Sunday, September 7

កុំនាព្យ

សួន​កំណាព្យ​ខ្មែរ Khmer Poem

2-study-4-khmer.gif

អ្នករៀនដើម្បីជាតិ

ហៃកុមារា

ចូរខំនាំគ្នា

រៀនអក្សរសាស្រ្ត

ចូរកុំរត់លេង

ត្រូវនឹកអៀនខ្មាស

ហាត់អានឲ្យច្បាស់


សរសេរឲ្យត្រូវ ។


រៀនសូត្រឲ្យចេះ

អស់អាថ៌ចំណេះ

កុំឲ្យសត្រូវ

ញាំញីលើក្បាល

ចិរកាលតទៅ

នាំឲ្យអាស្រូវ


ថោកដល់ជាតិទៀត ។


រដ្ឋខ្មែរតូចណាស់

ចូរប្រែក្រឡាស់

រិះរេរកស្នៀត

កុំនៅឡែឡ

ខាតពេលបង់សៀត

នាងអើយខំឆ្លៀត


ទាន់នាងនៅក្មេង ។


ចូរនាងជឿថា

រដ្ឋនឹងថ្លៃថ្លា

ដោយសារនាងឯង

ដែលខំស្វាធ្យា

ដើម្បីចាត់ចែង

តាំងផ្ទះសម្បែង


ឲ្យល្អដូចគេ ។


ន. មោ . ក.ខ

ហាត់អានឲ្យល្អ

កុំនៅទំនេរ

ដីសខ្មៅដៃ

ព្យាយាមសរសេរ

កុំចាំគ្រូជេរ


រៀនសោះគេថា ។


កុំដូចមនុស្សខ្វាក់

តាមកែគេញាក់

ឆ្វេងស្ដាំតាមការ

ពួកជនបែបនេះ

មានក្នុងតម្រា

ថានាំអាត្មា


ទៅរកក្ដីទុក្ខ ។


១.២៣.៤

បូកសងតាមក្បួន

គុណចែកតាមមុខ

កុំធ្វេសប្រហែល

ខំឡើងគ្រប់ស្រុក

ទើបរដ្ឋបានសុខ


រស់រានក្សេមក្សាន្ត ។


អនាគតគឺអ្នក

ដូច្នេះត្រូវស្មគ្រ

កុំទំរន់ប្រាណ

នឿយហត់កុំត្អូញ

យកចេះឲ្យបាន

ខ្លួននាងថ្កើងថ្កាន


ពីព្រោះនឿយមុន ។


ខំគូរសំគូរ

អស់ទាំងគំនូរ

ធ្ងន់ស្រាលខំពុន

ចំណេះនេះហើយ

ដែលនាំនូវគុណ

បុណ្យសក្តិទ្រព្យធន


ដល់ជាតិដល់អ្នក ។


ជំនួញជួញប្រែ

ជាតិគេធ្វើតែ

បន្លំលួចលាក់

បិទភ្នែកខ្មែរស៊ី

ព្រោះជាតិខ្មែរខ្វាក់

នាងអើយគួរភ្ញាក់


ខំរុលទៅមុខ ។


រៀនដើម្បីអ្វី

ដើម្បីទឹកដី

ចូរចងចាំទុក

រដ្ឋកម្ពុជា

កេរិ៍ម៉ែឪពុក

សាងបានជាស្រុក


ដោយសារសាច់ឈាម ។


បើជាតិត្រូវការ

នាងកុំសាវ៉ា

ថយក្រោយទីមទាម

ស្ទុះស្មគ្របំរើ

ឲ្យទាន់ពេលភ្លាម

នោះទើបបដល់ពាម


គឺសុខសប្បាយ ។


ទោះរស់ទោះស្លាប់

ស្រីប្រុសប្រញ៉ាប់

ត្រូវបូជាកាយ

ដល់មាតុភូមិ

កុំបីនឿយណាយ

ជីវិតកុំស្ដាយ


ស្ដាយត្រង់តែជាតិ ។


បើសត្រូវជិះជាន់

ព្រួតតកុំគ្រាន់

វាយវាឲ្យឃ្លាត

កុំដេកផ្សងព្រេង

ត្រូវវាយឲ្យព្រាត់

វាយឲ្យខ្ទាយខ្ទាត់


ចាកពីទឹកដី ។


