កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៣ កក្កដា ២០០៩៖ លោកម៉ម ណៃ ហៅចាន់ អាយុ៧៦ឆ្នាំ អតីតមេសួរចម្លើយនៅមន្ទីរ ស-២១ នៅក្នុងសវនាការកាត់ទោសឌុច
©ស្ទេហ្វានី ហ្សេ
បន្ទាប់ ពីជនរងគ្រោះ គឺជាវេនរបស់អតីតខ្មែរក្រហមត្រូវឡើងមកបង្ហាញខ្លួននៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា។ នៅសវនាការថ្ងៃទី១៣ ដល់ថ្ងៃទី១៦ អតីតគិលានុបដ្ឋាយិកាខ្មែរក្រហម ឈ្មោះ ណាំ ម៉ុន អតីតប្រធានសួរចម្លើយក្រោមបង្គាប់ឌុច ឈ្មោះម៉ម ណៃ និងអតីតអ្នកយាមនៅមន្ទីរឃុំឃាំង ស-២១ ឈ្មោះ ហ៊ឹម ហ៊ុយ បានឡើងបំភ្លឺអង្គសវនាការជាបន្តបន្ទាប់។ លើកនេះ ឌុចបានធ្វើខ្លួនជាអ្នកដឹកនាំដំណើការការកាត់ទោសម្តងទៀត តាមរយៈការផ្តល់មេរៀនដល់អតីតបុគ្គលិកក្រោមបង្គាប់របស់គាត់ គឺលោកម៉ម ណៃ រហូតដល់កើតមានការរំជួលចិត្ត ស្រក់ទឹកភ្នែកនៅក្នុងអង្គសវនាការ ក្រោមក្រសែភ្នែកភ្ញាក់ផ្អើលរបស់សាធារណៈកម្ពុជា ដែលកាន់តែមានចំនួនច្រើន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
អតីតបុគ្គលិកក្រោមបង្គាប់ឌុច ឡើងបំភ្លឺ តែសវនាការត្រូវផ្អាកកណ្តាលទី
ស្ថិត នៅក្នុងសំលៀកបំពាក់រុំជិតសាច់ ដោយមានពាក់ស្រោមដៃ និងបង់ក្រមាក្រហម លោកម៉ម ណៃ អាយុ៧៦ឆ្នាំ អតីតប្រធានផ្នែកសួរចម្លើយនៅក្នុងមន្ទីរឃុំឃាំងនិងធ្វើទារុណ កម្ម ស-២១ បានឡើងមកបង្ហាញមុខនៅចំពោះមុខចៅក្រមតុលាការកូនកាត់ ក្នុងនាមជាសាក្សីមួយរូប។ ប៉ុន្តែ ដំណើរការកាត់ទោសនេះត្រូវបានផ្អាកទៅវិញ ដោយសារតែមេធាវីការពារឌុច បានលើកឡើងអំពីការព្រួយបារម្ភ ទាក់ទងនឹងសហឧក្រិដ្ឋកម្មរួម ព្រោះបុគ្គលិកក្រោមបង្គាប់ឌុចរូបនេះអាចប្រឈមនឹងការចោទប្រកាន់ ពីសំណាក់តុលាការ និងត្រូវធ្វើសក្ខីកម្ម ដោយមានវត្តមានចូលរួមពីសំណាក់មេធាវីរបស់ខ្លួន។ ហេតុដូចនេះ អង្គជំនុំជម្រះបានសម្រេចប្រកាសផ្អាកដំណើរការសវនាការ ក្នុងការស្តាប់សក្ខីកម្មរបស់សាក្សី ដោយបញ្ជាក់ថាសវនាការកាត់ទោសឌុច នឹងបន្តធ្វើនៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ដោយមានវត្តមានរបស់សាក្សីឈ្មោះ ម៉ម ណៃ។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៤ កក្កដា ២០០៩៖ លោកម៉ម ណៃ នៅថ្ងៃទី២ នៃការកាត់ទោសឌុច
