កំពុងលេងបៀចាញ់ ខឹងប្រពន្ធមកតាមហៅវ៉ៃបាក់ជើងម្ខាង
ខេត្តកំពង់ចាម៖ មនុស្សម្នាក់ៗរស់នៅតែងតែប៉ងប្រាថ្នាចង់បានសុភមង្គលនៅក្នុងក្រុម គ្រួសារណាស់ មិនថាអ្នកមានទ្រព្យ ឬអ្នកក្រីក្រនោះឡើយ។ ជាក់ស្ដែងមានស្ត្រីម្នាក់រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ត្រូវបានបុរសជាប្ដីប្រើអំពើហិង្សាយកឈើជ្រុងវាយបំបាក់ជើងខាង ស្ដាំឥតក្ដីមេត្តា ហើយថែមទាំងទៅតាមព្យាបាទដល់មន្ទីរពេទ្យបង្អែកស្រុកទៀត។
ស្ត្រីរងគ្រោះឈ្មោះ ឃឹម នី អាយុ៤៤ឆ្នាំបានរៀបរាប់ប្រាប់កោះសន្តិភាពនាព្រឹកថ្ងៃទី២២ សីហាថា គាត់បានក្រោកពីព្រលឹមទៅឯស្រែបាត់កាលពីវេលាព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០០៨។ លុះវេលាម៉ោង១០ព្រឹកទើបត្រឡប់មកវិញ ហើយបាត់ប្ដីឈ្មោះ ជឹម ប៉ន អាយុ៤៦ឆ្នាំ មិនឃើញនៅផ្ទះសោះ។
ស្ត្រីរងគ្រោះរូបនេះរៀបរាប់បន្តថា បន្ទាប់ពីមកដល់ផ្ទះក៏ដើរទៅតាមរកប្ដីចម្ងាយប្រហែល២០០ម៉ែត្រ ឃើញប្ដីកំពុងតែលេងបៀនៅផ្ទះស្ត្រីឈ្មោះ ឌឹប តាមបណ្ដោយផ្លូវថ្នល់លេខ៣ ព្រមទាំងបានស្ដីបន្ទោសទៅប្ដីថា "មើលប្ដីគេគ្រប់គ្នា ប្រឹងរកស៊ីណាស់! ចំណែកប្ដីឯងវិញប្រឹងលេងតែបៀ"។ ភ្លាមនោះ ប្ដីឈ្មោះ ប៉ន ចុះពីលើផ្ទះមកវាយដំលើរាងកាយរបស់គាត់ទាំងកំរាល។ លុះពេលដើរទៅដល់ផ្ទះ ស្រាប់តែប្ដីទាញឈើជ្រុង១កំណាត់មកវាយបំបាក់ជើងស្ដាំរបស់គាត់ បណ្ដាលឲ្យដួលទៅលើដី។ រូបគាត់បានប្រឹងព្យាយាមវារទាំងរបួសទៅដល់ផ្ទះស្ត្រីឈ្មោះ ថុល រស់នៅភូមិជាមួយគ្នា ដោយពឹងកូនប្រុសរបស់ស្ត្រីឈ្មោះ ថុល ទៅហៅម៉ូតូឌុបមកដឹករូបគាត់ទៅប៉ុស្តិ៍ប៉ូលិសនគរបាលរដ្ឋបាលឃុំ ស្វាយទាប ប្ដឹងឲ្យជួយធ្វើអន្តរាគមន៍តាមចាប់ប្ដី។ ប៉ុន្តែបានអ្នករស់នៅភូមិជាមួយគ្នាឃើញអំពើហិង្សាគួរឲ្យស្អប់ ខ្ពើមនេះកើតឡើងក៏រត់ទៅប្ដឹងមុនពេលដែលគាត់ជាប្រពន្ធទៅដល់ ម្ល៉េះ។
ពេលស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកចម្ការលើនោះ បុរសជាប្ដីបានជិះម៉ូតូឌុប១គ្រឿងបំរុងតាមព្យាបាទមកលើរូប គាត់ទៀត តែបានឃើញទាន់ ក៏ស្រែកប្រាប់គ្រូពេទ្យផ្អើលឆោឡោឡើងធ្វើឲ្យបុរសជាប្ដីបានគេច ខ្លួនបាត់ទៅ។
ស្ត្រីរងគ្រោះឈ្មោះ ឃឹម នី បញ្ជាក់ថា សព្វថ្ងៃប្ដីមានមុខរបរជាកម្មករស៊ីឈ្នួលលើកបាវសណ្ដែកឲ្យគេ លុះពេលបានប្រាក់ពុំដែលឲ្យគាត់ទេ គឺដើរស៊ីចាយលេងល្បែង ពេលចាញ់លុយអស់មកផ្ទះឈ្លោះជាមួយប្រពន្ធ និងកូនៗញឹកញាប់ណាស់។ គាត់និយាយថា រយៈពេលកន្លងមកប្ដីធ្លាប់វាយកូនប្រុសឈ្មោះ វណ្ណា អាយុ១៥ឆ្នាំ បាក់ជើងវាយកូនស្រីបងគេឈ្មោះ ចាន់ធី សន្លប់២ដង ឯរូបគាត់សន្លប់ម្ដង។ ចំពោះទង្វើរបស់ប្ដីពុំអាចអត់អោនឲ្យបានទេ សូមឲ្យនគរបាលតាមចាប់ប្ដីទុរយសចាត់ការទៅតាមច្បាប់។ ដោយសារស្ថានភាពរបួសជើងធ្ងន់ធ្ងរ ទើបពេទ្យអង្គការ "BTC" ជួយបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកក្បាលវិញត្រូវរបួសដោយសារប្ដីវាយនឹងកូន១ឈើជ្រុងដែរ។ ការបង្កហិង្សាបែបនេះជាអំពើអគតិបំផុត៕
ទំនាស់រឿងរហែកលុយមួយម៉ឺនរៀល វាយប្រពន្ធពកថ្ងាស
ខេត្តកណ្ដាល ៖ បុរសដែលពូកែប្រើអំពើហិង្សាលើប្រពន្ធម្នាក់បានត្រូវប៉ូលីសឃាត់ ខ្លួន និងបំពេញសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តកណ្ដាល កាលពីថ្ងៃទី១៩ សីហា ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ។ បុរសរូបនេះឈ្មោះ ស្រេង លី អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល ចំណែកស្ត្រីជាប្រពន្ធដែលត្រូវប្ដីវាយពកថ្ងាសនោះ ឈ្មោះ អ៊ូ សុផានី និងមានកូន៤នាក់។
តាមស្ត្រីជាប្រពន្ធបានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី ១៨ សីហា ប្ដីឈ្មោះ ស្រេង លី ឃើញគាត់មានលុយ១ម៉ឺនរៀល ក៏ចោទប្រកាន់ថា យកលុយរបស់ខ្លួន ទើបមានការជជែកគ្នាតឹងសរសៃក វែងឆ្ងាយទៅៗរហូតមានការប្រវាយប្រតប់គ្នាបណ្ដាលរហែកលុយ១ម៉ឺនរៀល នោះធ្វើឲ្យប្ដីរឹតតែខឹង និងបានចាប់បោករូបគាត់បណ្ដាលឲ្យត្រូវនឹងគ្រែប៉ោងថ្ងាស។ នេះមិនមែនជាលើកទី១ទេដែលប្ដីរូបនេះប្រើអំពើហិង្សាមកលើរូប គាត់គឺញឹកញាប់ណាស់មក ហើយរហូតដល់មានការប្ដឹងប្ដល់គ្នាដល់មេភូមិជាច្រើនលើកទៀតផង។
ស្ត្រីជាប្រពន្ធនិយាយទៀតថា កុំថាឡើយមានកូន៤នាក់ ទោះជាមានកូនច្រើនជាងនេះក៏មិនលើកលែងឲ្យដែរ គឺសូមឲ្យប៉ូលិសបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ ទោះជាយ៉ាងណា ចំពោះការលែងលះស្ត្រីជាប្រពន្ធមិនបានបញ្ជាក់ទេ គឺគ្រាន់តែចង់ឲ្យប្ដីរូបនេះរាងចាលប៉ុណ្ណោះ៕
អំពើហិង្សាក្នុងគ្រួសារមួយ ប្ដីវាយប្រពន្ធបុកនឹងដងរែក រហូតដល់ស្លាប់
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ចាប់ខ្លួនភ្លាមៗ ក្រោយពីបានប្រព្រឹត្តអំពើដ៏លាមកវាយប្រពន្ធ ដោយបុកមួយដងរែកចំកណ្ដៀតក្អម ខាងឆ្វេងបណ្ដាលឲ្យស្លាប់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី ១០ ខែ សីហា។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ ឌឿ ឌៀប អាយុ៤៨ឆ្នាំ ជាអ្នកចាំចំការ នៅភូមិទួលស្ដៅ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកបុរសជាប្ដី ឈ្មោះ យ៉ែម យឺន អាយុ៥៨ឆ្នាំ។ ការប្រព្រឹត្តិរបស់ប្ដីនេះ បានកើតឡើង ខណៈស្រវឹងស្រាហើយឲ្យប្រពន្ធដួសបាយឲ្យហូបនៅពេលថ្ងៃត្រង់។ មន្ត្រីប៉េអិម រួមទាំងមន្ត្រីប៉ូលិសព្រហ្មទណ្ឌបច្ចេកទេសខេត្តបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដីស្រវឹងស្រាហើយបានដាំបាយ និងស្លឆ្អិនរួចរាល់ រង់ចាំប្រពន្ធមកពីច្រូតស្បូវក្រងទុកលក់ដើម្បីហូបបាយជុំគ្នា។ ពេលប្រពន្ធនិង កូនតូចៗពីរនាក់មកដល់ពុំទាន់ស្រួលបួលផង ប្ដីឈ្មោះ យ៉ែម យឺន ក៏ប្រើប្រពន្ធឲ្យដួសបាយហូបភ្លាមៗ។ ហើយប្រពន្ធឆ្លើយថា បាយឆ្អិន សម្លឆ្អិនហើយ ម៉េចមិនដួសបាយ "ច្រាស" ខ្លួនឯងទៅ។
ពាក្យសំដីនេះបង្កឲ្យមានជម្លោះ ហើយប្ដីក៏កញ្ឆក់បានដងរែកក្បែរជញ្ជាំងផ្ទះយកទៅបុកចំកណ្ដៀតក្អម ខាងឆ្វេងរបស់ប្រពន្ធ បណ្ដាលឲ្យដួលទាំងជំហរ។ ពេលនោះកូនតូចៗរត់ទៅលើកម្ដាយ ឯបុរសជាប្ដីក៏បានទៅជួយលើកដែរ គ្មានបំណងវាយប្រពន្ធឲ្យធ្ងន់ធ្ងរបែបនេះទេ ព្រោះមកចាំដីចំការឲ្យគេចំនួន៤ឆ្នាំហើយ ពុំដែលឈ្លោះទាស់ទែងគ្នាខ្លាំងឡើយ។ ក្រោយពេលលើកមកដាក់លើគ្រែបានមួយសន្ទុះ ប្រពន្ធក៏ស្លាប់ទៅ ហើយកូនៗរត់ទៅប្រាប់មន្ត្រីកងរាជអាវុធហត្ថដែលប្រចាំការនៅក្បែរ នោះ ក៏ចាប់ខ្លួនបុរសជាប្ដីទៅកាន់បញ្ជាការដ្ឋានប៉េអឹមខេត្តកំពង់ស្ពឺ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅតុលាការខេត្ត៕
ឥទ្ធិពលស្រាកាចវាយប្រពន្ធបែកក្បាល ទាត់ម៉ែក្មេកធ្លាក់ពីលើផ្ទះសន្លប់
ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់រងរបួសបែកក្បាលរយះជិត២០សង់ទីម៉ែត្រ ដោយសារតែបុរសជាប្ដីវាយមួយដែកចម្រឹងបង្អួចចំពីលើ ព្រោះតែខឹងនាងប្រពន្ធហាមមិនឲ្យផឹកស្រា។ ឃើញហេតុការណ៍ដូច្នោះ ម្ដាយក្មេកបានចូលទៅឃាត់កុំឲ្យឈ្លោះគ្នានាំខ្មាសញាតិជិតខាង ប៉ុន្តែដោយមានជាតិសុរាកាចចូលពោះខ្លះនោះ បុរសកំរោលចូលបានព្រលះម្ដាយក្មេកមួយជើងធ្លាក់ពីលើផ្ទះសន្លប់តែ ម្ដង។
ករណីប្រើអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨ នៅក្នុងភូមិបឹងច្រាមខាងត្បូង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយពីបង្ករួច ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការនគរបាល ខេត្តកំពង់ស្ពឺ ចាត់ការបន្តទៀត។
ជនសង្ស័យដែលវាយប្រពន្ធបែកក្បាល និងទាត់ម្ដាយក្មេកធ្លាក់ពីលើផ្ទះនោះមានឈ្មោះ នួន ភា ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មានប្រពន្ធឈ្មោះ ញឹម នុង អាយុ២៦ឆ្នាំ រងរបួសបែកក្បាលរយះជិត២០សង់ទីម៉ែត្រ។ រីឯម្ដាយក្មេកដែលត្រូវលោកកូនប្រសាទាត់សន្លប់វិញនោះ មានឈ្មោះ ស្វាយ រ៉ូ អាយុ៥៨ឆ្នាំ រស់នៅជាមួយគ្នា។
ប៉ូលិសនិយាយថា មុនពេលកើតហេតុឈ្មោះ នួន ភា បានអង្គុយស៊ីផឹកជុំគ្នាមួយហ្វូងនៅក្នុងភូមិ ពេលនោះស្ត្រីជាប្រពន្ធបានទៅហៅកុំផឹកស្រាច្រើនពេក ប្រឹងធ្វើការខ្លះផង។
ប៉ូលិសបានបន្តថា ប្រពន្ធហៅ២-៣ដង អត់ងើបសោះ ក៏ស្ដីបន្ទោស ហើយជេរផង ពេលនោះបុរសជាប្ដីបានខឹង ត្រឡប់មកផ្ទះក៏ឈ្លោះទាស់ទែងគ្នា រួចយកដែកចម្រឹងបង្អួចវាយចំពីលើក្បាលតែម្ដង ឃើញដូច្នេះម្ដាយក្មេកចូលទៅឃាត់ក៏ត្រូវលោកកូនប្រសាទាត់មួយជើង សន្លប់ឈឹង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយជនបង្កសមត្ថកិច្ចកំពុងតែរៀបចំកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ បន្តទៀត៕
គំរាមកំហែង និងប្រើហិង្សាក្នុងគ្រួសារញឹកញាប់ទ្រាំលែងបាន ប្ដឹងឲ្យប៉ូលិសចាប់ប្ដីដាក់គុក
ខេត្តកំពត ៖ បុរសម្នាក់ដែលមានឈ្មោះល្បីខាងគំរាមកំហែង និងប្រើអំពើហិង្សាក្នុងគ្រួសារឥតស្រាកស្រាន្ត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ស្ត្រីជា ប្រពន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការវិនិច្ឆ័យទោសតាមនីតិវិធី។