ត្រូវប្ដូរជីវិត

ស្លាប់រស់កុំគិត

ណានាងប្រុសស្រី

រស់នៅខ្ញុំគេ

មិនប្រសើរអី

ស្លាប់ព្រោះបូរី


ជយោស្លាប់ចុះ ។


បើនាងបណ្ដោយ

ដល់ទៅថ្ងៃក្រោយ

គ្មានបញ្ញាឆ្លុះ

ព្រោះខ្ជិលពុំរៀន

គំនិតតុញតុះ

ដល់ដឹងថាខុស


ចាស់ជ្រុលទៅហើយ ។


ពេលកន្លងទៅ

អ្នកនាងស្រែហៅ

ពុំវិលវិញឡើយ

នៅកមេងត្រូវប្រឹង

កុំធ្វើព្រងើយ

នែអ្នកនាងអើយ


មកទៅ ! មកទៅ ! ។


មកទៅសាលា

នាងកណ្ដៀតក្ដារ

ក្រាបលាម៉ែឪ

បបួលមិត្តភក្តិ

កុំគិតកាក់នៅ

ខំរៀនណាពៅ


អ្នកនាងកូនខ្មែរ ។


ម៉ែឪសប្បាយ

ចិត្តលោកខ្វល់ខ្វាយ

ខិតខំធ្វើស្រែ

នាងសង្វាតរៀន

ឲ្យបានពូកែ

កុំយំឡែឡែ


ខ្មាស់ជាតិជិតខាង ។


គុណគ្រូត្រូវស្គាល់

យប់ថ្ងៃនាងគាល់

ផ្ទិតផ្ទង់សំអាង

គឺគ្រូនេះហើយ

ដែលជួយកសាង

វាសនាសំណាង


ឲ្យនាងរាល់គ្នា ។


ចូរនាងចងចាំ

អស់ទាំងបណ្ដាំ

ខាងលើនេះណា

ព្រឹកស្អែកត្រៀមខ្លួន

ចេញចរយាត្រា

ឆ្ពោះទៅសាលា


ខំសិក្សាអឺយ ។

កើតមកជាមនុស្ស


-កើតមកជាមនុស្ស
កុំរឹងកុំរូស
កុំធ្វើជនពាល
កុំបោក កុំប្រាស
កុំឆ្កឹះកុំឆ្កៀល
កុំដើរតិះដៀល

មិនធ្វើការងារ ។

-កើតមកជាមនុស្ស
កុំលង់កុំលុះ
អំពើពាលា
កុំដើរលួចប្លន់
នោះអន់គ្រប់គ្រា
ចាប់បានវេទនា

ជាប់គុកច្រវាក់ ។

-កើតមកជាមនុស្ស
កុំមានចិត្តទ្រុស្ត
កុំដើរកាប់ចាក់
កុំធ្វើជាចោរ
សាមាន្យអបលក្ខណ៍
គេបាត់លុយកាក់

គេជេរផ្ដាសា

-កើតមកជាមនុស្ស
កុំគិតតែគូស
ផ្លូវខុសនោះណា
លួច គោ គ្របី
ម្ខាស់គេឈឺផ្សា
កុំចិត្តឬស្យា

ប្រហារគេឯង ។

-កើតមកជាមនុស្ស
កុំឲ្យពន្យុះ
កុំដើរលេងល្បែង
កុំផឹកប៉ោឡែ
ដេកដួលគេសែង
គ្រួសារចំបែង

ព្រោះក្រែងខ្លួនស្លាប់

-កើតមកជាមនុស្ស
កុំដើរជជុះ
ឲ្យគេឈឺចាប់
កុំធ្វើអាក្រក់
ថ្ងៃក្រោយគង់យ៉ាប់
កុំអុជអាលប្រាប់

កើតរឿងឈ្លោះគ្នា ។

-កើតមកជាមនុស្ស
ចេះបែងចែកពុះ
គ្រប់ពេលវេលា
ប្រព្រឹត្តតែល្អ
រួបរួមសាមគ្គឺ
នោះទើបយូរយា

ស្គាល់ត្រើយ សុខសាន្ត ។
-កើតមកជាមនុស្ស
ដើរតាមគំនូស
ចាស់ ពី បុរាណ
កាន់យកសីលទាន
ធម៌អាថ៌ជាប់ប្រាណ
ដើរតាមលំអាន

ព្រះ ពុទ្ធប្រដៅ ។


ម៉ែ

-ម៉ែ !ម៉ែ !ម៉ែ !

