពួន​សំងំ​នៅ​ផ្ទះ​ជិត​នោះ​ឲ្យ​ផុត​ពី​ការ​ គំរាម​សម្លាប់​ព្រោះ​បាន​កូន​មក​ជួយ​ឃាត់។​ ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​ឃើញ​ឪពុក​ស្លាប់​បែប​នេះ​កូន​ប្រុស​ច្បង​ ឈ្មោះ​ ស៊ុយ​ ស៊ីហាក់​ និង​ប្អូន​ជីដូន​មួយ​ ឈ្មោះ​ ចៅ​ ឧត្ដម​ មាន​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​យក​កំណាត់​កៅស៊ូ​ និង​កន្ទេល​មក​រុំ​សព​ រួច​ចង​ជាប់​ជាមួយ​គម្រប​ពាង​ដែល​ធ្វើ​អំពី​ស៊ីម៉ងត៍​ហើយ​សែង​យក​ទៅ​ទម្លាក់ ​ក្នុង​ទឹក​ទន្លេ​មេគង្គ​ក្រោយ​ផ្ទះ​ទាំង​យប់​នោះ​ទៅ។​ បន្ទាប់​មក​ពួក​គេ​ទាំង​២​នាក់​ ក៏​បាន​រត់​គេច​ខ្លួន​តែ​មុន​ពេល​គេច​ខ្លួន​បាន​និយាយ​ប្រាប់​ម្ដាយ​ថា​ ឪពុក​ស្លាប់​ហើយ​ និង​បាន​យក​សព​ទៅ​ពន្លិច​ក្នុង​ទន្លេ។​ រឿងរ៉ាវ​ក្នុង​រង្វង់​គ្រួសារ​នេះ​បិទបាំង​មិន​ជិត​ទើប​បែក​ការណ៍​ដល់​ ប៉ូលិស​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ ហើយ​ក៏​ចុះ​មុជ​រាវ​រក​ក្នុង​ទឹក​ទន្លេ​ប្រទះ​ឃើញ​សាកសព​ និង​លើក​យក​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​ រួច​ធ្វើ​ការ​បូជា​តាម​ប្រពៃណី​ដោយ​អ្នក​ភូមិ​ចូលរួម។

ពេល​នេះ​ទាំង​ម្ដាយ​ និង​កូន​៤​នាក់​ ត្រូវ​បាន​តុលាការ​ធ្វើ​សាកសួរ​រួច​ចោទប្រកាន់​ពី​បទ​បាន​រួម​គំនិត​ក្នុង​ អំពើ​មនុស្ស​ឃាត​ទៅ​លើ​ប្ដី​ និង​ឪពុក​ និង​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​ការ​ស្រាវជ្រាវ។

តើ​ជន​ទាំង​៤​នាក់​នេះ​ពាក់ព័ន្ធ​ឬ​ក៏​យ៉ាង​ណា?​ ចំណែក​២​នាក់​ដែល​គេច​ខ្លួន​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ស្វែងរក​ចាប់​ខ្លួន ​ផង​ដែរ។​ នេះ​ជា​សោកនាដកម្ម​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយសារ​តែ​បុរស​ជា​ប្ដី ​ ជា​ឪពុក​ ស្រវឹង​ស្រា​មក​រក​រឿង​ប្រពន្ធ​កូន៕

ក្រសួង​កិច្ចការ​នារី​ផ្ដួចផ្ដើម​ផលិត​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​រឿង​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់​ប្ដូរ”​ គ្រោង​ដាក់​បញ្ចាំង​ឆាប់ៗ​នេះ

ភ្នំពេញ​ ៖​ ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​មួយ​ដែល​មាន​ចំណង​ជើង​ថា​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ"​ ឬ "Power to Change"​ គ្រោង​នឹង​ធ្វើការ​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​ទូទៅ​ទស្សនា​នៅ​ក្នុង​ពេល​ ឆាប់ៗ​នេះ​ក្នុង​គោលបំណង​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​កាត់បន្ថយ​ការ​ ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​សម្រាប់​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ស្ដីពី​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ខ្នាត ​ខ្លី​រឿង​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ"​ ឬ​ "Power to Change"​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ កន្លង​មក​នៅ​ឯ​សណ្ឋាគារ​ អ៊ីមភើវៀល​ ក្រុង​ភ្នំពេញ​នោះ​ លោកស្រី​វេជ្ជបណ្ឌិត​ អឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ខ្សែ​ភាពយន្ត​ខ្នាត ​ខ្លី​រឿង​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ"​ ឬ​ "Power to Change"​ នេះ​ផលិត​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​កិច្ច​ការ​នារី​ ក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ តាមរយៈ​គម្រោង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ នៃ​អង្គការ​ GTZ។

លោកស្រី​វេជ្ជបណ្ឌិត​ អឹង​ កន្ថាផាវី​ បាន​បន្ត​បង្ហាញ​ឲ្យ​ដឹង​ថា​ ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោកស្រី​ Anji Loman Field​ និង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Khmer Mekong Films​ ។​ ខ្សែ​ភាពយន្ត​នេះ​ផលិត​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​ កាត់បន្ថយ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ សម្រាប់​ប្រទេស​កម្ពុជា​ដោយ​ការ​ដាក់​បញ្ចាំង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​ CTN​ និង​នៅ​ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ វេលា​ម៉ោង​ ៥​ និង​ ៣០​ នាទី​ល្ងាច​ នៅ​ Meta House​ អាសយដ្ឋាន​លេខ​ ៦​ ផ្លូវ​លេខ​ ២៦៤​ (ជិត​វត្ត​ បុទុមវតី)​ ក្រុង​ភ្នំពេញ​ ។

ខ្សែ​ភាពយន្ត​រឿង​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ"​ មាន​រយៈ​ពេល​ចំនួន​ ៣០​ នាទី​ ផលិត​ឡើង​ក្រោម​ការ​ដឹកនាំ​សំដែង​ដោយ​លោក​ សោម​ តុម​ និង​ចូលរួម​សំដែង​ដោយ​លោក​ អឿ​ ហយ,​ នៅ​ ឧត្ដម,​ មាស​ ហ្សាណ​ និង​តារា​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

លោកស្រី​វេជ្ជបណ្ឌិត​ អឹង​ កន្ថាផាវី​ បាន​បន្ត​ប្រសាសន៍​លើក​ឡើង​ថា​ សព្វថ្ងៃ​នេះ​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​រស់នៅ​របស់​យើង​ទាំង​អស់​គ្នា​ ។​ បញ្ហា​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​សង្គម​ ក្នុង​នេះ​មាន​ផ្នែក​សុខុមាលភាព​ និង​សេដ្ឋកិច្ច​ជា​ដើម​ ដែល​ចាំបាច់​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ទប់ស្កាត់​ និង​រួម​ចំណែក​កាត់បន្ថយ​ឲ្យ​បាន។

សាច់​រឿង​នៃ​ខ្សែ​ភាពយន្ត​ "ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ"​ មាន​ដំណើរ​សង្ខេប​ដូច​តទៅ "​លោក​ សុខ​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​នាង​ ធីតា​ មាន​អាថ៌កំបាំង​មួយ​ដ៏​អាក្រក់​ ។​ វា​គឺ​ជា​រឿង​មួយ​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ បាន​លាក់​បាំង​ពី​អ្នក​ជិត​ខាង​ និង​សាច់ញាតិ​របស់​ខ្លួន​ ។​ ប៉ុន្តែ​អាថ៌កំបាំង​ដ៏​អាក្រក់​នោះ​ចេះ​តែ​លេច​ឮ​ឡើង​ ។​ លោក​ សុខ​ ធ្លាប់​ជា​ប្ដី​ដ៏​ល្អ​ម្នាក់​ នៅ​ក្នុង​ទិដ្ឋភាព​ជា​ច្រើន​ក៏​ប៉ុន្តែ​គាត់​មាន​ចំណុច​ខ្សោយ​មួយ​ ។​ នៅ​ពេល​ដែល​គាត់​ខឹង​សម្បា​ ឬ​កើត​ទុក្ខ​គាត់​តែង​តែ​លើក​កណ្ដាប់​ដៃ​វា​ដំ​ទៅ​លើ​ប្រពន្ធ​ជា​ទី​ស្រលាញ់ ​របស់​គាត់។​ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​ចេះ​នៅ​ពេល​ដែល​គាត់​ចង់​សំដែង​អាកប្បកិរិយា​ របស់​គាត់។​ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​គ្រប់​គ្នា​មិន​ត្រឹម​តែ​សមាជិក​គ្រួសារ​របស់​ខ្លួន​ អ្នក​ជិត​ខាង​ និង​មិត្ត​ភក្ដិ​បាន​ចាប់​កត់​សំគាល់​ឃើញ​ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ​របស់​នាង ​ ធីតា​ នោះ​ទីបំផុត​លោក​ សុខ​ ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យ​ប្រឈម​មុខ​ជាមួយ​នឹង​អាកប្បកិរិយា​របស់​គាត់។​ ដោយ​មាន​ជំនួយ​ខ្លះ​ៗ​ពី​មិត្ត​ភក្ដិ​ និង​ក្រុម​គ្រួសារ​លោក​ សុខ​ អាច​នឹង​រៀន​សូត្រ​ដើម្បី​ផ្លាស់ប្ដូរ​ខ្លួន​ប្រសិន​បើ​គាត់​មាន​ឆន្ទៈ​ កែប្រែ​នោះ។​ នេះ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​មួយ​នៃ​ដំណើរ​ជីវិត​របស់​លោក​ សុខ​ តែ​ប៉ុណ្ណោះ​ប៉ុន្តែ​វា​គឺ​ជា​ការ​ចាប់ផ្ដើម​មួយ​ដែល​អាច​នឹង​ទទួល​ជោគជ័យ​ បាន!"៕

ខឹង​ពេក​ទាញ​បុ័ង​តោ​បិទ​ភ្នែក​កាប់​ប្ដី​ ស្ទើរ​សុសសាច់​បំណង​ឲ្យ​ស្លាប់​ តែ​ចុង​ក្រោយ​មក​មើល​ថែ​ប្ដី​នៅ​មន្ទីរ​ពេទ្យ

ពោធិ៍សាត់​ ៖ បុរស​ពិការ​ជើង​ម្ខាង​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​របស់​ គាត់​កាប់​ចិញ្ច្រាំ​រាប់​សិប​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​មាន​ជម្លោះ​នៅ​ក្នុង​គ្រួសារ​មួយ។ ប៉ុន្តែ​ចុង​ក្រោយ​ប្រពន្ធ​បាន​មក​មើល​ថែ​ប្ដី​ នៅ​មន្ទីរ​ពេទ្យ​ព្យាបាល​របួស។

ករណី​ខាង​លើ​នេះ​ បាន​កើត​មាន​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ ស្ថិត​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​អូរកាប៉ោង​ ឃុំ​អូរកាប៉ោង​ ស្រុក​បាកាន។ ជន​រង​គ្រោះ​ជា​ប្ដី​មាន​ឈ្មោះ​ ភឿង​ ផល​ អាយុ​៤៦​ឆ្នាំ​ពិការ​ជើង​ឆ្វេង​ដាច់​មួយ​កំណាត់​ក្នុង​សម័យ​សង្គ្រាម​ ទសវត្សរ៍​ឆ្នាំ​៩០។ ចំណែក​ប្រពន្ធ​ដែល​ជា​ជន​ដៃ​ដល់​មាន​ឈ្មោះ​ សោម​ ស៊ីណន​ អាយុ​៣៤​ឆ្នាំ​ រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ហើយ​​មាន​កូន​ប្រុស​ម្នាក់​ប៉ុណ្ណោះ​អាយុ​ជាង​៦​ឆ្នាំ។ ប្រពន្ធ​ដៃ​ដល់​បន្ទាប់​ពី​​កាប់​ប្ដី​បម្រុង​ផ្ដាច់​ជីវិត​នោះ​ មិន​បាន​រត់​គេច​ទេ​ ដោយ​បាន​ជូន​ប្ដី​មក​ពេទ្យ​ ហើយ​មក​មើល​ថែរក្សា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ឧសភា​នេះ។

ប៉ូលិស​និង​អាជ្ញាធរ​មូលដ្ឋាន​ មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ប្ដី​(​ជន​រង​គ្រោះ​)​និយាយ​ថា​ មិន​ប្ដឹង​ផ្ដល់​ឲ្យ​គេ​ចាប់​ឃុំ​ប្រពន្ធ​ខ្លួន​ទេ​ ដោយ​និយាយ​ថា​ អាណិត​ប្រពន្ធ​ឲ្យ​ទៅ​មើល​កូន​ម្ដាយ​ចាស់​ជរា​ និង​មើល​ ជ្រូក​មាន់​ទា។