© ស្ទេហ្វានី ហ្សេ
ថ្ងៃ អង្គារ ទី១៤ លោកម៉ម ណៃបានត្រឡប់មកកាន់អង្គសវនាការ ជាមួយនឹងវត្តមានមេធាវីជនជាតិកម្ពុជាមួយរូប ប៉ុន្តែ រាល់ការឆ្លើយតបទៅនឹងសំណួរផ្សេងៗ សាក្សីបានឆ្លើយស្ទើរតែគ្រប់ម៉ាត់ថាលោកក្តាប់មិនបាន រឺមិនបានដឹងទេ ជាពិសេសមិនដឹងពីការធ្វើទារុណកម្មលើអ្នកទោសឡើយ។ កាលនៅមន្ទីរសន្តិសុខ ម-១៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឌុច មុនដំបូង «លោកទទួលខុសត្រូវតែលើការដាំដំឡូងបារាំងប៉ុណ្ណោះ»។ លោកម៉ម ណៃបានរៀបរាប់ខ្លីៗ ប្រាប់លោកប្រធានតុលាការ និល ណុល ថា «ពេលយប់ ឌុចបានអោយខ្ញុំអង្គុយសង្កេតមើលរបៀបនៃការសួរចម្លើយអ្នកទោស ហើយថ្ងៃមួយ គាត់បានសុំអោយខ្ញុំសួរចម្លើយអ្នកទោសតូចតាច»។ លោកបានពន្យល់ថា លោកមានតួនាទីត្រឹមតែសួរចម្លើយអ្នកទោសតូចតាចប៉ុណ្ណោះ លោកមិនបានដឹងរឿងលំអិតនោះទេ។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៤ កក្កដា ២០០៩៖ លោក គង់ សំអុន មេធាវីរបស់លោកម៉ម ណៃ
© ស្ទេហ្វានី ហ្សេ
តើ អ្នកទោសមកពីកន្លែងណា? ពួកគេត្រូវបានសួរចម្លើយ និងត្រូវបានសម្លាប់ដែររឺទេ? តើលក្ខខណ្ឌនៃការឃុំខ្លួនរបស់ពួកគេមានលក្ខណៈយ៉ាងម៉េច? អតីតមេសួរចម្លើយបានឆ្លើយជាបន្តបន្ទាប់ថា «ខ្ញុំក្តាប់មិនបាន» «ខ្ញុំមិនជឿជាក់ថាវាកើតឡើងនោះទេ» «ខ្ញុំអត់ដឹង»។ នៅពេលលោកចៅក្រម ធូ មុនី សួរសាក្សីថាតើអ្នកទោសនៅមន្ទីរ ស-២១ បរិភោគអាហារ«គ្រប់គ្រាន់ដែររឺទេ» លោកម៉ម ណៃបានផ្តល់នូវចម្លើយមួយ ដែលធ្វើអោយមហាជននៅបន្ទប់សវនាការកើតមានការមិនពេញចិត្ត៖ «តាមអ្វីដែលខ្ញុំបានឃើញ អ្នកទោសមិនមានរូបរាងស្គម ស្លេកស្លាំងនោះទេ។ [...] ពួកគេមិនស្គមពេក មិនស្លេកស្លាំងពេកទេ»។ លោកម៉ម ណៃ បានអះអាង ដោយបង្ហាញនូវភាពស្លូតត្រង់ថា «ទាក់ទងនឹងការធ្វើទារុណកម្ម ខ្ញុំមិនដែលប្រើទេ ព្រោះខ្ញុំយល់ថាការធ្វើទារុណកម្មមិនបានផ្តល់នូវចម្លើយល្អទេ»។ តើលោកធ្លាប់សួរចម្លើយអ្នកទោសស្រីដែររឺទេ? «ខ្ញុំមិនចាំទេ»។ លោកស្រីចៅក្រម Cartwright បានសួរថា តើឌុចធ្លាប់បានបង្រៀនលោកពីការធ្វើទារុណកម្មដែររឺទេ? «ទេ!»... «តើអ្នកទោសស្រីទាំងអស់នៅមន្ទីរ ស-២១ ត្រូវបានសម្លាប់ នៅថ្ងៃណាមួយ មែនដែររឺទេ?» សាក្សីបានឆ្លើយតបវិញថា «ទេ ខ្ញុំអត់ដឹងទេ»។