តាមសេចក្ដីរាយការណ៍របស់លោកអនុសេនីយ៍ឯក អ៊ុយ វង អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០០៨ ការិយាល័យជំនាញបានទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះឈ្មោះ អោង គឹមឡាយ អាយុ២៥ឆ្នាំ រស់នៅភូមិស្វាយផ្អែម ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ប្ដឹងចោទប្រកាន់ថា ប្ដីរបស់ខ្លួនឈ្មោះ សំ ចេន អាយុ២៨ឆ្នាំ បានប្រើអំពើហិង្សាមកលើខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងខណៈ ខ្លួនទើបតែសម្រាលកូនបានត្រឹមបួនខែ។ បន្ទាប់ពីទទួលបណ្ដឹង និងសេចក្ដីរាយការណ៍ពីស្ត្រីរងគ្រោះ ដោយមានការចង្អុលណែនាំពីលោកប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស និងយោងតាមការបញ្ជារបស់លោកវរសេនីយ៍ឯកស្នងការ ទើបកម្លាំងនៃការិយាល័យជំនាញឈានដល់ការឃាត់ខ្លួនមុខសញ្ញាឈ្មោះ សំ ចេន កាលពីព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ នេះតែម្ដង ហើយការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនជនល្មើសទៅកាន់តុលាការពី បទប្រើអំពើហិង្សាក្នុងគ្រួសារ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០០៨ ស្ត្រីឈ្មោះ អោង គឹមឡាយ បានបីកូនអាយុ៤ខែមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនប្ដឹងចោទប្រកាន់ប្ដីរបស់ខ្លួនថាបានប្រើអំពើ ហិង្សាមកលើខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។ ស្ត្រីរងគ្រោះបានរៀបរាប់នូវដំណើររឿងរបស់ខ្លួនឲ្យសមត្ថកិច្ចដឹង ថា កាលពីឆ្នាំ ២០០២ នាងបានរៀបការជាមួយបុរសឈ្មោះ សំ ចេន ដោយរស់នៅជាមួយម្ដាយបង្កើត។ ប៉ុន្តែបន្ទាប់ពីរៀបការបានបួនខែ ម្ដាយរបស់នាងបានលាចាកលោក បន្សល់ទុកនាងឲ្យក្លាយជាកូនកំព្រាក្រោមការគ្រប់គ្រងរបស់ប្ដីហើយ មកទល់នឹងបច្ចុប្បន្ននេះមានកូន៣នាក់ក្នុងបន្ទុក។ អោង គឹមឡាយ បន្តទៀតថា លុះពេលប្រសូតបានកូនមួយ ប្ដីរបស់នាងគិតតែពីដើរលេងល្បែងស៊ីសង មិនជួយធ្វើការងារផ្ទះ លុះពេលនាងនិយាយណែនាំ គាត់បែរជាជេរប្រមាថដោយពាក្យសម្ដីមិនគប្បី ព្រមទាំងរករឿងវាយដំគ្រប់ពេល។ ព្រោះតែគ្មានអ្នកជួយធ្វើការងារបែបនេះ នាងបានទុកចោលស្រែពីរឲ្យនៅទំនេរ ដោយមិនបានធ្វើស្រូវសោះ។ ក្រោយមកពេលកំណើតកូនទីពីរបាន៧ខែ ដល់រដូវច្រូតកាត់ ប្ដីរបស់នាងបានចាកចេញពីផ្ទះដោយប្រាប់ថា ទៅរកការងារធ្វើនៅប្រទេសថៃ ព្រោះខ្ជិលធ្វើស្រែ។ ប៉ុន្តែរយៈពេលពីរខែប៉ុណ្ណោះ ក៏ត្រឡប់មកវិញទាំងគ្មានបានលុយកាក់បន្តិចណាទេ ហើយថែមទាំងចេះផឹកស្រា លេងស្រី និងប្រព្រឹត្តល្បែងស៊ីសងលើសដើម។ ពេលនាងហាមឃាត់មិនឲ្យលេង មិនឲ្យផឹក គាត់តែងសម្លុតគំរាម មិនឲ្យតមាត់ ហើយបើហ៊ានរឹងទទឹងគាត់នឹងវាយដំមិនអនុគ្រោះទេ។ ព្រោះតែខ្លាចប្ដី និងខ្លួនស្ថិតក្នុងភាពកំព្រាមានតែខ្លួនមួយ ម្ល៉ោះហើយនាងសុខចិត្តស៊ូទ្រាំរស់នៅទាំងវេទនា មិនហ៊ានតវ៉ាអ្វីឡើយ។ ស្រាប់តែនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៨ ពេលនាងសម្រាលកូនទីបីបាន៤ខែ នាងបានទៅស្ទូងស្រែដែលជាចំណែកប្ដីនៅផ្ទះម្ដាយក្មេក ក៏កើតរឿងវាយតប់ព្រោះតែពាក្យសម្ដីបន្តិចបន្តួច។ ស្ត្រីរងគ្រោះបញ្ជាក់ឲ្យដឹងថា ខណៈពេលប្ដីរបស់នាងកំពុងភ្ជួរស្រែ ស្រាប់តែមានស្ត្រីពីរនាក់បានមកសុំស្ទូង តែនាងមិនព្រម ព្រោះដឹងថា ស្រីៗនោះធ្លាប់មានទំនាក់ទំនងជាមួយប្ដីរបស់នាង ម្យ៉ាងទៀតភ្ញៀវសម្រាប់ស្ទូងមានគ្រប់គ្រាន់ហើយ។ គ្រាន់តែនិយាយបានបន្តិច ប្ដីរបស់នាងបានស្ទុះទៅយកតម្ពក់សម្រាប់វាយគោមកវាយនាងត្រូវ ត្រង់ត្រគាកភ្លៅស្ដាំចំនួន៣តម្ពក់ បណ្ដាលឲ្យដួលទៅលើដី។ បន្ទាប់មកនាងក៏បីកូនតូចបម្រុងវិលត្រឡប់ទៅផ្ទះវិញ តែត្រូវប្ដីរបស់នាងតាមវាយត្រង់ក្បាលចំនួនពីរដៃ និងយកដុំឥដ្ឋគំរាមគប់សម្លាប់ទៀត តែបានបងប្អូនជួយឃាត់ ហើយជូនទៅដល់ផ្ទះ។ ពេលប្ដីរបស់នាងមកដល់ផ្ទះ បានគំរាមឲ្យនាងព្រមធ្វើអ្វីៗទាំងអស់តាមចិត្តរបស់គេ បើមិនដូច្នោះទេ គេនឹងវាយដំរហូតដល់ស្លាប់។ ព្រោះតែមានការភ័យខ្លាច នាងក៏នាំកូនទាំងបីនាក់ទៅដេកនៅផ្ទះអ៊ំម្នាក់ឈ្មោះ ចន នៅក្បែរនោះ លុះដល់ព្រឹកថ្ងៃទី ១៤ ខែ កក្កដា ពូរបស់នាងបានជូនមកខេត្តដើម្បីប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនប្ដី កំណាចរូបនោះយកមកផ្ដន្ទាទោសតាមច្បាប់តែម្ដង។
ប៉ូលិសបានប្រាប់ឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន ជនល្មើសបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រពន្ធមែន៕
ខឹងសុំលុយប្រពន្ធជាងពីរពាន់រៀលសងថ្លៃស្រាមិនឲ្យ យកពូថៅកាប់ត្រូវជាច្រើនកន្លែង
ព្រៃវែង ៖ ស្ត្រីម្នាក់ត្រូវប្ដីរបស់ខ្លួនកាប់ហើយវាយនឹងខ្នងពូថៅឲ្យរង របួសចំនួន៥កន្លែង ដោយសាររឿងសុំលុយចំនួន២.២០០រៀល យកទៅសងថ្លៃស៊ីផឹកជាមួយមិត្តភក្ដិមិនឲ្យ។
រឿងហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០០៨ ស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប៉ូលិសស្រុកកំពង់ត្របែក បាននិយាយឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធនោះឈ្មោះ ថោង សារុន អាយុ៣៥ឆ្នាំ ប្ដីឈ្មោះ មុំ សាខន អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិលាវ ឃុំចាម ស្រុកកំពង់ត្របែក។
ប៉ូលិសបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០០៨ មុំ សាខន បានទៅផឹកស៊ីនៅផ្ទះ សុខ ធា ជាមួយមិត្តភក្ដិម្នាក់ទៀតឈ្មោះ ខន អស់ស្រាជាច្រើនលីត្រ រហូតដល់យប់ម្នាក់ៗស្រវឹងហើយក៏បែកជួរគ្នាមកផ្ទះរៀងៗខ្លួន។ តែ មុំ សាខន មកដល់ផ្ទះក៏ទារលុយប្រពន្ធចំនួន ២.២០០រៀល យកទៅសងថ្លៃស៊ីផឹក។ ពេលប្រពន្ធមិនព្រមឲ្យ ក៏ស្ទុះទៅទាញពូថៅមកកាប់ត្រូវប្រពន្ធចំលើត្រចៀកខាងឆ្វេងមួយ ពូថៅដួលនៅលើផ្ទះ និងកាប់ត្រូវបាតដៃឆ្វេងមួយពូថៅ ហើយវាយត្រូវស្មងជើងទាំងពីរចំនួន៣ខ្នងពូថៅទៀត ហើយស្ត្រី ថោង សារុន ក៏ក្រោករត់ចុះពីលើផ្ទះមកឲ្យម្ដាយឪពុកជួយ និងបានទៅប្ដឹងសមត្ថកិច្ចប៉ូលិសឲ្យចាប់ឃាត់ខ្លួនតែម្ដង។
តាមចម្លើយសារភាពរបស់ មុំ សាខន បានឲ្យសមត្ថកិច្ចប៉ូលិសដឹងថា នៅល្ងាចនោះគេបានផឹកស៊ីជាមួយមិត្ត ភក្ដិស្រវឹងខ្លាំងពេក។ លុះមកដល់ផ្ទះបានសុំលុយប្រពន្ធចំនួន ២.២០០រៀលយកទៅសងថ្លៃផឹកស៊ី តែប្រពន្ធមិនឲ្យកើតមានការខឹងមួម៉ៅ ក៏ទាញពូថៅកាប់ប្រពន្ធតែម្ដងទៅ។
បច្ចុប្បន្នជនល្មើស មុំ សាខន ត្រូវសមត្ថកិច្ចប៉ូលិសស្រុកកំពង់ត្របែកបញ្ជូនមកកាន់តុលាការខេត្ត នៅវេលាព្រឹកថ្ងៃទី ១១ ខែ កក្កដា នេះ ដើម្បីធ្វើការវិនិច្ឆ័យទោសតាមផ្លូវច្បាប់៕
គ្រាន់តែដាំបាយជ្រាយ ទាញកាំបិតកកុក កាប់ក្បាលប្រពន្ធរងរបួស
ខេត្តកំពង់ឆ្នាំង៖ អំពើហិង្សាក្នុងគ្រួសារមួយដែលគ្រាន់តែប្រពន្ធដាំបាយជ្រាយលោក ប្ដីគាត់មកពីធ្វើការឡូឡាមិនពេញចិត្តក៏ទាញកាំបិតកកុកដងវែង មកកាប់ក្បាលប្រពន្ធបណ្ដាលឲ្យរងរបួសជាមធ្យមហើយត្រូវបានបញ្ជូន មកកាន់មន្ទីរពេទ្យខេត្ត។
ចំណែកអ្នកបង្ករបួសស្នាមត្រូវប៉ូលិសស្រុកកំពង់ឆ្នាំងចាប់ឃាត់ ខ្លួនជនរងគ្រោះឈ្មោះ យឹម គឹមស្រី អាយុ៣៨ឆ្នាំបាននិយាយនៅក្នុងមន្ទីរពេទ្យឲ្យដឹងថា នៅម៉ោងប្រមាណ១៣ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ នៅពេលប្ដីរបស់គាត់មកពីធ្វើការដល់ផ្ទះនៅក្នុងភូមិកណ្ដាល ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំងគាត់ក៏បានរៀបបាយសម្លឲ្យប្ដីហូបពេលនោះគ្រាន់ តែដួសបាយដាក់ចានឃើញបាយជ្រាយភ្លាមប្ដីរបស់គាត់ក៏ឡូឡារករឿងតែ ម្ដង។
ក្រោយពីរករឿងជេរបញ្ចោរមិនអស់ចិត្តស្រាប់តែប្ដីគាត់បានទាញ យកកាំបិតកកុកដងវែងមកយារកាប់គាត់ពីក្រោយខ្នង ពេលគាត់ងាកក្រោយទាន់ហើយយកដៃទាំង២រងចំដងកាំបិតក៏ក្រឡាច់ដង មកវិញហើយប្ដីគាត់ក៏កាប់មកលើក្បាលគាត់ខាងខ្នងកាំបិតបណ្ដាល ឲ្យរយះក្បាលរងរបួសរួចត្រូវបានបងប្អូនជិតខាងដឹកមកព្យាបាលរបួស ក្នុងមន្ទីរពេទ្យខេត្ត។ ចំណែកប្ដីរបស់គាត់ត្រូវប៉ូលិសប៉ុស្ដិ៍ ឃុំកំពង់ឆ្នាំងឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក កំពង់ឆ្នាំងដើម្បីសាកសួរធ្វើសំណុំរឿងនៅមុខសមត្ថកិច្ច ឡាច ដារ៉ា ឆ្លើយថា គាត់បានយកដែកវាយក្បាលប្រពន្ធមិនបានសារភាពថា យកកាំបិតកាប់ក្បាលប្រពន្ធទេ។
ឈ្មោះ យឹម គឹមស្រី ជាជនរងគ្រោះបាននិយាយឲ្យដឹងទៀតថា ចំពោះរឿងហេតុនេះគាត់មិនសុខចិត្តទេ គឺឲ្យសមត្ថកិច្ចធ្វើការតាមច្បាប់ចុះចំណែកគាត់ប្រហែលជាអស់ចិត្ត ជាប្ដីប្រពន្ធពេលនេះហើយ។ ក្រោយពីការជាមួយគ្នាបានកូន៣នាក់មកជាង១០ឆ្នាំហើយ មិនដែលបានសុខទេគឺឈ្លោះគ្នាប្រកែកគ្នារហូត ហើយពេលនេះហ៊ានកាប់ក្បាលគាត់សម្លាប់ចោលទៀតនេះបានគាត់យកដៃរង កាំបិតធ្វើឲ្យក្រឡាច់ដងកាំបិតទេបើបណ្ដោយឲ្យគេកាប់ខាងផ្លែ កាំបិតវិញនោះក្បាលគាត់ពិតជារយះជា២ស្លាប់ជាពុំខាងឡើយ។
ដោយឡែកសមត្ថកិច្ចគេចង់ឲ្យប្ដីប្រពន្ធទាំង២នាក់នេះជួបគ្នា ផ្សះផ្សាគ្នាទោះបីពុំមានការស្រុះស្រួលគ្នាទេនោះទើប សមត្ថកិច្ចដោះស្រាយទៅតាមនីតិវិធីច្បាប់ព្រោះគេយល់ថា លោក ឡាច ធារ៉ា ក៏ជាមន្ត្រីរាជការសាលាស្រុកមួយរូបដែរមិនគួរមានបញ្ហាដូច្នេះ ឡើយ។
រឿងនេះអាស្រ័យលើជនរងគ្រោះតែប៉ុណ្ណោះ បើគេប្ដឹងគឺអ្នកបង្ករបួសស្នាមពិតជាមានទោសជាប់ពន្ធនាគារ ហើយទោះអ្នកនោះជាអ្វីក៏ដោយ៕
ឪពុកចាក់ម្ដាយ កូនស្រីអាយុ ១១ឆ្នាំ ទាញចបជីកវាយក្បាលឪពុករបួសធ្ងន់
ខេត្តកំពង់ឆ្នាំង ៖ ប្ដីប្រពន្ធពីរនាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីរងរបួសដោយអំពើហិង្សា ដែលបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០០៨ នៅលំនៅឋាន ភូមិអន្លង់ត្រាច ឃុំក្បាលទឹក ស្រុកទឹកផុស ព្រោះតែរឿងរ៉ាវដកឫសឪឡឹកមកត្រាំស្រា។ បុរសជាប្ដីបានរងរបួសជាទម្ងន់ ឈ្មោះ អ៊ុំ ពឿន អាយុ ៥០ឆ្នាំ ចំណែកប្រពន្ធរងរបួសស្រាលឈ្មោះ ស៊ុន ស៊ុំ អាយុ ៣២ឆ្នាំ។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបានប្រាប់ថា នៅថ្ងៃកើតហេតុប្ដីគាត់ផឹកស្រាស្រវឹង ហើយបានទៅដកឫសឪឡឹកអ្នកជិតខាងយកមកលាយស្រា.ស ផឹកទៀត ពេលនោះគាត់ជាប្រពន្ធបានហាមកុំឲ្យដកបំផ្លាញរបស់គេ និងម្យ៉ាងទៀត ឫសឪឡឹកលាយស្រា.សផឹកទៅអាចពុលស្លាប់ ពេលគាត់ហាមនោះក៏ឈ្លោះទាស់សំដីគ្នា ហើយប្ដីទារលុយពីគាត់៤.០០០រៀលទៀត តែគាត់មិនឲ្យទេ។ ក្រោយមកប្ដីគាត់បានចូលទៅក្នុងផ្ទះគាត់ស្មានថា ប្ដីគាត់ទៅដេក ស្រាប់តែចេញមកវិញកាន់កាំបិតចិតបន្លែដងលឿងមកជាមួយហើយបានដេញ ចាក់គាត់រត់វក់វីពេញផ្ទះ សំណាងល្អគាត់ចាប់ដៃបានក៏ប្រឹងស្រែកឲ្យអ្នកជិតខាងជួយ ប៉ុន្តែពុំមាននរណាហ៊ានចូលជួយទេ ពេលនោះកូនស្រីគាត់ឈ្មោះ អ៊ុំ ស្រីលីន អាយុ ១១ឆ្នាំ បានឮសម្រែកគាត់ក៏ស្ទុះចូលជួយគាត់ជាម្ដាយ។ ពេលកូនស្រីគាត់ស្ទុះចូលមកជួយវាបានកាន់ចបជីកមកជាមួយហើយបាន វាយក្បាលឪពុកនឹងផ្លែចបជីកផ្ទួនៗគ្នា ដើម្បីឲ្យឪពុករបស់គេលែងគាត់។