ស្ត្រី​ដៃ​ដល់​ជា​ប្រពន្ធ​និយាយ​ថា​ ប្ដី​របស់​គាត់​តែងតែ​រក​រឿង​គាត់​គ្រប់​ពេល​ឲ្យ​តែ​ផឹក​ស្រា​ស្រវឹង​ និង​ប្រច័ណ្ឌ​ប្រពន្ធ​ទៀត​ផង។ ប៉ុន្តែ​ប្រពន្ធ​និយាយ​ថា​ កាត់​មាន​រាង​ស្វិត​គ្រជីវ​ហើយ​មាន​ជំងឺ​ខ្សោយ​បេះដូង​ទៀត​ និង​ជំងឺ​ក្រពះ​ប្រចាំ​កាយ​មាន​នរណា​គេ​បេតី​ គាត់​ចេះ​តែ​ប្រច័ណ្ឌ​មិន​ដឹង​មុខ។
ស្ត្រី​ដៃ​ដល់​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ គាត់​ទៅ​ធ្វើ​ជា​ជាង​ផ្ទះ​ឲ្យ​គេ​ហើយ​បាន​ផឹក​ស្រា​ស្រវឹង​នៅ​កន្លែង​ធ្វើ​ ផ្ទះ​នោះ។ ពេល​មក​ដល់​ផ្ទះ​បាន​រក​រឿង​គាត់។ ដោយ​សារ​ពេល​នោះ​ទប់​កំហឹង​មិន​បាន​គាត់​ក៏​បាន​ទាង​កាំ​បិត​បុ័ង​តោ​កាប់​ សាប់​ទៅ​ខ្លួន​ប្ដី​គាត់​ទាំង​បិទ​ភ្នែក​ជា​ច្រើន​កាំបិត​ ហើយ​នឹក​ស្មាន​ថា​ប្ដី​ស្លាប់​ទៅ​ហើយ​។ ក្នុង​ពេល​នោះ​ក៏​មាន​អ្នក​ភូមិ​មក​ដល់​ហើយ​ជួយ​ប្ដី​គាត់ តែ​ប្ដី​គាត់​មិន​ទាន់​ស្លាប់។

ស្ត្រី​ដៃ​ដល់​និយាយ​ថា «បើ​ដឹង​ថា​ ប្ដី​មិន​ទាន់​ស្លាប់​គាត់​និង​កាប់​បន្ត​ទៀត​ទាល់​តែ​ស្លាប់»។ ទោះ​ជា​យ៉ាង​ណា​ប្ដី​មិន​ខឹង​និង​ប្រពន្ធ​ទេ​ ពេល​ដេក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​។

ក្រុម​គ្រូ​ពេទ្យ​និយាយ​ថា​ ជន​រង​គ្រោះ​ត្រូវ​របួស​ឡើង​សុស​សាច់​ហើយ​បាន​ចំណាយ​ពេល​វេលា​ដេរ​មុខ​របួស​ ជា​២​ម៉ោង​ឯណោះ​ដែល​មាន​ជាង​១០០​ថ្នេរ​ហើយ​ពិបាក​ដេរ​ទៀត​ផង៕

ខេត្ត​កំពត​ ៖​ ប្ដី​លែង​ប្រពន្ធ​៣៩​ករណី​ ប្រពន្ធ​លែង​ប្ដី​១១៩​ករណី

ស្ត្រី​ដែល​ចូលរួម​លើក​បង្ហាញ​គំនូរ​ពី​ហិង្សា​ (រូបថត​ កែវឆាត)ខេត្ត​កំពត​ ៖​ វេទិកា​សហគមន៍​ការ​បង្ហាញ​លទ្ធផល​នៃ​គម្រោង​សាកល្បង​លុប​បំបាត់​អំពើ​ហិង្សា ​លើ​ស្ត្រី​ ត្រូវ​បាន​រៀបចំ​ដោយ​អង្គការ​លីកាដូ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ មេសា​ កន្លង​មក​នៅ​សាលា​ស្រុក​បន្ទាយមាស​ ខេត្ត​កំពត​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ឆាយ​ សន​ អភិបាល​ស្រុក​ លោក​ វណ្ណ​ សុផាត​ នាយក​ផ្នែក​តស៊ូ​មតិ​លីកាដូ​ កញ្ញា​ អេមី​ លី​ ជា​អ្នក​ស្ម័គ្រចិត្ត​ផ្នែក​ការងារ​សិទ្ធិ​ស្ត្រី​ និង​លោក​ អ៊ុក​ ប៊ុន​ អធិការ​រង​ស្រុក។

លោក​ វណ្ណ​ សុផាត​ នាយក​ផ្នែក​តស៊ូ​មតិ​មក​ពី​អង្គការ​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា​ វេទិកា​សហគមន៍​ការ​បង្ហាញ​លទ្ធផល​នៃ​គម្រោង​សាកល្បង​លុប​បំបាត់​អំពើ​ហិង្សា ​លើ​ស្ត្រី​ ចង់​បង្ហាញ​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ភាគច្រើន​បង្ក​ឡើង​ពី​បុរស​ជា​ប្ដី​ ឯ​អ្នក​រងគ្រោះ​គឺ​ប្រពន្ធ។​ ករណី​ដែល​កើត​ច្រើន​ជាង​គេ​គឺ​នៅ​លើ​ទឹកដី​ខេត្ត​កំពត​តែ​ម្ដង។​ បញ្ហា​នេះ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ជួយ​គាំទ្រ​គម្រោង​របស់​ អង្គការ​ឲ្យ​បាន​ជោគជ័យ។

ស្ត្រី​ជា​ជន​បង្គោល​មក​ពី​ឃុំ​បន្ទាយមាស​មួយ​រូប​ បាន​សំណូម​ពរ​ដល់​ប៉ូលិស​ជួយ​អន្តរាគមន៍​រឿង​ប្ដី​វាយ​ធ្វើ​បាប​ប្រពន្ធ​ជា​ ញឹកញាប់​នា​ពេល​កន្លង​មក​ តែ​ប៉ូលិស​ហាក់​មិន​រវល់​អើពើ​ក្នុង​រឿងរ៉ាវ​ដែល​កើត​មាន​នៅ​ក្នុង​គ្រួសារ​ នេះ​ទេ។​ ស្ត្រី​ម្នាក់​ទៀត​ជា​ជន​បង្គោល​មក​ពី​ឃុំ​ទូក​មាស​បាន​ផ្ដល់​មតិ​ដល់​ វេទិកា​ថា​ ការ​ផ្សព្វផ្សាយ​របស់​ជន​បង្គោល​នៅ​តាម​ភូមិ​ឃុំ​ ពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ដើម្បី​ឲ្យ​បុរស​បាន​យល់​ដឹង​ជា​ពិសេស​ ទាក់ទិន​អំពី​ច្បាប់​បុរស​មិន​មក​ចូលរួម​ស្ដាប់​ការ​ផ្សព្វផ្សាយ​នេះ​ទេ។​ រឿង​នេះ​ជា​ការ​លំបាក​មួយ​របស់​ជន​បង្គោល​ប្រចាំ​ឃុំ។

លោក​ ឆាយ​ សន​ អភិបាល​ស្រុក​បន្ទាយមាស​ មាន​ប្រសាសន៍​ថា​ គម្រោង​របស់​អង្គការ​លីកាដូ​ គឺ​មាន​ការ​គាំទ្រ​ ព្រោះ​ទាក់ទិន​ការ​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​បច្ចុប្បន្ន​ នេះ​កំពុង​តែ​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ នៅ​ក្នុង​ឆ្នាំ​២០០៧​ បើ​តាម​របាយការណ៍​របស់​ប្រធាន​កិច្ចការ​នារី​ខេត្ត​ មាន​ស្ត្រី​សុំ​លែងលះ​ប្ដី​១១៩​ករណី​ និង​ប្ដី​សុំ​លែង​ប្រពន្ធ​មាន​ចំនួន​៣៩​ករណី។​ លោក​អភិបាល​ស្រុក​បាន​សំណូមពរ​ឲ្យ​មន្ត្រី​អង្គការ​លីកាដូ​ និង​ជន​បង្គោល​ប្រចាំ​ភូមិ​ -​ ឃុំ​ជួយ​យក​ចិត្ត​បន្ថែម​ទៅ​លើ​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដើម្បី​សុភមង្គល​ក្នុង​សង្គម​ជាតិ​ទាំង​មូល៕

៥​ប៉័ងតោ​កំហឹង​ប្រពន្ធ​ដើម​ ខឹង​ប្ដី​មាន​ប្រពន្ធ​ចុង

ខេត្ត​កំពង់ចាម​ ៖​ បុរស​ថែ​សួន​ច្បារ​ឈ្មោះ​ ជូ​ វុទ្ធថន​ អាយុ​៥៣​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រកួន​ ឃុំ​ក្រឡា​ ស្រុក​កំពង់​សៀម​ ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​កាប់​តាម​កំហឹង​៥​ប៉័ងតោ​ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ នៅ​លើ​ស្ពាន​គីហ្ស៊ុណា​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ ណា​ ចេ​ ប្រធាន​ការិយាល័យ​គោល​ដៅ​ការពារ​ស្ពាន​គីហ្ស៊ុណា​ប្រាប់​ថា​ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​នៅ​លើ​ស្ពាន​នា​វេលា​ម៉ោង​៩​ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ មេសា​ ឆ្នាំ​២០០៨​ ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ សាន​ សំណាង​ អាយុ​៤៨​ឆ្នាំ​ បាន​ទាញ​ប៉័ងតោ​មក​កាប់​ចិញ្ច្រាំ​លើ​បុរស​ជា​ប្ដី​ឈ្មោះ​ ថន​ ខណៈ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​រួម​ដំណើរ​ជាមួយ​គ្នា។​ លោក​ ណា​ ចេ​ ប្រាប់​បន្ត​ថា​ ខណៈ​ពេល​ម៉ូតូ​ដួល​នៅ​លើ​ស្ពាន​គេ​ឃើញ​បុរស​ជា​ប្ដី​ត្រូវ​របួស​ក្បាល​ ថ្ពាល់​ និង​ស្មា​ សរុប​៥​ប៉័ងតោ​រយៈ​ហូរ​ឈាម​រហាម។​ ភ្លាមៗ​នោះ​កំលាំង​យាម​ប្រចាំ​ការ​ឃើញ​ស្ទុះ​មក​ឃាត់​ និង​ហៅ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ឲ្យ​មក​នាំ​ស្ត្រី​ជា​ប្រពន្ធ​ទៅ ​អធិការដ្ឋាន​ស្រុក​កំពង់ចាម​ ឯ​បុរស​រងគ្រោះ​ក៏​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​បន្ទាន់។

ស្ត្រី​ឈ្មោះ​ សាន​ សំណាង​ ដែល​ជា​អ្នក​ដៃ​ដល់​ឆ្លើយ​ថា​ រូប​គាត់​ជា​ប្រពន្ធ​រៀបការ​ពេញ​ច្បាប់​ជាមួយ​បុរស​ឈ្មោះ​ ជូ​ វុទ្ធថន​ តាំង​ពី​ឆ្នាំ​១៩៧៩​ ព្រម​ទាំង​មាន​កូន​៣​នាក់​ ក្នុង​នោះ​ស្រី​នាក់​បាន​រៀប​ការ​អស់​ហើយ។​ បន្ទាប់​មក​ប្ដី​ក៏​ឆ្លៀត​រត់​ម៉ូតូ​ឌុប​ហើយ​លួច​មាន​ប្រពន្ធ​ចុង​នៅ​ភូមិ​ នាង​គង្គីង​ ឃុំ​សំបួរមាស​ ស្រុក​កំពង់ចាម​ រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ បាន​កូន​ប្រុស​១​ អាយុ​៨​ឆ្នាំ។​ ស្ត្រី​ជា​ប្រពន្ធ​បាន​សារភាព​ថា​ ជា​ញឹកញាប់​ណាស់​ប្ដី​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើ​បាប​លើ​រូប​គាត់​ (សំណាង)​ ដោយ​ទ្រាំ​មិន​បាន​ក៏​ប្ដឹង​មេឃុំ​សុំ​លែងលះ​ពីរ​បី​លើក​មក​ហើយ​ តែ​ប្ដី​មិន​ព្រម​សោះ។​ ស្ត្រី​ដដែល​បាន​និយាយ​ទៀត​ថា​ បន្ត​ពី​នោះ​មក​ គាត់​សង្កេត​ឃើញ​ប្ដី​មាន​អាកប្បកិរិយា​ប្លែក​ គាត់​ក៏​បាន​តាម​ដាន​ដឹង​ហើយ​ថា​ លួច​មាន​ប្រពន្ធ​ចុង​ក្មេង​ជាង​គាត់​ជា​អ្នក​លក់​សណ្ដែក​បណ្ដុះ​ ហើយ​គាត់​ក៏​ប្រាប់​ឲ្យ​ឈប់​ទាក់ទង​ តែ​ប្ដី​មិន​ស្ដាប់​ទេ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ មេសា​ រូបគាត់​បាន​ទៅ​រក​ប្ដី​នៅ​កន្លែង​សួន​ច្បារ​ផ្ទះ​លោក​ឧកញ៉ា​ម្នាក់​ (ប្ដី​គាត់​ស៊ី​ឈ្នួល​ថែ​សួន​ឲ្យ​គេ)​ នៅ​ត្រើយ​ខាង​កើត​ ឃុំ​ទន្លេ​បិទ​ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ។​ ស្រប​ពេល​ជិះ​ម៉ូតូ​ដល់​លើ​ស្ពាន​គីហ្ស៊ុណា​ គាត់​ក៏​សួរ​ទៅ​ប្ដី​ឲ្យ​លែង​នាង​ចុង​នោះ​ចោល​ទៅ​ តែ​ប្ដី​តប​វិញ​ថា​ មិន​លែង​ទេ​យក​ទាំង​២​ ភ្លាមៗ​នោះ​គាត់​ចិត្ត​នឹង​ប្ដី​ក៏​ទាញ​យក​ប៉័ងតោ​សៀត​នៅ​ត្រង់​ពោះ​មក​កាប់ ​ចិញ្ច្រាំ​ជា​ច្រើន​កាំបិត​តែ​ម្ដង។

