រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារឧត្ដមសិក្សានៃប្រទេសប្រើភាសាបារាំង (AUF) សភាពាណិជ្ជកម្មបារាំង - កម្ពុជា (CCFC) រួមជាមួយនឹងផ្នែកសហប្រតិបត្តិការបារាំង របស់មហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមានកិត្តិយស នឹងបង្ហាញជូននូវសៀវភៅមគ្គុទេសក៍សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ឆ្នាំ២០០៧ ដែលជាស្នាដៃលើកទីមួយ ដំបូងបំផុតនៅកម្ពុជា ។ ទិនានុប្បវត្តិមគ្គទេសក៍សាកលវិទ្យាល័យដែលពុំដែលមាននៅកម្ពុជានេះ នឹងនាំមកនូវកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ឧត្ដមសិក្សានានាទីក្រុង ភ្នំពេញ ដោយក្នុងនោះមានទាំងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន ។
ស្នាដៃនេះពិតជាមានប្រយោជន៍ ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់សិស្ស និងនិស្សិត ព្រមទាំងនិយោជកទាំងឡាយដែលចង់ស្វែងរកព័ត៌មានលំអិតទាក់ទងដល់ ប្រព័ន្ធនៃការអប់រំបណ្ដុះបណ្ដាល និងប្រភេទសញ្ញាប័ត្រនានានៅកម្ពុជា ។ ទិនានុប្បវត្តិនេះនឹងបង្ហាញជូននូវគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជនចំនួន២៩ ដែលកំពុងមានវត្តមាននៅរាជធានីភ្នំពេញ ។ ទិនានុប្បវត្តិមួយក្បាលនេះតំណាងអោយនិស្សិតចំនួន៧៦.៦០០នាក់ និងប្រភេទសញ្ញាប័ត្រចំនួន៤២៨ ប្រភេទនៅកម្ពុជា ។
ទិនានុប្បវត្តិនេះធ្វើឡើងជាពីរភាសាបារាំង - អង់គ្លេស ដែលចែកចេញជាពីរផ្នែក ៖
- តារាងព័ត៌មានស្ដីពីគ្រឹះស្ថានបណ្ដុះបណ្ដាលនីមួយៗ ។
- បញ្ជីរាយនាមកម្រិតសញ្ញាប័ត្រតាមជំនាញនីមួយៗ ។
កម្រិតសញ្ញាប័ត្រដែលបានដកស្រង់មកបង្ហាញ ត្រូវបានបែងចែកជា៨ផ្នែក ៖
- វិទ្យាសាស្ត្រសង្គម ៖ សេដ្ឋកិច្ច គ្រប់គ្រង នីតិសាស្ត្រ រដ្ឋបាល ។
- មនុស្សសាស្ត្រ ៖ ប្រវត្តិសាស្ត្រ បុរាណវិទ្យា ចិត្តវិទ្យា សង្គមវិទ្យា នគររូបនីយវិទ្យា ស្ថាបត្យកម្ម ភាសាវិទ្យា ទំនាក់ទំនង ព័ត៌មាន និងទេសចរណ៍ ។
- សិល្បៈ ៖ សិល្បៈ ប្លាស្ទិក តូរ្យតន្ត្រី និងវិចិត្រសិល្បៈ
- ភាសា និងអក្សរសាស្ត្រ ៖ ខ្មែរ បារាំង អង់គ្លេស ជប៉ុន ។
- វិទ្យាសាស្ត្រអប់រំ ៖ គរុកោសល្យ
- វិទ្យាសាស្ត្រសុខាភិបាល ៖ វេជ្ជសាស្ត្រទូទៅ វេជ្ជសាស្ត្ររោគកុមារ ទន្តសាស្ត្រ ចក្ខុសាស្ត្រ ឱសថសាស្ត្រ ជំនាញថែទាំវេជ្ជសាស្ត្រ.... ។ល។
- វិទ្យាសាស្ត្រវិស្វករ ៖ រូបវិទ្យា គីមីវិទ្យា ទេពកោសល្យខាងចំណីអាហារ កសិចំណីអាហារ ព័ត៌មានវិទ្យា គណិតវិទ្យា...។ល។
- កសិកម្ម ៖ រៀបចំដែនដី កសិវិទ្យា កសិសេដ្ឋសាស្ត្រ កសិឧស្សាហកម្ម...។ល។
ទិន្នន័យទាំងឡាយក្នុងទិនានុប្បវត្តិនេះត្រូវបានប្រមូល និងចងក្រងឡើងក្នុងអំឡុងពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០០៧ ក្រោមស្នាដៃរបស់និស្សិតថ្នាក់បរិញ្ញាបត្រ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យលីយ៉ុង២ របស់ប្រទេសបារាំង ដែលបោះទីតាំងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅភ្នំពេញ ។
នាថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៧ ខាងមុខនេះនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នឹងមានរៀបចំពិធីដាក់បង្ហាញទិនានុប្បវត្តិមគ្គទេសក៍ឧត្ដមសិក្សា ឆ្នាំ២០០៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ហ្សង់ ហ្រ្វង់ស័រ - ដេម៉ាឌ្សែរ ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំនៅកម្ពុជាផងដែរ ។ នៅក្នុងឱកាសនោះ នឹងមានការចែកជូនទិនានុប្បវត្តិចំនួន១ច្បាប់ ដល់អ្នកដែលបានអញ្ជើញចូលរួម ហើយលើសពីនេះ សៀវភៅនេះក៏អាចត្រូវបានដាក់ជូនជាវក្នុងតម្លៃ២ដុល្លារផងដែរ ៕