ពាក្យនេះ

សែនមានន័យ

ព្រះគុណថ្លៃ

ច្រើនអនេក

ច្រើនប្រការ

ជាម្លប់ពោធិ៍

ម្លប់ជ្រៃ

ម្លប់សុខា

ដល់បុត្រា

បុត្រី គ្មានអ្វីផ្ទឹម


-ម៉ែ!អ្នកឱ្យ

គ្រប់វេលា

ទោះថ្ងៃយប់

ឱ្យសព្វគ្រប់

កូនចង់បាន

ទាំងញញឹម

ទោះម៉ែអត់

មិនឱ្យកូន

អស់សង្ឃឹម

ម៉ែញញឹម

ប្រឹងរត់រក

មកឱ្យកូន ។

-ម៉ែប្រៀបដូច

ជាគ្រូពេទ្យ

ចាំរក្សា

ពេលជីវ៉ា

មានជំងឺ

មិនស្រួលខ្លួន

ម៉ែស្វះស្វែង

ទាំងយប់ថ្ងៃ

មើលថែកូន

មិនគិតខ្លួន

ឱ្យតែកូន

ជាសះស្បើយ ។

-ម៉ែប្រៀបដូច

ធនាគារ

របស់កូន

ពេលមាសស្ងួន

កូនត្រូវការ

ដកប្រាក់ហើយ

ទោះម៉ែអត់

មិនប្រកែក

ណាកូនអើយ

ហុចដៃហើយ

ម៉ែបើកឱ្យ

តាមត្រូវការ ។

-ម៉ែអ្នកចង់

ឃើញកូនថ្លៃ

មានក្តីសុខ

ម៉ែរងទុក្ខ

ស្រក់ទឹកភ្នែក

ណាជីវ៉ា

ពេលកូនស្ងួន

មានទុក្ខទោស

ដល់អត្មា

ម៉ែខ្លោចផ្សា

ឱរ៉ាប្រេះ

ហួសពីកូន ។

ម៉ែចង់ឱ្យ

កូនស្ងួនម៉ែ

ជាមនុស្សល្អ

ទោះមានក្រ

ស ខ្មៅ

ណាកូនស្ងួន

បើសិនកូន

ធ្វើអាក្រក់

នោះម៉ែកូន

នេត្រាហូរ

ឥតមានស្បើយ

ល្ហើយឡើយណា។š•››››

សិល្បៈចម្រៀងចាប៉ីខ្មែរ

(បទពាក្យ ៨)