បុរស​រងគ្រោះ​ ជូ​ វុទ្ធថន​ និយាយ​ប្រាប់​ថា​ មូលហេតុ​ដែល​ប្រពន្ធ​កាប់​គាត់​ដោយ​ប៉័ងតោ​នេះ​មាន​រឿង​វែង​ឆ្ងាយ​ណាស់​តែ​ គាត់​មិន​និយាយ​ទេ​ ព្រោះ​កំពុង​ទទួល​ការ​ព្យាបាល​របួស។​ លោក​ ហង្ស​ វ៉ាន់ចន​ អធិការ​រង​ប៉ូលិស​ស្រុក​កំពង់ចាម​បញ្ជាក់​ថា​ ស្ត្រី​ឈ្មោះ​ សាន​ សំណាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិវិធី​ច្បាប់។

មាន​ព័ត៌មាន​ថា​ ស្ត្រី​ជា​ប្រពន្ធ​ចុង​ក៏​បាន​មក​មើល​ប្ដី​ដែល​របួស​ផង​ដែរ​ក្រោយ​ពេល​នាំ​ដល់​មន្ទីរ​ពេទ្យ៕

កូន​ប្រុស​បង្កើត​វាយ​សម្លាប់​ឪពុក​ ព្រោះ​តែ​ចេះ​អំពើ​ធ្មប់

រលាប្អៀរ​-កំពង់​ឆ្នាំង​៖ វា​ជា​ប្រកាស​មួយ​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​បំផុត​ដែល​កូន​ប្រុស​បង្កើត​វាយ​ សម្លាប់​ឪពុក​ខ្លួន​ឯង​ចោល​សាកសព​នៅ​កណ្ដាល​វាលស្រែ ​ដោយសារ​តែ​ការ​ក្ដៅ​ក្រហាយ​នឹង​អ្នក​ភូមិ​ប្រមាថ​កាត​ទាន​ក្រុម​គ្រួសារ​គេ ​មួយ​ពូជ​ដែល​ជឿ​ថា​ ឪពុក​របស់​ខ្លួន​ចេះ​អំពើ​ធ្មប់។ សាកសព​បុរស​ជា​ឪពុក​នេះ ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម​​ នៅ​វាលស្រែ​ខាង​កើត​វត្ត​ព្រៃ​សំពៅ​ ក្នុង​ភូមិ​ព្រៃ​សំពៅ​ ឃុំ​ប្រស្និប​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង។

ជន​រងគ្រោះ​ឈ្មោះ​ ខាត់​ តុងលី​ អាយុ​៥៦​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ-​ឃុំ​កើត​ហេតុ​ខាង​លើ​ ជន​រងគ្រោះ​មាន​ប្រពន្ធ​ពីរ​មុន​ពេល​ស្លាប់​រស់​នៅ​ជាមួយ​ប្រពន្ធ​ដើម​ រីឯ​ប្រពន្ធ​ចុង​បាន​រត់​ចោល​ទៅ​មាន​ប្ដី​ក្រោយ​មួយ​ទៀត។ នៅ​កន្លែង​កើត​ហេតុ​ ប៉ូលិស​រក​ឃើញ​ដំបង​ឈើ​ជ្រុង​មួយ​ដែល​មាន​ដំដែក​គោល​លិច​ធ្លាយ​ទៅ​ម្ខាង​ ជា​រនុក​ដែល​ឃាតករ​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ។ នៅ​លើ​ក្បាល​ និង​ខ្លួន​សាកសព​មាន​ឃើញ​ស្នាម​របួស​ដែល​ឃាតករ​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ មាន​ដែក​គោល​បណ្ដាល​ឲ្យ​មុត​ និង​របួស​ជា​ច្រើន​កន្លែង។

ក្រោយ​ពេល​កើត​ហេតុ​ ជន​ដៃ​ដល់​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ថា​ គឺ​ជា​កូន​ប្រុស​បង្កើត​របស់​ជនរងគ្រោះ​តែ​ម្ដង​ ហើយ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ផង​ដែរ។ កូន​អកតញ្ញូ​ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ តុង​ ស៊ីឡេង​ អាយុ​២០​ឆ្នាំ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​ដៃ​ដល់​ដែល​ជា​ឃាតករ​សម្លាប់​ឪពុក​ខ្លួន​ឯង​បង្កើត​នេះ​ បាន​ឆ្លើយ​សារ​ភាព​ថា​​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ដាច់​ចិត្ត​សម្លាប់​ឪពុក​ខ្លួន​ឯង​បង្កើត​នេះ​ គឺ​ដោយសារ​តែ​ឪពុក​របស់​គេ​ចេះ​អំពើ​ធ្មប់។ គ្រួសារ​របស់​គេ​មួយ​ពូជ​ត្រូវ​អ្នក​ភូមិ​ស្អប់​ខ្ពើម​ រូប​គេ​ត្រូវ​អ្នក​ភូមិ​ហៅ​អា​កូន​ធ្មប់​ ហើយ​នៅ​ពេល​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​ សាច់​ក្លែម​ត្រូវ​គេ​យក​ទៅ​កិត​នឹង​គូទ​ជា​មុន​សិន​ ទើប​គេ​យក​មក​ស៊ី​ជា​ក្រោយ​ពី​ព្រោះ​តែ​ពួក​គេ​ខ្លាច។

ជន​ដៃ​ដល់​បាន​ឆ្លើយ​សារ​ភាព​ទៀត​ថា​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០០៨​ មាន​អ្នក​ភូមិ​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​ឪពុក​របស់​គេ​ឲ្យ​ទៅ​ជួប​ ដោយសារ​តែ​គាត់​ស្រវឹង​បាន​ឲ្យ​រូប​គេ​ឌុប​ម៉ូតូ​ជូន​ទៅ​ នៅ​ពេល​ត្រឡប់​មក​វិញ​ឱកាស​ល្អ​គេ​ក៏​ធ្វើ​សកម្មភាព​សម្លាប់​តែ​ម្ដង​ទៅ​ ហើយ​ការ​សម្លាប់​នេះ​ គ្មាន​ពិបាក​ទេ​ ពី​ព្រោះ​ឪពុក​របស់​គេ​ស្រវឹង​ឡើង​ទន់​ខ្លួន​ទៅ​ហើយ។

នៅ​ពេល​សម្លាប់​ហើយ​ រូប​គេ​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ជា​ធម្មតា​ ដូចជា​អត់​ដឹង​រឿង។ លុះ​ព្រឹក​ឡើង​ទើប​គេ​ផ្អើល​ឆោឡោ​ និង​ត្រូវ​ប៉ូលិស​មក​ឃាត់​ខ្លួន​គេ​តែ​ម្ដង។

ជន​ដៃ​ដល់​កំពុង​ឃាត់​ខ្លួន​សាកសួរ​នៅ​កន្លែង​ប៉ូលិស​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ៕

ប្រពន្ធ​ចាក់​សម្លាប់​ប្ដី​ ព្រោះ​តែ​បន្ទោស​រឿង​បាត់​ខ្សែ​គោ

ពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ជា​ប្ដី​ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ ចាក់​នឹង​កាំបិត​ចិត​បន្លែ​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ព្រោះ​តែ​រឿង​បាត់​ខ្សែ​គោ​ ដោយ​និយាយ​បន្ទោស​ប្រពន្ធ​ថា​នៅ​ផ្ទះ​មិន​ចេះ​ទុកដាក់។​ ហេតុការណ៍​ប្រពន្ធ​ចាក់​សម្លាប់​ប្ដី​ឯង​ បាន​កើតឡើង​នៅ​ភូមិ​អូរស្ដៅ​ ឃុំ​ស្វាយ​អាត់​ ស្រុក​សំពៅមាស​ ខេត្ត​ពោធិ៍សាត់​ កាល​ពី​វេលា​ម៉ោង​ ៦​យប់​ ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ។

លោក​អធិការ​ស្រុក​សំពៅមាស​បាន​និយាយ​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ដែល​ប្រពន្ធ​ចាក់​នឹង​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ មាន​ឈ្មោះ​ នង​ ប៉ាន​ អាយុ​៥៧​ឆ្នាំ។​ ជនរងគ្រោះ​ត្រូវ​ប្រពន្ធ​ចាក់​ត្រូវ​មួយ​កាំបិត​ ចំ​ក្រោម​ដោះ​ខាង​ឆ្វេង​រង​របួស​ធ្ងន់​ ហើយ​ដឹក​ជិត​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​ក៏​ដាច់​ខ្យល់​ស្លាប់។

ស្ត្រី​ល្មើស​ដោយ​ខឹង​ពេក​ហ៊ាន​ចាក់​សម្លាប់​ប្ដី​ឯង​នេះ​ មាន​ឈ្មោះ​ សយ​ ម៉ៅ​ អាយុ​៥៣​ឆ្នាំ។​ គាត់​ចាក់​ប្ដី​ដោយ​កាំបិត​ចិត​បន្លែ។​ មុន​នឹង​ប្រពន្ធ​ធ្វើ​ឃាត​ប្ដី​ ពួក​គេ​បាន​ឈ្លោះ​ប្រកែក​គ្នា​ដោយ​សារ​ប្ដី​និយាយ​បន្ទោស​ប្រពន្ធ​ថា​ នៅ​ផ្ទះ​មិន​ចេះ​គ្រប់គ្រង​របស់​ទ្រព្យ​ បណ្ដាល​ឲ្យ​បាត់​ខ្សែ​គោ។​ តាម​សម្ដី​របស់​ស្ត្រី​ សយ​ ម៉ៅ​ បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ប្ដី​របស់​គាត់​នេះ​ (អ្នក​ស្លាប់)​ ថ្ងៃ​ណា​ក៏​ស្រវឹង​ស្រា​ដែរ​ ពេល​មក​ដល់​ផ្ទះ​តែង​តែ​រក​រឿង​ប្រពន្ធ​កូន​ជានិច្ច​ មិន​ដែល​ខាន​ថ្ងៃ​ណា​ឡើយ។

ស្ត្រី​ល្មើស​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ បញ្ជូន​មក​អធិការដ្ឋាន​ស្រុក​សំពៅមាស​ តាំង​ពី​ពេល​កើត​ហេតុ​ភ្លាមៗ​ម្ល៉េះ។​ លោក​អធិការ​ស្រុក​ឲ្យ​ដឹង​ថា​ លោក​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់​ ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់៕

ប៉ូលិស​ចាប់​ជន​ល្មើស​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ

ខេត្ត​កំពត​ ៖​ ជន​ល្មើស​មួយ​រូប​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស ​ធ្វើ​ការ​ចាប់​ខ្លួន​ក្នុង​បទ​ប្រើ​អំពើ​ហិង្សា​ ដោយ​យក​ដែក​ស្ន​បាញ់​កង្កែប​ ចាក់​ប្រពន្ធ​ឲ្យ​រង​របួស​ជា​ទម្ងន់​ ដោយសារ​ខឹង​ប្រពន្ធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ខ្លួន។​ ហេតុការណ៍​នៃ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​កើត​ឡើង​នា​វេលា​ម៉ោង​២០​ ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០០៨​ នៅ​ភូមិ​ដូនស៊យ​ ឃុំ​ថ្មី​ ស្រុក​កំពត។

តាម​សម្ដី​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​ល្មើស​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​តាម​បណ្ដឹង​របស់​ឪពុក​ម្ដាយ​ស្ត្រី​ រងគ្រោះ​នេះ​ឈ្មោះ​ សឹក​ ផន​ អាយុ​ ២០​ឆ្នាំ។​ ចំណែក​ជន​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ នូ​ ឡាប​ អាយុ​១៨​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។​ នៅ​ចំពោះ​មុខ​ប៉ូលិស​ជន​ល្មើស​បាន​ដោះសា​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ ព្រោះ​ខ្លួន​ខឹង​នឹង​ប្រពន្ធ​មិន​និយាយ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ខ្លួន។​ ដោយសារ​ថ្ងៃ​កើត​ហេតុ​នោះ​ ប្រពន្ធ​របស់​ខ្លួន​មិន​ដឹង​ទើប​វិលត្រឡប់​មក​ពី​ណា​បាត់​ពី​ផ្ទះ​ចំនួន​បី​ យប់​ តែ​ពេល​សួរ​រក​ហេតុផល​ ប្រពន្ធ​របស់​ខ្លួន​មិនព្រម​ឆ្លើយ​ហើយ​ថែម​ទាំង​ដើរ​សំដៅ​ទៅ​មើល​វីដេអូ​ នៅ​ផ្ទះ​អ្នក​ជិតខាង​ធ្វើ​ព្រងើយ​ ទើប​ខ្លួន​មាន​ការ​ខឹង​សម្បា​ហើយ​ទាញ​យក​ស្ន​បាញ់​កង្កែប​ចាក់​ចំ​ពោះ​តែ​ ម្ដង។