ដោយឡែក លោកចៅក្រមជនជាតិបារាំង ឡាវែញ បានអានឯកសារដកស្រង់មួយចេញពីចម្លើយសារភាពរបស់សាក្សីមួយរូប ដែលត្រូវបានឃុំឃាំងនៅមន្ទីរ ម១៣ និងបានអះអាងថាបានឃើញ «ចាន់» (ឈ្មោះក្រៅរបស់លោកម៉ម ណៃ) បានបាញ់ចំក្បាលមនុស្សពីរនាក់ នៅមន្ទីរ ម១៣ ដែលចងភ្ជាប់ទៅនឹងសរសរឈើ នៅកណ្តាលមនុស្សផ្សេងទៀត។ ទោះយ៉ាងណា អតីតអ្នកសួរចម្លើយរូបនេះនៅតែចិត្តរឹងដូចថ្ម។ សាក្សីបានបដិសេធ និងលើកហេតុផលមកបញ្ជាក់ថា «ជាបឋម ខ្ញុំសូមសំដែងការសោកស្តាយ។ ខ្ញុំមិនធ្លាប់ដែលបានបាញ់នរណាម្នាក់នោះទេ។ ទី២ ការឃុំខ្លួនអ្នកទោសគឺជាវិធានការចាំបាច់មួយ ខណៈពេលដែលប្រទេសជាតិត្រូវបានវាយប្រហារពីសំណាក់ពួកចក្រពត្តិ អាមេរិក តាមរយៈរបបសាធារណៈរដ្ឋ លន់ ណុល។ ការរស់នៅរបស់អ្នកទោស និងប្រជារាស្រ្តធម្មតាមានសភាពយ៉ាប់យឺន»។ ការសោកស្តាយរបស់គាត់នោះគឺ «ប្រទេសជាតិត្រូវបានឈ្លានពានពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់មក ពីសំណាក់ប្រទេសវៀតណាម»។
នៅសវនាការ ថ្ងៃពុធ ទី១៥ លោកម៉ម ណៃ បន្តធ្វើការបំភ្លឺនៅចំពោះមុខតុលាការ។ ភាគច្រើន សាក្សីបានប្រើប្រាស់សិទ្ធិមិនឆ្លើយ ខណៈពេលសហព្រះរាជអាជ្ញាសុំអោយគាត់ទទួលស្គាល់ថាបានធ្វើចំណារលើ ឯកសារមួយចំនួន ខណៈពេលលោកស្រី Studzinsky មេធាវីដើមបណ្តឹងរដ្ឋប្បវេណីទី២ សួរទាក់ទងនឹងការសួរចម្លើយលើរូបលោកសាស្រ្តាចារ្យភុង តុន...។
ដោយ ឡែក នៅពេលលោកហ្រ្វង់ស័រ រ៉ូ សហមេធាវីការពារឌុច បានសួរសាក្សីថា «តើលោកមានអារម្មណ៍សោកស្តាយ ដែលធ្វើជាអ្នកសួរចម្លើយនៅមន្ទីរ ស-២១ ដែររឺទេ?» លោកម៉ម ណៃ បានឆ្លើយតបវិញថា «តាមគំនិតខ្ញុំ ពិតជាមានមនុស្សបានប្រព្រឹត្តបទល្មើស។ យោងតាមអ្វីដែលខ្ញុំអាចសង្កេតឃើញ មានមនុស្សល្អ តិចជាងមនុស្សអាក្រក់។ ដូចនេះ ខ្ញុំមានអារម្មណ៍សោកស្តាយ កាលដែលមានមនុស្សល្អតិចតួច»។ សម្រាប់អ្នកផ្សេង មិនមានវិប្បដិសារីទេ។
