Wednesday, July 29

ឌុច​ជំរុញ​អោយ​អតីត​មេសួរ​ចម្លើយ​ក្រោម​បង្គាប់របស់​ខ្លួន​​រំជួល​ចិត្តរហូត​​សម្រក់​​ទឹក​ភ្នែក

ដោយ ស្ទេហ្វានី ហ្សេ
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០៧-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៣ កក្កដា ២០០៩៖ លោក​ម៉ម ណៃ ហៅចាន់ អាយុ​៧៦​ឆ្នាំ អតីត​មេ​សួរ​ចម្លើយ​នៅ​មន្ទីរ ស-២១ នៅ​ក្នុង​សវនាការ​កាត់​ទោស​ឌុច
©ស្ទេហ្វានី ហ្សេ

បន្ទាប់​ ពី​ជន​រង​គ្រោះ គឺជា​វេន​របស់​អតីត​ខ្មែរក្រហម​​ត្រូវ​ឡើង​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ អង្គ​ជំនុំ​ជម្រះ​​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា។ នៅ​​​សវនាការ​​​ថ្ងៃ​​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ អតីត​គិលា​នុបដ្ឋាយិកា​​ខ្មែរ​ក្រហម ឈ្មោះ ណាំ ម៉ុន អតីត​ប្រធាន​សួរចម្លើយ​​ក្រោម​បង្គាប់​ឌុច ឈ្មោះ​ម៉ម ណៃ និង​អតីត​អ្នក​យាម​នៅ​មន្ទីរ​ឃុំ​ឃាំង ស-២១ ឈ្មោះ ហ៊ឹម ហ៊ុយ ​បាន​ឡើង​បំភ្លឺ​អង្គ​សវនាការ​ជា​បន្ត​បន្ទាប់​។ លើក​នេះ ឌុច​បាន​ធ្វើ​ខ្លួន​ជា​អ្នក​​​ដឹ​ក​នាំ​ដំណើ​ការ​​ការ​កាត់​ទោស​​​ម្តង​ទៀត តាម​រយៈ​ការ​​ផ្តល់​មេរៀន​ដល់​អតីត​បុគ្គលិក​ក្រោម​បង្គាប់​របស់​គាត់​ គឺ​លោក​ម៉ម ណៃ រហូត​ដល់​កើត​មាន​​ការ​រំជួល​ចិត្ត​ ស្រក់​ទឹក​ភ្នែក​នៅ​ក្នុង​អង្គ​សវនាការ ក្រោម​ក្រសែ​ភ្នែក​​ភ្ញាក់​ផ្អើល​​របស់​​​សាធារណៈ​កម្ពុជា​​ ដែល​កាន់​តែ​មាន​ចំនួន​ច្រើន​ ពី​មួ​យ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​។

អតីត​បុគ្គលិក​ក្រោម​បង្គាប់​ឌុច ឡើង​បំភ្លឺ តែ​សវនាការ​ត្រូវ​ផ្អាក​កណ្តាល​ទី​
​ស្ថិត ​នៅ​ក្នុង​សំលៀក​បំពាក់​រុំ​ជិត​សាច់ ដោយ​មាន​ពាក់​ស្រោម​ដៃ និ​ងបង់​ក្រមា​ក្រហម លោក​ម៉ម ណៃ ​អាយុ​៧៦​ឆ្នាំ អតីត​ប្រធាន​ផ្នែក​សួរ​ចម្លើយ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​និង​ធ្វើ​ទារុណ​ កម្ម​ ស-២១ បាន​​ឡើង​មក​បង្ហាញ​មុខ​​នៅចំពោះ​មុខ​ចៅក្រម​តុលាការ​កូន​កាត់​​ ក្នុង​នាម​​ជា​សាក្សី​មួយ​រូប​។ ប៉ុន្តែ ដំណើរ​ការ​​កាត់​ទោស​នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ ដោយ​​សារ​តែមេធាវី​ការ​ពារ​ឌុច បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ ទាក់​ទង​នឹង​សហឧក្រិដ្ឋក​ម្ម​​រួម ព្រោះ​បុគ្គលិក​ក្រោម​បង្គាប់​ឌុច​រូប​នេះ​អាច​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ ពី​សំណាក់​តុលាការ និង​ត្រូវ​ធ្វើ​សក្ខីកម្ម​ ដោយមាន​វត្តមាន​ចូល​រួ​ម​ពី​សំណាក់មេធាវី​របស់​ខ្លួន​។ ហេតុ​ដូចនេះ អង្គជំនុំជម្រះ​បាន​សម្រេច​ប្រកាស​ផ្អាក​ដំណើរ​ការ​សវនាការ​ ក្នុង​ការ​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ ដោយ​បញ្ជាក់​ថា​សវនាការ​កាត់​ទោស​ឌុច នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​កក្កដា ដោយ​មាន​វត្តមាន​របស់​សាក្សី​ឈ្មោះ ម៉ម ណៃ។


កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៤ កក្កដា ២០០៩៖ លោក​ម៉ម ណៃ នៅ​ថ្ងៃទី​២ នៃការ​កាត់​ទោស​ឌុច

© ស្ទេហ្វានី ហ្សេ


ថ្ងៃ ​អង្គារ ទី​១៤ លោក​ម៉ម ណៃ​បាន​ត្រឡប់​មកកាន់​​​អង្គសវនាការ​ ជាមួយ​នឹង​វត្តមាន​មេធាវី​​ជន​ជាតិ​កម្ពុជា​មួយ​រូប ប៉ុន្តែ រាល់​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ផ្សេង​ៗ សាក្សី​បាន​ឆ្លើយ​ស្ទើរ​តែ​គ្រប់​ម៉ាត់​ថា​លោក​ក្តាប់​មិន​បាន រឺ​មិន​បាន​ដឹង​ទេ ជា​ពិសេស​មិន​ដឹង​ពីការ​ធ្វើ​ទារុណ​កម្ម​លើ​អ្នក​ទោស​ឡើយ។ ​កាល​នៅ​មន្ទីរ​សន្តិសុខ​ ម-១៣​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ឌុច មុន​ដំបូង «លោក​ទទួល​ខុស​ត្រូវ​តែ​លើ​ការ​ដាំ​ដំឡូង​បារាំង​ប៉ុណ្ណោះ»។ លោក​ម៉ម ណៃ​បាន​រៀប​រាប់​ខ្លី​ៗ ប្រាប់​លោក​ប្រធាន​តុលាការ និល ណុល ថា «​ពេល​​​យប់ ឌុច​បាន​អោយ​ខ្ញុំ​អង្គុយ​​សង្កេត​មើល​របៀប​នៃការ​សួរ​ចម្លើយ​អ្នក​​ទោស ហើយ​ថ្ងៃមួយ គាត់​បាន​សុំ​អោយ​ខ្ញុំ​សួរ​ចម្លើយ​អ្នក​ទោស​តូច​តាច​»។ លោក​បាន​ពន្យល់​ថា លោក​មាន​តួនាទី​ត្រឹម​តែ​សួរ​ចម្លើយ​អ្នក​ទោស​តូច​តាចប៉ុណ្ណោះ លោក​មិន​បាន​ដឹង​រឿង​លំអិត​នោះ​ទេ​។​

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៤ កក្កដា ២០០៩៖ លោក​ គង់ សំអុន មេធាវី​របស់​លោក​ម៉ម ណៃ​
© ស្ទេហ្វានី ហ្សេ