ប៉ូលិស​បន្ត​ទៀត​ថា​ក្រោយ​ពេល​កើត​ហេតុ​ ឪពុក​ម្ដាយ​ជន​រងគ្រោះ​ក៏​ប្ដឹង​មក​សមត្ថកិច្ច​ដើម្បី​ចាប់​ខ្លួន​បញ្ជូន​ទៅ ​តុលាការ​វិនិច្ឆ័យ​ទោស​តាម​ច្បាប់។

ចំណែក​បុរស​ឈ្មោះ​ នូ​ នី​ អាយុ​៤៧​ឆ្នាំ​ ត្រូវ​ជា​ឪពុក​ជន​រងគ្រោះ​បាន​រៀបរាប់​នៅ​មន្ទីរ​ពេទ្យ​ថា​ រវាង​កូន​គាត់​ និង​កូន​ប្រសា​ ទើប​នឹង​រៀបការ​ជាមួយ​គ្នា​ទេ​ តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ រហូត​មាន​ការ​ជួយ​ផ្សះផ្សា​ពី​អាជ្ញាធរ​ឃុំ​ទៀត​ផង។​ ពេល​ក្រោយ​នេះ​ កូន​ប្រសា​របស់​គាត់​បាន​វាយ​ប្រពន្ធ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ធ្វើ​ឲ្យ​នាង​រត់​ទៅ​ភ្នំពេញ​អស់​ពីរ​ថ្ងៃ​ ក្នុង​បំណង​រក​ការងារ​ធ្វើ​ តែ​ដោយសារ​រក​ការងារ​មិន​បាន​ ក៏​ត្រឡប់​មក​វិញ​ជួប​ហេតុការណ៍​អាក្រក់​នេះ​តែ​ម្ដង​ ហើយ​ការ​ចាក់​នេះ​កូន​ប្រសា​របស់​គាត់​បម្រុង​សម្លាប់​ប្រពន្ធ​ចោល​ទៀត​ផង​ ព្រោះ​បន្ទាប់​ពី​ចាក់​ប្រពន្ធ​ឲ្យ​របួស​ហើយ​ គេ​ព្យាយាម​អូស​សំដៅ​ចូល​ព្រៃ​មាន​ទាំង​ពូថៅ​នៅ​នឹង​ដៃ​ ប៉ុន្តែ​បាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ជួយ​អន្តរាគមន៍។​ មិន​តែ​ប៉ុណ្ណោះ​ពេល​គាត់​នាំ​យក​កូន​ស្រី​ដែល​រង​របួស​មកកាន់​មន្ទីរ​ពេទ្យ ​ ត្រូវ​កូន​ប្រសា​រូប​នេះ​ឈរ​រាំង​ផ្លូវ​គំរាម​ឲ្យ​យក​ចេញ​ បើ​អ្នកណា​ហ៊ាន​ជម្នះ​គេ​នឹង​សម្លាប់​ចោល​ដោយ​ពេល​នោះ​មាន​ទាំង​ដន្លង​ប្រុស ​របស់​គាត់​នៅ​ទីនេះ​ដែរ​ តែ​មិន​បាន​ហាម​ឃាត់​កូន​ទេ។​ ដោយសារ​ឃើញ​ស្ថានភាព​កូនស្រី​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ភូមិ​ទើប​គាត់​យក​កូន​ស្រី​មក​ដល់​មន្ទីរ​ ពេទ្យ​ ហើយ​មក​ដល់​ពេល​នេះ​ (ថ្ងៃ​ទី​១​ ខែ​មេសា)​ គ្រូពេទ្យ​វះកាត់​រួចរាល់​ជា​ស្ថាពរ​ ប៉ុន្តែ​កូន​របស់​គាត់​នៅ​ដាក់​អុកស៊ីហ្សែន​នៅ​ឡើយ៕

បុរស​កំណាច​កាប់​ប្រពន្ធ​កូន​ផ្អើល​កណ្ដាល​ អធ្រាត្រ

ខេត្ត​កំពង់​ចាម​៖ សោកនាដកម្ម​ដ៏​រន្ធត់​មិន​នឹក​ស្មាន​ដល់​សម្រាប់​ ​ក្រុម​គ្រួសារ​មួយ​ ដោយ​សារ​តែ​បុរស​ជា​ប្ដី​អាយុ​៤៥​ឆ្នាំ​បាន​យក​ពូថៅ​ទៅ​កាប់​កូន​ប្រុស​ ប៉ុនប៉ង​សម្លាប់​នៅ​​លើ​ផ្ទះ​ និង​កាប់​ត្រូវ​​ថ្ពាល់​ស្ដាំ​ប្រពន្ធ​រយះ​ជ្រុះ​ធ្មេញ​ និង​បាន​ស្លាប់​នា​ពេល​បន្តិច​ក្រោយ​មក។ មិន​តែ​ប៉ុណ្ណោះ​បុរស​រូប​នេះ​ បាន​ព្យាយាម​សម្លាប់​កូន​ៗ​ឲ្យ​អស់​មួយ​ពូជ​ទៀត​ផង​ តែ​ត្រូវ​​បាន​អ្នក​ជិត​ខាង​រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍ ​ទាន់​ពេល។ អំពើ​ហិង្សា​ដ៏​សាហាវ​នេះ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩​ មីនា​ នៅ​ភូមិ​រមូល​ ឃុំ​រអាង​ ស្រុក​កំពង់​សៀម។

យុវជន​រងគ្រោះ​ឈ្មោះ​ នង​ ធី​ អាយុ​២៣​ឆ្នាំ​ ដែល​ត្រូវ​ជា​កូន​បាន​រៀបរាប់​ប្រាប់​នៅ​ក្នុង​អាគារ​សង្គ្រោះ​បន្ទាន់​​នៃ​ មន្ទីរពេទ្យ​ខេត្ត​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​២៩​ មីនា​​ ខ្លួន​បាន​ទៅ​ចូល​រួម​មង្គល​ការ​មិត្ត​ភក្ដិ​ឈ្មោះ​លក្ខ​ និង​បាន​​ផឹក​ស៊ី​រហូត​ស្រវឹង​ លុះ​ដល់​ពេល​យប់​ទើប​មក​ផ្ទះ​វិញ​ ប្រះ​ខ្លួន​ដេក​ទាំង​ផ្កាប់​មុខ។ លុះ​នៅ​ម៉ោង​១២​យប់​ ស្រាប់​តែ​ឪពុក​ឈ្មោះ​ នង​ ទ្រី​ អាយុ​៤៥​ឆ្នាំ​ បាន​យក​ពូថៅ​មក​កាប់​ខ្លួន​ដើម្បី​​សម្លាប់​តែ​ម្ដង​ គឺ​កាប់​ត្រូវ​ក្រោម​បោះ​ដៃ​ផុត​ខាង​ស្ដាំ​១​ពូថៅ​ បន្ទាប់​មក​ក៏​ទៅ​កាប់​ផ្ទៃ​មុខ​​ម្ដាយ​១​ពូថៅ​រយះ​​ហូរ​ឈាម​ស្រោច​ពេញ​ ខ្លួន​ប្រាណ​ និង​បាន​ស្លាប់​នា​ពេល​បន្តិច​ក្រោយ​មក។ យុវជន​ នង​ ធី​ ឲ្យ​ដឹង​ថា​ ខ្លួន​មាន​បងប្អូន​ទាំង​អស់​៧​នាក់។

នាង​ ទ្រី​ ថៃ​ អាយុ​១៦​ឆ្នាំ​ ជា​កូន​ដែរ​ បាន​រៀបរាប់​ពី​ហេតុការណ៍​នោះ​ថា​ ពេល​នាង​កំពុង​ដេក​ក៏​ឮ​សំឡេង​ឪពុក​កាប់​ម្ដាយ​ ភ្លាម​ៗ​នោះ​នាង​ស្ទុះ​ក្រោក​ទៅ​ខ្ទប់​មាត់​​ម្ដាយ​ទាំង​ប្រឡាក់​ឈាម​រួច​ ស្រែក​យំ​ហៅ​អ្នក​ជិត​ខាង​ឲ្យ​ជួយ។ ពេល​ឪពុក​នាង​ជាប់​រវល់​ងាក​ទៅ​រក​កាំបិត​លើ​ផ្ទះ​ នាង​ក៏​ឆ្លៀត​ពេល​ដោះ​គន្លឹះ​ទ្វារ​មុខ​ចុះ​មក​ដី​យ៉ាង​ប្រញាប់ប្រញាល់​ និង​ស្រែក​ហៅ​បងប្អូន​នៅ​ក្នុង​ភូមិ​ឲ្យ​មក​ជួយ។ រយៈពេល​ប្រហែល​៣​នាទី​ប៉ុណ្ណោះ​ ម្ដាយ​នាង​ក៏​បាន​ស្លាប់​ លុះ​បន្តិច​ក្រោយ​មក​អ្នក​ភូមិ​ក៏​មក​ពេញ​មុខ​ផ្ទះ​ ហើយ​បាន​ជួយ​រួម​ជាមួយ​សមត្ថកិច្ច។ នាង​ ទ្រី​ ថៃ​ ឲ្យ​ដឹង​ទៀត​ថា​ នៅ​យប់​កើត​ហេតុ​នេះ​ បងប្អូន​នាង​នៅ​តែ​៥​នាក់​ទេ​ ដែល​ដេក​នៅ​លើ​ផ្ទះ។

ស្ត្រី​ដែល​ត្រូវ​ប្ដី​កាប់​ស្លាប់​នោះ​ឈ្មោះ​ កន​ ធឿន​ អាយុ​៤៥​ឆ្នាំ។ ស្ត្រី​ឈ្មោះ​ កន​ ពៅ​ អាយុ​៤២​ឆ្នាំ​ ជា​ប្អូន​របស់​ស្រី​ដែល​ស្លាប់ ​បាន​ប្រាប់​ថា​ បង​ស្រី​របស់​គាត់​ឈ្មោះ​ កន​ ធឿន ​បាន​រៀបការ​ជាមួយ​ឈ្មោះ​ នង​ ទ្រី​ រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​ដើម​ឆ្នាំ​២០០៨​នេះ​ បង​ថ្លៃ​ប្រុស​តែង​ស្រវឹង​ស្រា​ញឹកញាប់​ណាស់​ និង​តែងតែ​បង្ក​ជម្លោះ​ជាមួយ​ប្រពន្ធ​រហូត​ដល់​យក​កាំបិត​ដេញ​កាប់​កូន​ៗ​ និង​ប្រពន្ធ​ ធ្វើ​ឲ្យ​ម្នាក់​ៗ​ភ័យ​មិន​ហ៊ាន​ដេក​នៅ​ផ្ទះ​ទេ​ គឺ​បាន​សុំ​ផ្ទះ​អ្នក​ភូមិ​ដេក​បណ្ដោះ​អាសន្ន។ មុន​ពេល​កើត​ហេតុ​៣​ថ្ងៃ​ បង​ស្រី​គាត់ ​ដោយ​ទ្រាំ​មិន​បាន ​ក៏​សម្រេច​ចិត្ត​រត់​ទៅ​ប្ដឹង​លោក​មេ​ភូមិ​ ហើយ​ក៏​មាន​ការ​កោះ​ហៅ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ ​បញ្ឈប់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀត។ ជាក់​ស្ដែង​ព្រឹក​ថ្ងៃ​ទី​២៩​ មីនា​ បង​ថ្លៃ​ប្រុស​ចេញ​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​គេ​បាត់​ លុះ​ដល់​ម៉ោង​ជាង​៥​ល្ងាច​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ហូប​បាយ​ជា​​មួយ​ប្រពន្ធ​ និង​កូន​ៗ​ធម្មតា​ ស្រាប់​តែ​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ក៏​មាន​បញ្ហា​អកុសល​នេះ​​កើត​ឡើង​តែ​ ម្ដង។

លោក​ ចក់​ សុខកៅ​ មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ ស្រុក​កំពង់​សៀម​បាន​មាន​ប្រសាសន៍​ថា​ បុរស​ជា​ប្ដី​ឈ្មោះ​​ នង​ ទ្រី​ តែង​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ជា​ញឹកញាប់​ និង​ត្រូវ​បាន​មេ​ភូមិ​ហៅ​ទៅ​អប់រំ​ម្ដង។ នៅ​​យប់​ថ្ងៃ​ទី​២៩​ មីនា​ ក្រោយ​ពេល​កើត​ហេតុ​ ប្រជាពលរដ្ឋ​និង​កម្លាំង​ប៉ុស្តិ៍​រអាង​បាន​ចុះ​ទៅ​ហ៊ុម​ព័ន្ធ​ផ្ទះ​ ខណៈ​បុរស​ជា​ឃាតករ​កាន់​កាំបិត​កកុក​នៅ​ក្នុង​ដៃ ​ឈរ​នៅ​​មាត់​ទ្វារ​មិន​ឲ្យ​អ្នក​​ណា​ចូល​ទៅ​ទេ​ តែ​អ្នក​ភូមិ​នាំ​គ្នា​ទម្លាយ​ជញ្ជាំង​ផ្ទះ​ ទាញ​យក​យុវជន​រងគ្រោះ​ជា​កូន​ឈ្មោះ​ នង​ ធី​ នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។ ស្ថិត​ក្នុង​សភាព​ទាល់​ច្រក​ បុរស​ជា​ឃាតករ​បាន​យក​កាំបិត​កកុក​មក​អារ​បំពង់​ក​ខ្លួន​ឯង​ ហូរ​ឈាម ​លុះ​ពេល​ឈឺ​ពេក​ក៏​ស្ទុះ​រត់​ទៅ​ចង​ក ​បម្រុង​ធ្វើ​អត្តឃាត​ តែ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​បញ្ចាំង​ភ្លើង​ពិល​ឃើញ​ទាន់​ក៏​ស្ទុះ​ទៅ​ចាប់។