មុននឹងបញ្ចប់សវនាការ ជនជាប់ចោទត្រូវបានអញ្ជើញឡើងមានចំណាប់អារម្មណ៍ទៅលើការធ្វើ សក្ខីកម្មរបស់លោកម៉ម ណៃ ដែលជាអតីតបុគ្គលិកក្រោមបង្គាប់របស់ខ្លួន។ ឌុចបានក្រោកឈរឡើងនិយាយទាំងស្វាហាប់ប្រាប់អោយសាក្សីនិយាយតែការ ពិតឡើងវិញ។ ឌុចបានប្រាប់លោកម៉ម ណៃអោយធ្វើខ្លួនជាអ្នកទទួលខុសត្រូវចំពោះប្រជារាស្រ្តដូចរូប គាត់។ «យើងស្ថិតនៅទីនេះ និងត្រូវវិនិច្ឆ័យដោយប្រវត្តិសាស្រ្ត។ ដំរីងាប់ យកចង្អេរបាំងក៏មិនជិតដែរ! [...]។ យើងត្រូវគិតឡើងវិញថាតើអ្នកណាជាអ្នកទទួលខុសត្រូវលើអាយុជីវិត ប្រជាជនខ្មែរជាង១លាននាក់ ដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម? គឺ បក្សកុម្មុយនីស្តកម្ពុជា។ តើនរណាជាសមាជិករបស់បក្សកុម្មុយនីស្តកម្ពុជា? ក្នុងនោះ មានខ្ញុំ និងលោក (ម៉ម ណៃ)!។ អ្វីដែលយើងព្យាយាមធ្វើនៅទីនេះ គឺបង្កើតការពិត ដែលបានកើតឡើង ដូចថា យើងសុទ្ធតែជាអ្នកស្រឡាញ់លោកភុង តុន ជាដើម»។ ស្តាប់លឺការអន្ទងចិត្តពីឌុច លោកម៉ម ណៃក៏មានសេចក្តីក្លាហានសុំតុលាការនិយាយបន្ត ដោយបានសំដែងការសោកស្តាយចំពោះក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ មហាបរិញ្ញាភុង តុន។ និយាយដល់រឿងនេះ សាក្សីអួលដើមក បង្ហូរទឹកភ្នែកតែម្តង។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៤ កក្កដា ២០០៩៖ លោកម៉ម ណៃ អួលដើមក បង្ហូរទឹកភ្នែក និងសំដែងការសោកស្តាយ © ស្ទេហ្វានី ហ្សេ
លោក ស្រី Studzinsky មេធាវីរបស់ភរិយា និងកូនស្រីលោកភុង តុន បានព្យាយាមជជីកសួរព័ត៌មានលំអិតនៃការស្លាប់របស់លោកភុង តុន។ លោកម៉ម ណៃ មានប្រសាសន៍ថា «ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ ព្រោះខ្ញុំក៏បានបាត់បង់បងប្អូន ឪពុកម្តាយ នៅសម័យខ្មែរក្រហម ព្រមទាំងភរិយា និងកូនៗរបស់ខ្ញុំផងដែរ។ ខ្ញុំជឿជាក់នេះវាគឺជាស្ថានភាពច្របូកច្របល់។ យើងគ្មានអ្វីនៅសេសសល់ ក្រៅពីការសោកស្តាយទេ។ ប្រជារាស្រ្តកម្ពុជាជាច្រើនបានបាត់បង់ជីវិតនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។ ខ្ញុំមានការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ពួកគេ។ សព្វថ្ងៃនេះ ខ្ញុំអាចកាត់ចិត្តបាន ដោយផ្អែកលើទ្រឹស្តីព្រះពុទ្ធសាសនា»។