តើ ​​អ្នក​ទោស​មក​ពី​កន្លែង​ណា? ពួក​គេ​ត្រូវ​បាន​សួរ​ចម្លើយ និង​ត្រូវ​បាន​សម្លាប់​ដែរ​រឺទេ? តើ​លក្ខខណ្ឌ​នៃ​​ការ​ឃុំ​ខ្លួន​របស់​ពួក​គេ​មានលក្ខណៈ​យ៉ាង​ម៉េច? អតីត​មេ​សួរ​​ចម្លើយ​បាន​ឆ្លើយ​ជា​បន្ត​បន្ទាប់​ថា «ខ្ញុំ​ក្តាប់​មិន​បាន» «ខ្ញុំ​មិ​ន​ជឿជាក់​ថា​វា​កើត​ឡើង​នោះ​ទេ» «ខ្ញុំអត់​ដឹង»។ នៅ​ពេល​លោក​ចៅក្រម​ ធូ មុនី សួរ​សាក្សី​ថា​តើ​អ្នកទោស​នៅមន្ទីរ ស-២១ បរិភោគ​​អាហារ«គ្រប់​គ្រាន់​ដែរ​រឺទេ» លោក​ម៉ម ណៃ​បាន​ផ្តល់​នូវ​ចម្លើយ​មួយ ដែល​ធ្វើ​អោយ​មហា​ជន​​​នៅ​​បន្ទប់​សវនាការកើត​មានការ​មិន​ពេញ​ចិត្ត​៖ «តាម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ អ្នក​ទោស​មិន​មាន​រូប​រាង​ស្គម ស្លេក​ស្លាំង​នោះទេ។ [...] ពួក​គេ​មិន​ស្គម​ពេក មិន​ស្លេក​ស្លាំង​ពេក​ទេ»។ លោក​ម៉ម ណៃ បាន​អះអាង​​ ដោយ​បង្ហាញ​នូវ​ភាព​ស្លូត​ត្រង់​​ថា «ទាក់​ទង​នឹង​ការ​ធ្វើទារុណ​កម្ម ខ្ញុំ​មិន​ដែល​ប្រើ​ទេ ព្រោះខ្ញុំ​យល់​ថា​ការ​ធ្វើ​ទារុណ​កម្ម​មិន​បាន​ផ្តល់​នូវ​ចម្លើយ​ល្អ​ទេ»​។ តើ​លោក​ធ្លាប់​សួរ​ចម្លើយ​អ្នក​ទោស​ស្រី​ដែរ​រឺ​ទេ? «ខ្ញុំ​មិន​ចាំ​ទេ»។ លោក​ស្រី​ចៅក្រម Cartwright បាន​សួរ​ថា​ តើ​ឌុច​ធ្លាប់​បាន​បង្រៀន​​លោក​ពីការ​ធ្វើ​ទារុណ​កម្ម​ដែរ​រឺទេ? «ទេ!»... «​តើ​អ្នក​ទោស​ស្រី​ទាំង​​អស់​នៅ​មន្ទីរ ស-២១ ត្រូវ​បាន​សម្លាប់​ នៅ​ថ្ងៃ​ណាមួយ មែន​ដែរ​រឺទេ?» សាក្សី​បាន​ឆ្លើយ​តប​វិញ​ថា «ទេ ខ្ញុំ​អត់​ដឹងទេ»។

ដោយ​ឡែក លោក​ចៅក្រម​ជន​ជាតិ​បារាំង ឡាវែញ បាន​អាន​ឯកសារ​ដក​ស្រង់​មួយ​ចេញ​ពី​ចម្លើយ​​សារភាព​របស់​សាក្សី​មួ​យ​រូប ដែល​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​មន្ទីរ ​ម១៣ និង​បាន​អះអាង​ថា​បាន​ឃើញ «ចាន់» (ឈ្មោះ​ក្រៅ​របស់​លោក​ម៉ម ណៃ) បាន​បាញ់​ចំ​ក្បាល​មនុស្ស​ពីរនាក់ នៅ​មន្ទីរ ម១៣ ដែល​ចង​ភ្ជាប់​ទៅ​នឹង​សរសរ​ឈើ នៅ​កណ្តាល​មនុស្ស​ផ្សេង​ទៀត។ ទោះ​យ៉ាង​ណា អតីត​អ្នក​សួរ​ចម្លើយ​រូប​នេះ​នៅ​តែ​ចិត្ត​រឹង​ដូច​ថ្ម។ សាក្សី​បាន​បដិសេធ និង​លើក​ហេតុ​ផល​មក​បញ្ជាក់​ថា «ជា​បឋម ខ្ញុំ​សូម​សំដែង​ការ​សោក​ស្តាយ។ ខ្ញុំ​មិន​ធ្លាប់​ដែល​បាន​បាញ់​នរណា​ម្នាក់នោះ​ទេ។ ទី២ ការ​ឃុំ​ខ្លួន​អ្នក​ទោស​គឺជា​វិធាន​ការ​ចាំ​បាច់​មួយ​ ខណៈ​ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​បាន​វាយ​ប្រហារ​ពី​សំណាក់​​ពួក​ចក្រពត្តិ​ អាមេរិក​ តាម​រយៈ​​របប​សាធារណៈ​រដ្ឋ លន់ ណុល។ ការ​រស់​នៅរបស់​អ្នក​ទោស និង​ប្រជារាស្រ្ត​ធម្មតា​​មាន​សភាព​យ៉ាប់​យឺន»។​ ការ​សោក​ស្តាយ​របស់​គាត់​នោះគឺ «ប្រទេស​ជាតិ​ត្រូវ​បាន​​ឈ្លាន​ពាន​ពីសំណាក់​សហ​រដ្ឋ​អាមេរិក បន្ទាប់​មក​ ពី​សំណាក់​ប្រទេស​វៀតណាម»។