ដោយ មៀច ប៉ុណ្ណ

ឧបករណ៍តន្រីចាប៉ីដងវែង

បូកនឹងសំឡេងចម្រៀងប្រគំ

សូរស័ព្ទកាព្យឃ្លោងពិរោះរងំ

បំពេអារម្មណ៍សក្តិសមស្រស់ស្រាយ ។

សិល្បករខ្មែរពូកែកំណាព្យ

ជួនជាប់ដរា បច្រៀង បរិយាយ

ជារឿងកំប្លែងបានសើចសប្បាយ

ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា ។

បើមានដៃគូរច្រើនច្រៀបង្អាប់

សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ

តបទៅតាមមកខោខំតវ៉ា

សំដីផ្លែផ្កាចំអន់ឡែបខាយ ។

រដូវទំនេររិះរេលំហែ

ពន្លឺព្រះខែចែងចាំងត្រសាយ

អ្នកស្រុកអ្នកភូមិញាតិមិត្តជិតឆ្ងាយ

ហេតុចង់សប្បាយមូលមកជួបជុំ ។

វាតទីដំកង់កណ្ដាលទីធ្លា

យាយតាមីមាកំលោះក្រមុំ ។

ខ្លះឈរអង្គុយកន្លែងសមរម្យ

ចាំស្ដាប់ជិតជុំទ្រហឹងអឺងអាប់ ។

អ្នកច្រៀងតម្រូវទៅតាមបំណង

ស្នើរយោបល់ឆ្លងបំណងអ្នកស្ដាប់

ចង់ស្ដាប់ល្បែងល្បងឬចង់បង្អាប់

ឬមួយចង់ ស្ដាប់ ស័ព្ទរឿងបុរាណ

ព្រលប់ផ្កាយព្រាតអាធ្រាត្រផ្កាយជុំ

សំឡេងរងំចាប៉ីចំណាន

បើកបទបង្គំតាមដោយដើមដាន

គោរព សន្ដានមីងមាយាយតា ។

ចាប់ចូលសាច់រឿងបុរាណកវី

សូរស័ព្ទចាប៉ីផ្សំនឹងវាចា

បន្លឺចម្រៀងក្រអួនវោហារ

ថ្ងូចថ្ងូរវាចាពិរោះជាប់ចិត្ត ។

ត្រង់ឆាកព្រាត់ប្រាសនិរាសគូគាប់

អ្នកស្ដាប់ស្រពាប់ស្រពោនអាណិត

ដល់តួរងគ្រោះបែកបាក់

ស្នេហ៍ស្និទ្ធត្រូវយក្សបង្ខិតបង្ខំទៅឆ្ងាយ ។

ស្រីៗអ្នកស្ដាប់ដែលមានចិត្តទន់

ឃើញតួទារុណឈឺចាចាប់ចិត្តកាយសម្រក់

ទឹកភ្នែកយំយែកសោកស្ដាយ

ស្រណោះអាល័យតួអង្គតួឯក ។

លុះដល់ឆាកប្រយុទ្ធជៀងជាក់

ក្សត្រានិងយក្សខ្លាំងក្លាអនេក

ពលយក្សក្រៃក្រាស់ធំៗចម្លែក

ងងឹតពេញមេឃបាំងសែងសុរិយា ។

កងទ័ពក្រុងមារកត់ត្រាមិន

បាន មិនមែនវាល់ឡានដូចទ័ពមនុស្សា

វាល់នឹងសមុទ្រច្រើនផុតមាត្រា

សាហាវហានក្លាដូចអសនី ។

ខ្លះកាន់លំពែងដាវដំបង

ខ្លះជិះលើខ្នងមហឹសា-ដំរី

ខ្លះជាសេនារេហ៍ពលដើរដី

ខ្លះហិចហោះខ្មីលើអាកាសា ។

ស្រែកហ៊ោសន្ធាប់ញាប់ញ័រប្រថពី

វាសវាត់គ្រវីអាវុធមុតថ្លា

សម្លុតសម្លឹងខឹងនឹងក្សត្រា

ជាអង្គមនុស្សាឫទ្ធិក្លាហៅហាន

អ្នកច្រៀងធ្វើត្រាប់តាមកាយវិការ

ជួនហក់ឆ្លេឆ្លាជួនពើតពើងប្រាណ

គ្រវីចាប៉ីធ្វើតាមលំអាន

យក្សយង់ក្សត្រាប្រហាក្សិណក្ស័យ

ស្ដេចនាំនាងនាថរិលវឹងបិរី

ឆ្លាស់ឆ្លងដងព្រៃជ្រលងបព្វតា ។

រាយរាប់រុក្ខជាតិព្រៃភ្នំក្រំថ្ម

ជ្រោះជ្រង លំអ ដែនអរញ្ញវា

រៀបរាប់សត្វម្រឹគបក្សីបក្សា

រាប់អស់មច្ឆាហែលតាមទឹកហូរ ។

រាប់ទាំងបុប្ផាគន្ធាសព្វសាយ

ភូមរីទាំង ឡាយក្រេបរសពិដោរ

ក្លិនរសាត់ឆ្ងាយភាយតាមវាយោ

ហាក់ដូចជាស្នូរនៃតួរ្យតន្រ្តី ។

ឱ ! កវីខ្មែរពូកែបណ្ដាច់ រចនា

ពាក្យពេចន៍ល្បិចល្បងល្បាញល្បី

ឱ ! អ្នកចម្រៀងច្រៀងលេងសំដី

ដេញភ្លេងបំភ្លៃពិរោះភរិម្យ ។

ឱ ! រាត្រីខ្មែរខែរះភ្លឺថា