ដោយសារតែការវាយយកតែពីឈ្នះដៃ ក្បាលរបស់ឪពុកបានរងរបួសជាច្រើនកន្លែង...ស្ត្រីជាប្រពន្ធបាន អះអាងថា គាត់មានកូន ៥នាក់ គឺកូនបង ២នាក់ជាកូនប្ដីមុន ដែលស្លាប់ទៅ ហើយចំណែក ៣នាក់ក្រោយគឺកូនបង្កើតរវាងប្ដីរូបនេះ ផ្ទះគាត់មានលក់ចាប់ហួយកំប៉ិកកំប៉ុកតិចតួចមានលក់ស្រាផងដែរ។ ដោយមានលក់ស្រានេះហើយ ទើបប្ដីគាត់ស្រវឹងឥតលស់ថ្ងៃ ព្រោះពេលមានភ្ញៀវចូលផឹកស្រា ប្ដីគាត់ក៏ផឹកនឹងគេដែរ ក្រោយផឹកស្រវឹងប្ដីតែងរករឿងវាយប្រពន្ធកូន។ មួយថ្ងៃមុនកើតហេតុប្ដីគាត់បានសំលៀងកាំបិតទៅកាប់ដើមត្រឡាច ដែលកំពុងផ្លែជាច្រើនចោលអស់ (៤-៥ គុម្ព) និងបានហែកសំបុត្រកំណើតចោលអស់២ច្បាប់ តែពុំដឹងថារបស់នរណាទេ ព្រោះគាត់ពុំចេះអានអក្សរ។
ដោយឡែកបុរសជាប្ដីវិញប្រឹងនិយាយថា ប្រពន្ធបានចាប់ពងស្វាសគាត់ជាប់ គាត់អត់ហ៊ានរើទេ ព្រោះខ្លាចច្របាច់ខ្លាំងថែមទៀតពេលប្រទូសរ៉ាយនោះ ហើយស្រែកឲ្យកូនស្រីវាយគាត់ទៀត ដោយសាររឿងនេះហើយទើបកូនវាយឲ្យរបួសធ្ងន់ធ្ងរ។ គ្រូពេទ្យនិយាយថា បុរសជាប្ដីរបួសក្បាលដេរជាង១០ថ្នេរ ប្រពន្ធរបួសស្រាលដោយត្រូវប្ដីគាត់ចាក់១កាំបិត។ នេះជាអំពើហិង្សាក្នុងគ្រួសារដែលគ្មាននរណាចំណេញនោះទេ...បើសិន ប្រពន្ធមិនឲ្យកូនជួយវាយទេ ច្បាស់ជាឪពុកនោះ ចាក់ប្រពន្ធស្លាប់មិនខាន៕
ប្ដី-ប្រពន្ធស្រវឹងស្រាដូចគ្នាកើតហិង្សាស្លាប់ប្រពន្ធ ប្ដីជាប់គុកបន្សល់កូនអាយុ១៣ឆ្នាំ គ្មានទីពឹង
ខេត្តបាត់ដំបង៖ បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចនគរបាល មូលដ្ឋានចាប់ខ្លួនប៉ុន្មានម៉ោងក្រោយបន្ទាប់ពីធ្វើបុណ្យសពប្រពន្ធ រួចដោយចោទប្រកាន់ពីបទប្រើហិង្សាវាយសម្លាប់ប្រពន្ធកាលពី ព្រលប់ថ្ងៃទី៦ មិថុនា នៅនឹងផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិចម្ការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
លោក ណែប លឿម មេភូមិបារាំងធ្លាក់បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនដៃដល់វាយសម្លាប់ប្រពន្ធនេះឈ្មោះ ដន ហ៊ីង អាយុ ៣៦ ឆ្នាំ បានប្រើអង្រែបុកគ្រឿងទំហំប៉ុនកដៃប្រវែងជិតកន្លះម៉ែត្រវាយទៅ លើប្រពន្ធឈ្មោះ យន់ យ៉េន អាយុ ៣៣ ឆ្នាំ ត្រូវកញ្ចឹងកចំនួន៣អង្រែបណ្ដាលឲ្យសន្លប់។ លោកមេភូមិបានប្រាប់ទៀតថា ក្រោយពេលវាយប្រពន្ធរួចហើយ ជននេះបានលើកប្រពន្ធដាក់លើគ្រែឆ្អើរភ្លើងចំនួន៣យប់៤ថ្ងៃ ដោយរងរបួសធ្ងន់ពេកប្រពន្ធក៏ស្លាប់ទៅ។ មេភូមិបានរាយការណ៍បន្តទៀតថា ប្រពន្ធរបស់បុរសនេះបានស្លាប់នៅព្រឹកថ្ងៃទី១០ មិថុនា ហើយបានធ្វើបុណ្យសពប្រពន្ធរួចតែប៉ុន្មានម៉ោងប៉ុណ្ណោះត្រូវបាន សមត្ថភាពមូលដ្ឋានធ្វើការឃាត់ខ្លួនបុរសជាប្ដី។ លោកមេភូមិឲ្យដឹងទៀតថា កូនប្រុសអាយុ១៣ឆ្នាំម្នាក់របស់គ្រួសារនេះកំពុងគ្មានទីពឹង ក្រោយពេលម្ដាយស្លាប់ ហើយឪពុកត្រូវជាប់គុក។ មេភូមិដដែលបានបញ្ជាក់ពីមូលហេតុនោះថា ប្ដី-ប្រពន្ធនេះតែងផឹកស្រាស្រវឹងរៀងៗខ្លួនស្ទើររាល់ថ្ងៃ ហើយបង្កអំពើហិង្សាក្នុងគ្រួសារគ្មានទំនេរទេ ចំណែកគាត់ជាមេភូមិខ្ជិលដោះស្រាយណាស់ ព្រោះឈ្លោះគ្នាញឹកញាប់ពេក។
បើយើងតាមចម្លើយសារភាពរបស់ជនជាប់ចោទឈ្មោះ ដន ហ៊ីង បានប្រាប់ថា ខ្លួនពិតជាបានយកអង្រែបុកគ្រឿងវាយប្រពន្ធមែនដោយសារខឹងប្រពន្ធ ខ្លួនផឹកស្រាស្រវឹងរួចទៅលួចផ្ដិលជ័រកន្លែងគេលក់ ហើយម្ចាស់គេតាមមកទារលុយដល់ផ្ទះធ្វើឲ្យខ្លួនខ្មាសគេ ទើបខ្លួនខឹងទាញអង្រែសំពងចំនួន៣អង្រែត្រូវកញ្ចឹង.កសន្លប់ស្ដូក តែម្ដង។ ជននេះនិយាយថា បន្ទាប់ពីវាយប្រពន្ធឲ្យរបួសហើយខ្លួន ក៏លើកប្រពន្ធដាក់លើគ្រែឆ្អើរភ្លើងរហូត៣យប់៤ថ្ងៃ ដោយប្រពន្ធរបួសធ្ងន់ធ្ងរពេកក៏ស្លាប់នៅព្រឹកថ្ងៃទី១០ មិថុនា ហើយខ្លួនក៏រៀបចំធ្វើបុណ្យសពប្រពន្ធ រួចភ្លាមខ្លួនក៏ដើរទៅកាន់ប៉ុស្ដិ៍នគរបាលតែម្ដង។ បុរសនេះបានពោលទាំងសោកស្ដាយថា គាត់ព្រួយបារម្ភពីកូនប្រុសគាត់ម្នាក់អាយុ១៣ឆ្នាំមិនដឹងរស់នៅ ជាមួយអ្នកណា នៅពេលគាត់ត្រូវគេបញ្ជូនចូលគុក។
លោក សារ៉េត ពិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកនិយាយថា រឿងនេះបង្កឡើងដោយក្រុមគ្រួសារខ្លួនឯង ហើយសុទ្ធតែជាអ្នកចេះសេពគ្រឿងស្រវឹងទាំងប្ដីប្រពន្ធក៏បង្ក ជម្លោះរាល់ថ្ងៃមិនឈប់ឈរបែបនេះទៅ។ ទោះជាយ៉ាងណា ជនដៃដល់ត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្តហើយ៕
ហិង្សាក្នុងគ្រួសារ ៖ ឪពុកស្លាប់ ប្រពន្ធ - កូន និងក្មួយក្លាយជាអ្នកទោស
ខេត្តកណ្ដាល ៖ អំពើហិង្សាក្នុងគ្រួសារមួយដែលអាចចាត់ទុកថា មានសភាពអាក្រក់យ៉ាងខ្លាំង បានកើតឡើងបណ្ដាលឲ្យបុរសជាឪពុកស្លាប់ ចំណែកស្ត្រីជាប្រពន្ធ និងពួកកូនៗបានក្លាយទៅជាអ្នកទោសសម្លាប់មនុស្ស ក្នុងនោះកូនម្នាក់ និងក្មួយម្នាក់បានគេចខ្លួនពីការតាមចាប់ខ្លួនផងដែរ។ តាមប្រភពព័ត៌មានថា ហេតុការណ៍ដែលបានកើតឡើងនោះ គឺបន្ទាប់ពីបុរសជាប្ដីផឹកស្រាស្រវឹងយកកាំបិតរកប្រពន្ធ តែកូនៗបាននាំគ្នាចូលឃាត់ហើយទំនងជាការរុញច្រានគ្នាផង ទើបជនដែលស្រវឹងបានដួលផ្ងារក្រោយត្រូវកាំបិតជុងកស្លាប់។ ដោយសារតែការតក់ស្លុត សាកសពបុរសជាឪពុកត្រូវបាននាំទៅចងពន្លិចទឹកក្នុងបំណងបំបិទ ភស្តុតាង តែមិនអាចបិទបាំងបានក៏បែកធ្លាយរហូតមានការផ្អើលឆោឡោនៅវេលា រសៀល ថ្ងៃទី ២ មិថុនា។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ៤នាក់ ម្ដាយ និងកូនក្នុងចំណោម៦នាក់ បានត្រូវប៉ូលិសស្រុកមុខកំពូលធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ខេត្តកណ្ដាល ដើម្បីចាត់ការទៅតាមច្បាប់បន្ទាប់ពីអ្នកទាំង៤នាក់ម្ដាយ និងកូននេះមានទំនាស់ក្នុងគ្រួសារ ដោយសារបុរសជាប្ដី និងជាឪពុកបានផឹកស្រាស្រវឹងលុះពេលត្រឡប់មកផ្ទះវិញរករឿង ប្រពន្ធដោយយកកាំបិតគំរាមអារ.ក ប្រពន្ធ តែត្រូវបានកូនៗចូលឃាត់ និងមានការប្រវាយប្រតប់គ្នាដណ្ដើមកាំបិតពីឪពុកក៏ដួលផ្ងារក្រោយ បណ្ដាលឲ្យកាំបិតជង់លិចបំពង់កស្លាប់ភ្លាមមួយរំពេច។ ហេតុការណ៍មនុស្សឃាតដោយអចេតនានេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី ៣១ ឧសភា នៅផ្ទះបាយរបស់ជនរងគ្រោះស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បន្ទាប់ពីរឿងរ៉ាវនេះបានបែកការណ៍ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល បានសហការជាមួយប៉ូលិសមូលដ្ឋានចុះស្រាវជ្រាវរកសាកសពជនរងគ្រោះ ក៏ប្រទះឃើញនៅក្នុងទន្លេមេគង្គក្រោយផ្ទះនាវេលាម៉ោង៣រសៀល ថ្ងៃទី ២ មិថុនា ទើបឈានដល់ការឃាត់ខ្លួនស្ត្រីជាប្រពន្ធ និងកូន៤នាក់ នៅថ្ងៃទី ៣ មិថុនា រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៤ មិថុនា។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាលបានឲ្យដឹងថា ក្រុមគ្រួសារមានប្រពន្ធ និងកូនដែលត្រូវឃាត់ខ្លួនចំនួន៤នាក់នេះរួមមាន ១- ឈ្មោះ ទុយ តុងហាន អាយុ៤៦ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ ២- ឈ្មោះ ស៊ុយ សុខហេង ភេទ ស្រី អាយុ ២១ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ត្រូវជាកូន) ៣- ឈ្មោះ ស៊ុយ សុខហៀង ភេទ ស្រី អាយុ ១៩ឆ្នាំ ជាសិស្សវិទ្យាល័យព្រះយុគន្ធរ ក្រុងភ្នំពេញ (ត្រូវជាកូន) ៤- ឈ្មោះ ស៊ុយ ស៊ីហាប់ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល ត្រូវជាកូន។ ចំណែកជនសង្ស័យ២នាក់ទៀតបានគេចខ្លួន ដែលម្នាក់ជាកូន និងម្នាក់ជាក្មួយ ហើយត្រូវគេអះអាងថា ជាជនដៃដល់មានឈ្មោះ ស៊ុយ ស៊ីហាក់ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជាកូន និងជាប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបាក់ខែង និងម្នាក់ទៀតឈ្មោះ ចៅ ឧត្ដម ភេទ ប្រុស អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យព្រែកហ្លួង ស្រុកខ្សាច់កណ្ដាល ត្រូវជាក្មួយ។ មន្ត្រីប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះជាប្ដី និងជាឪពុកឈ្មោះ ស៊ុយ តៃរៀម អាយុ ៤៥ឆ្នាំ មុខរបរធ្វើចំការ រស់នៅក្នុងភូមិ - ឃុំខាងលើរងរបួសចំបំពង់.ក ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈពេលដែលជនរងគ្រោះជាឪពុកប្រវាយ ប្រតប់ដណ្ដើមកូនកាំបិតជាមួយកូនប្រុសឈ្មោះ ស៊ុយ ស៊ីហាក់ រួចដួលផ្ងារក្រោយហើយកូនកាំបិតនោះក៏បានជុងបំពង់.ក។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធ និងកូនៗទាំង៤ដែលត្រូវឃាត់ខ្លួនបានឲ្យដឹងថា នៅវេលាម៉ោងជាង៨យប់ថ្ងៃទី ៣១ ឧសភានោះ ប្ដីគាត់បានផឹកស្រាស្រវឹងយ៉ាងខ្លាំងហើយពេលត្រឡប់មកផ្ទះវិញក៏ រករឿងជេរបញ្ចោរគាត់ជាប្រពន្ធ និងកូន។ ពេលនោះកូនៗបានឃាត់ តែឪពុកគេពុំព្រមស្ដាប់ មិនតែប៉ុណ្ណោះថែមទាំងបានវាយកម្ទេចប្រដាប់ខារ៉ាអូខេ និងអាគុយដែលកូនៗកំពុងច្រៀងលេងនោះខ្ទេចអស់។ បន្ទាប់មកប្ដីគាត់បានយកកាំបិតប៉័ងតោមកជន្លរកអារ.កគាត់ ដោយចាប់បោចសក់គាត់ឲ្យងើយក្បាលឡើងលើពេលនោះកូនស្រីឈ្មោះ សុខហៀង បានស្ទុះទៅចាប់ប្រតាយយកកាំបិតចេញពីដៃឪពុក។ ខណៈនោះឪពុកគេបានស្ទុះចូលរោងបាយយកកូនកាំបិតចិតបន្លែចុងស្រួច ដងជ័រមកភ្ជង់.ក គាត់ជាប្រពន្ធទៀត ពេលឃើញដូច្នេះកូនប្រុសរបស់គេឈ្មោះ ស៊ី ហាប់ បានរត់ទៅហៅបងប្រុសរបស់គេឈ្មោះ ស៊ីហាក់ ដែលធ្វើប៉ូលិស និងនៅដេកផ្ទះជីដូនក្បែរនោះឲ្យមកជួយឃាត់ឪពុកផង។ ខណៈពេលកូនឈ្មោះ ស៊ីហាក់ និងក្មួយឈ្មោះ ចៅ ឧត្ដម មកដល់ក៏និយាយអង្វរសុំកូនកាំបិតពីឪពុក តែឪពុកមិនព្រមឲ្យ និងនៅតែគំរាមរកចាក់សម្លាប់គាត់ជាប្រពន្ធដោយឃើញសភាពបែបនោះកូន ប្រុសច្បងដែលធ្វើប៉ូលិសក៏ចូលទៅប្រតាយដណ្ដើមកូនកាំបិតពីឪពុក។
ស្ត្រីជាប្រពន្ធនិយាយបន្តថា ពេលឪពុក និងកូនប្រតាយគ្នានោះ គាត់ និងកូនៗឯទៀតបានរត់គេចចេញពីផ្ទះ។ ក្នុងខណៈនោះឪពុកដែលកំពុងស្រវឹងដាបផង បានដួលផ្ងារក្រោយហើយកូនក៏ដួលទ្រោបពីលើស្រាប់តែកូនកាំបិតនោះ បានជង់ជាប់បំពង់.ក ឪពុកបាញ់ឈាមក្រហមច្រាលស្លាប់ភ្លាមទៅ។ ពេលឪពុកស្លាប់នេះ ទាំងម្ដាយ និងកូនស្រីពុំបាននៅទេ គឺនាំគ្នារត់ចេញពីផ្ទះទៅពួនសំងំនៅផ្ទះជិតនោះឲ្យផុតពីការ គំរាមសម្លាប់ព្រោះបានកូនមកជួយឃាត់។ ប្រភពដដែលបន្តថា បន្ទាប់ពីឃើញឪពុកស្លាប់បែបនេះកូនប្រុសច្បង ឈ្មោះ ស៊ុយ ស៊ីហាក់ និងប្អូនជីដូនមួយ ឈ្មោះ ចៅ ឧត្ដម មានការភិតភ័យយ៉ាងខ្លាំងក៏យកកំណាត់កៅស៊ូ និងកន្ទេលមករុំសព រួចចងជាប់ជាមួយគម្របពាងដែលធ្វើអំពីស៊ីម៉ងត៍ហើយសែងយកទៅទម្លាក់ ក្នុងទឹកទន្លេមេគង្គក្រោយផ្ទះទាំងយប់នោះទៅ។ បន្ទាប់មកពួកគេទាំង២នាក់ ក៏បានរត់គេចខ្លួនតែមុនពេលគេចខ្លួនបាននិយាយប្រាប់ម្ដាយថា ឪពុកស្លាប់ហើយ និងបានយកសពទៅពន្លិចក្នុងទន្លេ។ រឿងរ៉ាវក្នុងរង្វង់គ្រួសារនេះបិទបាំងមិនជិតទើបបែកការណ៍ដល់ ប៉ូលិសចុះធ្វើការស្រាវជ្រាវ ហើយក៏ចុះមុជរាវរកក្នុងទឹកទន្លេប្រទះឃើញសាកសព និងលើកយកមកពិនិត្យធ្វើកោសល្យវិច័យ រួចធ្វើការបូជាតាមប្រពៃណីដោយអ្នកភូមិចូលរួម។