នៅ​សវនាការ ថ្ងៃ​ពុធ ទី​១៥ លោកម៉ម ណៃ បន្ត​ធ្វើការ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ។ ភាគ​ច្រើន សាក្សី​​បាន​ប្រើ​ប្រាស់​សិទ្ធិ​​មិន​ឆ្លើយ ខណៈ​ពេល​សហ​ព្រះរាជ​អាជ្ញា​សុំ​អោយ​គាត់​ទទួល​ស្គាល់​ថា​បាន​ធ្វើ​ចំណារ​​លើ ​ឯកសារ​មួយ​ចំនួន​ ខណៈ​ពេល​លោក​ស្រី​ Studzinsky មេធាវី​ដើម​​បណ្តឹង​រដ្ឋ​ប្បវេណី​ទី​២ សួរ​ទាក់​ទង​នឹង​ការ​សួរ​ចម្លើយ​លើ​រូប​លោក​សាស្រ្តាចារ្យ​ភុង តុន...។​

ដោយ ​ឡែក នៅ​ពេល​លោក​ហ្រ្វង់ស័រ រ៉ូ សហ​មេធាវីការ​ពារ​ឌុច បាន​សួរ​សាក្សី​ថា «តើ​លោក​មាន​អារម្មណ៍​សោ​ក​ស្តាយ ដែល​ធ្វើ​ជា​អ្នក​សួរ​ចម្លើយ​នៅ​មន្ទីរ ស-២១ ដែរ​រឺទេ?» លោក​ម៉ម ណៃ​ បាន​ឆ្លើយ​​តប​វិញ​ថា «តាមគំនិត​ខ្ញុំ ពិត​ជា​មាន​មនុស្ស​​បាន​ប្រព្រឹត្ត​បទ​ល្មើស។ យោង​តាម​អ្វី​ដែល​ខ្ញុំ​អាច​សង្កេត​ឃើញ មាន​មនុស្ស​ល្អ តិច​ជាង​មនុស្ស​អាក្រក់​។ ដូចនេះ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ កាល​ដែល​មាន​មនុស្ស​ល្អ​តិច​តួច»។ សម្រាប់​អ្នក​ផ្សេង​ មិនមាន​វិប្បដិសារីទេ។