លោក​ អ៊ឹម​ សុផល​ មន្ត្រី​ប៉ូលិស​បច្ចេកទេស​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា​ សព​ស្ត្រី​ឈ្មោះ​ កង​ ធឿន​ ជា​ប្រពន្ធ​ត្រូវ​បាន​កាប់​លើ​ថ្ពាល់​ស្ដាំ​រយះ ១.៦០​តឹក​ ឯ​ធ្មេញ​ខ្ទាត​ចម្ងាយ​ ១.៣០​ម៉ែត្រ។ លោក​ ប៉ាក​ ជាតិ​ អធិការ​ប៉ូលិស​ស្រុក​កំពង់​សៀម​ប្រាប់​ថា​ ពេល​បុរស​ជា​ប្ដី​រូប​នេះ ​ស្រវឹង​ស្រា​ម្ដង​ៗ​ តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​លាយ​ឡំ​និង​ការ​ប្រចណ្ឌ​ផង​ដែរ។ ជន​នេះ​ ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ ​តុលាការ៕​

ស្រវឹង​ស្រា​ប្រើ​ហិង្សា​ លើ​ប្រពន្ធ​ពិការ​រហូត​សន្ធប់

ខេត្ត​កំពង់​ចាម​៖ ជាតិ​ជា​មនុស្ស​ស្រី​ពិការ​ជើង​ទាំង​២​នេះ​ វា​ជា​រឿង​អភ័ព្វ​ណាស់​ទៅ​ហើយ​ តែ​រឿង​ឈឺ​ចាប់​ខ្លោចផ្សា​ជាង​នេះ​ទៅ​ទៀត​ គឺ​មាន​ស្វាមី​ជា​មនុស្ស​ប្រមឹក​វាយ​ធ្វើ​បាប​រៀងរាល់​ថ្ងៃ​ រហូត​ដល់​នាង​សន្លប់​បាត់​ស្មារតី​ ហើយ​ត្រូវ​គ្រួសារ​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់​ចាម។ ឯ​ប្ដី​ប្រមឹក​ថ្នឹក​ខាង​វាយ​ប្រពន្ធ​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ បញ្ជូន​ទៅ​តុលាការ​ធ្វើ​ការ​ផ្ដន្ទាទោស​នៅ​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០០៨។

អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០០៨​ភូមិ​ព្រែក​កុយ​ ឃុំ​ព្រែក​កុយ​ ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម។

ជន​បង្ក​ហេតុ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ឈ្មោះ​ម៉ន​ ផាន់ណា​ អាយុ​៤០​ឆ្នាំ​មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​បាន​សារ​ភាព​ថា​ នៅ​ព្រឹក​ថ្ងៃ​១២​ ខែ​មីនា​ ឆ្នាំ​២០០៨​ខ្លួន​បាន​ទៅ​ជួយ​លើក​ជណ្ដើរ​ផ្ទះ​​ឲ្យ​ប្រជាជន​នៅ​ភូមិ​ជាមួយ​ គ្នា​ហើយ​បាន​ផឹក​ស្រា​ស​អស់​ចំនួន​៣​លីត្រ​រហូត​ដល់​ម៉ោង​១២​ខ្លួន​ក៏​ ត្រឡប់​មក​ផ្ទះ​វិញ។

ពេល​មក​ដល់​ផ្ទះ​ខ្លួន​ (ផាន់ណា)​ បាន​សួរ​ប្រពន្ធ​រក​កង់​ជិះ​ តែ​ប្រពន្ធ​មិន​ឆ្លើយ​តប​ ពេល​នោះ​ខ្លួន​ខឹង​ពេក​ ក៏​ច្រាន​ប្រពន្ធ​ដួល​ទៅ​លើ​រនាប​ ស្រាប់​តែ​ប្រពន្ធ​សន្លប់​ខ្លួន​ ក៏​ចុះ​ពី​លើ​ផ្ទះ​ដើរ​បាន​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ ជួប​នឹង​ប៉ូលិស​នាំ​ខ្លួន​មក​សាក​សួរ។

តាម​ការ​រៀបរាប់​របស់​កុមារី​ម៉ន​ សុភ័ស​ អាយុ​១៥​ឆ្នាំ​ត្រូវ​ជា​កូន​អ្នក​ទាំង​២​ (ជន​ដៃ​ដល់​និង​ស្ត្រី​រងគ្រោះ) បាន​ឲ្យ​ដឹង​ថា​ ពេល​ឪពុក​​នាង​មក​ដល់​ផ្ទះ​បាន​សួរ​​រក​កង់​ ពេល​នោះ​នាង​ប្រាប់​ថា​ គេ​​ខ្ចី​បាត់​ទៅ​ហើយ​ បន្ទាប់​មក​ឪពុក​របស់​នាង​ ក៏​ទៅ​សួរ​ម្ដាយ​របស់​នាង​ទៀត​ តែ​ម្ដាយ​នាង​ខឹង​មិន​ឆ្លើយ​ស្រាប់​តែ​ឪពុក​នាង​ចាប់​បោច​សក់​ម្ដាយ​នាង​ដែល ​ពិការ​ជើង​ទាំងពីរ​ទាញ​ផ្ទប់​ទៅ​លើ​រនាប​ ហើយ​វាយ​ជា​ច្រើន​ដៃ​រួច​ច្របាច់.ក​ម្ដាយ​​នាង​រហូត​សន្លប់។

ឃើញ​សភាព​គួរ​ឲ្យ​តក់​ស្លត់​បែប​នេះ​ នាង​សុភ័ស​ ក៏​ស្រែក​ហៅ​ឲ្យ​គេ​ជួយ​តែ​ឪពុក​នាង​បាន​ស្ទុះ​ទៅ​វាយ​នាង​ និង​គំរាម​មិន​ឲ្យ​ហៅ​គេ​ជួយ​ មិន​តែ​ប៉ុណ្ណោះ​ឪពុក​របស់​នាង​បាន​យក​ទូរទស្សន៍​និង​ចាន​ឆ្នាំ​បោក​ចោល​បែក ​ខ្ទេច​អស់។

អ្នក​ស្រី​ឃីម​ ផាន​ អាយុ​៥៧​ឆ្នាំ​ត្រូវ​ជា​ម្ដាយ​ក្មេង​ជន​ដៃ​ដល់​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ អ្នក​ស្រី​កំពុង​អង្គុយ​កាប់​ឆ្អឹង​គោ​ស្ងោ​ស៊ុប​ឲ្យ​កូន​លក់​ ក៏​បាន​ឃើញ​កូន​ប្រសា​ឈ្មោះ​ផាន់ណា​ ដើរ​មក​ផ្ទះ​ក្នុង​លក្ខណៈ​ស្រវឹង​ជោក​ ហើយ​ឡើង​លើ​ផ្ទះ​ស្រែក​ឡូឡា​ និង​ឮ​សូរ​បោក​របស់​របរ​ក្នុង​ផ្ទះ​ក្ដង​ក្ដាំង​ និង​ស្រែក​ជេរ​មក​លើ​អ្នក​ស្រី​ថា​ "មី​កញ្ចាស់​ង៉ែង​មក​ជួយ​កូន​ង៉ែង​ អញ​វាយ​វា​ឲ្យ​ងាប់"។

អ្នកស្រី​ឃីម​ ផាត​ បន្ត​ថា​ពេល​នោះ​អ្នកស្រី​មិន​ហ៊ាន​ចូល​ទៅ​ជួយ​កូន​ទេ ​ព្រោះ​ឃើញ​កូន​ប្រសារ​​ប្រមឹក​កាន់​កាំបិត​​បុ័ងតោ​នៅ​ដៃ​បម្រុង​កាប់​អ្នក ​ស្រី​ទៀត។ ពេល​នោះ​អ្នក​ស្រី​បាន​ជិះ​កង់​ទៅ​ប្ដឹង​ប៉ូលិស​ប៉ុស្តិ៍​​ហើយ​ ក៏​បាន​ឃើញ​កូន​ប្រសារ​កាន់​កាំបិត​ដើរ​តាម​ក្រោយ។

អ្នកស្រី​បញ្ជាក់​ថា​ កូន​របស់​អ្នកស្រី​ឈ្មោះ​ឃឹម​ ឃាង​ អាយុ​៣៨​ឆ្នាំ​ជា​ប្រពន្ធ​ឈ្មោះ​ម៉ន​ ផាន់ណា​ រស់​នៅ​ជាមួយ​គ្នា​​ជិត​អស់​២០​ឆ្នាំ​មក​ហើយ។ ក្រោយ​មក​កូន​ស្រី​របស់​លោក​ស្រី​មាន​ជំងឺ​ឈឺ​រហូត​ស្វិត​ជើង​ទាំង​២​ធ្លាក់ ​ខ្លួន​ពិការ​ ហើយ​ស្ទើរ​តែ​រាល់​ថ្ងៃ​ឈ្មោះ​ផាន់ណា​ បាន​ផឹក​ស្រា​ស្រវឹង​វាយ​ធ្វើ​បាប​ប្រពន្ធ​ ទោះ​បី​អ្នកស្រី​ឃាត់​ ឬ​អង្វរ​យ៉ាង​ណា​ ក៏​កូន​ប្រសារ​ប្រមឹក​មិន​យក​ត្រចៀក​ស្ដាប់​ឡើយ​ ថែម​ទាំង​ជេរ​អ្នក​ស្រី​​ជា​ច្រើន​លើក​ទៀត​ផង​ តែ​អ្នក​ស្រី​ និង​កូន​សុខ​ចិត្ត​ខាំ​មាត់​សង្កត់​ចិត្ត​នៅ​​ស្ងៀម​ តែ​ពេល​នោះ​ទ្រាំ​លែង​បាន​អ្នកស្រី ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ៕

លោកស្រី​អ៊ឹង កន្ថាផាវី​ ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​ជា​អាទិភាព​របស់​ក្រសួង​កិច្ចការ​នារី

គណៈអធិបតី​ក្នុង​កិច្ច​ប្រជុំ​ផែនការ​សកម្មភាព​ជាតិ​ក្រសួង​កិច្ចការ​នារី​ (រូប​ថត ៖ លាងគង់)ភ្នំពេញ​៖ លោកស្រី​អ៊ឹង​ កន្ថាផាវី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​បញ្ជាក់​ថា​ការ​ទប់ស្កាត់​ អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​ជា​អាទិភាព​របស់​ក្រសួង។ លោក​ស្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ ស្ដី​ពី​ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​កាល​ពី​ថ្ងៃ ​ពុធ​កន្លង​មក​នេះ។

លោកស្រី​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ផែនការ​សកម្មភាព​ជាតិ​ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ធ្វើ​រួច ​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ ប៉ុន្តែ​ការ​ដាក់​ជូន​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ផែនការ​សកម្មភាព ​នេះ​មាន​ខ្លឹមសារ​ល្អ​ ប៉ុន្តែ​ហាក់​មាន​របៀប​ដូចជា​របស់​អង្គការ​សង្គម​ស៊ីវិល។ ដោយ​មើល​ឃើញ​បញ្ហា​នេះ​ ទើប​ផែនការ​ត្រូវ​យក​មក​ធ្វើ​ការ​កែ​សម្រួល​ និង​ពិភាក្សា​ជា​ថ្មី​ និង​លើក​ចុង​ក្រោយ។

លោក​ស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ "យើង​សង្ឃឹម​ថា​ ផែនការ​សកម្មភាព​ជាតិ​ក្រោយ​ការ​កែ​សម្រួល​នា​ពេល​នេះ​ និង​ត្រូវ​បាន​អនុម័ត​​ដោយ​រាជរដ្ឋាភិបាល"។ លោក​ស្រី​បន្ត​ថា​ ការ​រៀបចំ​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​ទប់​ស្កាត់​អំពើ​ហិង្សា​នេះ​ សំដៅ​ធ្វើ​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​ គ្រួសារ​ និង​កិច្ច​ការពារ​​ជន​រងគ្រោះ​ និង​ច្បាប់​បង្ក្រាប​លើ​អំពើ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវ​ភេទ។

លោក​ស្រី​ម៉ូនីកា​ លូកេ​ (Monika Lueke) ប្រធាន​ក្រុម​ការងារ​នៃ​គម្រោង​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​អង្គការ​ GTZ បាន​មាន​ប្រសាសន៍​ថា​ ដំណើរ​រៀបចំ​ផែនការ​នេះ​មាន​រយៈពេល​យូរ​ហើយ​ ហើយ​យើង​មាន​អនុសាសន៍​ និង​សូចនាករ​ច្បាស់លាស់​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​ដូចម្ដេច។

លោក​ស្រី​បន្ត​ថា​ ប្រទេស​កម្ពុជា​មាន​ទិសដៅ​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​ដាក់​ចេញ​នូវ​ផែនការ​ សកម្មភាព​ថ្នាក់​ជាតិ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តាម​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍៕

ប្អូន​ស្រី​ចិត្ត​ខ្លាំង​វាយ​សំពង​បង​ស្រី​បង្កើត

ស្ដ្រី​ជា​បង​រង​គ្រោះ​កំពុង​សំរាក​ព្យាយាម​នៅ​ក្នុង​មន្ទីរពេទ្យ​ (រូប​ថត​​បាវិត)ខេត្ត ​ស្វាយ​រៀង​ ៖ស្ត្រី​ជា​ប្អូន​ម្នាក់​បាន​ជាប់​ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​យក​បង្គោល ​របង​វាយ​បង​ស្រី​បង្កើត​រហូត​បាក់​ដៃ​ស្ដាំ​ និង​ជាំ​ភ្លៅ​ស្ដាំ​យ៉ាង​ខ្លាំង។ ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ វេលា​ម៉ោង​៤​ល្ងាច​ នៅ​ភូមិ​ចំរេះ​ ឃុំ​ស្វាយ​ធំ​ ស្រុក​ស្វាយ​ជ្រំ។

ស្ត្រី​រង​គ្រោះ​ជា​បង​ឈ្មោះ​ហែន​ សុធី​អាយុ​៤៨​ឆ្នាំ​ នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​ត្រូវ​ប្អូន​ស្រី​ឈ្មោះ​ហែន​ គោយ​ អាយុ​៤៣​ឆ្នាំ​ វាយ​នឹង​គល់​ឫស្សី​បង្គោល​របង​ប៉ុន.ក​ជើង​បណ្ដាល​ឲ្យ​រង​របួស​បាក់​កួយ​ដៃ​ ស្តាំ​ និង​មួយ​គល់​ឫស្សី​ទៀត​ចំ​ភ្លៅ​ខាង​ស្កាំ​ជាំ​ធ្ងន់ធ្ងរ​ស្ទើរ​បាក់​ឆ្អឹង។ តាម​ស្ត្រី​រងគ្រោះ​ឈ្មោះ​ហែន​ សុធី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ កូន​ស្រី​របស់​គាត់​ (សុធី)​ ឈ្មោះ​អន​ ស៊ីថា​​អាយុ​២០​ឆ្នាំ​បាន​ឈ្លោះ​ជា​មួយ​មីង​ឈ្មោះ​ហែន​ អេ​ អាយុ​៣៩​ឆ្នាំ​ មិន​ដឹង​ជា​រឿង​អ្វី​ទេ​... ពេល​នោះ​រូប​គាត់​ដែល​ជា​ម្ដាយ​​ឃើញ​កូន​ឈ្លោះ​ជា​មួយ​ម្ដាយ​មីង​ក៏​ទៅ​ឃាត់ ​កូន​ រួច​ដេញ​ប្អូន​ស្រី​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​និយាយ​ថា​ អ្នក​ណា​នៅ​ឯ​ណា​ទៅ​កន្លែង​ហ្នឹង​វិញ​ទៅ​កុំ​ឈ្លោះ​គ្នា។

ការ​ឃាត់​មិន​ឲ្យ​ទាស់​គ្នា​នោះ​ ក៏​មាន​ការ​ត​មាត់​គ្នា​ ដោយ​ប្អូន​ស្រី​ចោទ​ថា​ គាត់​កាន់​ជើង​កូន​មិន​សូរ​រក​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​សិន​ទេ​ គិត​តែ​ពី​ដេញ​ឲ្យ​ទៅ​ផ្ទះ​វិញ​ ដូច្នេះ​វា​នៅ​តែ​មិន​ដាច់​ស្រាច់​អញ្ចឹង។ កំពុង​តែ​ជជែក​គ្នា​ ស្រាប់​តែ​ប្អូន​ស្រី​ម្នាក់​ទៀត​នៅ​ខាង​កើត​នោះ​បាន​មក​ដល់​ (ហែន​ គោយ) ក៏​កាន់​ជើង​ប្អូន​ស្ត្រី​ឈ្មោះ​ហែន​ អេ​ ស្រែក​ថា​ បើ​ចិត្ត​មិន​ដាច់​ទុក​ឲ្យ​អញ​ជា​អ្នក​កាត់​ក្ដី។ និយាយ​បណ្ដើរ​ដើរ​តម្រង់​ទៅ​ជិត​រូប​គាត់​ជា​បង​បណ្ដើរ​រួច​ចាប់​ដក​បង្គោល​ របង​ឫស្សី​ប៉ុន​ កជើង​ពី​មុខ​ផ្ទះ​គាត់​វាយ​ទៅ​លើ​គាត់​តម្រង់​ក្បាល​ តែ​គាត់​លើក​ដៃ​រង​ចំ​កួយ​ដៃ​បាក់​ឆ្អឹង​តែ​ម្ដង​ និង​វាយ​មួយ​គល់​ឫស្សី​​ទៀត​ចំ​ភ្លៅ​ពេល​នោះ​ប្អូន​ស្រី​ដើម​ជម្លោះ​ និង​អ្នក​ជិត​ខាង​ក៏​ចាប់​ទាញ​ប្អូន​ស្រី​ដៃ​ដល់​ចេញ​ហើយ​បន្ទាប់​មក​ប្អូន​ ស្រី​នោះ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ ឯ​ស្ត្រី​រង​គ្រោះ​ត្រូវ​ប្ដី​នាំ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយ​រៀង​ ដើម្បី​ព្យាបាល៕

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មាន​លក្ខណៈ​ទូទៅ​ និង​ចាក់​ឫស​នៅ​ប្រទេស​កម្ពុជា

ក្រុម​មិត្ត​អប់រំ​មិត្ត​ នៅ​ខេត្ត​សៀមរាប​ពិភាក្សា​អំពី​សុខភាព​បន្តពូជភ្នំពេញ ​ ៖​ «អំពើ​ហិង្សា​ពិសេស​ការ​បំពាន​ក្នុង​គ្រួសារ​ គឺ​មាន​លក្ខណៈ​ទូទៅ​ និង​ចាក់​ឫស​នៅ​ប្រទេស​កម្ពុជា​ដោយ​មិន​សូវ​មាន​វប្បធម៌​បុរេនិច្ឆ័យ​ និង​ការងារ​ដាក់​ទណ្ឌកម្ម​រាងកាយ​ ការ​វាយ​ដំ​ និង​ការ​រំលោភ​សេពសន្ថវៈ»​ ។

នេះ​ជា​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០០៧​ របស់​អង្គការ​ភ្លែន​ ។​ របាយការណ៍​បាន​បន្ត​ថា​ កម្មវិធី​របស់​អង្គការ​ភ្លែន​ ព្យាយាម​បង្កើត​សហគមន៍​មួយ​ដែល​មាន​ សុវត្ថិភាព​សម្រាប់​កុមារ​ ដែល​នៅ​ក្នុង​នោះ​ មនុស្ស​ចាស់​បំពេញ​កាតព្វកិច្ច​ផ្នែក​សីលធម៌​ ក៏​ដូចជា​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក្មេង​ស្រី​អាយុ​៦​ខែ​ នៅ​ខេត្ត​កំពង់​ចាម​ទទួល​សេវា​តាម​ដាន​បន្ត​ផ្នែក​សុខភាពផង ​ដែរ​ ដើម្បី​ការពារ​កុមារ​ ហើយ​ដែល​នៅ​ក្នុង​នោះ​ មាន​ប្រព័ន្ធ​មួយ​សម្រាប់​ឲ្យ​កុមារ​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ និង​ផ្ដល់​អនុសាសន៍​អំពី​បញ្ហា​នានា​ដែល​ទាក់​ទង​នឹង​ជីវិត​របស់​ពួក​គេ​ និង​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​កម្រិត​មូលដ្ឋាន​ និង​កម្រិត​ជាតិ​ស្ដាប់​យោបល់​របស់​កុមារ​ ។​ សកម្មភាព​គម្រោង​ផ្ដោត​លើ​ការ​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ​កុមារ​ ការ​តំណាង​ឲ្យ​ក្រុម​កុមារ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​ក្រុមប្រឹក្សា​ ឃុំ​ ការ​ដាក់​បញ្ចូល​ ការ​ចង់​បាន​របស់​កុមារ​ទៅ​ក្នុង​ការ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ​ ក៏​ដូចជា​ការ​កាត់​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​ ការ​បំពាន​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ពលកម្ម​កុមារ​ផង​ដែរ​ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ប្រព័ន្ធ​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​មាន​សមត្ថភាព​នៅ​មាន​កម្រិត​នៅ​ឡើយ​ ក្នុង​ការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​នូវ​ករណី​នានា​នៃ​អំពើ​ហិង្សា​លើ​កុមារ​ ។​ លើស​ពី​នេះ​ទៀត​ មាតាបិតា​ និង​កុមារ​ខ្លួន​ឯង​ភាគ​ច្រើន​មិន​មាន​ការ​យល់​ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​ ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​រងគ្រោះ​ចំពោះ​ការ​បំពាន​ និង​ការ​ជួញដូរ​ ។​ អង្គការ​ភ្លែន​ ផ្ដល់​ការ​យល់​ដឹង​អំពី​បញ្ហា​ និង​ច្រក​សម្រាប់​ធ្វើ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ការ​បំពាន​ដោយ​កំណត់​មុខ​ សញ្ញា​ហានិភ័យ​ និង​ដើម្បី​រាយការណ៍​ និង​បញ្ជូន​ទៅ​សុំ​អន្តរាគមន៍​នៅ​ពេល​ដែល​ជន​រងគ្រោះ​សុំ​ជំនួយ​ ។​ ប្រជាជន​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​សហគមន៍​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​ទាំង​នេះ​តាម​រយៈ​ការ​បង្កើត​ បណ្ដាញ​សហគមន៍​ការពារ​កុមារ​ ។​ បណ្ដាញ​ទាំង​នេះ​ចំនួន​១៦១​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​មាន​សមាសភាព​ចូលរួម​ពី​អ្នក​ដឹកនាំ​សហគមន៍​ គ្រូបង្រៀន​ មាតាបិតា​ ក្រុម​យុវជន​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​បុគ្គលិក​អង្គការ​ភ្លែន​ ។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០០៧​ របស់​អង្គការ​ភ្លែន​បាន​បញ្ជាក់​ថា​ មាន​កុមារ​ចំនួន​១៤.០០០​នាក់​ នៅ​តាម​តំបន់​គោលដៅ​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​លើ​រាងកាយ​ និង​អំពើ​ហិង្សា​ទូទៅ​លើ​កុមារ​ ។​ អង្គការ​ភ្លែន​បាន​បង្កើត​វេទិកា​នានា​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ ទាំង​នេះ​ សម្រាប់​ឲ្យ​កុមារ​និយាយ​រឿង​របស់​ខ្លួន​ និង​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​អំពើ​ហិង្សា​ ។​ អង្គការ​ភ្លែន​ ក៏​ធ្វើ​ជា​ដៃគូ​ផង​ដែរ​ ជាមួយ​អង្គការ​គម្រោង​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ (PADV)​ ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​សាធារណជន​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​ជួញដូរ​ ការ​ប្រើ​គ្រឿង​ញៀន​ និង​ការ​បំពាន​ផ្លូវ​ភេទ​ ។​ អ្នក​ចូលរួម​ប្រហែល​៣.០០០​នាក់​បាន​ចូលរួម​ក្នុង​សកម្មភាព​ទាំង​នេះ​ ហើយ​បុគ្គលិក​អង្គការ​ភ្លែន​ សង្កេត​ឃើញ​ថា​ ជា​លទ្ធផល​ឥរិយាបថ​នៅ​ក្នុង​សហគមន៍​ គោលដៅ​ចំពោះ​បទល្មើស​ទាំង​នេះ​ ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កំពុង​មាន​ការ​ប្រែប្រួល​ ។

របាយការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា​ អង្គការ​ភ្លែន​កំណត់​បុគ្គលិក​ទំនាក់​ទំនង​គន្លឹះ​ទាំងឡាយ​នៅ​ក្នុង​សហគមន៍​ ដើម្បី​លើក​ស្ទួយ​ការ​ការពារ​កុមារ​ ។​ ការ​បណ្ដុះ​បណ្ដាល​ត្រូវ​បាន​ធ្វើ​ឡើង​ស្ដីពី​នីតិវិធី​ច្បាប់​ទាក់ទង​នឹង​ បទល្មើស​ទាំងឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​កុមារ​សម្រាប់​មន្ត្រី​ឃុំ​ មន្ត្រី​កិច្ចការ​នារី​ នគរបាល​ក្នុង​មូលដ្ឋាន​ មាតាបិតា​ និង​កុមារ​ដើម្បី​គេ​អាច​ចាត់​វិធានការ​សមស្រប​នៅ​ពេល​ណា​មាន​ឧប្បត្តិហេតុ​ កើត​ឡើង​ ។​ វគ្គ​បណ្ដុះ​បណ្ដាល​ទាំង​នេះ​ ក៏​ផ្ដល់​ការ​យល់​ដឹង​ផង​ដែរ​ អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ ដែល​អំពើ​ហិង្សា​ និង​ឧក្រិដ្ឋកម្ម​លើ​កុមារ​មាន​នៅ​ក្នុង​សហគមន៍​ ៕

ប្រើ​គ្រាប់​មីន​គំរាម​ប្រពន្ធ​ កូន​ ទារ​យក​លុយ​១០០០​ដុល្លារ​ ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ

ខេត្ត​កំពង់​ស្ពឺ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ឧដុង្គ​ ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ ១៥​ និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​នេះ​ នៅ​ភូមិ​ក្នុង​វាំង​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ ពី​បទ​គំរាម​កំហែង​ប្រពន្ធ​ កូន ​ទារ​យក​ប្រាក់​ដោយ​បាន​ប្រើប្រាស់​គ្រាប់​មីន​៦៩​មួយ​គ្រាប់​គ្មាន​គីប​ជា​ មធ្យោបាយ​ ។

ប៉ូលិស​ស្រុក​ឧដុង្គ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ដែល​គំរាម​កំហែង​ប្រពន្ធ​កូន​ទារ​យក​លុយ​នោះ​មាន​ឈ្មោះ​ហ៊ឹម​ ទី​ ហៅ​ហ៊ីង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ នៅ​ភូមិ​ស្លារ​ សង្កាត់​ស្ទឹង​កាច់​ ខណ្ឌ​សាលា​ក្រៅ​ ក្រុង​ប៉ៃលិន​ ។​ ប៉ូលិស​បន្ត​ថា​ ជន​រូប​នោះ​បាន​មក​តាម​ប្រពន្ធ​កូន​ហើយ​គំរាម​ទារ​យក​លុយ​១០០០​ដុល្លារ​ដោយ​ មិន​ដឹង​មូលហេតុ​អ្វី​ឡើយ​ ។​

ប៉ូលិស​បាន​រៀបរាប់​ថា​ មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​រូប​នោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ប៉ៃលិន​មក​ តាម​ប្រពន្ធ​កូន​នៅ​ភូមិ​ក្នុង​វាំង​ ឃុំ​វាំង​ចាស់​​ដើម្បី​ទារ​លុយ​១០០០​ដុល្លារ​អាមេរិក​ ។​ ប៉ូលិស​បន្ត​ថា​ ដោយសារ​តែ​សុំ​លុយ​ពី​ប្រពន្ធ​អត់​បាន​រូបគេ​បាន​យក​គ្រាប់​មីន​៦៩​មួយ​ គ្រាប់​គ្មាន​គីប​មក​ធ្វើ​ការ​គំរាម​កំហែង​រក​សម្លាប់​ចោល​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ ប៉ូលិស​បាន​ចុះ​ទៅ​ដល់​ធ្វើ​អន្តរាគមន៍​រួច​ឃាត់​ខ្លួន​តែ​ម្ដង​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ឧដុង្គ​ កំពុង​តែ​កសាង​សំណុំ​រឿង​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ តុលាការ​ធ្វើ​ការ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ ៕

យុទ្ធ​សាស្ត្រ​លប់​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

គោល​បំណង​ជំពូក​

  • យល់​ពី​យុទ្ធសាស្ត្រ​ទូទៅ​ ក្នុង​ការ​លប់​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។
  • យល់​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​បណ្ដុះ​វប្បធម៌​ស្អប់​ខ្ពើម​អំពើ​ហិង្សា​ក្នុង​គ្រួសារ។
  • យល់​ពី​របៀប​បណ្ដុះ​សីលធម៌​ និង​វប្បធម៌​គ្រួសារ​ល្អ។
  • គិត​គូ​ពី​យុទ្ធ​វិធី​ពង្រឹង​តួនាទី​សាសនា។
  • យល់​ពី​យុទ្ធ​សាស្ត្រ​ពង្រឹង​វិធានការ​សង្គ្រោះ​ជន​រង​គ្រោះ។
  • យល់​ពី​យុទ្ធសាស្ត្រ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់។
  • យល់​ពី​យុទ្ធសាស្ត្រ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

ការ​លប់​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មិនមែន​ជា​រឿង​ដែល​ងាយ​នឹង​លប់​ បំបាត់​នោះ​ទេ ព្រោះ​វា​ក្លាយ​ទៅ​ជា​វប្បធម៌​ទៅ​ហើយ​ នៅ​ក្នុង​សង្គម​ខ្មែរ​ ហើយ​ក៏​មនុស្ស​ភាគ​ច្រើន​ក៏​មិន​ទាន់​យល់​ស្រប​ថា​ វា​ជា​រឿង​ល្មើស​ ជា​រឿង​មិន​ស្រប​ច្បាប់​នោះ​នៅ​ឡើយ​ដែរ។ ដូច​នេះ​វា​ទាម​ទារ​ឱ្យ​មាន​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ច្បាស់​លាស់​ ទើប​អាច​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​បាន។

ក. យុទ្ធ​សាស្ត្រ​ទូទៅ​

ដើម្បី​លប់​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឱ្យ​អស់​ពី​សង្គម​កម្ពុជា​ កម្ពុជា​ត្រូវ​ការ​បណ្ដុះ​ វប្បធម៌​ស្អប់ខ្ពើម​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​បង្កើត​យន្តការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ឱ្យ​ទាន់​ពេល​ និង​​មាន​វិធាន​ការ​ដាក់​ទោស​ ឬ​​​អប់​រំ​អ្នក​ប្រព្រឹត្ត​ល្មើស។

ត្រូវ​ថ្លឹង​ថ្លែង​លើ​ចំណុច​សំខាន់​ៗ​ បី​ដូច​តទៅ៖

១.ពង្រីក​វិធាន​ការ​ការ​ពារ​សិទ្ធិ​ជន​ងាយ​រង​គ្រោះ​ ដូច​ជា​ស្ត្រី​ កុមារ

២.ដាក់​ទណ្ឌ​កម្ម​អ្នក​ប្រព្រឹត្ត​ល្មើស

៣.អប់រំ​ឱ្យ​ឈប់​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​ ហើយ​ងាក​មក​សាង​គ្រួសារ​ឱ្យ​រឹងមាំ​ និង​មាន​សុភមង្គល​

៤.ពង្រឹង​គ្រួសារ​ ព្រោះ​បើ​គ្រួសារ​រឹងមាំ​ សង្គម​ជាតិ​ក៏​រឹងមាំ​ គ្រួសារ​ក៏​មិន​បែក​បាក់ ។

ខ. បណ្ដុះ​វប្បធម៌​ស្អប់​ខ្ពើម​អំពើ​ហិង្សា​ក្នុង​គ្រួសារ

ការ​បណ្ដុះ​វប្បធម៌​ស្អប់​ខ្ពើម​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គឺ​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​ ដែល​ទាមទារ​ឱ្យ​មាន​ផែន​ការ​ច្បាស់​លាស់​ ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ និង​ធ្វើ​ការ​អប់រំ​ប្រជា​ពលរដ្ឋ​ ជាពិសេស​ក្មេង​​ៗ​ ឱ្យ​ជ្រួត​ជ្រាប និង​មាន​ការ​ស្អប់​ខ្ពើម​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

វប្បធម៌​ដែល​ត្រូវ​បណ្ដុះ​នោះ​ អាច​ធ្វើ​តាម​ការ​បណ្ដុះ​ និង​ពង្រឹង​សីលធម៌ និង​ពង្រឹង​ជំនឿ​ សាសនា

ការ​បណ្ដុះ​សីលធម៌​

ត្រូវ​បណ្ដុះ​សីលធម៌​សុភាព​បុរស​ សុភាព​នារី​ បិតា​មាតា​ល្អ និង បុត្រ​ធីតា​ល្អ។ ឧទាហរណ៍​ ដូច​ជា​បណ្ដុះ​ក្មេង​ ឬ​សិស្ស​សាលា​ឱ្យ​ជា​រៀន​ធ្វើ​ជា​សិស្ស​ល្អ​ មិត្ត​ល្អ​ កូន​ល្អ​ ជាដើម។ល។

ត្រូវ​បណ្ដុះ​ឱ្យ​ស្អប់​នូវ​មនុស្ស​ដែល​ ៖

  • ញៀន​គ្រឿង​ញៀន
  • ផឹក​ស្រា​អួទីនួ
  • ប្រព្រឹត្ត​អំពើ​ឆក់​ប្លន់
  • មិន​ស្ដាប់​ឪពុក​ម្ដាយ
  • ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ លើ​កូន
  • មនុស្ស​លក់​កូន លក់​ញាតិ​ ឱ្យ​រក​ស៊ី​ផ្លូវ​ភេទ
  • មនុស្ស​រួម​រក្ស​ជាមួយ​នឹង​សាច់​ញាតិ​ឯង​បង្កើត ដូច​ជា​កូន​បង្កើត​ កូន​ចិញ្ចឹម​ កូន​ចុង​ កូនដើម​ ជា​ដើម។

ត្រូវ​បណ្ដុះ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ស្អប់​មនុស្ស​ដែល​មាន​លក្ខណៈ​មិន​ល្អ​ទាំង​នោះ​ ចាត់​ទុក​ជា​មនុស្ស​កាក​សង្គម ។ ប៉ុន្តែ​ចេះ​ស្រលាញ់​យោគយល់​ និង​ឱ្យ​តម្លៃ​លើ​មនុស្ស​ដែល​ចេះ​កែ​ខ្លួន​ ធ្វើ​ខ្លួន​ឱ្យ​ជា​មនុស្ស​ល្អ​វិញ។

ការ​ពង្រីក​តួនាទី​សាសនា

ស្ថាប័ន​សាសនា​ទាំង​អស់​ មិន​ថា​សាសនា​ណា​ជា​សាសនា​នោះ​ទេ​ គួរ​តែ​ពិនិត្យ​ផ្ទៃ​ក្នុង​ឡើង​វិញ​ ថា​តើ​មូលហេតុ​អ្វី​បាន​ជា​សាសនិក​ជន​ទាំង​អស់​ថមថយ​ជំនឿ​របស់​ខ្លួន​ ហើយ​បែរ​ជា​ងាក​ទៅ​ឈ្លក់​វង្វេង​នឹង​អំពើ​បាប ឬ​អំពើ​អាក្រក់​ទៅ​វិញ។ ត្រូវ​ធ្វើ​ការ​កែ​ច្នៃ​ និង​អភិវឌ្ឍន៍​នូវ​ធម្ម​វិន័យ​ និង​អច្ចេក​ទេស​អប់រំ​សាសនា​នីមួយ​ៗ​ឡើង​វិញ។ ត្រូវ​ពិនិត្យ​ធម៌​ទូន្មាន​ទាំង​អស់​ ថា​តើ​មាន​ធម៌​ណា​ ឬ​ទស្សនៈ​ណា​ដែល​ជា​ការ​ខុស​ឆ្គង​ មិន​មែន​ជា​ធម៌​ព្រះ​ពិត​ដែរ​ឬ​ទេ? ត្រូវ​ពង្រីក​ការ​អប់រំ​ទ្រឹស្ដី​សាសនា​ និង​ប្រមែប្រមូល​សាសនិក​ជន​ឱ្យ​មក​ជឿ​ និង​គោរព​ទៅ​លើ​ពុទ្ធ​ឱវាទ​ ឬ​ដំបូន្មាន​របស់​ព្រះ​វិញ។ ជា​ពិសេស​ត្រូវ​អប់រំ​ឱ្យ​មនុស្ស​ស្គាល់​អ្វី​ជា​អំពើ​ល្អ​ អ្វី​ជា​អំពើ​អាក្រក់។

ឧទាហរណ៍

  • តើ​ការ​ធ្វើ​បុណ្យ​ដោយ​គ្រាន់​តែ​យក​លុយ​មក​សាង​សង់​ព្រះ​វិហារ​ និង​វត្ត​នៅ​តែ​មាន​តម្លៃ​ក្នុង​សង្គម​បច្ចុប្បន្ន​ដែរ​ឬ​ទេ? តើ​ការ​សាង​សង់​វត្ត​ថ្មី​ជា​ការ​ចាំ​បាច់​សម្រាប់​ពុទ្ធ​បរិស័ទ​ដែរ​ឬទេ? សម្រាប់​ប្រយោជន៍​រួម​ដែរ​ឬ​ទេ?
  • តើ​បើ​ធ្វើ​បុណ្យ​យក​លុយ​ដែល​បាន​ពី​ការ​ចូល​បុណ្យ យក​ទៅ​ចាត់​ចែង​ប្រើ​ក្នុង​ការ​អប់រំ​សាសនា​ ជួយ​អ្នក​ក្រីក្រ ពង្រីក​សាលា​រៀន​ ជា​ការ​ខុស​នឹង​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​ដែរ​ឬទេ?
  • តើ​ការ​គ្រប់គ្រង​នៅ​ក្នុង​ព្រះ​វិហារ​សាសនា​នីមួយ​ៗ​មាន​តម្លាភាព​ អាច​ធ្វើ​ឱ្យ​ការ​ចាត់​ចែង​លុយ​កាក់​របស់​វត្ត ​របស់​ព្រះ​វិហារ​ មាន​ប្រ​សិទ្ធិ​ភាព​ដែរ​ឬ​ទេ?
តើ​ការ​ទេសនា គឺ​ជា​វិធី​អប់រំ​ឱ្យ​មនុស្ស​យល់​ពី​ធម៌​ ឬ​គ្រាន់​តែ​សូត្រ​ៗ? បើ​ដើម្បី​អប់រំ​តើ​គួរ​កែ​វិធី​ពន្យល់​ធម៌​ ដើម្បី​ឱ្យ​មនុស្ស​បច្ចុប្បន្ន​ងាយ​យល់​បាន​ដែរ​ឬ​ទេ ឬ​ទាល់​តែ​ទេសនា​បែប​បូរាណ​ទើប​ហៅ​ថា​ត្រឹម​ត្រូវ​ ទើប​ហៅ​ថា​បាន​បុណ្យ?