ពេលនេះទាំងម្ដាយ និងកូន៤នាក់ ត្រូវបានតុលាការធ្វើសាកសួររួចចោទប្រកាន់ពីបទបានរួមគំនិតក្នុង អំពើមនុស្សឃាតទៅលើប្ដី និងឪពុក និងបានចេញដីកាឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការស្រាវជ្រាវ។
តើជនទាំង៤នាក់នេះពាក់ព័ន្ធឬក៏យ៉ាងណា? ចំណែក២នាក់ដែលគេចខ្លួនត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ផងដែរ។ នេះជាសោកនាដកម្មក្នុងអំពើហិង្សាក្នុងគ្រួសារដោយសារតែបុរសជាប្ដី ជាឪពុក ស្រវឹងស្រាមករករឿងប្រពន្ធកូន៕
ក្រសួងកិច្ចការនារីផ្ដួចផ្ដើមផលិតខ្សែភាពយន្តខ្នាតខ្លីរឿង "ឥទ្ធិពលក្នុងការផ្លាស់ប្ដូរ” គ្រោងដាក់បញ្ចាំងឆាប់ៗនេះ
ភ្នំពេញ ៖ ខ្សែភាពយន្តខ្នាតខ្លីមួយដែលមានចំណងជើងថា "ឥទ្ធិពលក្នុងការផ្លាស់ប្ដូរ" ឬ "Power to Change" គ្រោងនឹងធ្វើការដាក់បញ្ចាំងជូនទស្សនិកជនទូទៅទស្សនានៅក្នុងពេល ឆាប់ៗនេះក្នុងគោលបំណងអប់រំផ្សព្វផ្សាយដើម្បីកាត់បន្ថយការ ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារសម្រាប់ប្រទេសកម្ពុជា។
នៅក្នុងសន្និសីទកាសែតមួយស្ដីពីការផ្សព្វផ្សាយខ្សែភាពយន្តខ្នាត ខ្លីរឿង "ឥទ្ធិពលក្នុងការផ្លាស់ប្ដូរ" ឬ "Power to Change" ដែលប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០០៨ កន្លងមកនៅឯសណ្ឋាគារ អ៊ីមភើវៀល ក្រុងភ្នំពេញនោះ លោកស្រីវេជ្ជបណ្ឌិត អឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងឲ្យដឹងថាខ្សែភាពយន្តខ្នាត ខ្លីរឿង "ឥទ្ធិពលក្នុងការផ្លាស់ប្ដូរ" ឬ "Power to Change" នេះផលិតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងកិច្ចការនារី ក្រោមជំនួយឧបត្ថម្ភគាំទ្ររដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈគម្រោងលើកកម្ពស់សិទ្ធិស្ត្រី នៃអង្គការ GTZ។
លោកស្រីវេជ្ជបណ្ឌិត អឹង កន្ថាផាវី បានបន្តបង្ហាញឲ្យដឹងថា ខ្សែភាពយន្តនេះត្រូវបាននិពន្ធឡើងដោយលោកស្រី Anji Loman Field និងផលិតឡើងដោយក្រុមហ៊ុន Khmer Mekong Films ។ ខ្សែភាពយន្តនេះផលិតឡើងក្នុងគោលបំណងផ្សព្វផ្សាយអប់រំដើម្បី កាត់បន្ថយការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ សម្រាប់ប្រទេសកម្ពុជាដោយការដាក់បញ្ចាំងនឹងត្រូវធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ១ ខែ មិថុនា ឆ្នាំ ២០០៨ វេលាម៉ោង១២ថ្ងៃត្រង់ តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ CTN និងនៅថ្ងៃ ចន្ទ ទី ២ ខែ មិថុនា ឆ្នាំ ២០០៨ វេលាម៉ោង ៥ និង ៣០ នាទីល្ងាច នៅ Meta House អាសយដ្ឋានលេខ ៦ ផ្លូវលេខ ២៦៤ (ជិតវត្ត បុទុមវតី) ក្រុងភ្នំពេញ ។
ខ្សែភាពយន្តរឿង "ឥទ្ធិពលក្នុងការផ្លាស់ប្ដូរ" មានរយៈពេលចំនួន ៣០ នាទី ផលិតឡើងក្រោមការដឹកនាំសំដែងដោយលោក សោម តុម និងចូលរួមសំដែងដោយលោក អឿ ហយ, នៅ ឧត្ដម, មាស ហ្សាណ និងតារាជាច្រើនទៀតផងដែរ ។
លោកស្រីវេជ្ជបណ្ឌិត អឹង កន្ថាផាវី បានបន្តប្រសាសន៍លើកឡើងថា សព្វថ្ងៃនេះអំពើហិង្សានៅក្នុងសង្គមរស់នៅរបស់យើងទាំងអស់គ្នា ។ បញ្ហាអំពើហិង្សានៅក្នុងគ្រួសារបានធ្វើឲ្យប៉ះពាល់ច្រើនដល់សង្គម ក្នុងនេះមានផ្នែកសុខុមាលភាព និងសេដ្ឋកិច្ចជាដើម ដែលចាំបាច់យើងទាំងអស់គ្នាត្រូវតែទប់ស្កាត់ និងរួមចំណែកកាត់បន្ថយឲ្យបាន។
សាច់រឿងនៃខ្សែភាពយន្ត "ឥទ្ធិពលក្នុងការផ្លាស់ប្ដូរ" មានដំណើរសង្ខេបដូចតទៅ "លោក សុខ និងប្រពន្ធរបស់គាត់ឈ្មោះនាង ធីតា មានអាថ៌កំបាំងមួយដ៏អាក្រក់ ។ វាគឺជារឿងមួយដែលពួកគេទាំងពីរនាក់ បានលាក់បាំងពីអ្នកជិតខាង និងសាច់ញាតិរបស់ខ្លួន ។ ប៉ុន្តែអាថ៌កំបាំងដ៏អាក្រក់នោះចេះតែលេចឮឡើង ។ លោក សុខ ធ្លាប់ជាប្ដីដ៏ល្អម្នាក់ នៅក្នុងទិដ្ឋភាពជាច្រើនក៏ប៉ុន្តែគាត់មានចំណុចខ្សោយមួយ ។ នៅពេលដែលគាត់ខឹងសម្បា ឬកើតទុក្ខគាត់តែងតែលើកកណ្ដាប់ដៃវាដំទៅលើប្រពន្ធជាទីស្រលាញ់ របស់គាត់។ នេះជាវិធីតែមួយគត់ដែលចេះនៅពេលដែលគាត់ចង់សំដែងអាកប្បកិរិយា របស់គាត់។ ប៉ុន្តែនៅពេលដែលគេគ្រប់គ្នាមិនត្រឹមតែសមាជិកគ្រួសាររបស់ខ្លួន អ្នកជិតខាង និងមិត្តភក្ដិបានចាប់កត់សំគាល់ឃើញស្នាមជាំនៅលើផ្ទៃមុខរបស់នាង ធីតា នោះទីបំផុតលោក សុខ ត្រូវបានបង្ខិតបង្ខំឲ្យប្រឈមមុខជាមួយនឹងអាកប្បកិរិយារបស់គាត់។ ដោយមានជំនួយខ្លះៗពីមិត្តភក្ដិ និងក្រុមគ្រួសារលោក សុខ អាចនឹងរៀនសូត្រដើម្បីផ្លាស់ប្ដូរខ្លួនប្រសិនបើគាត់មានឆន្ទៈ កែប្រែនោះ។ នេះគឺគ្រាន់តែជាការចាប់ផ្ដើមមួយនៃដំណើរជីវិតរបស់លោក សុខ តែប៉ុណ្ណោះប៉ុន្តែវាគឺជាការចាប់ផ្ដើមមួយដែលអាចនឹងទទួលជោគជ័យ បាន!"៕
ខឹងពេកទាញបុ័ងតោបិទភ្នែកកាប់ប្ដី ស្ទើរសុសសាច់បំណងឲ្យស្លាប់ តែចុងក្រោយមកមើលថែប្ដីនៅមន្ទីរពេទ្យ
ពោធិ៍សាត់ ៖ បុរសពិការជើងម្ខាងម្នាក់ត្រូវបានប្រពន្ធរបស់ គាត់កាប់ចិញ្ច្រាំរាប់សិបកាំបិតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែមានជម្លោះនៅក្នុងគ្រួសារមួយ។ ប៉ុន្តែចុងក្រោយប្រពន្ធបានមកមើលថែប្ដី នៅមន្ទីរពេទ្យព្យាបាលរបួស។
ករណីខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោងប្រមាណជាង៨យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្ថិតនៅនឹងផ្ទះជនរងគ្រោះភូមិអូរកាប៉ោង ឃុំអូរកាប៉ោង ស្រុកបាកាន។ ជនរងគ្រោះជាប្ដីមានឈ្មោះ ភឿង ផល អាយុ៤៦ឆ្នាំពិការជើងឆ្វេងដាច់មួយកំណាត់ក្នុងសម័យសង្គ្រាម ទសវត្សរ៍ឆ្នាំ៩០។ ចំណែកប្រពន្ធដែលជាជនដៃដល់មានឈ្មោះ សោម ស៊ីណន អាយុ៣៤ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិកើតហេតុខាងលើ ហើយមានកូនប្រុសម្នាក់ប៉ុណ្ណោះអាយុជាង៦ឆ្នាំ។ ប្រពន្ធដៃដល់បន្ទាប់ពីកាប់ប្ដីបម្រុងផ្ដាច់ជីវិតនោះ មិនបានរត់គេចទេ ដោយបានជូនប្ដីមកពេទ្យ ហើយមកមើលថែរក្សាកាលពីព្រឹកថ្ងៃទី២២ឧសភានេះ។
ប៉ូលិសនិងអាជ្ញាធរមូលដ្ឋាន មិនទាន់បានដឹងរឿងនេះនៅឡើយទេ ប៉ុន្តែប្ដី(ជនរងគ្រោះ)និយាយថា មិនប្ដឹងផ្ដល់ឲ្យគេចាប់ឃុំប្រពន្ធខ្លួនទេ ដោយនិយាយថា អាណិតប្រពន្ធឲ្យទៅមើលកូនម្ដាយចាស់ជរា និងមើល ជ្រូកមាន់ទា។
ស្ត្រីដៃដល់ជាប្រពន្ធនិយាយថា ប្ដីរបស់គាត់តែងតែរករឿងគាត់គ្រប់ពេលឲ្យតែផឹកស្រាស្រវឹង និងប្រច័ណ្ឌប្រពន្ធទៀតផង។ ប៉ុន្តែប្រពន្ធនិយាយថា កាត់មានរាងស្វិតគ្រជីវហើយមានជំងឺខ្សោយបេះដូងទៀត និងជំងឺក្រពះប្រចាំកាយមាននរណាគេបេតី គាត់ចេះតែប្រច័ណ្ឌមិនដឹងមុខ។
ស្ត្រីដៃដល់និយាយថា មុនពេលកើតហេតុ គាត់ទៅធ្វើជាជាងផ្ទះឲ្យគេហើយបានផឹកស្រាស្រវឹងនៅកន្លែងធ្វើ ផ្ទះនោះ។ ពេលមកដល់ផ្ទះបានរករឿងគាត់។ ដោយសារពេលនោះទប់កំហឹងមិនបានគាត់ក៏បានទាងកាំបិតបុ័ងតោកាប់ សាប់ទៅខ្លួនប្ដីគាត់ទាំងបិទភ្នែកជាច្រើនកាំបិត ហើយនឹកស្មានថាប្ដីស្លាប់ទៅហើយ។ ក្នុងពេលនោះក៏មានអ្នកភូមិមកដល់ហើយជួយប្ដីគាត់ តែប្ដីគាត់មិនទាន់ស្លាប់។
ស្ត្រីដៃដល់និយាយថា «បើដឹងថា ប្ដីមិនទាន់ស្លាប់គាត់និងកាប់បន្តទៀតទាល់តែស្លាប់»។ ទោះជាយ៉ាងណាប្ដីមិនខឹងនិងប្រពន្ធទេ ពេលដេកព្យាបាលនៅមន្ទីរពេទ្យនោះ។
ក្រុមគ្រូពេទ្យនិយាយថា ជនរងគ្រោះត្រូវរបួសឡើងសុសសាច់ហើយបានចំណាយពេលវេលាដេរមុខរបួស ជា២ម៉ោងឯណោះដែលមានជាង១០០ថ្នេរហើយពិបាកដេរទៀតផង៕
ខេត្តកំពត ៖ ប្ដីលែងប្រពន្ធ៣៩ករណី ប្រពន្ធលែងប្ដី១១៩ករណី
ខេត្តកំពត ៖ វេទិកាសហគមន៍ការបង្ហាញលទ្ធផលនៃគម្រោងសាកល្បងលុបបំបាត់អំពើហិង្សា លើស្ត្រី ត្រូវបានរៀបចំដោយអង្គការលីកាដូ កាលពីព្រឹកថ្ងៃទី២៥ មេសា កន្លងមកនៅសាលាស្រុកបន្ទាយមាស ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោក ឆាយ សន អភិបាលស្រុក លោក វណ្ណ សុផាត នាយកផ្នែកតស៊ូមតិលីកាដូ កញ្ញា អេមី លី ជាអ្នកស្ម័គ្រចិត្តផ្នែកការងារសិទ្ធិស្ត្រី និងលោក អ៊ុក ប៊ុន អធិការរងស្រុក។
លោក វណ្ណ សុផាត នាយកផ្នែកតស៊ូមតិមកពីអង្គការលីកាដូ បានមានប្រសាសន៍ថា វេទិកាសហគមន៍ការបង្ហាញលទ្ធផលនៃគម្រោងសាកល្បងលុបបំបាត់អំពើហិង្សា លើស្ត្រី ចង់បង្ហាញឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារភាគច្រើនបង្កឡើងពីបុរសជាប្ដី ឯអ្នករងគ្រោះគឺប្រពន្ធ។ ករណីដែលកើតច្រើនជាងគេគឺនៅលើទឹកដីខេត្តកំពតតែម្ដង។ បញ្ហានេះសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយគាំទ្រគម្រោងរបស់ អង្គការឲ្យបានជោគជ័យ។
ស្ត្រីជាជនបង្គោលមកពីឃុំបន្ទាយមាសមួយរូប បានសំណូមពរដល់ប៉ូលិសជួយអន្តរាគមន៍រឿងប្ដីវាយធ្វើបាបប្រពន្ធជា ញឹកញាប់នាពេលកន្លងមក តែប៉ូលិសហាក់មិនរវល់អើពើក្នុងរឿងរ៉ាវដែលកើតមាននៅក្នុងគ្រួសារ នេះទេ។ ស្ត្រីម្នាក់ទៀតជាជនបង្គោលមកពីឃុំទូកមាសបានផ្ដល់មតិដល់ វេទិកាថា ការផ្សព្វផ្សាយរបស់ជនបង្គោលនៅតាមភូមិឃុំ ពីការប្រើអំពើហិង្សាលើស្ត្រីដើម្បីឲ្យបុរសបានយល់ដឹងជាពិសេស ទាក់ទិនអំពីច្បាប់បុរសមិនមកចូលរួមស្ដាប់ការផ្សព្វផ្សាយនេះទេ។ រឿងនេះជាការលំបាកមួយរបស់ជនបង្គោលប្រចាំឃុំ។
លោក ឆាយ សន អភិបាលស្រុកបន្ទាយមាស មានប្រសាសន៍ថា គម្រោងរបស់អង្គការលីកាដូ គឺមានការគាំទ្រ ព្រោះទាក់ទិនការជួយទប់ស្កាត់អំពើហិង្សាលើស្ត្រីដែលបច្ចុប្បន្ន នេះកំពុងតែកើតមានគួរឲ្យព្រួយបារម្ភ។ នៅក្នុងឆ្នាំ២០០៧ បើតាមរបាយការណ៍របស់ប្រធានកិច្ចការនារីខេត្ត មានស្ត្រីសុំលែងលះប្ដី១១៩ករណី និងប្ដីសុំលែងប្រពន្ធមានចំនួន៣៩ករណី។ លោកអភិបាលស្រុកបានសំណូមពរឲ្យមន្ត្រីអង្គការលីកាដូ និងជនបង្គោលប្រចាំភូមិ - ឃុំជួយយកចិត្តបន្ថែមទៅលើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីសុភមង្គលក្នុងសង្គមជាតិទាំងមូល៕