មុន​នឹង​បញ្ចប់​សវនាការ ជន​ជាប់​ចោទ​ត្រូវ​បាន​អញ្ជើញ​​ឡើង​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​ សក្ខី​កម្ម​របស់​លោក​ម៉ម ណៃ ដែល​ជា​អតីត​បុគ្គលិក​ក្រោម​បង្គាប់​របស់​ខ្លួន។ ឌុច​បាន​ក្រោក​ឈរ​ឡើង​និយាយ​​ទាំង​ស្វាហាប់ប្រាប់​អោយ​សាក្សី​និយាយ​តែការ​ ពិត​ឡើង​វិញ​។ ឌុច​បាន​ប្រាប់​លោក​ម៉ម ណៃ​​អោយ​ធ្វើ​​ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជារាស្រ្ត​ដូច​រូប​ គាត់។ «យើង​ស្ថិត​នៅ​ទីនេះ និង​ត្រូវ​វិនិច្ឆ័យ​​ដោយ​​ប្រវត្តិសាស្រ្ត។ ដំរី​ងាប់ យក​​​ចង្អេរបាំង​ក៏មិនជិត​ដែរ! [...]។ យើង​ត្រូវ​គិត​ឡើង​វិញ​ថា​តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​អាយុ​ជីវិត ​ប្រជាជន​ខ្មែរ​ជាង​១លាន​នាក់ ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម? គឺ​ បក្ស​កុម្មុយនីស្ត​កម្ពុជា​។ តើ​នរណា​ជា​សមាជិក​របស់​បក្ស​កុម្មុយ​នីស្ត​កម្ពុជា​? ក្នុង​នោះ មាន​​ខ្ញុំ និង​លោក​ (ម៉ម ណៃ)!។​ អ្វី​ដែល​យើង​ព្យាយាម​ធ្វើ​នៅ​ទីនេះ គឺ​បង្កើត​ការ​ពិត ដែល​បាន​កើត​​ឡើង ដូច​ថា យើង​សុទ្ធ​តែ​ជា​អ្នក​ស្រឡាញ់​លោក​ភុង តុន ជា​ដើម​»។ ស្តាប់​លឺ​ការ​អន្ទង​ចិត្ត​ពី​ឌុច​ លោកម៉ម ណៃ​ក៏​មាន​សេចក្តី​ក្លាហាន​សុំ​តុលាការ​និយាយ​បន្ត ដោយ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​សាស្ត្រាចារ្យ​ មហា​បរិញ្ញា​ភុង តុន។ និយាយ​ដល់​រឿង​នេះ សាក្សី​អួល​ដើម​ក បង្ហូរ​ទឹក​ភ្នែក​តែ​ម្តង។

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៤ កក្កដា ២០០៩៖ លោក​ម៉ម ណៃ អួល​ដើម​ក បង្ហូរ​ទឹក​ភ្នែក និង​សំដែង​ការ​សោក​ស្តាយ​ © ស្ទេហ្វានី ហ្សេ

លោក ​ស្រី Studzinsky ​មេធាវី​របស់​ភរិយា និង​កូន​ស្រី​លោក​ភុង តុន ​បាន​ព្យាយាម​ជជីក​សួរ​ព័ត៌មាន​​លំអិត​នៃការ​ស្លាប់​របស់​លោក​ភុង តុន។ លោក​ម៉ម ណៃ មាន​ប្រសាសន៍ថា «​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​ស្តាយ ព្រោះ​ខ្ញុំ​ក៏​បាន​បាត់​បង់​បង​ប្អូន ឪពុក​ម្តាយ ​​នៅ​សម័យ​ខ្មែរ​ក្រហម ព្រម​ទាំង​ភរិយា និង​កូនៗរបស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំជឿ​ជាក់​នេះ​វា​គឺជា​ស្ថានភាព​ច្របូក​ច្របល់​។ យើង​គ្មាន​អ្វី​នៅ​សេស​សល់ ក្រៅពី​ការ​សោក​ស្តាយទេ​។ ប្រជារាស្រ្ត​កម្ពុជា​ជាច្រើន​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​​កម្ពុជា​ ប្រជាធិប​តេយ្យ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​អាច​កាត់​ចិត្ត​បាន​ ដោយ​ផ្អែក​លើ​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា»។

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១០ ឧសភា ២០០២៖ លោក​ហ៊ឹម ហ៊ុយ អតីត​អ្នក​យាម​ខ្មែរ​ក្រហម នៅ​គុក​ទួល​ស្លែង នៅ​ពេល​ថត​ភាព​យន្ត​ឯកសារ​របស់​លោក​ប៉ាន់ រិទ្ធី ដែល​មាន​ចំណង​ជើង​ថា «មន្ទីរ​ស-២១ គុក​សម្លាប់​របស់​ខ្មែរ​ក្រហម»
©ចន វីង /Magnum