ស្រវឹង​ខួប​វ៉ៃ​ប្រពន្ធ​កូន​ស្ទើរ​រាល់​ថ្ងៃ​ និង​យក​គោ​២​ក្បាល​ទៅ​លក់​ ត្រូវ​ប្រពន្ធ​ប្ដឹង​ប៉េអិម​ឲ្យ​ចាប់​ខ្លួន

មោង​ឫស្សី​ -​ បាត់​ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ស្រុក​មោង​ឫស្សី​ ឲ្យ​ចាប់​ខ្លួន​ដោយ​សារ​តែ​ប្ដី​រូប​នេះ​ផឹក​ស្រវឹង​រាល់​ថ្ងៃ​ ពេល​មក​ដល់​ផ្ទះ​រក​រឿង​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​ -​ កូន​ ហើយ​នៅ​ថ្ងៃ​នោះ​បុរស​នេះ​ថែម​ទាំង​បរ​រទេះ​គោ​១​នឹម ​យក​ទៅ​លក់​ដើម្បី​យក​លុយ​ទិញ​ស្រា​ផឹក​ ។​ ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ កើត​ឡើង​៣​ថ្ងៃ​ជាប់​គ្នា​ ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ នៅ​ក្រុម​ទី​៧​ភូមិ​ ព្រែក​តាវេន​ ឃុំ​ព្រែក​ជីក​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង​ ។

លោក​អនុសេនីយ៍ឯក​ប៉ោ សុងឃាង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មោង​ឫស្សី​បាន​ឲ្យ​ដឹង​ថា​ ប្ដី​ស្រវឹង​ខួប​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​រាល់​ថ្ងៃ​នេះ​ ឈ្មោះ​ គង់ ពៅ​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​ធ្វើ​ស្រែ​ រស់នៅ​ក្រុម​ទី​៧​ ភូមិ​ព្រែក​តាវេន​ ឃុំ​ព្រែក​ជីក​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ ។​ ចំណែក​ប្រពន្ធ​ឈ្មោះ​វ៉េន សុង​ អាយុ​ ៣៥​ឆ្នាំ​ ។

ស្ត្រី​វ៉េន សុង​ បាន​ប្ដឹង​សមត្ថកិច្ច​ប៉េអិម​ថា​ កាល​ពី​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​ ប្ដី​គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផឹក​ស៊ី​នៅ​ផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​រហូត​ ដល់​ម៉ោង​២០​ និង​១០​នាទី​យប់​ ទើប​មក​ផ្ទះ​វិញ​ ដោយ​ស្រវឹង​ជោកជាំ​ ហើយ​ហៅ​កូនៗ​ឲ្យ​យក​អង្រឹង​ចង​ដេក​ក្រោម​ផ្ទះ​ ។​ ពេល​នោះ​គាត់​ប្រាប់​ឲ្យ​ឡើង​ដេក​លើ​ផ្ទះ​តែ​ត្រូវ​ប្ដី​ស្ដី​ឲ្យ​ទាំង​ កំរោល​ថា​ «កុំ​ចេះ​ដឹង​រឿង​អញ»​ ហើយ​បាន​បោក​ឆ្នាំង​បាយ​ បោក​ធុង​ទឹក​ ព្រម​ទាំង​ដៀល​រូប​គាត់​ និង​កូន​ ។​ ដោយ​ភ័យ​ពេក​គាត់​ក៏​នាំ​កូន​ចុះ​មក​ដី​ ក៏​ត្រូវ​ប្ដី​ទាត់​ត្រូវ​ភ្លៅ​បណ្ដាល​ឲ្យ​ដួល​ ហើយ​ជាន់​ក​ទាត់​ធាក់​បន្ថែម​ តែ​បាន​អ្នក​ជិត​ខាង​មក​ជួយ​ទើប​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ ។

ស្ត្រី​រងគ្រោះ​បន្ត​ថា​ នៅ​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ ប្ដី​គាត់​ក៏​ទៅ​ផឹក​ស្រា​ទៀត​រហូត​ដល់​ម៉ោង​១៤​ ទើប​មក​ផ្ទះ​វិញ​រក​បាយ​ហូប​ តែ​គាត់​មិន​បាន​ដាំ​បាយ​ក៏​បោក​ចាន​ឆ្នាំង​ ហើយ​យក​ពូថៅ​ដៃ​សៀត​ចង្កេះ​បញ្ជា​ឲ្យ​កូន​ទៅ​ហៅ​គាត់​មក​ជួប​ ។​ តែ​គាត់​មិន​មក​ជួប​ក៏​រត់​ទៅ​ពួន​នៅ​ផ្ទះ​ឈ្មោះ​ទូច រិទ្ធ​ ។​ ឯ​កូន​ត្រូវ​ឪ​វា​វ៉ៃ​ និង​រំពាត់​បែក​ឈាម​ខ្នង​ ។​ លុះ​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ ម៉ោង​១៤​ ប្ដី​គាត់​បាន​យក​គោ​២​ក្បាល​ទឹម​រទេះ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ចម្ងាយ​២​ គីឡូម៉ែត្រ​ពី​ផ្ទះ​ បម្រុង​យក​ទៅ​លក់​យក​លុយ​ផឹក​ស្រា​ទៀត​ គាត់​ក៏​ទៅ​ប្ដឹង​ប៉េអិម​ឲ្យ​ចាប់​ខ្លួន​តែ​ម្ដង​ ។

ជន​សង្ស័យ​ឈ្មោះ​គង់ ពៅ​បាន​ឆ្លើយ​នៅ​មុខ​សមត្ថកិច្ច​ថា​ ខ្លួន​ពិត​ជា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ និង​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​កូន​ ព្រម​ទាំង​បរ​រទេះ​គោ​យក​ទៅ​លាក់​គ្មាន​បំណង​យក​ទៅ​លក់​ទេ​ ។


លោក​ប៉ា សុងឃាង​ មេ​បញ្ជាការ​ប៉េអិម​ស្រុក​បាន​បញ្ជាក់​ថា​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​វ៉េន សុង​ ជា​ប្រពន្ធ​ និង​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ថា​ ខ្លួន​ពិត​ជា​បាន​វាយ​ទាត់​ធាក់​ជា​ច្រើន​លើក​នៅ​ពេល​ស្រវឹង​ស្រា​ ។​ សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មក​លើ​ប្រពន្ធ​ កូន​ដោយ​ចេតនា​ពិតប្រាកដ​មែន​ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​រួច​ហើយ​ ៕


ស្រវឹង​ខួប​វ៉ៃ​ប្រពន្ធ​កូន​ស្ទើរ​រាល់​ថ្ងៃ​ និង​យក​គោ​២​ក្បាល​ទៅ​លក់​ ត្រូវ​ប្រពន្ធ​ប្ដឹង​ប៉េអិម​ឲ្យ​ចាប់​ខ្លួន

មោង​ឫស្សី​ -​ បាត់​ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ស្រុក​មោង​ឫស្សី​ ឲ្យ​ចាប់​ខ្លួន​ដោយ​សារ​តែ​ប្ដី​រូប​នេះ​ផឹក​ស្រវឹង​រាល់​ថ្ងៃ​ ពេល​មក​ដល់​ផ្ទះ​រក​រឿង​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​ -​ កូន​ ហើយ​នៅ​ថ្ងៃ​នោះ​បុរស​នេះ​ថែម​ទាំង​បរ​រទេះ​គោ​១​នឹម ​យក​ទៅ​លក់​ដើម្បី​យក​លុយ​ទិញ​ស្រា​ផឹក​ ។​ ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ កើត​ឡើង​៣​ថ្ងៃ​ជាប់​គ្នា​ ពី​ថ្ងៃ​ទី​២​ ដល់​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ នៅ​ក្រុម​ទី​៧​ភូមិ​ ព្រែក​តាវេន​ ឃុំ​ព្រែក​ជីក​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់ដំបង​ ។

លោក​អនុសេនីយ៍ឯក​ប៉ោ សុងឃាង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មោង​ឫស្សី​បាន​ឲ្យ​ដឹង​ថា​ ប្ដី​ស្រវឹង​ខួប​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​រាល់​ថ្ងៃ​នេះ​ ឈ្មោះ​ គង់ ពៅ​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​ធ្វើ​ស្រែ​ រស់នៅ​ក្រុម​ទី​៧​ ភូមិ​ព្រែក​តាវេន​ ឃុំ​ព្រែក​ជីក​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ ។​ ចំណែក​ប្រពន្ធ​ឈ្មោះ​វ៉េន សុង​ អាយុ​ ៣៥​ឆ្នាំ​ ។

ស្ត្រី​វ៉េន សុង​ បាន​ប្ដឹង​សមត្ថកិច្ច​ប៉េអិម​ថា​ កាល​ពី​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​ ប្ដី​គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផឹក​ស៊ី​នៅ​ផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​រហូត​ ដល់​ម៉ោង​២០​ និង​១០​នាទី​យប់​ ទើប​មក​ផ្ទះ​វិញ​ ដោយ​ស្រវឹង​ជោកជាំ​ ហើយ​ហៅ​កូនៗ​ឲ្យ​យក​អង្រឹង​ចង​ដេក​ក្រោម​ផ្ទះ​ ។​ ពេល​នោះ​គាត់​ប្រាប់​ឲ្យ​ឡើង​ដេក​លើ​ផ្ទះ​តែ​ត្រូវ​ប្ដី​ស្ដី​ឲ្យ​ទាំង​ កំរោល​ថា​ «កុំ​ចេះ​ដឹង​រឿង​អញ»​ ហើយ​បាន​បោក​ឆ្នាំង​បាយ​ បោក​ធុង​ទឹក​ ព្រម​ទាំង​ដៀល​រូប​គាត់​ និង​កូន​ ។​ ដោយ​ភ័យ​ពេក​គាត់​ក៏​នាំ​កូន​ចុះ​មក​ដី​ ក៏​ត្រូវ​ប្ដី​ទាត់​ត្រូវ​ភ្លៅ​បណ្ដាល​ឲ្យ​ដួល​ ហើយ​ជាន់​ក​ទាត់​ធាក់​បន្ថែម​ តែ​បាន​អ្នក​ជិត​ខាង​មក​ជួយ​ទើប​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ ។

ស្ត្រី​រងគ្រោះ​បន្ត​ថា​ នៅ​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ ប្ដី​គាត់​ក៏​ទៅ​ផឹក​ស្រា​ទៀត​រហូត​ដល់​ម៉ោង​១៤​ ទើប​មក​ផ្ទះ​វិញ​រក​បាយ​ហូប​ តែ​គាត់​មិន​បាន​ដាំ​បាយ​ក៏​បោក​ចាន​ឆ្នាំង​ ហើយ​យក​ពូថៅ​ដៃ​សៀត​ចង្កេះ​បញ្ជា​ឲ្យ​កូន​ទៅ​ហៅ​គាត់​មក​ជួប​ ។​ តែ​គាត់​មិន​មក​ជួប​ក៏​រត់​ទៅ​ពួន​នៅ​ផ្ទះ​ឈ្មោះ​ទូច រិទ្ធ​ ។​ ឯ​កូន​ត្រូវ​ឪ​វា​វ៉ៃ​ និង​រំពាត់​បែក​ឈាម​ខ្នង​ ។​ លុះ​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ ម៉ោង​១៤​ ប្ដី​គាត់​បាន​យក​គោ​២​ក្បាល​ទឹម​រទេះ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ចម្ងាយ​២​ គីឡូម៉ែត្រ​ពី​ផ្ទះ​ បម្រុង​យក​ទៅ​លក់​យក​លុយ​ផឹក​ស្រា​ទៀត​ គាត់​ក៏​ទៅ​ប្ដឹង​ប៉េអិម​ឲ្យ​ចាប់​ខ្លួន​តែ​ម្ដង​ ។

ជន​សង្ស័យ​ឈ្មោះ​គង់ ពៅ​បាន​ឆ្លើយ​នៅ​មុខ​សមត្ថកិច្ច​ថា​ ខ្លួន​ពិត​ជា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ និង​វ៉ៃ​ទាត់​ធាក់​ប្រពន្ធ​កូន​ ព្រម​ទាំង​បរ​រទេះ​គោ​យក​ទៅ​លាក់​គ្មាន​បំណង​យក​ទៅ​លក់​ទេ​ ។


លោក​ប៉ា សុងឃាង​ មេ​បញ្ជាការ​ប៉េអិម​ស្រុក​បាន​បញ្ជាក់​ថា​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​វ៉េន សុង​ ជា​ប្រពន្ធ​ និង​យោង​តាម​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ​ថា​ ខ្លួន​ពិត​ជា​បាន​វាយ​ទាត់​ធាក់​ជា​ច្រើន​លើក​នៅ​ពេល​ស្រវឹង​ស្រា​ ។​ សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មក​លើ​ប្រពន្ធ​ កូន​ដោយ​ចេតនា​ពិតប្រាកដ​មែន​ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​រួច​ហើយ​ ៕


Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2