៥ប៉័ងតោកំហឹងប្រពន្ធដើម ខឹងប្ដីមានប្រពន្ធចុង
ខេត្តកំពង់ចាម ៖ បុរសថែសួនច្បារឈ្មោះ ជូ វុទ្ធថន អាយុ៥៣ឆ្នាំ រស់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានស្ត្រីជាប្រពន្ធកាប់តាមកំហឹង៥ប៉័ងតោ ខណៈពេលកំពុងជិះម៉ូតូសេ១០០កូរ៉េ ពណ៌ក្រហម នៅលើស្ពានគីហ្ស៊ុណា បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោក ណា ចេ ប្រធានការិយាល័យគោលដៅការពារស្ពានគីហ្ស៊ុណាប្រាប់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅលើស្ពាននាវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២៧ មេសា ឆ្នាំ២០០៨ ដោយស្ត្រីម្នាក់ឈ្មោះ សាន សំណាង អាយុ៤៨ឆ្នាំ បានទាញប៉័ងតោមកកាប់ចិញ្ច្រាំលើបុរសជាប្ដីឈ្មោះ ថន ខណៈពេលកំពុងតែជិះម៉ូតូរួមដំណើរជាមួយគ្នា។ លោក ណា ចេ ប្រាប់បន្តថា ខណៈពេលម៉ូតូដួលនៅលើស្ពានគេឃើញបុរសជាប្ដីត្រូវរបួសក្បាល ថ្ពាល់ និងស្មា សរុប៥ប៉័ងតោរយៈហូរឈាមរហាម។ ភ្លាមៗនោះកំលាំងយាមប្រចាំការឃើញស្ទុះមកឃាត់ និងហៅសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុកឲ្យមកនាំស្ត្រីជាប្រពន្ធទៅ អធិការដ្ឋានស្រុកកំពង់ចាម ឯបុរសរងគ្រោះក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់។
ស្ត្រីឈ្មោះ សាន សំណាង ដែលជាអ្នកដៃដល់ឆ្លើយថា រូបគាត់ជាប្រពន្ធរៀបការពេញច្បាប់ជាមួយបុរសឈ្មោះ ជូ វុទ្ធថន តាំងពីឆ្នាំ១៩៧៩ ព្រមទាំងមានកូន៣នាក់ ក្នុងនោះស្រីនាក់បានរៀបការអស់ហើយ។ បន្ទាប់មកប្ដីក៏ឆ្លៀតរត់ម៉ូតូឌុបហើយលួចមានប្រពន្ធចុងនៅភូមិ នាងគង្គីង ឃុំសំបួរមាស ស្រុកកំពង់ចាម រយៈពេលជាង១០ឆ្នាំមកហើយ បានកូនប្រុស១ អាយុ៨ឆ្នាំ។ ស្ត្រីជាប្រពន្ធបានសារភាពថា ជាញឹកញាប់ណាស់ប្ដីបានប្រើអំពើហិង្សាវាយធ្វើបាបលើរូបគាត់ (សំណាង) ដោយទ្រាំមិនបានក៏ប្ដឹងមេឃុំសុំលែងលះពីរបីលើកមកហើយ តែប្ដីមិនព្រមសោះ។ ស្ត្រីដដែលបាននិយាយទៀតថា បន្តពីនោះមក គាត់សង្កេតឃើញប្ដីមានអាកប្បកិរិយាប្លែក គាត់ក៏បានតាមដានដឹងហើយថា លួចមានប្រពន្ធចុងក្មេងជាងគាត់ជាអ្នកលក់សណ្ដែកបណ្ដុះ ហើយគាត់ក៏ប្រាប់ឲ្យឈប់ទាក់ទង តែប្ដីមិនស្ដាប់ទេ។
នៅព្រឹកថ្ងៃទី២៧ មេសា រូបគាត់បានទៅរកប្ដីនៅកន្លែងសួនច្បារផ្ទះលោកឧកញ៉ាម្នាក់ (ប្ដីគាត់ស៊ីឈ្នួលថែសួនឲ្យគេ) នៅត្រើយខាងកើត ឃុំទន្លេបិទ រួចនាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ ស្របពេលជិះម៉ូតូដល់លើស្ពានគីហ្ស៊ុណា គាត់ក៏សួរទៅប្ដីឲ្យលែងនាងចុងនោះចោលទៅ តែប្ដីតបវិញថា មិនលែងទេយកទាំង២ ភ្លាមៗនោះគាត់ចិត្តនឹងប្ដីក៏ទាញយកប៉័ងតោសៀតនៅត្រង់ពោះមកកាប់ ចិញ្ច្រាំជាច្រើនកាំបិតតែម្ដង។
បុរសរងគ្រោះ ជូ វុទ្ធថន និយាយប្រាប់ថា មូលហេតុដែលប្រពន្ធកាប់គាត់ដោយប៉័ងតោនេះមានរឿងវែងឆ្ងាយណាស់តែ គាត់មិននិយាយទេ ព្រោះកំពុងទទួលការព្យាបាលរបួស។ លោក ហង្ស វ៉ាន់ចន អធិការរងប៉ូលិសស្រុកកំពង់ចាមបញ្ជាក់ថា ស្ត្រីឈ្មោះ សាន សំណាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។
មានព័ត៌មានថា ស្ត្រីជាប្រពន្ធចុងក៏បានមកមើលប្ដីដែលរបួសផងដែរក្រោយពេលនាំដល់មន្ទីរពេទ្យ៕
កូនប្រុសបង្កើតវាយសម្លាប់ឪពុក ព្រោះតែចេះអំពើធ្មប់
រលាប្អៀរ-កំពង់ឆ្នាំង៖ វាជាប្រកាសមួយដែលគួរឲ្យហួសចិត្តបំផុតដែលកូនប្រុសបង្កើតវាយ សម្លាប់ឪពុកខ្លួនឯងចោលសាកសពនៅកណ្ដាលវាលស្រែ ដោយសារតែការក្ដៅក្រហាយនឹងអ្នកភូមិប្រមាថកាតទានក្រុមគ្រួសារគេ មួយពូជដែលជឿថា ឪពុករបស់ខ្លួនចេះអំពើធ្មប់។ សាកសពបុរសជាឪពុកនេះ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅវាលស្រែខាងកើតវត្តព្រៃសំពៅ ក្នុងភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ខាត់ តុងលី អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ជនរងគ្រោះមានប្រពន្ធពីរមុនពេលស្លាប់រស់នៅជាមួយប្រពន្ធដើម រីឯប្រពន្ធចុងបានរត់ចោលទៅមានប្ដីក្រោយមួយទៀត។ នៅកន្លែងកើតហេតុ ប៉ូលិសរកឃើញដំបងឈើជ្រុងមួយដែលមានដំដែកគោលលិចធ្លាយទៅម្ខាង ជារនុកដែលឃាតករធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។ នៅលើក្បាល និងខ្លួនសាកសពមានឃើញស្នាមរបួសដែលឃាតករវាយនឹងដំបងឈើជ្រុង មានដែកគោលបណ្ដាលឲ្យមុត និងរបួសជាច្រើនកន្លែង។
ក្រោយពេលកើតហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដឹងថា គឺជាកូនប្រុសបង្កើតរបស់ជនរងគ្រោះតែម្ដង ហើយត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ។ កូនអកតញ្ញូដែលត្រូវប៉ូលិសឃាត់ខ្លួននេះឈ្មោះ តុង ស៊ីឡេង អាយុ២០ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ដែលជាឃាតករសម្លាប់ឪពុកខ្លួនឯងបង្កើតនេះ បានឆ្លើយសារភាពថា មូលហេតុដែលធ្វើឲ្យគេដាច់ចិត្តសម្លាប់ឪពុកខ្លួនឯងបង្កើតនេះ គឺដោយសារតែឪពុករបស់គេចេះអំពើធ្មប់។ គ្រួសាររបស់គេមួយពូជត្រូវអ្នកភូមិស្អប់ខ្ពើម រូបគេត្រូវអ្នកភូមិហៅអាកូនធ្មប់ ហើយនៅពេលផឹកស៊ីជាមួយមិត្តភក្តិ សាច់ក្លែមត្រូវគេយកទៅកិតនឹងគូទជាមុនសិន ទើបគេយកមកស៊ីជាក្រោយពីព្រោះតែពួកគេខ្លាច។
ជនដៃដល់បានឆ្លើយសារភាពទៀតថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៨ មានអ្នកភូមិម្នាក់បានទូរស័ព្ទហៅឪពុករបស់គេឲ្យទៅជួប ដោយសារតែគាត់ស្រវឹងបានឲ្យរូបគេឌុបម៉ូតូជូនទៅ នៅពេលត្រឡប់មកវិញឱកាសល្អគេក៏ធ្វើសកម្មភាពសម្លាប់តែម្ដងទៅ ហើយការសម្លាប់នេះ គ្មានពិបាកទេ ពីព្រោះឪពុករបស់គេស្រវឹងឡើងទន់ខ្លួនទៅហើយ។
នៅពេលសម្លាប់ហើយ រូបគេក៏ជិះម៉ូតូទៅផ្ទះជាធម្មតា ដូចជាអត់ដឹងរឿង។ លុះព្រឹកឡើងទើបគេផ្អើលឆោឡោ និងត្រូវប៉ូលិសមកឃាត់ខ្លួនគេតែម្ដង។
ជនដៃដល់កំពុងឃាត់ខ្លួនសាកសួរនៅកន្លែងប៉ូលិសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ប្រពន្ធចាក់សម្លាប់ប្ដី ព្រោះតែបន្ទោសរឿងបាត់ខ្សែគោ
ពោធិ៍សាត់ ៖ បុរសម្នាក់ជាប្ដីត្រូវបានប្រពន្ធរបស់ខ្លួន ចាក់នឹងកាំបិតចិតបន្លែ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ព្រោះតែរឿងបាត់ខ្សែគោ ដោយនិយាយបន្ទោសប្រពន្ធថានៅផ្ទះមិនចេះទុកដាក់។ ហេតុការណ៍ប្រពន្ធចាក់សម្លាប់ប្ដីឯង បានកើតឡើងនៅភូមិអូរស្ដៅ ឃុំស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៦យប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០០៨កន្លងទៅនេះ។
លោកអធិការស្រុកសំពៅមាសបាននិយាយឲ្យដឹងថា ជនរងគ្រោះដែលប្រពន្ធចាក់នឹងកាំបិតបណ្ដាលឲ្យស្លាប់នោះ មានឈ្មោះ នង ប៉ាន អាយុ៥៧ឆ្នាំ។ ជនរងគ្រោះត្រូវប្រពន្ធចាក់ត្រូវមួយកាំបិត ចំក្រោមដោះខាងឆ្វេងរងរបួសធ្ងន់ ហើយដឹកជិតដល់មន្ទីរពេទ្យខេត្តក៏ដាច់ខ្យល់ស្លាប់។
ស្ត្រីល្មើសដោយខឹងពេកហ៊ានចាក់សម្លាប់ប្ដីឯងនេះ មានឈ្មោះ សយ ម៉ៅ អាយុ៥៣ឆ្នាំ។ គាត់ចាក់ប្ដីដោយកាំបិតចិតបន្លែ។ មុននឹងប្រពន្ធធ្វើឃាតប្ដី ពួកគេបានឈ្លោះប្រកែកគ្នាដោយសារប្ដីនិយាយបន្ទោសប្រពន្ធថា នៅផ្ទះមិនចេះគ្រប់គ្រងរបស់ទ្រព្យ បណ្ដាលឲ្យបាត់ខ្សែគោ។ តាមសម្ដីរបស់ស្ត្រី សយ ម៉ៅ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្ដីរបស់គាត់នេះ (អ្នកស្លាប់) ថ្ងៃណាក៏ស្រវឹងស្រាដែរ ពេលមកដល់ផ្ទះតែងតែរករឿងប្រពន្ធកូនជានិច្ច មិនដែលខានថ្ងៃណាឡើយ។
ស្ត្រីល្មើសត្រូវបានប៉ូលិសចាប់ខ្លួន បញ្ជូនមកអធិការដ្ឋានស្រុកសំពៅមាស តាំងពីពេលកើតហេតុភ្លាមៗម្ល៉េះ។ លោកអធិការស្រុកឲ្យដឹងថា លោកនឹងកសាងសំណុំរឿងបញ្ជូនស្ត្រីរូបនេះទៅតុលាការខេត្តពោធិ៍សាត់ ចាត់ការទៅតាមនីតិវិធីច្បាប់៕
ប៉ូលិសចាប់ជនល្មើសបញ្ជូនទៅតុលាការ ពីបទប្រើហិង្សាក្នុងគ្រួសារ
ខេត្តកំពត ៖ ជនល្មើសមួយរូបត្រូវបានសមត្ថកិច្ចប៉ូលិស ធ្វើការចាប់ខ្លួនក្នុងបទប្រើអំពើហិង្សា ដោយយកដែកស្នបាញ់កង្កែប ចាក់ប្រពន្ធឲ្យរងរបួសជាទម្ងន់ ដោយសារខឹងប្រពន្ធមិនឆ្លើយនឹងសំណួររបស់ខ្លួន។ ហេតុការណ៍នៃការប្រើអំពើហិង្សានេះកើតឡើងនាវេលាម៉ោង២០ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០៨ នៅភូមិដូនស៊យ ឃុំថ្មី ស្រុកកំពត។
តាមសម្ដីប៉ូលិសបានប្រាប់ឲ្យដឹងថា ជនល្មើសដែលត្រូវប៉ូលិសចាប់ខ្លួនតាមបណ្ដឹងរបស់ឪពុកម្ដាយស្ត្រី រងគ្រោះនេះឈ្មោះ សឹក ផន អាយុ ២០ឆ្នាំ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ នូ ឡាប អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។ នៅចំពោះមុខប៉ូលិសជនល្មើសបានដោះសាថា មូលហេតុដែលនាំឲ្យមានការប្រើហិង្សាលើប្រពន្ធ ព្រោះខ្លួនខឹងនឹងប្រពន្ធមិននិយាយឆ្លើយតបនឹងសំណួររបស់ខ្លួន។ ដោយសារថ្ងៃកើតហេតុនោះ ប្រពន្ធរបស់ខ្លួនមិនដឹងទើបវិលត្រឡប់មកពីណាបាត់ពីផ្ទះចំនួនបី យប់ តែពេលសួររកហេតុផល ប្រពន្ធរបស់ខ្លួនមិនព្រមឆ្លើយហើយថែមទាំងដើរសំដៅទៅមើលវីដេអូ នៅផ្ទះអ្នកជិតខាងធ្វើព្រងើយ ទើបខ្លួនមានការខឹងសម្បាហើយទាញយកស្នបាញ់កង្កែបចាក់ចំពោះតែ ម្ដង។
ប៉ូលិសបន្តទៀតថាក្រោយពេលកើតហេតុ ឪពុកម្ដាយជនរងគ្រោះក៏ប្ដឹងមកសមត្ថកិច្ចដើម្បីចាប់ខ្លួនបញ្ជូនទៅ តុលាការវិនិច្ឆ័យទោសតាមច្បាប់។
