ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនខ្មែរ-សៀម កំពុងតែមានការប្រុងជើងការរៀងៗខ្លួន រវាងកងទ័ពនៃប្រទេសទាំងពីរ ខណៈពេលដែលសៀម បានបញ្ជូនរថក្រោះ និងកងទ័ពរបស់ខ្លួនបន្ថែមទៀត មកដាក់ពង្រាយ និងចល័តទ័ពតាមបណ្ដោយព្រំដែន ក្បែរតំបន់ប្រាសាទព្រះវិហារ ។
បើតាមសេចក្តីរាយការណ៍ពីមន្ត្រីយោធាជាន់ខ្ពស់មួយរូបបានឲ្យ ដឹងថា សៀមបានបញ្ជូនកងទ័ព និងរថក្រោះរួមទាំងសព្វាវុធ មកដាក់នៅមុខតំបន់ច្រក តាផាវ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៩ ដែលច្រកតាផាវ នេះ មានចម្ងាយប្រមាណជាង ៥គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ ។
មន្ត្រីយោធាដដែលបានបន្តថា កងទ័ព និងរថក្រោះសៀម ដែលបញ្ជូនមកដាក់បន្ថែម នៅក្បែរច្រកតាផាវ គឺមានចម្ងាយជាង៥០ម៉ែត្រ ពីច្រកតាផាវ ។ ក៏ប៉ុន្តែរហូតមកដល់រសៀលថ្ងៃទី ២២ ខែ កក្កដា កងទ័ពសៀមនិងរថក្រោះ ដែលបានបញ្ជូនមកចំណុចច្រកតាផាវមិនហ៊ានរុលចូលមកក្នុងទឹកដី ខ្មែរទេ។បន្ទាប់ពីសៀមបានបញ្ជូនទ័ព និងរថក្រោះមកក្បែរច្រកតាផាវ កងទ័ពកម្ពុជាបានត្រៀមទប់ទល់និងប្រុងជើងការ ដើម្បីស្វ័យការពារបូរណភាពទឹកដីជាមួយប្រទេសឈ្លានពាន ។
លោកឧត្ដមសេនីយ៍ ជា តារា មេបញ្ជាការសមរភូមិមុខប្រចាំនៅតំបន់ប្រាសាទព្រះវិហារមិនអាចសុំការ អត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល ។ រីឯលោកឧត្ដមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលអន្តរាគមន៍លេខ៣ ប្រចាំការនៅប្រាសាទព្រះវិហារក៏ពុំអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកលើកទូរស័ព្ទ ។
ចំណែកលោក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក៏ពុំអាចសុំការអត្ថាធិប្បាយបានដែរ ៕
0 comments:
Post a Comment