រីករាយចិន្ដាអធ្រាត្រដាស់ទុំ

ស្ដែងស្ដាប់ចម្រៀងបំពេសង្គម

បបោសអារម្មណ៍សំងំសុខសាន្ត ។

នាំគ្នាការពារថែវប្បធម៌ជាតិ

កុំឲ្យរវាតទើបជាតិថ្កើងថ្កាន

រក្សាគង់វង្សកេរពីបុរាណត

ទៅសន្ដានរឿង ដរាប អើយ

បំណងរបស់ពុក

.ប៉ាភ្ជួរ ប៉ារាស់កាប់គាស់លី

ខិតខំសំភីរៀងរាល់ថ្ងៃ

បង្ហូរញើសឈាមក្រោមក្តៅថ្ងៃ

ប្រយោជន៍ដើម្បី ប្រពន្ធកូន។

.ខ្លួនប៉ាធានា គ្រប់កិច្ចការ

ចាត់ទុកអាត្មាដូចជាក្បូន

បញ្ជិះចម្លងរាល់រូបកូន

សណ្តោងសណ្តូនដល់ត្រើយនាយ

.ការងារធ្ងន់ស្រាលប៉ាមិនគិត

លំបាកផ្លូវចិត្ត ឬផ្លូវកាយ

ពេលណាឃើញកូនសើចសប្បាយ

ទុក្ខប៉ារសាយ ស្បើយមួយគ្រា

.ប៉ាជមរុញកូនឱ្យបានចេះ

រៀនយកចំណេះចេះវិជ្ជា

សង្ឃឹមថ្ងៃក្រោយ កូនភ្លឺថ្លា

ទីពឹងអាត្មាខ្លួនឯងបាន

.ប៉ាចង់ឱ្យកូនកសាងខ្លួន

ថ្លៃថ្លាមាំមួនណាកល្យាណ

ចំណែករូបប៉ាមិនប៉ុន្មាន

ឥឡូវខ្លួនប្រាណកាន់តែចាស់

.ប៉ាចង់ឱ្យកូនដើរផ្លូវត្រូវ

ព្យាយាមប្រដៅទូន្មានណាស់

ឱ្យស្គាល់ខុសត្រូវ ឱ្យបានច្បាស់

កុំឱ្យប្រទះផ្លូវអបាយ

.ចូរកូនរក្សាវង្សត្រកូល

បងប្អន្អូមិត្តមូល កុំខ្ចាត់ខ្ចាយ

ល្បែងស្រី ល្បែងស្រា ចៀសឱ្យឆ្ងាយ

បាបមិត្តទាំងឡាយកុំពាក់ព័ន្ធ

.ប៉ាចង់ឃើញកូនបានក្តីសុខ

សម្បត្តិស៊ីចុកមានគ្រប់ក្រាន់

បើមានកូនចៅ ប្តីប្រពន្ធ

កុំបីរិះគន់ ទាស់តែងគ្នា

.ឥឡូវកូនប៉ាទាំងឡាយអើយ

ពុកម៉ែចាស់ហើយកូនពុំងា

អ្វី ៗ ផ្ញើលើកូនគ្រប់គ្នា

ជា ប្ញ ពុំជា នៅលើកូន

ស៊ូក្ស័យ

បញ្ឈប់​ហិង្សា

ហិង្សា​មិនមែន​ដំណោះ​ស្រាយ

ហិង្សា​កែ​ក្លាយ​ទុក​សង្រេង

ហិង្សា​បណ្ដាល​ឲ្យ​វង្វេង

ហិង្សា​ជា​ភ្លេង​កើត​វិបត្តិ ។

សូម​មនុស្ស​ចូល​ចិត្ត​ប្រើ​ហិង្សា

ពេល​ខឹង​ពេល​ថារ​ធ្វើ​ឲ្យ​ស្ងាត់

ខំ​ប្រឹង​ដោះ​ស្រាយ​ដោយ​ប្រយ័ត្ន

គេច​ជៀស​វិបត្តិ​ដោយ​ហិង្សា ។

ឈប់​គិត​ហិង្សា​តទៅ​ទៀត

បញ្ឈប់​ឃ្លោង​ឃ្លាត​គ្មាន​មេត្តា

កុំ​ផ្ដល់​ទុក​សោក​ដល់​គ្រួសារ

បញ្ចៀស​ហិង្សា​ព្រោះ​ខុស​ច្បាប់ ។

ប្រពន្ធល្អច្រើនចាញ់ប្តី

ម្ដេច​ប្រពន្ធ​ល្អ​ច្រើន​ចាញ់​ប្ដី តើ​ព្រោះ​ហេតុអ្វី​សូម​នាង​គិត
ប្រពន្ធ​ប្រពៃ​មាន​គំនិត តែងតែ​គន់គិត​អ្វី​ប្រសើរ ។
មិន​ឈ្លោះ​ពេល​ប្ដី​ខឹង​ទោសៈ នៅ​មុខ​ញាតិ​ជាក់​មិន​វាយ​ស្មើ
រើស​វេលា​ល្អ​វិល​មក​ស្នើ ពិគ្រោះ​ផ្លូវ​ដើរ​ដែល​ប្រពៃ ។
រក្សា​កិត្តិយស​មេ​គ្រួសារ មិន​ប្រើ​ហិង្សា​តប​សំដី
ចាញ់​ព្រោះ​អត់​ធ្មត់​អធ្យាស្រ័យ ខុសត្រូវ​អ្វី​ៗ​ពិភាក្សា ។
រស​សម្ល​ឆ្ងាញ់​ត្បិត​ព្រោះ​គ្រឿង គ្រួសារ​រុងរឿង​ត្បិត​ភរិយា
ចេះ​គោរព​ប្ដី​ថ្នម​ចិន្ដា ថ្លៃថ្នូរ​តម្រា​ធម៌​រមណីយ ។
ចាញ់​នោះ​ដើម្បី​សេចក្ដី​សុខ គ្រួសារ​ខ្ពស់​មុខ​ពឹង​នារី
ចេះ​រើស​វេលា​តួនាទី ពិគ្រោះ​បញ្ជី​ពន្លត់​ភ្លើង​ក្នុង ។
យកចេញពី
ដែល​និពន្ធ​ដោយ អ្នក​ស្រី កែវ ច័ន្ទបូរណ៍