ចំណែកបុរសឈ្មោះ នូ នី អាយុ៤៧ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានរៀបរាប់នៅមន្ទីរពេទ្យថា រវាងកូនគាត់ និងកូនប្រសា ទើបនឹងរៀបការជាមួយគ្នាទេ តែពីរនាក់ប្ដីប្រពន្ធឈ្លោះគ្នាមិនចេះចប់មិនចេះហើយ រហូតមានការជួយផ្សះផ្សាពីអាជ្ញាធរឃុំទៀតផង។ ពេលក្រោយនេះ កូនប្រសារបស់គាត់បានវាយប្រពន្ធយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើឲ្យនាងរត់ទៅភ្នំពេញអស់ពីរថ្ងៃ ក្នុងបំណងរកការងារធ្វើ តែដោយសាររកការងារមិនបាន ក៏ត្រឡប់មកវិញជួបហេតុការណ៍អាក្រក់នេះតែម្ដង ហើយការចាក់នេះកូនប្រសារបស់គាត់បម្រុងសម្លាប់ប្រពន្ធចោលទៀតផង ព្រោះបន្ទាប់ពីចាក់ប្រពន្ធឲ្យរបួសហើយ គេព្យាយាមអូសសំដៅចូលព្រៃមានទាំងពូថៅនៅនឹងដៃ ប៉ុន្តែបានអ្នកភូមិជាច្រើននាក់ជួយអន្តរាគមន៍។ មិនតែប៉ុណ្ណោះពេលគាត់នាំយកកូនស្រីដែលរងរបួសមកកាន់មន្ទីរពេទ្យ ត្រូវកូនប្រសារូបនេះឈររាំងផ្លូវគំរាមឲ្យយកចេញ បើអ្នកណាហ៊ានជម្នះគេនឹងសម្លាប់ចោលដោយពេលនោះមានទាំងដន្លងប្រុស របស់គាត់នៅទីនេះដែរ តែមិនបានហាមឃាត់កូនទេ។ ដោយសារឃើញស្ថានភាពកូនស្រីកាន់តែធ្ងន់ធ្ងរ និងការជួយជ្រោមជ្រែងពីអ្នកភូមិទើបគាត់យកកូនស្រីមកដល់មន្ទីរ ពេទ្យ ហើយមកដល់ពេលនេះ (ថ្ងៃទី១ ខែមេសា) គ្រូពេទ្យវះកាត់រួចរាល់ជាស្ថាពរ ប៉ុន្តែកូនរបស់គាត់នៅដាក់អុកស៊ីហ្សែននៅឡើយ៕
បុរសកំណាចកាប់ប្រពន្ធកូនផ្អើលកណ្ដាល អធ្រាត្រ
ខេត្តកំពង់ចាម៖ សោកនាដកម្មដ៏រន្ធត់មិននឹកស្មានដល់សម្រាប់ ក្រុមគ្រួសារមួយ ដោយសារតែបុរសជាប្ដីអាយុ៤៥ឆ្នាំបានយកពូថៅទៅកាប់កូនប្រុស ប៉ុនប៉ងសម្លាប់នៅលើផ្ទះ និងកាប់ត្រូវថ្ពាល់ស្ដាំប្រពន្ធរយះជ្រុះធ្មេញ និងបានស្លាប់នាពេលបន្តិចក្រោយមក។ មិនតែប៉ុណ្ណោះបុរសរូបនេះ បានព្យាយាមសម្លាប់កូនៗឲ្យអស់មួយពូជទៀតផង តែត្រូវបានអ្នកជិតខាងរួមទាំងកម្លាំងសមត្ថកិច្ចទៅជួយអន្តរាគមន៍ ទាន់ពេល។ អំពើហិង្សាដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃទី២៩ មីនា នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម។
យុវជនរងគ្រោះឈ្មោះ នង ធី អាយុ២៣ឆ្នាំ ដែលត្រូវជាកូនបានរៀបរាប់ប្រាប់នៅក្នុងអាគារសង្គ្រោះបន្ទាន់នៃ មន្ទីរពេទ្យខេត្តថា នៅល្ងាចថ្ងៃទី២៩ មីនា ខ្លួនបានទៅចូលរួមមង្គលការមិត្តភក្ដិឈ្មោះលក្ខ និងបានផឹកស៊ីរហូតស្រវឹង លុះដល់ពេលយប់ទើបមកផ្ទះវិញ ប្រះខ្លួនដេកទាំងផ្កាប់មុខ។ លុះនៅម៉ោង១២យប់ ស្រាប់តែឪពុកឈ្មោះ នង ទ្រី អាយុ៤៥ឆ្នាំ បានយកពូថៅមកកាប់ខ្លួនដើម្បីសម្លាប់តែម្ដង គឺកាប់ត្រូវក្រោមបោះដៃផុតខាងស្ដាំ១ពូថៅ បន្ទាប់មកក៏ទៅកាប់ផ្ទៃមុខម្ដាយ១ពូថៅរយះហូរឈាមស្រោចពេញ ខ្លួនប្រាណ និងបានស្លាប់នាពេលបន្តិចក្រោយមក។ យុវជន នង ធី ឲ្យដឹងថា ខ្លួនមានបងប្អូនទាំងអស់៧នាក់។
នាង ទ្រី ថៃ អាយុ១៦ឆ្នាំ ជាកូនដែរ បានរៀបរាប់ពីហេតុការណ៍នោះថា ពេលនាងកំពុងដេកក៏ឮសំឡេងឪពុកកាប់ម្ដាយ ភ្លាមៗនោះនាងស្ទុះក្រោកទៅខ្ទប់មាត់ម្ដាយទាំងប្រឡាក់ឈាមរួច ស្រែកយំហៅអ្នកជិតខាងឲ្យជួយ។ ពេលឪពុកនាងជាប់រវល់ងាកទៅរកកាំបិតលើផ្ទះ នាងក៏ឆ្លៀតពេលដោះគន្លឹះទ្វារមុខចុះមកដីយ៉ាងប្រញាប់ប្រញាល់ និងស្រែកហៅបងប្អូននៅក្នុងភូមិឲ្យមកជួយ។ រយៈពេលប្រហែល៣នាទីប៉ុណ្ណោះ ម្ដាយនាងក៏បានស្លាប់ លុះបន្តិចក្រោយមកអ្នកភូមិក៏មកពេញមុខផ្ទះ ហើយបានជួយរួមជាមួយសមត្ថកិច្ច។ នាង ទ្រី ថៃ ឲ្យដឹងទៀតថា នៅយប់កើតហេតុនេះ បងប្អូននាងនៅតែ៥នាក់ទេ ដែលដេកនៅលើផ្ទះ។
ស្ត្រីដែលត្រូវប្ដីកាប់ស្លាប់នោះឈ្មោះ កន ធឿន អាយុ៤៥ឆ្នាំ។ ស្ត្រីឈ្មោះ កន ពៅ អាយុ៤២ឆ្នាំ ជាប្អូនរបស់ស្រីដែលស្លាប់ បានប្រាប់ថា បងស្រីរបស់គាត់ឈ្មោះ កន ធឿន បានរៀបការជាមួយឈ្មោះ នង ទ្រី រយៈពេលជាង២០ឆ្នាំមកហើយ ហើយនៅដើមឆ្នាំ២០០៨នេះ បងថ្លៃប្រុសតែងស្រវឹងស្រាញឹកញាប់ណាស់ និងតែងតែបង្កជម្លោះជាមួយប្រពន្ធរហូតដល់យកកាំបិតដេញកាប់កូនៗ និងប្រពន្ធ ធ្វើឲ្យម្នាក់ៗភ័យមិនហ៊ានដេកនៅផ្ទះទេ គឺបានសុំផ្ទះអ្នកភូមិដេកបណ្ដោះអាសន្ន។ មុនពេលកើតហេតុ៣ថ្ងៃ បងស្រីគាត់ ដោយទ្រាំមិនបាន ក៏សម្រេចចិត្តរត់ទៅប្ដឹងលោកមេភូមិ ហើយក៏មានការកោះហៅឲ្យធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ បញ្ឈប់មិនឲ្យមានអំពើហិង្សាក្នុងគ្រួសារទៀត។ ជាក់ស្ដែងព្រឹកថ្ងៃទី២៩ មីនា បងថ្លៃប្រុសចេញទៅធ្វើផ្ទះឲ្យគេបាត់ លុះដល់ម៉ោងជាង៥ល្ងាច ទើបត្រឡប់មកផ្ទះវិញ ហូបបាយជាមួយប្រពន្ធ និងកូនៗធម្មតា ស្រាប់តែនៅពាក់កណ្ដាលអធ្រាត្រក៏មានបញ្ហាអកុសលនេះកើតឡើងតែ ម្ដង។
លោក ចក់ សុខកៅ មន្ត្រីប៉ូលិសព្រហ្មទណ្ឌ ស្រុកកំពង់សៀមបានមានប្រសាសន៍ថា បុរសជាប្ដីឈ្មោះ នង ទ្រី តែងប្រើអំពើហិង្សាលើប្រពន្ធជាញឹកញាប់ និងត្រូវបានមេភូមិហៅទៅអប់រំម្ដង។ នៅយប់ថ្ងៃទី២៩ មីនា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនិងកម្លាំងប៉ុស្តិ៍រអាងបានចុះទៅហ៊ុមព័ន្ធផ្ទះ ខណៈបុរសជាឃាតករកាន់កាំបិតកកុកនៅក្នុងដៃ ឈរនៅមាត់ទ្វារមិនឲ្យអ្នកណាចូលទៅទេ តែអ្នកភូមិនាំគ្នាទម្លាយជញ្ជាំងផ្ទះ ទាញយកយុវជនរងគ្រោះជាកូនឈ្មោះ នង ធី នាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ស្ថិតក្នុងសភាពទាល់ច្រក បុរសជាឃាតករបានយកកាំបិតកកុកមកអារបំពង់កខ្លួនឯង ហូរឈាម លុះពេលឈឺពេកក៏ស្ទុះរត់ទៅចងក បម្រុងធ្វើអត្តឃាត តែត្រូវកម្លាំងប៉ុស្តិ៍បញ្ចាំងភ្លើងពិលឃើញទាន់ក៏ស្ទុះទៅចាប់។
លោក អ៊ឹម សុផល មន្ត្រីប៉ូលិសបច្ចេកទេសខេត្តប្រាប់ឲ្យដឹងថា សពស្ត្រីឈ្មោះ កង ធឿន ជាប្រពន្ធត្រូវបានកាប់លើថ្ពាល់ស្ដាំរយះ ១.៦០តឹក ឯធ្មេញខ្ទាតចម្ងាយ ១.៣០ម៉ែត្រ។ លោក ប៉ាក ជាតិ អធិការប៉ូលិសស្រុកកំពង់សៀមប្រាប់ថា ពេលបុរសជាប្ដីរូបនេះ ស្រវឹងស្រាម្ដងៗ តែងតែប្រើអំពើហិង្សាលើប្រពន្ធលាយឡំនិងការប្រចណ្ឌផងដែរ។ ជននេះ ត្រូវបាននាំមកកាន់អធិការដ្ឋានស្រុកដើម្បីបំពេញសំណុំរឿងបញ្ជូនទៅ តុលាការ៕
ស្រវឹងស្រាប្រើហិង្សា លើប្រពន្ធពិការរហូតសន្ធប់
ខេត្តកំពង់ចាម៖ ជាតិជាមនុស្សស្រីពិការជើងទាំង២នេះ វាជារឿងអភ័ព្វណាស់ទៅហើយ តែរឿងឈឺចាប់ខ្លោចផ្សាជាងនេះទៅទៀត គឺមានស្វាមីជាមនុស្សប្រមឹកវាយធ្វើបាបរៀងរាល់ថ្ងៃ រហូតដល់នាងសន្លប់បាត់ស្មារតី ហើយត្រូវគ្រួសារនាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ឯប្ដីប្រមឹកថ្នឹកខាងវាយប្រពន្ធនេះត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការធ្វើការផ្ដន្ទាទោសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៨។
អំពើហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៨ភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ជនបង្កហេតុត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះម៉ន ផាន់ណា អាយុ៤០ឆ្នាំមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើបានសារភាពថា នៅព្រឹកថ្ងៃ១២ ខែមីនា ឆ្នាំ២០០៨ខ្លួនបានទៅជួយលើកជណ្ដើរផ្ទះឲ្យប្រជាជននៅភូមិជាមួយ គ្នាហើយបានផឹកស្រាសអស់ចំនួន៣លីត្ររហូតដល់ម៉ោង១២ខ្លួនក៏ ត្រឡប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះខ្លួន (ផាន់ណា) បានសួរប្រពន្ធរកកង់ជិះ តែប្រពន្ធមិនឆ្លើយតប ពេលនោះខ្លួនខឹងពេក ក៏ច្រានប្រពន្ធដួលទៅលើរនាប ស្រាប់តែប្រពន្ធសន្លប់ខ្លួន ក៏ចុះពីលើផ្ទះដើរបានចម្ងាយប្រមាណ២០០ម៉ែត្រ ជួបនឹងប៉ូលិសនាំខ្លួនមកសាកសួរ។
តាមការរៀបរាប់របស់កុមារីម៉ន សុភ័ស អាយុ១៥ឆ្នាំត្រូវជាកូនអ្នកទាំង២ (ជនដៃដល់និងស្ត្រីរងគ្រោះ) បានឲ្យដឹងថា ពេលឪពុកនាងមកដល់ផ្ទះបានសួររកកង់ ពេលនោះនាងប្រាប់ថា គេខ្ចីបាត់ទៅហើយ បន្ទាប់មកឪពុករបស់នាង ក៏ទៅសួរម្ដាយរបស់នាងទៀត តែម្ដាយនាងខឹងមិនឆ្លើយស្រាប់តែឪពុកនាងចាប់បោចសក់ម្ដាយនាងដែល ពិការជើងទាំងពីរទាញផ្ទប់ទៅលើរនាប ហើយវាយជាច្រើនដៃរួចច្របាច់.កម្ដាយនាងរហូតសន្លប់។
ឃើញសភាពគួរឲ្យតក់ស្លត់បែបនេះ នាងសុភ័ស ក៏ស្រែកហៅឲ្យគេជួយតែឪពុកនាងបានស្ទុះទៅវាយនាង និងគំរាមមិនឲ្យហៅគេជួយ មិនតែប៉ុណ្ណោះឪពុករបស់នាងបានយកទូរទស្សន៍និងចានឆ្នាំបោកចោលបែក ខ្ទេចអស់។
អ្នកស្រីឃីម ផាន អាយុ៥៧ឆ្នាំត្រូវជាម្ដាយក្មេងជនដៃដល់បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកស្រីកំពុងអង្គុយកាប់ឆ្អឹងគោស្ងោស៊ុបឲ្យកូនលក់ ក៏បានឃើញកូនប្រសាឈ្មោះផាន់ណា ដើរមកផ្ទះក្នុងលក្ខណៈស្រវឹងជោក ហើយឡើងលើផ្ទះស្រែកឡូឡា និងឮសូរបោករបស់របរក្នុងផ្ទះក្ដងក្ដាំង និងស្រែកជេរមកលើអ្នកស្រីថា "មីកញ្ចាស់ង៉ែងមកជួយកូនង៉ែង អញវាយវាឲ្យងាប់"។
អ្នកស្រីឃីម ផាត បន្តថាពេលនោះអ្នកស្រីមិនហ៊ានចូលទៅជួយកូនទេ ព្រោះឃើញកូនប្រសារប្រមឹកកាន់កាំបិតបុ័ងតោនៅដៃបម្រុងកាប់អ្នក ស្រីទៀត។ ពេលនោះអ្នកស្រីបានជិះកង់ទៅប្ដឹងប៉ូលិសប៉ុស្តិ៍ហើយ ក៏បានឃើញកូនប្រសារកាន់កាំបិតដើរតាមក្រោយ។
អ្នកស្រីបញ្ជាក់ថា កូនរបស់អ្នកស្រីឈ្មោះឃឹម ឃាង អាយុ៣៨ឆ្នាំជាប្រពន្ធឈ្មោះម៉ន ផាន់ណា រស់នៅជាមួយគ្នាជិតអស់២០ឆ្នាំមកហើយ។ ក្រោយមកកូនស្រីរបស់លោកស្រីមានជំងឺឈឺរហូតស្វិតជើងទាំង២ធ្លាក់ ខ្លួនពិការ ហើយស្ទើរតែរាល់ថ្ងៃឈ្មោះផាន់ណា បានផឹកស្រាស្រវឹងវាយធ្វើបាបប្រពន្ធ ទោះបីអ្នកស្រីឃាត់ ឬអង្វរយ៉ាងណា ក៏កូនប្រសារប្រមឹកមិនយកត្រចៀកស្ដាប់ឡើយ ថែមទាំងជេរអ្នកស្រីជាច្រើនលើកទៀតផង តែអ្នកស្រី និងកូនសុខចិត្តខាំមាត់សង្កត់ចិត្តនៅស្ងៀម តែពេលនោះទ្រាំលែងបានអ្នកស្រី ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការ៕
លោកស្រីអ៊ឹង កន្ថាផាវី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារជាអាទិភាពរបស់ក្រសួងកិច្ចការនារី
ភ្នំពេញ៖ លោកស្រីអ៊ឹង កន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានបញ្ជាក់ថាការទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងកុមារជាអាទិភាពរបស់ក្រសួង។ លោកស្រីបានមានប្រសាសន៍បែបនេះក្នុងពិធីបើកសិក្ខាសាលា ស្ដីពីផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រីកាលពីថ្ងៃ ពុធកន្លងមកនេះ។
លោកស្រីរដ្ឋមន្ត្រីបានឲ្យដឹងថា ផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីបានធ្វើរួច រយៈពេលពីរឆ្នាំកន្លងមកហើយ ប៉ុន្តែការដាក់ជូនរាជរដ្ឋាភិបាលបានបង្ហាញឲ្យឃើញថាផែនការសកម្មភាព នេះមានខ្លឹមសារល្អ ប៉ុន្តែហាក់មានរបៀបដូចជារបស់អង្គការសង្គមស៊ីវិល។ ដោយមើលឃើញបញ្ហានេះ ទើបផែនការត្រូវយកមកធ្វើការកែសម្រួល និងពិភាក្សាជាថ្មី និងលើកចុងក្រោយ។
