ប្រជាពលរដ្ឋ ជាង ១០០នាក់ រស់នៅក្នុងតំបន់បឹងកក់ បានមកប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១ កញ្ញា ហើយបានប្រគល់ញត្តិ ស្នើសុំឲ្យសាលាក្រុងផ្អាកសកម្មភាពបូមខ្សាច់លុបបឹងកក់ដោយក្រុមហ៊ុន ស៊ូកាគូ អ៊ីន ហើយទាមទារឲ្យក្រុមហ៊ុនចុះមកដោះស្រាយបញ្ហាប្រាក់សំណងដោយផ្ទាល់ ជាមួយនឹងប្រជាពលរដ្ឋ។
RFA Photo/Chea Makara
ពលរដ្ឋ រស់នៅតំបន់បឹងកក់នាំគ្នាមកតវ៉ានៅមុខសាលាក្រុងភ្នំពេញនាថ្ងៃ ទី១ កញ្ញា ២០០៨ ដើម្បីទាមទារឲ្យមានការដោះស្រាយសំណងជាថ្នូរនឹងការរើចេញពីតំបន់ បឹងកក់។
ក្រុមប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានឡើងមកតវ៉ាដោយពួកគាត់អះអាងនឹងមិនទទួលយកប្រាក់សំណងដែល ក្រុមហ៊ុនបានប្រគល់ឲ្យតាមរយៈសាលាក្រុងភ្នំពេញចំនួន ៨ពាន់ដុល្លារក្នុងមួយគ្រួសារនោះឡើយ ហើយទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់សំណងសមរម្យស្របតាមតម្លៃទីផ្សារ។
តំណាងប្រជាពលរដ្ឋ អ្នកស្រី បេ ផារ៉ុម ដែលបានចូលនាំយកញត្តិនិងស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង ៣០០នាក់ ដាក់ជូនសាលាក្រុងភ្នំពេញ បានមានប្រសាសន៍ថា ពលរដ្ឋដែលនាំគ្នាមកតវ៉ានោះ មិនមានការទុកចិត្តចំពោះការដោះស្រាយរបស់សាលាក្រុងឡើយ។
អ្នកស្រី បេ ផារ៉ុម មានប្រសាសន៍ដូច្នេះថា ៖ «ប្រជាពលរដ្ឋទាំង អស់ គ្នា សុំឲ្យក្រុមហ៊ុនចុះផ្ទាល់តែម្ដងថា ឥឡូវយកប៉ុន្មានបាន អីប៉ុន្មាន។ សាលាក្រុងគ្រាន់តែមានតួនាទីមួយ គ្រាន់តែទទួលស្គាល់ថា ប្រជាពលរដ្ឋនិងក្រុមហ៊ុន បានជួបគ្នាហើយ។ គឺចង់បានអ៊ីចឹងតែម្ដង។ បានខ្ញុំចង់និយាយអ៊ីចឹង ព្រោះប្រជាពលរដ្ឋ ជួនកាលក្រុមហ៊ុនគេឲ្យ ២ម៉ឺន ៣ម៉ឺនមក ស្រាប់ដល់ហើយ សង្កាត់ ភូមិអីថា ឥឡូវគេឲ្យ ៨ពាន់ចេញទៅ»។
លោក សួន រិនឌី នាយរងខុទ្ទកាល័យសាលាក្រុងភ្នំពេញ ដែលទទួលបន្ទុកកិច្ចការងារអភិវឌ្ឍន៍បឹងកក់ បានមានប្រសាសន៍ថា សាលាក្រុងបានទទួលយកញត្តិពីប្រជាពលរដ្ឋរួចហើយ ហើយថា ខាងសាលាក្រុងមិនទាន់អាចផ្ដល់ចម្លើយជូនភ្លាមទេ។
លោក សួន រិនឌី មានប្រសាសន៍ថា ៖ «យើងទទួលយកពាក្យដែលគាត់បាន ដាក់មកហើយ ប៉ុន្តែអត់ទាន់បានចម្លើយទេ ព្រោះថ្នាក់ដឹកនាំ អញ្ជើញទៅរៀននៅកន្លែងទីស្ដីការអស់ហើយ»។
តំណាងប្រជាពលរដ្ឋអ្នកតវ៉ា នៅតំបន់បឹងកក់ អ្នកស្រី បេ ផារ៉ុម បានឲ្យដឹងថា សាលាក្រុងភ្នំពេញ នឹងផ្ដល់ចម្លើយចំពោះសំណើរបស់ប្រជាពលរដ្ឋក្នុងរយៈពេលមួយសប្ដាហ៍ ហើយអះអាងថា ពួកគាត់នឹងឡើងមកតវ៉ាម្ដងទៀតនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ បើសិនជាគ្មានចម្លើយ ឬដំណោះស្រាយពីសាលាក្រុងភ្នំពេញនោះ។
មិនអាចសុំការបំភ្លឺពីប្រធានក្រុមហ៊ុន ស៊ូកាគូ អ៊ីន របស់លោកឧកញ៉ា ឡៅ ម៉េងឃិន ដែលជាស្វាមីរបស់លោកស្រី ជីង សុភាព ហៅយាយភូ នោះបានឡើយ។
មន្ត្រីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សូវ៉េត បានឲ្យដឹងថា វាមិនសមស្របឡើយដែលការផ្ដល់ចម្លើយ ឬដំណោះស្រាយត្រូវធ្វើឡើងក្នុងមួយសប្ដាហ៍ ក្នុងខណៈដែលក្រុមហ៊ុន នៅតែបន្តសកម្មភាពបូមខ្សាច់លុបបឹងកក់នោះ។
លោក ចាន់ សូវ៉េត ថ្លែងដូច្នេះថា ៖ «ការមកតវ៉ានេះ គឺចង់ឲ្យពួកក្រុមហ៊ុនហ្នឹងឈប់បូមខ្សាច់ចាក់បឹង ប៉ុន្តែសាលាក្រុងអត់មានបានចេញហាមអាហ្នឹងទេ បែរជាពន្យារពេល[ដោះស្រាយ]ឲ្យប្រជាជន ហើយបូមនៅតែបូមដដែល អ៊ីចឹងខ្ញុំគិតថា វាមិនសមតុល្យជាមួយគ្នាទេ បញ្ហានេះ»។
គួរជម្រាបថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុន ស៊ូកាគូ អ៊ីន ធ្វើការអភិវឌ្ឍន៍បឹងកក់សម្រាប់រយៈពេល ៩៩ឆ្នាំ លើផ្ទៃដីចំនួនជិត ១៣៣ហិកតា ដែលការអនុញ្ញាតនេះ ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ថា បានរំលោភលើច្បាប់ភូមិបាលឆ្នាំ២០០១ ដែលថា ការប្រគល់បឹងដែលជាកម្មសិទ្ធិរដ្ឋ ទៅឲ្យឯកជន គឺមិនត្រូវហួសពី១៥ឆ្នាំឡើយ។
ក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា ការអភិវឌ្ឍនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះបរិស្ថាននិងប្រជាពលរដ្ឋ ប្រមាណពី ៣.០០០ ទៅ ៤.២០០គ្រួសារដែលរស់នៅជុំវិញបឹងកក់នោះ៕
0 comments:
Post a Comment