សាក្សី ​ថ្មី​ម្នាក់​ទៀត​បាន​មក​ផ្តល់​សក្ខី​កម្ម​នៅ​ចំពោះ​តុលាការ​ខ្មែរ​ក្រហម នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កក្កដា នោះគឺ​លោក​​ ហ៊ឹម ហ៊ុយ អតីត​អ្នក​យាម​​នៅ​មន្ទីរ ស-២១។ សាក្សី​រូប​នេះ​ក៏ធ្លាប់​បាន​ផ្តល់​សក្ខី​កម្ម​ជា​ពិសេស​ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ឯកសារ​របស់​លោក​ប៉ាន់ រិទ្ធី ដែល​មាន​ចំណង​ជើង​ថា «មន្ទីរ ស-២១ គុក​សម្លាប់​របស់​ខ្មែរ​ក្រហម»។​ ​​​ផ្ទុយ​ស្រឡះ​ពី​លោក​ម៉ម ណៃ អតីត​បុគ្គលិក​មន្ទីរ ស-២១​រូប​នេះ​បាន​សំដែង​ការ​សហការ​ជាមួយ​តុលាការ ដោយ​អះអាង​ថា «មនុស្ស​ទាំង​អស់ ដែល​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ ស-២១ ត្រូវ​បាន​សម្លាប់​ចោល»។

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៦ កក្កដា ២០០៩៖ លោក​ហ៊ឹម ហ៊ុយ នៅ​ពេល​ឡើង​ផ្តល់​សក្ខី​កម្ម​​ នៅ​ចំពោះ​មុខ​តុលាការ​កូន​កាត់​
©ស្ទេហ្វានី ហ្សេ

សាក្សី ​បានបញ្ជាក់​លំអិត​ពី​ប្រតិបត្តិការ​ផ្ទេរ​អ្នក​ទោស​ទៅកាន់​កន្លែង​ពិឃាដ នៅ​ជើង​ឯក។ លោក​ហ៊ឹម ហ៊ុយ បាន​រៀប​រាប់​ថា វិធី​សម្លាប់​អ្នក​ទោស​នៅ​ជើង​ឯក និង​នៅ​ទួល​ស្លែង​មាន​លក្ខណៈ​ដូច​គ្នា។ អ្នក​ទោស​ត្រូវ​បាន​គេ​អោយ​អង្គុយ​លុត​ជង្គង់​នៅ​មាត់​រណ្តៅ វាយ​នឹង​ដំបង​ចំ​កញ្ចឹង​ក បន្ទាប់​មក អា​រក​បន្ថែមទៀត។ ក្រោយមក គេ​ដោះ​សំលៀក​បំពាក់​ និង​ខ្នោះ​ដៃ​ចេញ មុន​នឹង​រុញ​ទម្លាក់​ចូល​ក្នុង​រណ្តៅ​។ លោក​បាន​បញ្ជាក់​ថា​ការ​យក​អ្នក​ទោស​ទៅ​សម្លាប់​នៅ​ជើង​ឯក​ត្រូវ​ប្រព្រឹត្ត ​ទៅ​តែ​ពេល​យប់​ប៉ុណ្ណោះ។ ដោយ​សារ​ប្រធាន​ប្រើ លោក​បាន​សម្លាប់​អ្នក​ទោស​ម្នាក់​ដែរ​នៅ​ជើង​ឯកនោះ។ លោក​ហ៊ឹម ហ៊ុយ​បាន​ប្រាប់​តុលាការ​ថា​លោក​បាន​ឃើញ​ឌុច​ទៅ​ជើង​ឯក​ចំនួន​ពីរ​ដង​ដែរ ខណៈ​ពេល​ជន​ជាប់​ចោទ​ធ្លាប់​បាន​អះអាង​ថា​បាន​ទៅ​កាន់​ទីនោះ​ត្រឹមតែ​មួយ​ដង ​គត់​។ ប្រឈម​មុខ​នឹង​ឌុច ដែល​កំពុង​អង្គុយ​នៅ​បន្ទប់​សវនាការ​ លោក​ហ៊ឹម​ ហ៊ុយ មាន​ការ​រា​រែក​៖ «ខ្ញុំចាំ​មិន​ច្បាស់​ទេ​។ មិន​ដឹង​ថា​អ្នក​នោះ គឺជា​ឌុច រឺ​ហ៊ (អនុ​ប្រធាន​របស់​ឌុច)?»។

Read more!

0 comments:


Post a Comment

.0.

.0.

Blog Archive

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2