Sunday, September 7

សម្លាប់​ប្រពន្ធ​ ខឹង​ទារ​លុយ​៥០​ម៉ឺន​រៀល​មិន​បាន


ខេត្ត​ព្រៃវែង​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្ដី​ ច្របាច់​ក​សម្លាប់​ក្នុង​ទឹក​ស្ទឹង កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នៅ​ក្នុង​ភូមិ​បឹងកក់ ឃុំ​ដូនកឹង ស្រុក​កំចាយមារ ខេត្ត​ព្រៃ​វែង ទោះ​បី​ជា​បែប​ណា ប្ដី​ជា​ឃាតករ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ ព្រៃវែង ធ្វើការ​ឃាត់​ខ្លួន​រួច​ហើយ​ដែរ ។ ស្ត្រី​ដែល​ស្លាប់​ដោយ​ស្នាដៃ​បុរស​ជា​ប្ដី​នេះ​ឈ្មោះ​មាស ស្រីថា អាយុ​២៧​ឆ្នាំ ឯ​ប្ដី​ជា​ឃាតករ​ឈ្មោះ​ឆយ ពេជ្រ អាយុ​២៩​ឆ្នាំ ។

ទាក់​ទិន​នឹង​រឿង​ហេតុ​ខាង​លើ​នេះ ត្រូវ​បាន​អ្នក​ស្រុក​រស់​នៅ​ជា​មួយ​គ្នា​រៀប​រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ក្រុម​អ្នក​ទៅ​នេសាទ​ត្រី​នៅ​បឹង​កក់​ប្រទះ​ឃើញ​សព នាង​មាស ស្រីថា អណ្ដែត​នៅ​ក្នុង​ស្ទឹង​ជាប់​ទំនប់​បឹងកក់ ដោយ​មាន​សភាព​ស្លេក​ស្លាំង​ដែល​មាន​ន័យ​ថា បាន​ស្លាប់​យូរ​ម៉ោង​ហើយ ។ ពេល​ឃើញ​សព​អណ្ដែត​ទឹក​បែប​នេះ អ្នក​នេសាទ​បាន​រត់​ទៅ​ភូមិ ប្រាប់​ជា​ព័ត៌មាន​ឲ្យ​ក្រុម​គ្រួសារ បាន​ដឹង​ តែ​ពេល​នោះ បុរស​ជា​ប្ដី​នារី​រង​គ្រោះ​កំពុង​ដើរ​ប្រាប់​គេ​ឯង​ថា ខ្លួន​បាន​ច្របាច់​ក​ប្រពន្ធ សម្លាប់​ចោល​នៅ​មាត់​ស្ទឹង​បាត់​ទៅ​ហើយ នៅ​ពេល​នាំ​ទៅ​រក​ត្រី ។

តាម​ប្រភព​ព័ត៌មាន​ថា ប្ដី​ជា​ឃាតករ​បាន​ប្រាប់​គេ​ឯង​ទៀត​ថា បាន​ជា​ខ្លួន​ច្របាច់​ក ប្រពន្ធ​សម្លាប់​ចោល ក៏​ព្រោះ​តែ​ខឹង​ប្រពន្ធ​មិន​ឲ្យ​លុយ​៥០​ម៉ឺន​រៀល ធ្វើ​សោហ៊ុយ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ។ ខ្លួន​មាន​ការ​ប៉ុន​ប៉ង​សម្លាប់​ចំនួន​២​លើក​មក​ហើយ ប៉ុន្តែ​រក​ពេល​វេលា​មិន​បាន ទើប​តែ​ថ្ងៃ​នេះ ខ្លួន​បាន​បបួល​ប្រពន្ធ​ទៅ​រក​ត្រី​ចំ​ពេល​ស្ងាត់​ ក៏​សម្លាប់​តែ​ម្ដង​ទៅ ។ អ្នក​ភូមិ​បឹង​កក់​និយាយ​ទៀត​ថា ប្ដី​ជា​ឃាតករ​រូប​នេះ​មិន​សូវ​នៅ​ផ្ទះ​ទេ គឺ​ច្រើន​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ហើយ​ទើប​ត្រឡប់​មក​វិញ​ទៀត​ផង ។ កាល​ពី​ស្ត្រី​ជា​ប្រពន្ធ​នៅ​រស់​នាង​តែង​តែ​ និយាយ​ប្រាប់​អ្នក​ស្រុក​ថា ប្ដី​ទៅ​ធ្វើ​ការ​នៅ​ថៃ មិន​ដែល​បាន​លុយ​មក​ផ្ទះ​ទេ លុះ​ពេល​ទៅ​វិញ​សុំ​លុយ​ពុំ​ដែល​ខាន តែ​នាង​មិន​ដែល​ឲ្យ ក៏​កើត​មាន​គំនុំ​ប៉ង​សម្លាប់​បែប​នេះ ។

តាម​ប្រភព​ព័ត៌មាន​ថា បុរស​ជា​ប្ដី​ក៏​ជា​មនុស្ស​ប្រឡូក​នឹង​គ្រឿង​ញៀន​ជោក​ជាំ​ណាស់​ដែរ ដែល​គ្មាន​អ្នក​ណា​អាច​និយាយ​ណែនាំ​បាន​ឡើយ ។ អ្នក​ស្រុក​និយាយ​ថា ប្រពន្ធ​ត្រូវ​បាន​ប្ដី​ច្របាច់​ក​សម្លាប់ ហើយ​ប្ដី​ជា​ឃាតករ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​គុក​ទៀត នៅ​សល់​កូន​ស្រី​ម្នាក់​អាយុ​ទើប​តែ​ប្រហែល​៥​ឆ្នាំ កំពុង​រស់​នៅ​កណ្ដោច​កណ្ដែង​ផ្ញើ​ខ្លួន​លើ​សាច់​ញាតិ និង​អ្នក​ស្រុក ៕

Read more!

0 comments:


Post a Comment

.0.

.0.

 

we are khmer buriram

Khmer Mystery - Funan (The Lost City) part 1

Cambodian Genocide - Pol Pot and the Khmer Rouge

I knew Pol Pot- 28 Jan 08- Part 2