ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដី ច្របាច់កសម្លាប់ក្នុងទឹកស្ទឹង កាលពីថ្ងៃទី២ ខែវិច្ឆិកា នៅក្នុងភូមិបឹងកក់ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ទោះបីជាបែបណា ប្ដីជាឃាតករក៏ត្រូវបានសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានខេត្ត ព្រៃវែង ធ្វើការឃាត់ខ្លួនរួចហើយដែរ ។ ស្ត្រីដែលស្លាប់ដោយស្នាដៃបុរសជាប្ដីនេះឈ្មោះមាស ស្រីថា អាយុ២៧ឆ្នាំ ឯប្ដីជាឃាតករឈ្មោះឆយ ពេជ្រ អាយុ២៩ឆ្នាំ ។
ទាក់ទិននឹងរឿងហេតុខាងលើនេះ ត្រូវបានអ្នកស្រុករស់នៅជាមួយគ្នារៀបរាប់ឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២ វិច្ឆិកា ក្រុមអ្នកទៅនេសាទត្រីនៅបឹងកក់ប្រទះឃើញសព នាងមាស ស្រីថា អណ្ដែតនៅក្នុងស្ទឹងជាប់ទំនប់បឹងកក់ ដោយមានសភាពស្លេកស្លាំងដែលមានន័យថា បានស្លាប់យូរម៉ោងហើយ ។ ពេលឃើញសពអណ្ដែតទឹកបែបនេះ អ្នកនេសាទបានរត់ទៅភូមិ ប្រាប់ជាព័ត៌មានឲ្យក្រុមគ្រួសារ បានដឹង តែពេលនោះ បុរសជាប្ដីនារីរងគ្រោះកំពុងដើរប្រាប់គេឯងថា ខ្លួនបានច្របាច់កប្រពន្ធ សម្លាប់ចោលនៅមាត់ស្ទឹងបាត់ទៅហើយ នៅពេលនាំទៅរកត្រី ។
តាមប្រភពព័ត៌មានថា ប្ដីជាឃាតករបានប្រាប់គេឯងទៀតថា បានជាខ្លួនច្របាច់ក ប្រពន្ធសម្លាប់ចោល ក៏ព្រោះតែខឹងប្រពន្ធមិនឲ្យលុយ៥០ម៉ឺនរៀល ធ្វើសោហ៊ុយទៅធ្វើកម្មករនៅប្រទេសថៃ ។ ខ្លួនមានការប៉ុនប៉ងសម្លាប់ចំនួន២លើកមកហើយ ប៉ុន្តែរកពេលវេលាមិនបាន ទើបតែថ្ងៃនេះ ខ្លួនបានបបួលប្រពន្ធទៅរកត្រីចំពេលស្ងាត់ ក៏សម្លាប់តែម្ដងទៅ ។ អ្នកភូមិបឹងកក់និយាយទៀតថា ប្ដីជាឃាតកររូបនេះមិនសូវនៅផ្ទះទេ គឺច្រើនទៅធ្វើកម្មករនៅប្រទេសថៃ ហើយទើបត្រឡប់មកវិញទៀតផង ។ កាលពីស្ត្រីជាប្រពន្ធនៅរស់នាងតែងតែ និយាយប្រាប់អ្នកស្រុកថា ប្ដីទៅធ្វើការនៅថៃ មិនដែលបានលុយមកផ្ទះទេ លុះពេលទៅវិញសុំលុយពុំដែលខាន តែនាងមិនដែលឲ្យ ក៏កើតមានគំនុំប៉ងសម្លាប់បែបនេះ ។
តាមប្រភពព័ត៌មានថា បុរសជាប្ដីក៏ជាមនុស្សប្រឡូកនឹងគ្រឿងញៀនជោកជាំណាស់ដែរ ដែលគ្មានអ្នកណាអាចនិយាយណែនាំបានឡើយ ។ អ្នកស្រុកនិយាយថា ប្រពន្ធត្រូវបានប្ដីច្របាច់កសម្លាប់ ហើយប្ដីជាឃាតករ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់គុកទៀត នៅសល់កូនស្រីម្នាក់អាយុទើបតែប្រហែល៥ឆ្នាំ កំពុងរស់នៅកណ្ដោចកណ្ដែងផ្ញើខ្លួនលើសាច់ញាតិ និងអ្នកស្រុក ៕
0 comments:
Post a Comment