ថ្ងៃនេះ ២៧ កក្កដា ២០០៩, សម្រាប់រដ្ឋាភិបាលខ្មែរ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏មហិមា និងជាជោគជ័យសំបើមណាស់ដែលនៅទីបំផុតស្រុកខ្មែរមានអាកាសចរជាតិ តំណាងឲ្យប្រទេសជាអតីតចក្រភពមួយ។
បើស្ដាប់ទៅ ខេមបូឌា អង្គរ អ៊ែរ៍ (Cambodia Angkok Air) ប្រហែលជាពីរោះណាស់ នៅខណៈដែលប្រទេសនេះល្បីណាស់ពីរឿងអង្គរ ទៅណាមកណា ក៏ «អង្គរ»។ ពិតមែនហើយ «អង្គរ» គឺជាមោទនភាពនៃជាតិខ្មែរ ជៀសមិនផុត។ សម្រាប់ ខេមបូឌា អង្គរ អ៊ែរ៍ តើនេះជាមោទនភាពនៃអាកាសចរជាតិមួយពិតប្រាកដឬ?
សាវតារនៃ ខេមបូឌា អង្គរ អ៊ែរ៍ គឺគ្មានអ្វីក្រៅពីភាគហ៊ុនពាក់កណ្ដាលម្នាក់រវាងប្រទេសកម្ពុជា និងប្រទេសជាបងប្អូនម៉ឺនឆ្នាំ វៀតណាម ឡើយ។ ខេមបូឌា អង្គរ អ៊ែរ៍ មិនបានបង្ហាញសម្ដែងឲ្យអស់ឆន្ទៈរបស់ខ្លួនចំពោះប្រជាជាតិខ្មែរជាង ១៤លាននាក់ អំពីអ្វីដែលខ្លួនអះអាងថាជាមោទនភាពកម្ពុជា ជាមួយនឹងកំណើតរបស់ខ្លួនស្រេចទៅហើយ។
វាពិតជាគួរឲ្យសោកស្ដាយ និងខ្មាស់អៀនណាស់ ដែលកម្ពុជា មកដល់ពេលនេះ មិនមានសមត្ថភាពខ្លួនឯងពិតប្រាកដបង្កើតអាកាសចរជាតិ១០០ភាគរយ ដោយមានដោតទង់អង្គរបីព័ណ៌នៅលើនោះ។
នៅពេលដែលសាកល្បងពិនិត្យមើលគេហទំព័រ ខេមបូឌា អង្គរ អ៊ែរ៍ (www.cambodiaangkorair.com) មិនឃើញមានភាសាខ្មែរទេ ផ្ទុយមកវិញបែរជាមានភាសាវៀតណាម រួមទាំង ចរឹតភាពជាវៀតណាមច្រើនផ្សេងទៀត ទាំងពីរការកក់ទិញសំបុត្រយន្តហោះ ផ្លូវហោះហើរជាដើម! តើ ខេមបូឌា អង្គរ អ៊ែរ៍ ជាកូនជីងមួយនៃ អាកាសចរវៀតណាម (Vietnam Airlines)? នេះឬជាមោទនភាពនៃ ខេមបូឌា អង្គរ អ៊ែរ៍?
យើងសូមសរសើរ និងលើកទឹកចិត្តចំពោះរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងឲ្យមាន អាកាសចរជាតិឡើងវិញនេះណាស់ ក៏ប៉ុន្តែសម្រាប់ ខេមបូឌា អង្គរ អ៊ែរ៍, មោនទនភាពនៃអាកាសចរជាតិប្រហែលជាកំពុងស្ថិតក្នុងភាពពិចារណានៅឡើយ។
យើងសូមជូនពរឲ្យ ខេមបូឌា អង្គរ អ៊ែរ៍ ដំណើរការប្រកបដោយសុខសុវត្ថិភាព និងមានប្រជាប្រិយភាពទាំងសម្រាប់ជនជាតិខ្មែរ និងជនបរទេស គ្រប់រូបដែលធ្វើដំណើរតាមអាកាសចរជាតិខ្មែរថ្មីនេះ!
ជយោ! ខេមបូឌា អង្គរ អ៊ែរ៍!
សម្រាប់វេបសៃត៍ ខេមបូឌា អង្គរ អ៊ែរ៍ មិនមានទេលក្ខណៈ និងភាសាខ្មែរ តែវៀតណាម
0 comments:
Post a Comment