ហូលខ្មែរ

បណ្ដាំ​អក្សរ​ខ្មែរ
កើត​បាន​ជា​កូន​ខ្មែរ ខំ​គិត​កែ​ប្រែ​គំនិត
គួរ​សេព​គប់​រក​បណ្ឌិត ឃើញ​ត្រូវ​ពិត​តាម​មាគ៌ា ។
ងើប​មើល​ជាតិ​ខ្មែរ​មូល​មីរ ចូល​សាមគ្គី​ជួយ​រដ្ឋា
ឆោម​ប្រកប​ដោយ​បញ្ញា ជួយ​ស្ដី​ថា​ជួយ​កូន​ចៅ ។
ឈប់​ស្ងៀម​នៅ​មើល​បណ្ដាំ ញឹម​ចង​ចាំ​ពាក្យ​ប្រដៅ
ដឹង​ឲ្យ​គ្រប់​កុំ​ល្ងង់​ខ្លៅ ឋានៈ​ជ្រៅ​ឆ្ពោះ​ទៅ​មុខ ។
ឌុកដាន់​ដាល់​វ៉ៃ​គ្នា​ឯង ឍាល​ឫក​ខែង​ចង់​ស្រុក
ណា​អង្គុយ កុំ​សំកុក តទៅ​ថ្ងៃ​មុខ​ក្រែង​អាស្រូវ ។
ថា​តែ​ធ្វើ មិន​ព្រម​លូក ទាប​ដូច​ទូក​ឬ​សំពៅ
ធាក់​រសាត់​តាម​ទឹក​ទៅ នៅ​មិន​នឹង​មួយ​កន្លែង ។
បើ​បាន​ធំ​គុំ​ស្អប់​តូច ផាត់​កាត់​ខូច​ចេញ​ឲ្យ​ស្ដែង
ពិត​ជា​ប្រុស​ត្រូវ​ប្រឹងប្រែង ភ័យ​ខ្លាច​ក្រែង​កើត​ខ្ញុំ​គេ ។
មក​ខិត​ខំ​ប្រឹង​លក​លៃ យ.រ យំ​រក​ល្បិច​គ្នាន់​គ្នេរ
លប​មើល​ជាតិ​អស់​ផង​គេ វិល​វល់​វេរ​ទៅ​តាម​ខ្យល់ ។
សូម​កុំ​ពឹង​លើ​សំណាង ហាម​កុំ​អាង​ប្រើ​ល្បិច​កល
ឡោម​វាយ​គេ​កើត​រចល់ អស់​ពិភាល់​កើត​ជា​ខ្មែរ ។
ខ្មែរស្រលាញ់ខ្មែរ