លោកស្រីរដ្ឋមន្ត្រីបានបន្តថា "យើងសង្ឃឹមថា ផែនការសកម្មភាពជាតិក្រោយការកែសម្រួលនាពេលនេះ និងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល"។ លោកស្រីបន្តថា ការរៀបចំផែនការសកម្មភាពថ្នាក់ជាតិទប់ស្កាត់អំពើហិង្សានេះ សំដៅធ្វើការពង្រឹងការអនុវត្តន៍ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុង គ្រួសារ និងកិច្ចការពារជនរងគ្រោះ និងច្បាប់បង្ក្រាបលើអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។
លោកស្រីម៉ូនីកា លូកេ (Monika Lueke) ប្រធានក្រុមការងារនៃគម្រោងលើកកម្ពស់សិទ្ធិស្ត្រីអង្គការ GTZ បានមានប្រសាសន៍ថា ដំណើររៀបចំផែនការនេះមានរយៈពេលយូរហើយ ហើយយើងមានអនុសាសន៍ និងសូចនាករច្បាស់លាស់ដើម្បីដាក់ជូនរដ្ឋាភិបាលក្នុងការប្រយុទ្ធ អំពើហិង្សាលើស្ត្រី និងកុមារដូចម្ដេច។
លោកស្រីបន្តថា ប្រទេសកម្ពុជាមានទិសដៅយ៉ាងច្បាស់លាស់ក្នុងការដាក់ចេញនូវផែនការ សកម្មភាពថ្នាក់ជាតិក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារតាម គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍៕
ប្អូនស្រីចិត្តខ្លាំងវាយសំពងបងស្រីបង្កើត
ស្ត្រីរងគ្រោះជាបងឈ្មោះហែន សុធីអាយុ៤៨ឆ្នាំ នៅភូមិកើតហេតុខាងលើត្រូវប្អូនស្រីឈ្មោះហែន គោយ អាយុ៤៣ឆ្នាំ វាយនឹងគល់ឫស្សីបង្គោលរបងប៉ុន.កជើងបណ្ដាលឲ្យរងរបួសបាក់កួយដៃ ស្តាំ និងមួយគល់ឫស្សីទៀតចំភ្លៅខាងស្កាំជាំធ្ងន់ធ្ងរស្ទើរបាក់ឆ្អឹង។ តាមស្ត្រីរងគ្រោះឈ្មោះហែន សុធី បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ (សុធី) ឈ្មោះអន ស៊ីថាអាយុ២០ឆ្នាំបានឈ្លោះជាមួយមីងឈ្មោះហែន អេ អាយុ៣៩ឆ្នាំ មិនដឹងជារឿងអ្វីទេ... ពេលនោះរូបគាត់ដែលជាម្ដាយឃើញកូនឈ្លោះជាមួយម្ដាយមីងក៏ទៅឃាត់ កូន រួចដេញប្អូនស្រីឲ្យត្រឡប់ទៅផ្ទះវិញ ដោយនិយាយថា អ្នកណានៅឯណាទៅកន្លែងហ្នឹងវិញទៅកុំឈ្លោះគ្នា។
ការឃាត់មិនឲ្យទាស់គ្នានោះ ក៏មានការតមាត់គ្នា ដោយប្អូនស្រីចោទថា គាត់កាន់ជើងកូនមិនសូររកហេតុផលឲ្យបានច្បាស់សិនទេ គិតតែពីដេញឲ្យទៅផ្ទះវិញ ដូច្នេះវានៅតែមិនដាច់ស្រាច់អញ្ចឹង។ កំពុងតែជជែកគ្នា ស្រាប់តែប្អូនស្រីម្នាក់ទៀតនៅខាងកើតនោះបានមកដល់ (ហែន គោយ) ក៏កាន់ជើងប្អូនស្ត្រីឈ្មោះហែន អេ ស្រែកថា បើចិត្តមិនដាច់ទុកឲ្យអញជាអ្នកកាត់ក្ដី។ និយាយបណ្ដើរដើរតម្រង់ទៅជិតរូបគាត់ជាបងបណ្ដើររួចចាប់ដកបង្គោល របងឫស្សីប៉ុន កជើងពីមុខផ្ទះគាត់វាយទៅលើគាត់តម្រង់ក្បាល តែគាត់លើកដៃរងចំកួយដៃបាក់ឆ្អឹងតែម្ដង និងវាយមួយគល់ឫស្សីទៀតចំភ្លៅពេលនោះប្អូនស្រីដើមជម្លោះ និងអ្នកជិតខាងក៏ចាប់ទាញប្អូនស្រីដៃដល់ចេញហើយបន្ទាប់មកប្អូន ស្រីនោះត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកដើម្បីធ្វើការដោះស្រាយ ឯស្ត្រីរងគ្រោះត្រូវប្ដីនាំទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីព្យាបាល៕
អំពើហិង្សាក្នុងគ្រួសារ មានលក្ខណៈទូទៅ និងចាក់ឫសនៅប្រទេសកម្ពុជា
ភ្នំពេញ ៖ «អំពើហិង្សាពិសេសការបំពានក្នុងគ្រួសារ គឺមានលក្ខណៈទូទៅ និងចាក់ឫសនៅប្រទេសកម្ពុជាដោយមិនសូវមានវប្បធម៌បុរេនិច្ឆ័យ និងការងារដាក់ទណ្ឌកម្មរាងកាយ ការវាយដំ និងការរំលោភសេពសន្ថវៈ» ។
នេះជាការបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០០៧ របស់អង្គការភ្លែន ។ របាយការណ៍បានបន្តថា កម្មវិធីរបស់អង្គការភ្លែន ព្យាយាមបង្កើតសហគមន៍មួយដែលមាន សុវត្ថិភាពសម្រាប់កុមារ ដែលនៅក្នុងនោះ មនុស្សចាស់បំពេញកាតព្វកិច្ចផ្នែកសីលធម៌ ក៏ដូចជាកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនផង ដែរ ដើម្បីការពារកុមារ ហើយដែលនៅក្នុងនោះ មានប្រព័ន្ធមួយសម្រាប់ឲ្យកុមារបញ្ចេញទស្សនៈរបស់ខ្លួន និងផ្ដល់អនុសាសន៍អំពីបញ្ហានានាដែលទាក់ទងនឹងជីវិតរបស់ពួកគេ និងអ្នកធ្វើសេចក្ដីសម្រេចចិត្តក្នុងកម្រិតមូលដ្ឋាន និងកម្រិតជាតិស្ដាប់យោបល់របស់កុមារ ។ សកម្មភាពគម្រោងផ្ដោតលើការបង្កើនការយល់ដឹងអំពីសិទ្ធិកុមារ ការតំណាងឲ្យក្រុមកុមារប្រកបដោយប្រសិទ្ធភាពនៅក្នុងក្រុមប្រឹក្សា ឃុំ ការដាក់បញ្ចូល ការចង់បានរបស់កុមារទៅក្នុងការធ្វើផែនការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏ដូចជាការកាត់បន្ថយការដាក់ទណ្ឌកម្មលើរាងកាយ ការបំពានផ្លូវភេទនៅក្នុងប្រព័ន្ធថែទាំសុខភាព អំពើហិង្សាក្នុងគ្រួសារ និងពលកម្មកុមារផងដែរ ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជាមានសមត្ថភាពនៅមានកម្រិតនៅឡើយ ក្នុងការដោះស្រាយឲ្យបានសមស្របនូវករណីនានានៃអំពើហិង្សាលើកុមារ ។ លើសពីនេះទៀត មាតាបិតា និងកុមារខ្លួនឯងភាគច្រើនមិនមានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន ឡើយ ដែលជាហេតុធ្វើឲ្យពួកគេងាយរងគ្រោះចំពោះការបំពាន និងការជួញដូរ ។ អង្គការភ្លែន ផ្ដល់ការយល់ដឹងអំពីបញ្ហា និងច្រកសម្រាប់ធ្វើសកម្មភាពដើម្បីទប់ស្កាត់ការបំពានដោយកំណត់មុខ សញ្ញាហានិភ័យ និងដើម្បីរាយការណ៍ និងបញ្ជូនទៅសុំអន្តរាគមន៍នៅពេលដែលជនរងគ្រោះសុំជំនួយ ។ ប្រជាជនគ្រប់ជាន់ថ្នាក់នៅក្នុងសហគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសកម្មភាពទាំងនេះតាមរយៈការបង្កើត បណ្ដាញសហគមន៍ការពារកុមារ ។ បណ្ដាញទាំងនេះចំនួន១៦១ត្រូវបានបង្កើតឡើង ដោយមានសមាសភាពចូលរួមពីអ្នកដឹកនាំសហគមន៍ គ្រូបង្រៀន មាតាបិតា ក្រុមយុវជន បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកអង្គការភ្លែន ។
របាយការណ៍ប្រចាំឆ្នាំ២០០៧ របស់អង្គការភ្លែនបានបញ្ជាក់ថា មានកុមារចំនួន១៤.០០០នាក់ នៅតាមតំបន់គោលដៅបានចូលរួមនៅក្នុងយុទ្ធនាការក្នុងឆ្នាំនេះ ដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្មលើរាងកាយ និងអំពើហិង្សាទូទៅលើកុមារ ។ អង្គការភ្លែនបានបង្កើតវេទិកានានានៅក្នុងអំឡុងពេលធ្វើយុទ្ធនាការ ទាំងនេះ សម្រាប់ឲ្យកុមារនិយាយរឿងរបស់ខ្លួន និងសម្ដែងការបារម្ភរបស់ខ្លួនអំពើហិង្សា ។ អង្គការភ្លែន ក៏ធ្វើជាដៃគូផងដែរ ជាមួយអង្គការគម្រោងប្រឆាំងអំពើហិង្សាក្នុងគ្រួសារ (PADV) ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីអំពើហិង្សាក្នុងគ្រួសារ ការជួញដូរ ការប្រើគ្រឿងញៀន និងការបំពានផ្លូវភេទ ។ អ្នកចូលរួមប្រហែល៣.០០០នាក់បានចូលរួមក្នុងសកម្មភាពទាំងនេះ ហើយបុគ្គលិកអង្គការភ្លែន សង្កេតឃើញថា ជាលទ្ធផលឥរិយាបថនៅក្នុងសហគមន៍ គោលដៅចំពោះបទល្មើសទាំងនេះ ជាពិសេសអំពើហិង្សាក្នុងគ្រួសារកំពុងមានការប្រែប្រួល ។
របាយការណ៍ខាងលើបានឲ្យដឹងដែរថា អង្គការភ្លែនកំណត់បុគ្គលិកទំនាក់ទំនងគន្លឹះទាំងឡាយនៅក្នុងសហគមន៍ ដើម្បីលើកស្ទួយការការពារកុមារ ។ ការបណ្ដុះបណ្ដាលត្រូវបានធ្វើឡើងស្ដីពីនីតិវិធីច្បាប់ទាក់ទងនឹង បទល្មើសទាំងឡាយដែលពាក់ព័ន្ធនឹងកុមារសម្រាប់មន្ត្រីឃុំ មន្ត្រីកិច្ចការនារី នគរបាលក្នុងមូលដ្ឋាន មាតាបិតា និងកុមារដើម្បីគេអាចចាត់វិធានការសមស្របនៅពេលណាមានឧប្បត្តិហេតុ កើតឡើង ។ វគ្គបណ្ដុះបណ្ដាលទាំងនេះ ក៏ផ្ដល់ការយល់ដឹងផងដែរ អំពីផលប៉ះពាល់អវិជ្ជមាន ដែលអំពើហិង្សា និងឧក្រិដ្ឋកម្មលើកុមារមាននៅក្នុងសហគមន៍ ៕
ប្រើគ្រាប់មីនគំរាមប្រពន្ធ កូន ទារយកលុយ១០០០ដុល្លារ ត្រូវប៉ូលិសដាក់ខ្នោះ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកឧដុង្គ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១៥ និង១៥នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៨នេះ នៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទគំរាមកំហែងប្រពន្ធ កូន ទារយកប្រាក់ដោយបានប្រើប្រាស់គ្រាប់មីន៦៩មួយគ្រាប់គ្មានគីបជា មធ្យោបាយ ។
ប៉ូលិសស្រុកឧដុង្គបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលគំរាមកំហែងប្រពន្ធកូនទារយកលុយនោះមានឈ្មោះហ៊ឹម ទី ហៅហ៊ីង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិស្លារ សង្កាត់ស្ទឹងកាច់ ខណ្ឌសាលាក្រៅ ក្រុងប៉ៃលិន ។ ប៉ូលិសបន្តថា ជនរូបនោះបានមកតាមប្រពន្ធកូនហើយគំរាមទារយកលុយ១០០០ដុល្លារដោយ មិនដឹងមូលហេតុអ្វីឡើយ ។
ប៉ូលិសបានរៀបរាប់ថា មុនពេលកើតហេតុជនសង្ស័យរូបនោះបានធ្វើដំណើរមកពីក្រុងប៉ៃលិនមក តាមប្រពន្ធកូននៅភូមិក្នុងវាំង ឃុំវាំងចាស់ដើម្បីទារលុយ១០០០ដុល្លារអាមេរិក ។ ប៉ូលិសបន្តថា ដោយសារតែសុំលុយពីប្រពន្ធអត់បានរូបគេបានយកគ្រាប់មីន៦៩មួយ គ្រាប់គ្មានគីបមកធ្វើការគំរាមកំហែងរកសម្លាប់ចោល បន្ទាប់ពីទទួលបានព័ត៌មាននោះ ប៉ូលិសបានចុះទៅដល់ធ្វើអន្តរាគមន៍រួចឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសស្រុកឧដុង្គ កំពុងតែកសាងសំណុំរឿងឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ជូនបន្តទៅកាន់ តុលាការធ្វើការដាក់ទោសតាមផ្លូវច្បាប់ ៕
យុទ្ធសាស្ត្រលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ
គោលបំណងជំពូក
- យល់ពីយុទ្ធសាស្ត្រទូទៅ ក្នុងការលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ។
- យល់ពីយុទ្ធសាស្ត្រក្នុងការបណ្ដុះវប្បធម៌ស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ។
- យល់ពីរបៀបបណ្ដុះសីលធម៌ និងវប្បធម៌គ្រួសារល្អ។
- គិតគូពីយុទ្ធវិធីពង្រឹងតួនាទីសាសនា។
- យល់ពីយុទ្ធសាស្ត្រពង្រឹងវិធានការសង្គ្រោះជនរងគ្រោះ។
- យល់ពីយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធច្បាប់។
- យល់ពីយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធយុត្តិធម៌ ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ។
ការលប់បំបាត់អំពើហិង្សាក្នុងគ្រួសារមិនមែនជារឿងដែលងាយនឹងលប់ បំបាត់នោះទេ ព្រោះវាក្លាយទៅជាវប្បធម៌ទៅហើយ នៅក្នុងសង្គមខ្មែរ ហើយក៏មនុស្សភាគច្រើនក៏មិនទាន់យល់ស្របថា វាជារឿងល្មើស ជារឿងមិនស្របច្បាប់នោះនៅឡើយដែរ។ ដូចនេះវាទាមទារឱ្យមានយុទ្ធសាស្ត្រថ្នាក់ជាតិច្បាស់លាស់ ទើបអាចបំបាត់អំពើហិង្សាក្នុងគ្រួសារនេះបាន។
ក. យុទ្ធសាស្ត្រទូទៅ