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១០ ឧសភា ២០០២៖ លោកហ៊ឹម ហ៊ុយ អតីតអ្នកយាមខ្មែរក្រហម នៅគុកទួលស្លែង នៅពេលថតភាពយន្តឯកសាររបស់លោកប៉ាន់ រិទ្ធី ដែលមានចំណងជើងថា «មន្ទីរស-២១ គុកសម្លាប់របស់ខ្មែរក្រហម»
©ចន វីង /Magnum
សាក្សី ថ្មីម្នាក់ទៀតបានមកផ្តល់សក្ខីកម្មនៅចំពោះតុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា នោះគឺលោក ហ៊ឹម ហ៊ុយ អតីតអ្នកយាមនៅមន្ទីរ ស-២១។ សាក្សីរូបនេះក៏ធ្លាប់បានផ្តល់សក្ខីកម្មជាពិសេស នៅក្នុងខ្សែភាពយន្តឯកសាររបស់លោកប៉ាន់ រិទ្ធី ដែលមានចំណងជើងថា «មន្ទីរ ស-២១ គុកសម្លាប់របស់ខ្មែរក្រហម»។ ផ្ទុយស្រឡះពីលោកម៉ម ណៃ អតីតបុគ្គលិកមន្ទីរ ស-២១រូបនេះបានសំដែងការសហការជាមួយតុលាការ ដោយអះអាងថា «មនុស្សទាំងអស់ ដែលត្រូវបានបញ្ជូនមកកាន់មន្ទីរ ស-២១ ត្រូវបានសម្លាប់ចោល»។
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៦ កក្កដា ២០០៩៖ លោកហ៊ឹម ហ៊ុយ នៅពេលឡើងផ្តល់សក្ខីកម្ម នៅចំពោះមុខតុលាការកូនកាត់
©ស្ទេហ្វានី ហ្សេ
សាក្សី បានបញ្ជាក់លំអិតពីប្រតិបត្តិការផ្ទេរអ្នកទោសទៅកាន់កន្លែងពិឃាដ នៅជើងឯក។ លោកហ៊ឹម ហ៊ុយ បានរៀបរាប់ថា វិធីសម្លាប់អ្នកទោសនៅជើងឯក និងនៅទួលស្លែងមានលក្ខណៈដូចគ្នា។ អ្នកទោសត្រូវបានគេអោយអង្គុយលុតជង្គង់នៅមាត់រណ្តៅ វាយនឹងដំបងចំកញ្ចឹងក បន្ទាប់មក អារកបន្ថែមទៀត។ ក្រោយមក គេដោះសំលៀកបំពាក់ និងខ្នោះដៃចេញ មុននឹងរុញទម្លាក់ចូលក្នុងរណ្តៅ។ លោកបានបញ្ជាក់ថាការយកអ្នកទោសទៅសម្លាប់នៅជើងឯកត្រូវប្រព្រឹត្ត ទៅតែពេលយប់ប៉ុណ្ណោះ។ ដោយសារប្រធានប្រើ លោកបានសម្លាប់អ្នកទោសម្នាក់ដែរនៅជើងឯកនោះ។ លោកហ៊ឹម ហ៊ុយបានប្រាប់តុលាការថាលោកបានឃើញឌុចទៅជើងឯកចំនួនពីរដងដែរ ខណៈពេលជនជាប់ចោទធ្លាប់បានអះអាងថាបានទៅកាន់ទីនោះត្រឹមតែមួយដង គត់។ ប្រឈមមុខនឹងឌុច ដែលកំពុងអង្គុយនៅបន្ទប់សវនាការ លោកហ៊ឹម ហ៊ុយ មានការរារែក៖ «ខ្ញុំចាំមិនច្បាស់ទេ។ មិនដឹងថាអ្នកនោះ គឺជាឌុច រឺហ៊ (អនុប្រធានរបស់ឌុច)?»។
0 comments:
Post a Comment