ខ្មែរ​អើយ​ខ្មែរ​ខ្ញុំ ខ្មែរ​រង​ទុក្ខ​ធំ ដូច​ភ្នំ​សង្កត់ ជា​ច្រើន​ខែ​ឆ្នាំ ចូរ​ចាំ​ប្រវត្តិ ខ្មែរ​ត្រូវ​ប្រាស​ព្រាត់ យ៉ាង​សែន​ទារុណ ។ បើ​ខ្មែរ​បែក​បាក់ ខ្មែរ​នឹង​គ្រោះថ្នាក់ ដូច​កាល​ពីមុន ធ្លាក់​ក្នុង​រណ្ដៅ ជ្រោះ​ជ្រៅ​សែន​ធ្ងន់ រងទុក្ខ​ផ្ទួនៗ ឥត​មាន​ពេល​ល្ហែ ។ ចូរ​ខ្មែរ​ចាំ​ថា គ្មាន​បរទេស​ណា ពិត​ស្រឡាញ់​ខ្មែរ ជាង​ខ្មែរ​ស្រឡាញ់ ដូច​គ្នា​ជាតិ​ខ្មែរ បង​ប្អូន​ពុក​ម៉ែ មា​មីង​យាយតា ។ ខ្មែរ​អើយ​ចងចាំ សាវតារ​បាន​ផ្ដាំ ឆ្លាក់​ជាប់​ថ្មដា មហានគរ ខ្មែរ​ថ្កើង​យ៉ាង​ណា ព្រោះ​ខ្មែរ​ហាន​ក្លា ខ្មែរ​មាន​សាមគ្គី ។ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​នឹង​ពូកែ ផុត​ទុក្ខ​ញាំញី កសាង​ការពារ ជាតិ​ខ្លាំង​គ្មាន​ពីរ បរទេស​មូល​មីរ កោត​ក្រែង​ជាតិ​ខ្មែរ ។ សូម​ខ្មែរ​ក្រោក​ឡើង ប្រឹង​លើក​តម្កើង ពូជសាសន៍​ជាតិខ្មែរ ក្នុង​ស្រុក​ក្រៅ​ស្រុក រួម​គ្នា​ជួយ​ខ្មែរ កុំ​ខ្លាំងពូកែ តែ​ខាង​សម្ដី ។ ព្រះ​សង្ឃ​គ្រហស្ថ បើ​ដឹង​ខ្លួន​ខុស នឹង​ច្បាប់​វិន័យ ប្រញាប់​កែ​ខ្លួន មុន​ពេល​ក្សិណក្ស័យ ក្រែង​ធ្លាក់​អវិចី ព្រះ​ប្រោស​មិន​រួច ។

មិត្តល្អជួយគ្នាក្នុងគ្រាមានទុក្ខ

មិត្ត​ល្អ​ក្រ​ណាស់ បើ​ជួប​ប្រទះ ប្រឹងប្រែង​ជួយ​គ្នា បើ​មិត្ត​មាន​ទុក្ខ ខិត​ខំ​ម្នីម្នា ប្រវេប្រវា ឱ្យ​រួច​ទុក្ខ​ធំ។ បើ​មិត្ត​មាន​ភ័យ គួរ​គិត​លក​លៃ ជួយ​ដោយ​មនោ​រម្យ កុំ​នៅ​បង្អង់ ជួយ​ដោយ​សុខុម ឱ្យ​បាន​ចម្រុង​ចម្រើន​តទៅ។ នេះ​ហៅ​មិត្ត​ល្អ រក​បាន​ដោយ​ក្រ ដែល​ជា​ស្រឡៅ នាំ​កើត​ក្ដី​សុខ ឥត​មាន​ហ្មង​សៅ តែង​ចង្អុល​ផ្លូវ សុភមង្គល ។ ទេវតា​ឱ្យ​សុខ ត​រៀង​ទៅមុខ មិន​ដែល​មាន​យល់ នៅ​រឿង​ទុក្ខ​ភ័យ ដែល​ជា​អកុសល នាំ​កើត​មង្គល អស់​មួយ​ជីវិត ។ បើ​ទៅ​ទីណា អស់​បងប្អូន​ណា គេ​ចូលចិត្ត​ពិត គេ​កោត​សរសើរ ទាំង​ឆ្ងាយ​ទាំង​ជិត ស្និត​ស្នាល​ស្គាល់​មិត្ត ទទួល​រាក់​ទាក់ ៕

ជួយគ្នាក្នុងគ្រាមានអាសន្ន

បពិត្រ​សប្បុរស​ជាតិ​ខ្មែរ​ប្រុស​ស្រី ក្នុង​ក្រៅ​បុរី​រួម​ឈាម​ខេមរា ពូជ​អ្នក​អង្គរ​ធ្លាប់​ល្បី​អស្ចារ្យ កសាង​រដ្ឋា​ចម្រើន​ល្បាញ​ល្បី ។

ឥឡូវ​ធ្លាក់​ខ្លួន​កម្សត់​អត់​ឃ្លាន ខ្លះ​ដើរ​សុំទាន​ឆ្លង​ផុត​ដែន​ដី អ្នក​ផង​មើល​ងាយ​ដូច​ជា​ទាសី បាយ័ន​ស្ទើរ​ក្ស័យ​ព្រោះ​អី​ខ្មាស​គេ ។

ពេល​នេះ​កម្ម​កាច​កំណាច​ធម្មជាតិ ឱ្យ​យើង​ឃ្លៀងឃ្លាត​រងទុក្ខ​រឹត​ទ្វេ ម្ដង​គ្រោះ​រាំង​ស្ងួត​ម្ដង​ជន់​ទន្លេ លិច​គ្មាន​សល់​ទេ​មនុស្ស​សត្វ​រុក្ខជាតិ ។