ដើម្បីលប់បំបាត់អំពើហិង្សាក្នុងគ្រួសារឱ្យអស់ពីសង្គមកម្ពុជា កម្ពុជាត្រូវការបណ្ដុះ វប្បធម៌ស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ បង្កើតយន្តការជួយសង្គ្រោះជនរងគ្រោះឱ្យទាន់ពេល និងមានវិធានការដាក់ទោស ឬអប់រំអ្នកប្រព្រឹត្តល្មើស។
ត្រូវថ្លឹងថ្លែងលើចំណុចសំខាន់ៗ បីដូចតទៅ៖
១.ពង្រីកវិធានការការពារសិទ្ធិជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ
២.ដាក់ទណ្ឌកម្មអ្នកប្រព្រឹត្តល្មើស
៣.អប់រំឱ្យឈប់ប្រើហិង្សាក្នុងគ្រួសារ ហើយងាកមកសាងគ្រួសារឱ្យរឹងមាំ និងមានសុភមង្គល
៤.ពង្រឹងគ្រួសារ ព្រោះបើគ្រួសាររឹងមាំ សង្គមជាតិក៏រឹងមាំ គ្រួសារក៏មិនបែកបាក់ ។
ខ. បណ្ដុះវប្បធម៌ស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ
ការបណ្ដុះវប្បធម៌ស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ គឺជាយុទ្ធសាស្ត្រយូរអង្វែង ដែលទាមទារឱ្យមានផែនការច្បាស់លាស់ ធ្វើការបណ្ដុះបណ្ដាល និងធ្វើការអប់រំប្រជាពលរដ្ឋ ជាពិសេសក្មេងៗ ឱ្យជ្រួតជ្រាប និងមានការស្អប់ខ្ពើមអំពើហិង្សាក្នុងគ្រួសារ។
វប្បធម៌ដែលត្រូវបណ្ដុះនោះ អាចធ្វើតាមការបណ្ដុះ និងពង្រឹងសីលធម៌ និងពង្រឹងជំនឿ សាសនា។
ការបណ្ដុះសីលធម៌
ត្រូវបណ្ដុះសីលធម៌សុភាពបុរស សុភាពនារី បិតាមាតាល្អ និង បុត្រធីតាល្អ។ ឧទាហរណ៍ ដូចជាបណ្ដុះក្មេង ឬសិស្សសាលាឱ្យជារៀនធ្វើជាសិស្សល្អ មិត្តល្អ កូនល្អ ជាដើម។ល។
ត្រូវបណ្ដុះឱ្យស្អប់នូវមនុស្សដែល ៖
- ញៀនគ្រឿងញៀន
- ផឹកស្រាអួទីនួ
- ប្រព្រឹត្តអំពើឆក់ប្លន់
- មិនស្ដាប់ឪពុកម្ដាយ
- ចូលចិត្តប្រើអំពើហិង្សាលើប្រពន្ធ លើកូន
- មនុស្សលក់កូន លក់ញាតិ ឱ្យរកស៊ីផ្លូវភេទ
- មនុស្សរួមរក្សជាមួយនឹងសាច់ញាតិឯងបង្កើត ដូចជាកូនបង្កើត កូនចិញ្ចឹម កូនចុង កូនដើម ជាដើម។
ត្រូវបណ្ដុះឱ្យក្មេងជំនាន់ក្រោយស្អប់មនុស្សដែលមានលក្ខណៈមិនល្អទាំងនោះ ចាត់ទុកជាមនុស្សកាកសង្គម ។ ប៉ុន្តែចេះស្រលាញ់យោគយល់ និងឱ្យតម្លៃលើមនុស្សដែលចេះកែខ្លួន ធ្វើខ្លួនឱ្យជាមនុស្សល្អវិញ។
ការពង្រីកតួនាទីសាសនា
ស្ថាប័នសាសនាទាំងអស់ មិនថាសាសនាណាជាសាសនានោះទេ គួរតែពិនិត្យផ្ទៃក្នុងឡើងវិញ ថាតើមូលហេតុអ្វីបានជាសាសនិកជនទាំងអស់ថមថយជំនឿរបស់ខ្លួន ហើយបែរជាងាកទៅឈ្លក់វង្វេងនឹងអំពើបាប ឬអំពើអាក្រក់ទៅវិញ។ ត្រូវធ្វើការកែច្នៃ និងអភិវឌ្ឍន៍នូវធម្មវិន័យ និងអច្ចេកទេសអប់រំសាសនានីមួយៗឡើងវិញ។ ត្រូវពិនិត្យធម៌ទូន្មានទាំងអស់ ថាតើមានធម៌ណា ឬទស្សនៈណាដែលជាការខុសឆ្គង មិនមែនជាធម៌ព្រះពិតដែរឬទេ? ត្រូវពង្រីកការអប់រំទ្រឹស្ដីសាសនា និងប្រមែប្រមូលសាសនិកជនឱ្យមកជឿ និងគោរពទៅលើពុទ្ធឱវាទ ឬដំបូន្មានរបស់ព្រះវិញ។ ជាពិសេសត្រូវអប់រំឱ្យមនុស្សស្គាល់អ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់។
ឧទាហរណ៍
- តើការធ្វើបុណ្យដោយគ្រាន់តែយកលុយមកសាងសង់ព្រះវិហារ និងវត្តនៅតែមានតម្លៃក្នុងសង្គមបច្ចុប្បន្នដែរឬទេ? តើការសាងសង់វត្តថ្មីជាការចាំបាច់សម្រាប់ពុទ្ធបរិស័ទដែរឬទេ? សម្រាប់ប្រយោជន៍រួមដែរឬទេ?
- តើបើធ្វើបុណ្យយកលុយដែលបានពីការចូលបុណ្យ យកទៅចាត់ចែងប្រើក្នុងការអប់រំសាសនា ជួយអ្នកក្រីក្រ ពង្រីកសាលារៀន ជាការខុសនឹងការប្រៀនប្រដៅរបស់ព្រះដែរឬទេ?
- តើការគ្រប់គ្រងនៅក្នុងព្រះវិហារសាសនានីមួយៗមានតម្លាភាព អាចធ្វើឱ្យការចាត់ចែងលុយកាក់របស់វត្ត របស់ព្រះវិហារ មានប្រសិទ្ធិភាពដែរឬទេ?
ស្រវឹងខួបវ៉ៃប្រពន្ធកូនស្ទើររាល់ថ្ងៃ និងយកគោ២ក្បាលទៅលក់ ត្រូវប្រពន្ធប្ដឹងប៉េអិមឲ្យចាប់ខ្លួន
មោងឫស្សី - បាត់ដំបង ៖ បុរសម្នាក់ត្រូវប្រពន្ធប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកមោងឫស្សី ឲ្យចាប់ខ្លួនដោយសារតែប្ដីរូបនេះផឹកស្រវឹងរាល់ថ្ងៃ ពេលមកដល់ផ្ទះរករឿងវ៉ៃទាត់ធាក់ប្រពន្ធ - កូន ហើយនៅថ្ងៃនោះបុរសនេះថែមទាំងបររទេះគោ១នឹម យកទៅលក់ដើម្បីយកលុយទិញស្រាផឹក ។ ហេតុការណ៍ប្រើអំពើហិង្សាក្នុងគ្រួសារនេះ កើតឡើង៣ថ្ងៃជាប់គ្នា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨ នៅក្រុមទី៧ភូមិ ព្រែកតាវេន ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោកអនុសេនីយ៍ឯកប៉ោ សុងឃាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកមោងឫស្សីបានឲ្យដឹងថា ប្ដីស្រវឹងខួបវ៉ៃទាត់ធាក់ប្រពន្ធរាល់ថ្ងៃនេះ ឈ្មោះ គង់ ពៅ អាយុ ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្រុមទី៧ ភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ចំណែកប្រពន្ធឈ្មោះវ៉េន សុង អាយុ ៣៥ឆ្នាំ ។
ស្ត្រីវ៉េន សុង បានប្ដឹងសមត្ថកិច្ចប៉េអិមថា កាលពីម៉ោង៧ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ប្ដីគាត់បានចេញពីផ្ទះទៅផឹកស៊ីនៅផ្ទះអ្នកភូមិជាមួយគ្នារហូត ដល់ម៉ោង២០ និង១០នាទីយប់ ទើបមកផ្ទះវិញ ដោយស្រវឹងជោកជាំ ហើយហៅកូនៗឲ្យយកអង្រឹងចងដេកក្រោមផ្ទះ ។ ពេលនោះគាត់ប្រាប់ឲ្យឡើងដេកលើផ្ទះតែត្រូវប្ដីស្ដីឲ្យទាំង កំរោលថា «កុំចេះដឹងរឿងអញ» ហើយបានបោកឆ្នាំងបាយ បោកធុងទឹក ព្រមទាំងដៀលរូបគាត់ និងកូន ។ ដោយភ័យពេកគាត់ក៏នាំកូនចុះមកដី ក៏ត្រូវប្ដីទាត់ត្រូវភ្លៅបណ្ដាលឲ្យដួល ហើយជាន់កទាត់ធាក់បន្ថែម តែបានអ្នកជិតខាងមកជួយទើបរួចផុតពីសេចក្ដីស្លាប់ ។
ស្ត្រីរងគ្រោះបន្តថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៨ ប្ដីគាត់ក៏ទៅផឹកស្រាទៀតរហូតដល់ម៉ោង១៤ ទើបមកផ្ទះវិញរកបាយហូប តែគាត់មិនបានដាំបាយក៏បោកចានឆ្នាំង ហើយយកពូថៅដៃសៀតចង្កេះបញ្ជាឲ្យកូនទៅហៅគាត់មកជួប ។ តែគាត់មិនមកជួបក៏រត់ទៅពួននៅផ្ទះឈ្មោះទូច រិទ្ធ ។ ឯកូនត្រូវឪវាវ៉ៃ និងរំពាត់បែកឈាមខ្នង ។ លុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨ ម៉ោង១៤ ប្ដីគាត់បានយកគោ២ក្បាលទឹមរទេះយកទៅលាក់ទុកក្នុងព្រៃចម្ងាយ២ គីឡូម៉ែត្រពីផ្ទះ បម្រុងយកទៅលក់យកលុយផឹកស្រាទៀត គាត់ក៏ទៅប្ដឹងប៉េអិមឲ្យចាប់ខ្លួនតែម្ដង ។
ជនសង្ស័យឈ្មោះគង់ ពៅបានឆ្លើយនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវ៉ៃទាត់ធាក់ប្រពន្ធកូន ព្រមទាំងបររទេះគោយកទៅលាក់គ្មានបំណងយកទៅលក់ទេ ។
លោកប៉ា សុងឃាង មេបញ្ជាការប៉េអិមស្រុកបានបញ្ជាក់ថា យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីវ៉េន សុង ជាប្រពន្ធ និងយោងតាមចម្លើយសារភាពរបស់ជនជាប់ចោទថា ខ្លួនពិតជាបានវាយទាត់ធាក់ជាច្រើនលើកនៅពេលស្រវឹងស្រា ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារមកលើប្រពន្ធ កូនដោយចេតនាពិតប្រាកដមែន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៨រួចហើយ ៕
ស្រវឹងខួបវ៉ៃប្រពន្ធកូនស្ទើររាល់ថ្ងៃ និងយកគោ២ក្បាលទៅលក់ ត្រូវប្រពន្ធប្ដឹងប៉េអិមឲ្យចាប់ខ្លួន
មោងឫស្សី - បាត់ដំបង ៖ បុរសម្នាក់ត្រូវប្រពន្ធប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកមោងឫស្សី ឲ្យចាប់ខ្លួនដោយសារតែប្ដីរូបនេះផឹកស្រវឹងរាល់ថ្ងៃ ពេលមកដល់ផ្ទះរករឿងវ៉ៃទាត់ធាក់ប្រពន្ធ - កូន ហើយនៅថ្ងៃនោះបុរសនេះថែមទាំងបររទេះគោ១នឹម យកទៅលក់ដើម្បីយកលុយទិញស្រាផឹក ។ ហេតុការណ៍ប្រើអំពើហិង្សាក្នុងគ្រួសារនេះ កើតឡើង៣ថ្ងៃជាប់គ្នា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨ នៅក្រុមទី៧ភូមិ ព្រែកតាវេន ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោកអនុសេនីយ៍ឯកប៉ោ សុងឃាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកមោងឫស្សីបានឲ្យដឹងថា ប្ដីស្រវឹងខួបវ៉ៃទាត់ធាក់ប្រពន្ធរាល់ថ្ងៃនេះ ឈ្មោះ គង់ ពៅ អាយុ ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្រុមទី៧ ភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ចំណែកប្រពន្ធឈ្មោះវ៉េន សុង អាយុ ៣៥ឆ្នាំ ។
ស្ត្រីវ៉េន សុង បានប្ដឹងសមត្ថកិច្ចប៉េអិមថា កាលពីម៉ោង៧ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ប្ដីគាត់បានចេញពីផ្ទះទៅផឹកស៊ីនៅផ្ទះអ្នកភូមិជាមួយគ្នារហូត ដល់ម៉ោង២០ និង១០នាទីយប់ ទើបមកផ្ទះវិញ ដោយស្រវឹងជោកជាំ ហើយហៅកូនៗឲ្យយកអង្រឹងចងដេកក្រោមផ្ទះ ។ ពេលនោះគាត់ប្រាប់ឲ្យឡើងដេកលើផ្ទះតែត្រូវប្ដីស្ដីឲ្យទាំង កំរោលថា «កុំចេះដឹងរឿងអញ» ហើយបានបោកឆ្នាំងបាយ បោកធុងទឹក ព្រមទាំងដៀលរូបគាត់ និងកូន ។ ដោយភ័យពេកគាត់ក៏នាំកូនចុះមកដី ក៏ត្រូវប្ដីទាត់ត្រូវភ្លៅបណ្ដាលឲ្យដួល ហើយជាន់កទាត់ធាក់បន្ថែម តែបានអ្នកជិតខាងមកជួយទើបរួចផុតពីសេចក្ដីស្លាប់ ។
ស្ត្រីរងគ្រោះបន្តថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៨ ប្ដីគាត់ក៏ទៅផឹកស្រាទៀតរហូតដល់ម៉ោង១៤ ទើបមកផ្ទះវិញរកបាយហូប តែគាត់មិនបានដាំបាយក៏បោកចានឆ្នាំង ហើយយកពូថៅដៃសៀតចង្កេះបញ្ជាឲ្យកូនទៅហៅគាត់មកជួប ។ តែគាត់មិនមកជួបក៏រត់ទៅពួននៅផ្ទះឈ្មោះទូច រិទ្ធ ។ ឯកូនត្រូវឪវាវ៉ៃ និងរំពាត់បែកឈាមខ្នង ។ លុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៨ ម៉ោង១៤ ប្ដីគាត់បានយកគោ២ក្បាលទឹមរទេះយកទៅលាក់ទុកក្នុងព្រៃចម្ងាយ២ គីឡូម៉ែត្រពីផ្ទះ បម្រុងយកទៅលក់យកលុយផឹកស្រាទៀត គាត់ក៏ទៅប្ដឹងប៉េអិមឲ្យចាប់ខ្លួនតែម្ដង ។
ជនសង្ស័យឈ្មោះគង់ ពៅបានឆ្លើយនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងវ៉ៃទាត់ធាក់ប្រពន្ធកូន ព្រមទាំងបររទេះគោយកទៅលាក់គ្មានបំណងយកទៅលក់ទេ ។
លោកប៉ា សុងឃាង មេបញ្ជាការប៉េអិមស្រុកបានបញ្ជាក់ថា យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីវ៉េន សុង ជាប្រពន្ធ និងយោងតាមចម្លើយសារភាពរបស់ជនជាប់ចោទថា ខ្លួនពិតជាបានវាយទាត់ធាក់ជាច្រើនលើកនៅពេលស្រវឹងស្រា ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារមកលើប្រពន្ធ កូនដោយចេតនាពិតប្រាកដមែន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៨រួចហើយ ៕
0 comments:
Post a Comment