ឱ!ព្រះ​វិហារ​រងា​ដួង​ចិត្ត រស់​ទាំង​ភ័យ​ភិត​ត្បិត​ឆ្ងាយ​មិត្ត​ញាតិ ក្រចេះ​ស្ទឹងត្រែង​ទ្រូង​តឹង​ចង្អៀត ស្វាយ​រៀង​កុំ​ឃ្លាត​ចាក​ព្រំ​សីមា ។

កំពង់​ធំ​កុំ​តូច​ខូច​ឈ្មោះ​ខ្ញុំ ប៉ុល ពត បង​ធំ​ឱ្យ​រាស្ត្រ​ខ្លោច​ផ្សា កំពង់ចាម​បាន​ចិត្ត​ដ្បិត​ស្ដេច​តា ស្មោះ​នឹង​ខេមរា​ដូច​ស្នេហ៍​ទុំទាវ ។

ព្រៃវែង​កុំ​ខ្លី​រួញ​ដូច​កណ្ដាល កំពត​កុំ​ចាល​ចាញ់​ទឹក​រលក កោះកុង​អ្នក​កុំ​គិត​ដូរ​ជម្រក កំពង់សោម​លក​លៃ​ទារ​ពន្ធ​ដារ ។

អូរ​ជ្រៅ​កុំ​រាក់​លាក់​បាត់ដំបង យាយ​យ៉ាត​មើល​ផង​ត្បូង ប ភ្លឺ​ថ្លា សៀម​រាប​អ្នក​កុំ​ឃើញ​តែ​ដុល្លារ ខំ​ថែរក្សា​កេរ​អង្គរ​ផង ។

រតនគិរី​មណ្ឌល​គិរី ភ្នំពេញ​មូល​មីរ​កុំ​ភ្លេច​រោគ​ឆ្លង តាកែវ​ភ្នំ​ដិន​ថែ​ព្រះសង្ឃ​ផង គ្រាន់​ធ្វើ​បុណ្យ​ផ្សង​ចម្លង​សទ្ធា ។

គ្រប់​ខេត្ត​ខណ្ឌ​ក្រុង​ប្រុង​ប្រៀប​ស្មារតី ការពារ​គ្រោះ​ភ័យ​កំណាច​ព្យុះ​មារ មេត្តា​ចេះ​ជួយ​យក​អាសា​គ្នា បង​ប្អូន​មីង​មា​ពុក​ម៉ែ​យាយ​តា ។

ក្នុង​ស្រុក​ក្រៅ​ស្រុក​ពូជ​ពង្ស​ជាតិ​ខ្មែរ វេញ​គ្នា​ដូច​ខ្សែ​ចង​ដំរី​សា កសាង​ការពារ​ជាតិ​ឱ្យ​ខ្លាំង​ក្លា តាម​បែប​ដូន​តា​អង្គរ​រុងរឿង ។

ដូងមួយធ្លាយ

ផ្លែដូងមួយធ្លាយច្រុះលើដើម មានចំនួនច្រើនយ៉ាកនឹងរាប់
មានតក់មាននាឡិមានគួរគាប់ មួយធ្លាយជ្រុះជាប់តាមវាសនា។
ដូចជាពលរដ្ឋក្នុងនគរ មានខូចមានល្អគរខេមរា
កូនខ្លះបំផ្លាញ ខ្លះរក្សា ខ្លះទៀតប្រាជ្ញា ខ្លះក៏ល្ងង់។
ចៃដន្យដូងស្អុយមានតិចតួច ដទៃមិនខូច មិនគម្រង់
មួយធ្លាយខូចមួយមិនលិចលង់ ដូងល្អជួយយោងផលចំការ។
មិនខុសពលរដ្ឋក្នុងនគរ ភាគច្រើនពលល្អថែខេមរា
ថ្វីបើបុត្រខ្លះចិត្តទោសា គង់ជាតិភ្លឺថ្លាព្រោះបុត្រល្អ។
ឃើញស្អុយមួយផ្លែកុំអាលទ្រាន់ នៅផ្លែរយពាន់ផលបវរ
បុត្រមួយខួរស្អុយ ច្រើនទៀតល្អ គង់នាំនគរឆ្ពោះជ័យអើយ ។



Read more!

0 comments:


Post a Comment

.0.

.0.

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2